ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា វៀតណាម និងដៃគូអភិវឌ្ឍន៍នៅតែប្រកាន់ជំហរយ៉ាងរឹងមាំរបស់ពួកខ្លួនប្រឆាំងនឹងការសាងសង់ទំនប់សាយ៉ាបូរីដ៏ចម្រូងចម្រាសរបស់ប្រទេសឡាវ។ ការជជែកគ្នាដ៏តានតឹងនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី១៩របស់គណៈកម្មការទន្លេមេគង្គ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដែលបានបិទបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ទី១៧មករា។
តាមកំណត់ត្រាក្នុងកិច្ចប្រជុំដែលវីអូអេទទួលបាន បានឲ្យដឹងថា លោកស៊ិន នីនី អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការទន្លេមេគង្គកម្ពុជា បានលើកឡើងក្នុងកិច្ចប្រជុំថា ប្រទេសឡាវបានរំលោភលើកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ ដែលបានចែងថា រាល់ការអភិវឌ្ឍទាំងអស់នៅតាមដងទន្លេមេគង្គ រួមទាំងការសាងសង់ទំនប់ផងនោះ ត្រូវតែមានការឯកភាពនិងពិគ្រោះយោបល់គ្នាជាមុនពីបណ្តាលប្រទេសជាសមាជិកដទៃទៀត។ លោកស៊ិន នីនីបានទទូចឱ្យរដ្ឋាភិបាលឡាវបញ្ឈប់គម្រោងសាងសង់ទំនប់សាយ៉ាបូរីនេះ រហូតទាល់តែការសិក្សាពីផលប៉ះពាល់បរិស្ថាននៃទំនប់នេះត្រូវបានបញ្ចប់ជាស្ថាពរ។
តំណាងរដ្ឋាភិបាលឡាវ លោកវីរ៉ាពុង វីរ៉ាវង់(Viraponh Viravong) អនុរដ្ឋមន្ត្រីក្រសួងធនធានរ៉ែ និងថាមពលឡាវបានច្រានចោលការលើកឡើងទាំងនេះ ហើយបានរក្សាជំហររបស់រដ្ឋាភិបាលឡាវថា ការសាងសង់នេះជាការស្របច្បាប់ ដោយបានបញ្ជាក់ថា ការពិគ្រោះយោបល់ដែលមានរយៈពេល៦ខែបានកន្លងផុតទៅហើយ។
ការលើកឡើងនេះត្រូវបានប្រទេសកម្ពុជានិងអ្នកសង្កេតការណ៍នានាលើកឡើងថា ជាការបកស្រាយខុស។
រីឯតំណាងរដ្ឋាភិបាលវៀតណាម លោកបណ្ឌិតង្វៀន តៃឡៃ(Nguyen Tai Lai)អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម ក៏សម្តែងគោលជំហរស្រដៀងកម្ពុជាផងដែរ ដោយលោកបានស្នើឱ្យរដ្ឋាភិបាលឡាវបញ្ឈប់ការសាងសង់ទំនប់របស់ខ្លួន រហូតទាល់តែការសិក្សាពីផលប៉ះពាល់បរិស្ថានដែលបានស្នើឡើងកាលពីកិច្ចប្រជុំកំពូលលើកទី១៨របស់គណៈកម្មការនេះ ត្រូវបានបញ្ចប់។ ប៉ុន្តែការសិក្សានេះត្រូវបានគេមើលឃើញថា មានការយឺតយ៉ាវខ្លាំង ហើយមកទល់ពេលនេះ ប្រទេសជាសមាជិកទើបតែបានព្រមព្រៀងគ្នាលើសេចក្តីព្រាងនៃការសិក្សានេះប៉ុណ្ណោះ។
ទំនប់វារីអគ្គិសនីសាយ៉ាបូរីវិនិយោគដោយក្រុមហ៊ុន ឆកានឆាងរបស់ប្រទេសថៃក្នុងតម្លៃ៣.៥០០លានដុល្លារអាមេរិក ហើយទំនប់វារីអគ្គិសនីនេះនឹងមានកម្លាំង១.២៨៥មេហ្គាវ៉ាត់។
អ្នកនាងភីអាផន ឌីតេស(Pianporn Deetes) អ្នកសម្របសម្រួលកម្មវិធីនៃអង្គការទន្លេអន្តរជាតិប្រចាំប្រទេសថៃ បានថ្លែងថា ការខ្វែងមតិគ្នារវាងប្រទេសជាសមាជិក ជាបរាជ័យមួយរបស់គណៈកម្មការថ្នាក់តំបន់មួយនេះ។
«គណៈកម្មការទន្លេមេគង្គបានបរាជ័យក្នុងការឱ្យប្រទេសជាសមាជិកខ្លួនគោរពតាមកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ព្រោះប្រទេសឡាវបានសាងសង់ទំនប់សាយ៉ាបូរីរបស់ខ្លួនដោយគ្មានការព្រមព្រៀងពីប្រទេសក្បែរខាងខ្លួនរួចទៅហើយ។ ហើយនេះនឹងជាគម្រូអាក្រក់សម្រាប់ការសាងសង់ទំនប់តាមដងទន្លេមេគង្គនៅថ្ងៃអនាគតទៀត»។
យោងតាមការស្រាវជ្រាវដាច់ដោយឡែកមួយរបស់អង្គការទន្លេអន្តរជាតិបានឲ្យដឹងថា ទំនប់សាយ៉ាបូរីនឹងនាំឱ្យមានការផ្លាស់ទីលំនៅប្រជាជន២.១០០នាក់ ហើយប៉ះពាល់ដោយផ្ទាល់ដល់មនុស្ស២០២.០០០នាក់ដែលនៅជិតនោះ ធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ប្រព័ន្ធជីវចម្រុះ និងពូជត្រី ហើយនឹងប៉ះពាល់ដល់សុវត្ថិភាពស្បៀងនិងជីវភាពប្រជាជនតាមដងទន្លេមេគង្គរាប់លានគ្រួសារ។
ស្របពេលជាមួយគ្នានេះ ប្រទេសនិងស្ថាប័នជាដៃគូអភិវឌ្ឍនានាដែលបានចូលរួម ដូចជាប្រទេសអាល្លឺម៉ង់ ស.រ.អា. ជប៉ុននិងធនាគារអភិវឌ្ឍន៍អាស៊ីជាដើម ក៏បានសម្តែងការខកចិត្តនឹងទង្វើរបស់រដ្ឋាភិបាលឡាវនេះដែរ។
ប្រទេសផ្តល់ជំនួយទាំងនោះបានថ្លែងក្នុងសេចក្តីថ្លែងការណ៍រួមរបស់ខ្លួនថា «ជាការឯកភាពរបស់ពួកយើងដែលថា ការសាងសង់ទំនប់តាមដងទន្លេមេគង្គនឹងផ្លាស់ប្តូរទន្លេនេះ ដោយមិនអាចប្រកែកបាន ដែលនឹងក្លាយជាការគម្រាមកំហែងដល់សុវត្ថិភាពស្បៀង ការអភិវឌ្ឍប្រកបដោយនិរន្តភាព និងការអភិរក្សប្រព័ន្ធជីវចម្រុះ»។
នៅរសៀលថ្ងៃសុក្រនេះ តំណាងប្រតិភូគណៈកម្មការទន្លេមេគង្គ និងដៃគូអភិវឌ្ឍន៍នឹងចុះទៅធ្វើទស្សនកិច្ចនៅទីតាំងការដ្ឋានទំនប់សាយ៉ាបូរីនេះ៕