ការយល់ដឹងផ្នែកសុខភាពខ្ពស់បានធ្វើឲ្យតម្រូវការផ្នែកចំណីអាហារសរីរាង្គមានការកើនឡើងខ្លាំង។
ភ្នំពេញ
ទីផ្សារបន្លែ ផ្លែឈើ ចំណីអាហារសរីរាង្គកំពុងតែមានសន្ទុះ ទទួលបានការគាំទ្រជាខ្លាំងពីអតិថិជនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាចំណីអាហារទាំងនោះនៅមិនទាន់មានការបញ្ជាក់ ឬទទួលស្គាល់ជាផ្លូវការពីក្រុមអ្នកជំនាញក៏ដោយ។
បន្លែ ផ្លែឈើសរីរាង្គគឺជាបន្លែផ្លែឈើដាំដុះដោយប្រើជីរធម្មជាតិដែលផ្សំពីលាមកសត្វ ឬក៏កម្ទេចកម្ទីឈើ ឬស្លឹកឈើជាដើម ដោយជៀសវាងការប្រើប្រាស់ថ្នាំពុលកសិកម្មដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។
លោកគាម មករាឌី នាយកកម្មវិធីបរិស្ថាន និងសុខភាពនៃមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍកសិកម្មកម្ពុជា ហៅកាត់ថា សេដាក បានឲ្យដឹងថា រហូតមកដល់ពេលនេះអង្គការសេដាកមានផ្សារលក់ចំណីអាហារសរីរាង្គចំនួន៨នៅទីក្រុងភ្នំពេញ ដោយមានបន្លែ ផ្លែឈើ និងផលិតផលសរីរាង្គសរុបទាំងអស់ប្រមាណជាង៤០មុខ។
លោកបានឲ្យដឹងបន្ថែមថា ការយល់ដឹងផ្នែកសុខភាពខ្ពស់បានធ្វើឲ្យតម្រូវការផ្នែកចំណីអាហារសរីរាង្គមានការកើនឡើងខ្លាំងដែលជាមធ្យមយ៉ាងហោចណាស់ក្នុង១ខែត្រូវការបន្លែ ផ្លែឈើប្រមាណជា៥០តោនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងទីក្រុងភ្នំពេញ។
«មានការយល់ដឹងច្រើនពីគ្រោះថ្នាក់នៃបន្លែប្រើប្រាស់នូវសារធាតុគីមី ថ្នាំពុល ធ្វើឲ្យអតិថិជននៅទីក្រុងភ្នំពេញគឺគាត់ជួបប្រទេះនូវគ្រោះពុលជាញឹកញយ ហើយដល់អញ្ចឹង គាត់រកបន្លែដែលមិនប្រើប្រាស់នូវសារធាតុគីមី។ ឃើញថា និន្នាការស្វែងរកបន្លែសរីរាង្គ ផលិតផលសរីរាង្គគឺកំពុងតែមានការរីករាលដាលពី១ឆ្នាំទៅ១ឆ្នាំ»។
លោកគាម មករាឌីបានឲ្យដឹងបន្តថា ផ្សារអង្គការសេដាកបានបង្កើតឡើងតាំងពីឆ្នាំ២០០៤ ក៏ប៉ុន្តែទទួលបានការគាំទ្រខ្លាំងនៅឆ្នាំ២០១២ ហើយនៅអំឡុងពេលនេះ បន្លែប្រមាណជា២០មុខដែលមានទម្ងន់ប្រមាណជា១០តោនក្នុង១ខែ ត្រូវបានដាក់លក់នៅលើផ្សារសេដាក។
លោកនាក់ ថារ៉ែន នាយកគ្រប់គ្រងហាងសួនធម្មជាតិ ដែលជាងហាងមួយមានការដាំបន្លែ ផ្លែឈើសរីរាង្គ ដោយខ្លួនឯងខ្លះ និងប្រមូលទិញពីអង្គការផ្សេងៗ បានឲ្យដឹងថា ក្នុង១ថ្ងៃគាត់លក់បន្លែសរីរាង្គទាំងនៅក្នុងហាងផ្ទាល់និងតាមភោជនីយដ្ឋាននានាក្នុងទីក្រុងភ្នំពេញអស់ប្រមាណជា១,៥តោនដែលសន្ទុះនេះមានការកើនឡើងទ្វេរដង បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។
លោកបានឲ្យដឹងបន្ថែមថា នៅក្នុងហាងសួនធម្មជាតិមានលក់បន្លែប្រមាណជាង៤០មុខ និងមានចំណីអាហារសរីរាង្គផ្សេងៗទៀតប្រមាណជា៣០០មុខ ដូចជាស្រា អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវជាដើម។
«នៅពេលដែលយើងបើកមុនដំបូង នៅមិនទាន់មានគេដឹងទេ ហើយអ្នកដឹង១ចំនួនក៏មិនសូវមានការទុកចិត្តថា យើងបានធ្វើពិតប្រាកដថា គ្មានជាតិគីមីអញ្ចឹងដែរអត់។ មកដល់ពេលបច្ចុប្បន្ននេះ យើងឃើញថា សន្ទុះនៃការទទួលស្គាល់ ការទុកចិត្តគឺមានកំណើនកើនច្រើនពី១ឆ្នាំទៅ១
ឆ្នាំ។ អតិថិជនបច្ចុប្បន្នមានការយល់ដឹង ពីព្រោះជំងឺបច្ចុប្បន្នគឺវាកើតឡើងច្រើនពីប្រភពនៃការទទួលទាន ដល់អញ្ចឹងទៅ អតិថិជនងាកមករកផលិតផលណាមួយ ដែលគាត់ពិសារទៅ វាអាចធានាបានថា វាមិនប៉ះពាល់ដល់សុខភាពរបស់គាត់»។
លោកគង់ តារា ដែលជាបុគ្គលិកនៃធនាគារមួយក្នុងទីក្រុងភ្នំពេញដែលកំពុងដើរទិញបន្លែនៅក្នុងហាងសួនធម្មជាតិ បានឲ្យដឹងថា គាត់ទិញបន្លែសរីរាង្គនេះអស់រយៈ៧ឆ្នាំកន្លងមកហើយ ក៏ប៉ុន្តែគាត់នៅតែមិនទាន់ទុកចិត្តទាំងស្រុងពីគុណភាពចំណីអាហារសរីរាង្គនេះនៅឡើយទេ។
«នៅចំណុចនេះ ខ្ញុំអត់ទាន់បានជឿទុកចិត្តច្រើនទេ ពីព្រោះយើងថា បន្លែអត់មានសារជាតិគីមី ក៏ប៉ុន្តែយើងអត់មានអីបង្ហាញអតិថិជនទេ។ អញ្ចឹងយើងពិបាកជឿដែរ ក៏ប៉ុន្តែគ្រាន់តែថា យើងឧស្សាហ៍ប្រើនៅទីនេះ។ យើងញុំទៅ យើងប្រៀបធៀប វាខុសគ្នា។ អញ្ចឹងយើងព្យាយាមប្រើ តែបើឲ្យយើងជឿទុកចិត្ត១០០ភាគរយ យើងនៅអត់ទាន់ជឿទេ ពីព្រោះគាត់អត់មានបន្សល់អីឲ្យអតិថិជនមើលផង»។
ជាមួយគ្នានេះដែរ លោកសាំង លាភ ជាពាណិករម្នាក់ដែលកំពុងទិញបន្លែសរីរាង្គនៅអង្គការសេដាកក៏បានឲ្យដឹងដែរថា ទោះបីជាបន្លែនៅទីនេះមានតម្លៃខ្ពស់ជាងទីផ្សារបន្តិចមែន តែដើម្បីសុខភាពគឺពិតជាមិនមានបញ្ហានោះទេ។
លោកបានបញ្ជាក់ថា បើមិនចាំបាច់ លោកកម្រទិញណាស់បន្លែនៅលើទីផ្សារទូទៅ ពីព្រោះលោកគិតថា វាមានជាតិគីមីច្រើន ដែលធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់សុខភាព។
«នេះជាផលិតផលមួយដែលអាចជឿទុកចិត្តបានពី៨០ទៅ៩០ភាគរយ។
បន្លែទាំងអស់នេះឃើញមានពណ៌មិនដូចបន្លែនៅលើទីផ្សារ ដែលខៀវខ្ចីនោះទេគឺខុសគ្នា។ ខ្ញុំភាគច្រើនគឺ៨០ភាគរយគឺខ្ញុំទិញបន្លែនៅខាងនេះលុះត្រាអត់មានទើបទិញបន្លែនៅផ្សារ»។
យ៉ាងហោចណាស់នៅក្នុងប្រទេសកម្ពុជាមានអង្គការនិងក្រុមអ្នកលក់ផលិតផលសរីរាង្គឯកជនប្រមាណជា១០ក្រុមផ្សេងគ្នា។ ហើយផលិតផលទាំងនោះភាគច្រើនចែកចាយនៅក្នុងទីក្រុងភ្នំពេញ ដូចជានៅតាមភោជនីយដ្ឋានមួយចំនួន និងតាមហាង ឬផ្សារដែលបើកបម្រើលក់សម្រាប់តែចំណីអាហារសរីរាង្គនេះ។ ផលិតផលសរីរាង្គនេះមិនមានលក់នៅតាមផ្សារធម្មតា ដែលមានជាមួយ និងបន្លែដែលប្រើជាតិគីមីនោះទេ។
លោកបណ្ឌិតគៀន សុភា ជាអនុប្រធាននៃអគ្គនាយកដ្ឋានសាកវេប្បកម្ម និងដំណាំរួមផ្សំនៃអគ្គនាយកដ្ឋានកសិកម្ម បានមានប្រសាសន៍ថា ទោះបីជាចំណីសរីរាង្គដែលបានដាក់លក់នោះនៅមិនទាន់បានឆ្លើយតបទៅតាមស្តង់ដារក៏ដោយ ក៏ចំណីអាហារទាំងនោះមានលក្ខណៈល្អប្រសើរជាងបន្លែផ្លែឈើនៅលើទីផ្សារធម្មតាដែរ។
លោកបានឲ្យដឹងបន្ថែមថា ខាងក្រសួងកំពុងរៀបចំច្បាប់ដើម្បីគ្រប់គ្រងចំណីអាហារសរីរាង្គនេះឲ្យស្របទៅតាមស្តង់ដារ។
«វិស័យឯកជនគេធ្វើទៅតាមតម្រូវការទីផ្សារ ក៏ប៉ុន្តែបើសិនជាយើងនិយាយប្រកាសថា ជាផលិតផលសរីរាង្គ យើងពុំទាន់ទទួលស្គាល់ជាផ្លូវការនៅឡើយទេ។ យើងជឿជាក់ថា ប្រសិនជាគេប្រកាសអំពីផលិតផលសរីរាង្គ ខ្ញុំជឿថា គេក៏មានការប្រិតប្រៀងដែរអំពីបញ្ហាប្រើប្រាស់នូវសារធាតុគីមី។ហើយយើងនៅពុំទាន់មានអង្គភាពណាមួយដែលចុះទៅត្រួតពិនិត្យថា តើវិធីសាស្ត្រក្នុងការដាំដុះរបស់គាត់នោះប្រព្រឹត្តទៅតាមគោលការណ៍សរីរាង្គដែលឬអត់។ បច្ចុប្បន្ននេះទីផ្សារសរីរាង្គហ្នឹងកំពុងពេញនិយមសម្រាប់ប្រជាជនយើង»។
យោងតាមលទ្ធផលស្រាវជ្រាវរបស់លោកស្រីបណ្ឌិតចេក សុថា ប្រធានផ្នែកគីមី និងចំណីអាហារវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារាជបណ្ឌិតសភាកម្ពុជា ដែលសិក្សាស្តីពីវត្តមាននៃសារធាតុគីមី ដែលមានគ្រោះថ្នាក់ក្នុងម្ហូបអាហារ បានបង្ហាញឲ្យដឹងថា សារធាតុគីមីមួយចំនួនដែលមានការ ប៉ះពាល់ជាខ្លាំងដល់សុខភាព បានមានវត្តមាននៅលើម្ហូបចំណីអាហារបន្លែមួយចំនួនដែលកំពុងចររាចនៅលើទីផ្សារ រួមមានដូចជា៖ សារធាតុគីមីប័រ៉ាក់ ឬហៅថាទឹកអន្សា សារធាតុគីមីហ្វ័រម៉ាលីន សារធាតុគីមីអាស៊ីតសាលីស៊ីលីក សារធាតុគីមីសូដ្យូមអ៊ីដ្រូស៊ុលហ្វីត ឬហៅថា ម្សៅស។
សារធាតុទាំងនោះបង្កគ្រោះថា្នក់ ដូចជាខូចតម្រងនោម ក្រលៀន ឈឺក្បាល រមាស់ស្បែក រលាកប្រដាប់រំលាយអាហារ ក្រពះ ពោះវៀន ក្អួត វិលមុខ ក្តៅខ្លួន រាគ កន្ទួលលើស្បែក សន្លប់ ស្លាប់ និងបង្កឲ្យមានជំងឺមហារីកមួយចំនួនជាដើម។
លោកស្រីបណ្ឌិតចេក សុថាបានឲ្យដឹងទៀតថា ដោយសារអំឡុងពេលនេះ ប្រជាពលរដ្ឋមួយចំនួនកំពុងប្រឈមមុខនឹងបញ្ហាជំងឺមួយចំនួន ជាពិសេសគឺជំងឺមហារីកជាដើមដែលបណ្តាលមកពីចំណីអាហារដែលមានជាតិពុលកសិកម្ម។
ហេតុដូច្នេះ លោកស្រីបានបញ្ជាក់ថា កត្តានេះជាដើមហេតុចម្បងក្នុងការជំរុញឲ្យប្រជាពលរដ្ឋភាគច្រើនស្វែងរកចំណីអាហារសរីរាង្គ ក៏ប៉ុន្តែចំណីអាហារសរីរាង្គដែលកំពុងចររាចនៅលើទីផ្សារនោះនៅមិនទាន់មានការសិក្សាស្រាវជ្រាវណាមួយបញ្ជាក់ពីគុណភាពរបស់វានៅឡើយ។
«វាមិនទាន់មានការសិក្សាណាដែលរកឃើញថា បន្លែដែលយកមកនោះអត់មានថ្នាំទេ ពីព្រោះអត់ទាន់មានការវិភាគទៅលើបន្លែដែលគេដាំហ្នឹង។ជាការល្អហើយដែលប្រជាពលរដ្ឋយល់ដឹង។ គាត់ចង់បានបន្លែសរីរាង្គមែន ក៏ប៉ុន្តែមិនដឹងថា អ្នកដាំគាត់ទទួលខុសត្រូវថា បន្លែអត់ថ្នាំពុលដែរ ឬអត់។ សំខាន់គឺគាត់អ្នកដាំ ក៏ប៉ុន្តែវាអត់មានអីបញ្ជាក់»។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកផលិតចំណីអាហារសរីរាង្គសុទ្ធតែបានអះអាងដូចៗគ្នាថា ផលិតផលសរីរាង្គដែលបានដាក់លក់នៅលើទីផ្សារនេះសុទ្ធតែបានធ្វើការដាំដុះ ថែទាំ និងរក្សាទុកយ៉ាងត្រឹមត្រូវទៅតាមស្តង់ដារចំណីអាហារសរីរាង្គ បើទោះបីជាមិនទាន់មានការចុះត្រួតពិនិត្យពីក្រុមអ្នកជំនាញនៃក្រសួងកសិកម្មក៏ដោយ៕