គង់ សុឋានរិទ្ធ រាជធានីភ្នំពេញ
លោកស្រីឡ័ររ៉េន ហារីតុន (Lorraine Hariton) អ្នកតំណាងពិសេសនៃក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងធុរកិច្ចបានប្រកាសឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងតែផ្តោតគោលនយោបាយសម្រាប់បាញ់ព្រួញវិនិយោគមកកាន់តំបន់អាស៊ី ដោយចាត់ទុកថា តំបន់នេះគឺជាយុទ្ធសាស្ដ្រសេដ្ឋកិច្ចយ៉ាងសំខាន់។
លោកស្រី ហារីតុនថ្លែងដូច្នេះក្នុងកិច្ចប្រជុំតុមូលនៅថ្ងៃថ្ងៃព្រហស្បតិ៍សប្តាហ៍នេះជាមួយបណ្តាញផ្សព្វផ្សាយនៅកម្ពុជាក្នុងទីក្រុងភ្នំពេញ។
«យើងត្រូវតែចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់នេះ។ យើងត្រូវតែរឹងមាំផ្នែកសេដ្ឋកិច្ច»។
ជាមួយគ្នានេះ មន្ដ្រីជាន់ខ្ពស់សហរដ្ឋអាមេរិកដដែលបានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកបានកំណត់នូវគោលដៅទាក់ទាញមួយចំនួននៅក្នុងប្រទេសកម្ពុជា ដូចជាវិស័យព្រលានយន្តហោះជាដើម។
«ហេតុផលដែលខ្ញុំមកទីនេះក្នុងនាមជាអ្នកតំណាងពិសេសគឺពិតជាដើម្បីធ្វើឲ្យប្រាកដថា យើងអាចធ្វើឲ្យអ្វីៗទាំងអស់លេចជារូបរាងឡើង ហើយថា យើងប្តេជ្ញាចិត្តឈានទៅរកភាពជាដៃគូជាមួយនឹងសហគមន៍អ្នកជំនួញដើម្បីធ្វើឲ្យបញ្ហានេះលេចចេញជារូបរាង»។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីការវិនិយោគនៅកម្ពុជានាំមុខដោយប្រទេសចិន ដែលមានទឹកប្រាក់ជាង៨,៨ពាន់លានដុល្លារកាលពីឆ្នាំ២០១១ ហើយសហរដ្ឋអាមេរិកស្ថិតក្នុងលំដាប់ទី៥ជាមួយនឹងទឹកប្រាក់វិនិយោគកើនដល់១,២៨៥ពាន់លានដុល្លារនៅឆ្នាំ២០១១ដែរ។
លោកស្រីឡ័ររ៉េន ហារីតុនទើបនឹងត្រឡប់ពីកិច្ចប្រជុំផ្លាស់ប្តូរប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធក្រោមគម្រោងគំនិតផ្តួចផ្តើមនៅតំបន់មេគង្គក្រោមនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលចូលរួមដោយប្រទេសចំនួនប្រាំ ក្នុងនោះមានកម្ពុជា វៀតណាម ឡាវ ភូមានិងថៃ។ កិច្ចប្រជុំនេះធ្វើឡើងសំដៅពង្រឹងការរីកចម្រើនវិស័យសេដ្ឋកិច្ច ដៃគូពាណិជ្ជកម្មនិងភ្ជាប់ទំនាក់ទំនងប្រទេសទាំងប្រាំជាមួយសហរដ្ឋអាមេរិក។
លោកផូ ហុង ហ្វុង (Pho Hong Phong) មន្ដ្រីមកពីក្រសួងពាណិជ្ជកម្មអាមេរិកថ្លែងថា ក្រុមពាណិជ្ជករអាមេរិកកំពុងសម្លឹងរកការបណ្តាក់ទុននៅកម្ពុជា។
«ប្រទេសកម្ពុជាបច្ចុប្បន្ននេះមិនមែនគ្រាន់តែស្ថិតជាក្របខណ្ឌនៃប្រទេសមួយតែឯងទេ ប៉ុន្តែកម្ពុជាជាផ្នែកមួយនៃក្រុមប្រទេសគំនិតផ្តួចផ្តើមមេគង្គក្រោម ហើយក៏ជាផ្នែកមួយនៃសមាគមអាស៊ាន។ ហើយនៅពេលដែលអ្នកនិយាយដល់សមាគមអាស៊ានដែលជាទីផ្សារមួយកំពុងលូតលាស់នោះបណ្តាជនមានក្តីរំភើប ហើយក្រុមហ៊ុនអាមេរិកចង់មករកស៊ីនៅប្រទេសកម្ពុជា»។
លោកចាន់ សុផល ប្រធានសមាគមអ្នកសេដ្ឋកិច្ចកម្ពុជាលើកឡើងថា នៅកម្ពុជានៅមានសក្តានុពលជាច្រើនសម្រាប់ការវិនិយោគ។
«កម្ពុជាក៏ដូចជាបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់ ដែលមានសក្តានុពលគ្រប់វិស័យ មានខាងរោងចក្រ ខាងឧស្សាហកម្ម ទេសចរណ៍ សណ្ឋាគារ សេវាកម្ម។ កសិកម្មក៏មានឱកាសច្រើនដែរ ដូចជាការកែច្នៃទំនិញ ផលិតផលដែលយើងផលិតបាន ដែលភាគច្រើនយើងមិនទាន់មានការកែច្នៃនៅឡើយទេ ដោយសារយើងខ្វះបច្ចេកវិទ្យា ខ្វះមូលធន ខ្វះការគ្រប់គ្រង»។
នៅពេលដែលសហរដ្ឋអាមេរិកសម្លឹងរកឱកាសវិនិយោគបន្ថែមនៅកម្ពុជារបាយការណ៍របស់ក្រសួងពាណិជ្ជកម្មអាមេរិកក្នុងសប្តាហ៍នេះបង្ហាញថា កម្ពុជាបាននាំចេញផលិតផលផ្សេងៗទៅលក់នៅសហរដ្ឋអាមេរិក គិតត្រឹមខែវិច្ឆិកាឆ្នាំ២០១២ គិតជាទឹកប្រាក់ស្មើ២,៤៩ពាន់លានដុល្លារគឺធ្លាក់ចុះចំនួន១ភាគរយ បើប្រៀបធៀបនឹងរយៈពេល១១ខែដូចគ្នាក្នុងឆ្នាំ២០១១។
ដោយឡែកកម្ពុជានាំចូលផលិតផលពីសហរដ្ឋអាមេរិកវិញគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១២មានទឹកប្រាក់ចំនួន២១៣លានដុល្លារ ដែលចំនួននេះបានកើនឡើង២៦ភាគរយ៕