ជន​រងគ្រោះ​ទាមទារ​ការ​លុបបំបាត់​អំពើ​ជូញដូរ​មនុស្ស​នៅ​កម្ពុជា

នៅ​ឆ្នាំ​២០១០​​មាន​ករណី​បទ​ល្មើស​ជួញដូរ​មនុស្សចំនួន​១៦០​​និង​បទល្មើស​អាជីវកម្ម​ផ្លូវ​ភេទ​​និង​ចាប់ខ្លួន​ជន​ល្មើស​បាន​ចំនួន​២៤២​នាក់។

នៅ​ថ្ងៃ​ច័ន្ទ​នេះ ជន​រងគ្រោះ​បាន​ទាមទារ​ឲ្យ​មាន​វិធានការ​ដ៏​ម៉ឹងម៉ាត់​ជា​បន្ទាន់​មួយ​ដើម្បី​លុប​បំបាត់​អំពើ​ជួញដូរ​មនុស្ស​គ្រប់​រូបភាព ​និង​កសាង​សង្គម​ខ្មែរ​គ្មាន​ការ​ជួញដូរ​មនុស្ស។

ការ​កត់​សម្គាល់​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ការប្រារព្វ​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ដោយ​ផ្តោត​លើ​ការ​រួម​គ្នា​ប្រឆាំង​ការជួញដូរ​មនុស្ស​គ្រប់​រូបភាព ​និង​ជួយ​ជន​រងគ្រោះ។

នាង ​ជ. ល. យ ​អាយុ​១៩​ឆ្នាំ រស់​នៅ​ក្នុង​មណ្ឌល ​AFESIP ​ខេត្ត​កំពង់ចាម ​ និង​រៀន​នៅ​ថ្នាក់​ទី​១១​ បាន​និយាយ​ថា នៅ​ពេល​នាង​បាន​ឮ​អំពី​ការ​ជួញដូរ​មនុស្ស​ នាង​មាន​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​ ពីព្រោះ​នាង​គឺ​ជា​ជន​រងគ្រោះ​នៃ​អំពើ​ការ​ជួញដូរ​មនុស្ស​នេះ។

«ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​ប្រព្រឹត្ត​បទល្មើស​ទាំង​អស់ សូម​ឲ្យ​គិត​ពី​តម្លៃ​ស្ត្រី ​និង​កុមារ​ផង។ អ្នក​ប្រព្រឹត្ត​បទល្មើស​សូម​ឲ្យ​កាត់ទោស​ទៅ​តាម​ច្បាប់ ​និង​កុំ​ឲ្យ​អ្នក​ប្រព្រឹត្តបទល្មើស​បែប​ហ្នឹង​រួច​ខ្លួន​ឲ្យ​សោះ។​ ជាពិសេស​បំផុត​នោះ ​ពួក​ខ្ញុំ​ចង់​ឲ្យ​បញ្ឈប់​អំពើ​ជួញដូរ​មនុស្ស​គ្រប់​សកម្មភាព​ទាំង​អស់»

នាង​ជ. ល. យ ​បាន​រំលឹក​ទុក្ខ​សោក​របស់​នាង​ថា​ នាង​មាន​ដើមកំណើត​នៅ​ខេត្ត​សៀមរាប។​ នាង​ត្រូវ​បាន​យក​ទៅ​លក់​ឲ្យ​ផ្ទះ​បន​ក្រោមដី​មួយ​កន្លែង​ក្នុង​ថៃ​ពេល​នាង​អាយុ​៨​ឆ្នាំ ​បន្ទាប់​ពី​ឪពុក​ម្តាយ​នាង​បាន​ស្លាប់ ​ហើយ​ញ្ញាតិ​សន្តាន​របស់​នាង​បាន​បោះបង់​នាង​ចោល។

នាង​បាន​បន្ថែម​ថា ដោយ​គ្មាន​អ្នក​ទីពឹង ​និង​ការ​ទទួល​រង​ការ​ធ្វើ​បាប​នៅ​ក្នុង​ភូមិ ​នាង​បាន​សម្រេច​ចិត្ត​តាម​មនុស្ស​ប្រុស​ម្នាក់​ភ្លាមៗ​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត។ នាង​ត្រូវ​បាន​រំដោះ​ចេញ​ពី​ផ្ទះ​បន​នោះ​ដោយ​អាជ្ញាធរ​ថៃ​នៅ​ពេល​នាង​មាន​អាយុ​១១​ឆ្នាំ។

«ខ្ញុំ​ត្រូវ​គេ​យក​ខ្ញុំ​ទៅ​លក់​នៅ​កន្លែង​បន​មួយ​ដែល​នៅ​ក្រោមដី។ គេ​ឲ្យ​ខ្ញុំ​ទទួល​ភ្ញៀវ​ ហើយ​គេ​ធ្វើ​បាប​ខ្ញុំ​គ្រប់​បែប​យ៉ាង»

លោកស្រី​ ម៉ម ​សុម៉ាលី ​នាយិកា​អង្គការ​អាហ្វេស៊ីប​កម្ពុជា ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ ក្រោយ​ពី​ការ​ប្រារព្ធ​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ថា​ ជន​ល្មើស​ចំនួន​២០២​នាក់​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រវាង​ពី​៣​ឆ្នាំ​ទៅ​២០​ឆ្នាំ​អំពី​បទ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ឆ្នាំ​២០១១​នេះ ហើយ​អង្គការ​អាហ្វេស៊ីប​ ក៏​ប្រមូល​បាន​ពាក្យ​បណ្តឹង​ចំនួន​១៤៤​អំពី​ករណី​ជួញដូរ​មនុស្ស​ផងដែរ។

លោកស្រី​ឧបនាយក​រដ្ឋមន្ត្រី​ ម៉ែន ​សំអន​ បាន​ថ្លែង​នៅ​ក្នុង​ទិវា​នេះ​ថា កម្ពុជា​ត្រូវ​តែ​បញ្ចប់​សោកនាដកម្ម​គ្រប់​រូបភាព​នៃ​ការ​ជួញដូរ​មនុស្ស ​និង​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​សម្រាប់​ការ​ផ្តន្ទា​ទោស​ដល់​ជន​ប្រព្រឹត្ត​បទ​ល្មើស ​ដើម្បី​ជួយ​ដល់​ជន​រងគ្រោះ។

«ការ​ខ្វះ​សីលធម៌​ សុជីវធម៌ ​គុណធម៌​រវាង​មនុស្ស​នៅ​ក្នុង​គ្រួសារ ​និង​ក្នុង​សង្គម​ និង​ការ​យល់​ច្រឡំ​លើ​តម្លៃ​ពិត​នៃ​វប្បធម៌​នានា​ជា​កត្តា​រួមចំណែក​បណ្តាល​ឲ្យ​មាន​កើត​ឡើង​អំពើ​ហិង្សា​ផ្សេងៗ ដូចជា​ អំពើ​រំលោភ​សេពសន្ថវៈ ការ​ជួញដូរ​មនុស្ស អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​ដើម​ដែល​ទាំង​នេះ​មិន​ត្រឹមតែ​ជា​ឧបសគ្គ​ដល់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ប៉ុណ្ណោះ​ទេ​គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គមជាតិ​ទាំង​មូល»

លោកស្រី​ អ៊ឹង ​កន្ថាផាវី ​រដ្ឋមន្ត្រី​កិច្ចការនារី ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ ក្រោយ​ពី​ការ​បញ្ចប់​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នេះ​ថា​ ក្រសួង​របស់​លោកស្រី​មិន​អាច​ទទួល​យក​បាន​នូវ​អំពើ​ជួញដូរ​ស្ត្រី ​និង​កុមារ​នេះ​ទេ​ ហើយ​ប្រឹងប្រែង​លុប​បំបាត់​អំពើ​នេះ។

លោកស្រី​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ ភាព​ងាយ​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស ​និង​អំពើ​ហិង្សា​ គឺ​មាន​មូលហេតុ​មក​ពី​វិសមភាព​យេនឌ័រ ការ​ចម្លង​វប្បធម៌​មិន​ល្អ​ពី​ខាង​ក្រៅ ​ភាពក្រីក្រ​ ការ​កេងប្រវ័ញ្ច​មនុស្ស​ដូច​គ្នា ​ការ​គ្មាន​ការ​ទទួល​ខុស​ត្រូវ កង្វះ​ជម្រើស​ការងារ​នៅ​មូលដ្ឋាន ​កម្រិត​យល់ដឹង​អំពី​ច្បាប់​នៅ​ទាប​ ឬ​កង្វះ​ការ​យល់ដឹង​អំពី​ការ​ជួញដូរ​ និង​ទេសន្តប្រវេសន៍​ដោយ​សុវត្ថិភាព៕