មេ​ដឹក​នាំ​​កម្ពុជា​​និង​​វៀតណាម​​ពិភាក្សា​​គ្នា​​ពង្រឹង​​ពង្រីក​​ទំនាក់​ទំនង

លោក​អតីត​មន្ត្រី​ជាន់​ខ្ពស់​បក្ស​កុម្មុយ​នីស្ត​វៀតណាមនៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន ​និង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ សំដៅ​ជំរុញទំនាក់​ទំនង​សេដ្ឋ​កិច្ចនិង​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​២។

លោក ​Le​ Kha ​Phieu​ អតីត​អគ្គ​លេខាធិ​ការ​បក្ស​កុម្មុយ​នីស្ត​វៀតណាម​ បាន​ជួប​ជា​មួយ​លោក​ ជា​ ស៊ីម ​ប្រធាន​ព្រឹទ្ធ​សភា​ លោក​ហេង​ សំរិន​ ប្រធាន​រដ្ឋ​សភា​ និង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន​ ដាច់​ដោយ​ឡែក​ពី​គ្នា​សំដៅ​ធ្វើ​ឱ្យ​បាន​ល្អ​ឡើង​នូវ​ចំណង​មិត្ត​ភាព​សាមគ្គី​ភាព​ និង​ កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​២ ​សម្រាប់​ការ​រីក​ចម្រើន​ខាង​វិស័យ​ពាណិជ្ជ​កម្ម​ និង​សេដ្ឋ​កិច្ច​នៃ​ប្រទេស​ទាំង​២​ តាម​ដង​ទន្លេ​មេគង្គ​ និង​ទន្លេ​សាប។

ទស្សន​កិច្ច​នេះ​បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​រដ្ឋ​សភា​កម្ពុជា​បាន​ផ្តល់​សច្ចា​ប័ន​ទៅ​លើ​កិច្ច​ព្រម​ព្រៀងមួយ​ដែល​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ជា​មួយ​ប្រទេស​វៀតណាម​កាល​ពី​ខែ​ធ្នូ ​ដើម្បី​សម្រួល​ច្រកដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ទន្លេ​មេគង្គ​ និង​ទន្លេ​សាប​រវាង​ប្រទេស​ទាំង២។

លោក​ ជាម​ យៀប​ ប្រធាន​គណៈ​កម្មការ​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​នៃ​រដ្ឋ​សភា​ខាង​គណ​បក្សប្រជា​ជន​កម្ពុជា​ ដែល​បាន​ចូល​រួម​នៅ​ក្នុង​ជំនួប​រវាង​លោក​ ហេង​ សំរិន​ និង​លោក ​Le ​Kha ​Phieu ​បាន​ថ្លែង​ថា​ លោក​ Le​ Kha ​Phieu ​នឹង​ជួយ​ជំរុញ​អ្នក​វិនិយោគ​ទុន​វៀតណាម ​ឱ្យ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ និង​ការ​ដឹក​ជញ្ជូន​ពាណិជ្ជ​កម្ម​តាម​ដង​ទន្លេ​មេគង្គនិង​ទន្លេសាប។

"ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​មាន​តម្លៃ​ថោក​ជាង​ផ្លូវ​គោក​និង​អាកាស។​ ពាណិជ្ជ​កម្ម​និង​សេដ្ឋ​កិច្ច​កម្ពុជា​ នឹង​អាច​មាន​ការ​រីក​ដុះ​ដាល​ឡើង​យ៉ាង​ឆាប់​រហ័ស។​ ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​ការ​រឹត​បន្តឹង​ច្បាប់​ ដែល​ប្រទេស​ទាំង​២​ត្រូវ​អនុវត្ត​ឱ្យ​បាន​សម​ស្រប"។

ក្នុង​អំឡុង​ពេល​ជំនួប ​លោក​ហេង​ សំរិន​បាន​ជម្រាប​ជូន​លោក​ Le​ Kha ​Phieu​ ថា ​រដ្ឋ​សភា​បាន​ ផ្តល់​សច្ចា​ប័ន​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​រវាង​ប្រទេស​ទាំង​២ ​និង​បាន​បញ្ជូន​ទៅ​ព្រឹទ្ធ​សភា​ និង​ទូល​ថ្វាយ​ព្រះ​មហា​ក្សត្រ។

លោក​Le ​Kha ​Phieu​ បាន​បញ្ជាក់​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​សម្រួល​ដល់​ការ​ធ្វើ​ជំនួញ ​និង​ការ​ដឹក​ជញ្ជូន​ពាណិជ្ជ​កម្ម​តាម​ផ្លូវ​ទឹក​នៃ​ទន្លេ​មេគង្គ​ និង​ទន្លេបាសាក់​រវាង​ប្រទេស​ទាំង២។

លោក​ Le ​Kha ​Phieu​ កំពុង​តែ​ត្រួតពិនិត្យ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​កម្ពុជា​ និង​ ប្រទេស​វៀតណាម ​ដោយ​នាំ​មក​ជា​មួយ​នូវ​ក្រុម​អ្នក​វិនិយោគ​សំខាន់ៗ​មួយ​ចំនួន។

លោក​ស្រី ​Ngo​ Thi​ Hoa​ អនុ​ប្រធាន​បេសក​កម្ម​នៃ​ស្ថាន​ទូត​វៀត​ណាម​ប្រចាំ​នៅ​ទី​ក្រុង​ភ្នំពេញ​ បាន​ថ្លែង​ថា​ ដំណើរ​ទស្សន​កិច្ច​របស់​លោក​ Le​ Kha ​Phieu ​មក​កម្ពុជា​នេះ​ ជំរុញ​ទំនាក់​ទំនង​ រវាង​ប្រទេស​ទាំង​២ ​និង​ជំរុញ​ការ​វិនិយោគ​ពី​ប្រទេស​វៀត​ណាម​ មក​កាន់​ប្រទេស​កម្ពុជា។

ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១៦ ​ ​លោក ​Le ​Kha ​Phieu ​នឹង​ទៅ​ទស្សនា​គម្រោងវិនិយោគ​មួយ​ចំនួន​របស់​ប្រទេស​វៀតណាម​នៅ​កម្ពុជា​ ដូច​ជា​ក្រុម​ហ៊ុន​ទូរស័ព្ទ ​សណ្ឋា​គារ​ និង​មន្ទីរពេទ្យជាដើម ​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​វិនិយោគ​វៀតណាមមក​ធ្វើ​វិនិយោគ​នៅ​កម្ពុជា។

លោក​ស្រី ​Ngo ​Thi Hoa​ បាន​បញ្ជាក់​ថា​ កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ជា​មួយ ​ប្រទេស​វៀតណាម​ ដែល​រដ្ឋ​សភា​កម្ពុជា​បាន​អនុម័ត​នោះ​ ពិត​ជា​សំដៅ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់ការ​ដឹក​ជញ្ជូន​ពាណិជ្ជ​កម្ម​តាម​ផ្លូវ​ទឹក​សម្រាប់​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​នៃ​ប្រទេស​ទាំង​២។

លោក​ស្រី​បាន​បន្ត​ថា ​វា​នឹង​ជំរុញ​ការ​ដឹក​ជញ្ជូន​ពាណិជ្ជ​កម្ម​តាម​ផ្លូវ​ទឹក ​ដើម្បី​បង្កើន​កំណើនសេដ្ឋ​កិច្ច​រវាង​ប្រទេស​ទាំង​២។

"យើង​សង្ឃឹម​ថា​ ខ្សែ​សង្វាក់​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​២ ​នៅ​ក្នុង​ឆ្នាំ​នេះ​ នឹង​សម្រេច​ដល់គោល​ដៅ​២០០០​លាន​ដុល្លារ​អាមេរិក​ ដូច​ដែល​មេ​ដឹក​នាំ​នៃ​ប្រទេស​ទាំង​បាន​ព្រម​ព្រៀង​គ្នា"។

លោក ​ជាម​ យៀប ​មាន​សុទិដ្ឋិ​និយម​ថា​ ក្រោយ​ពី​បាន​ផ្តល់​សច្ចា​ប័ន​កិច្ច​ព្រម​ព្រៀង​ដឹក​ជញ្ជូនផ្លូវ​ទឹក​នេះ​ ប្រព័ន្ធ​សេដ្ឋ​កិច្ច​រវាង​ប្រទេស​ទាំង​២ ​ជា​ពិសេស​ការ​ដឹក​ជញ្ជូន​ទំនិញ​និង​សម្ភារៈ​ផ្សេងៗតាម​ផ្លូវ​ទឹក​ នឹង​មាន​ការ​រីក​ចម្រើន​ឡើង ដោយ​សារ​វៀតណាមចូល​ចិត្ត​ប្រើ​ប្រាស់​ផ្លូវ​ទឹក។