រដ្ឋាភិបាល​អាមេរិក​រក​ឃើញ​រូប​ចម្លាក់ខ្មែរ​មួយ​ទៀត​នៅ​សារមន្ទីរ​អាមេរិក​

  • ជាង សុភីណារ័ត្ន

ផ្ទះលក់ឡៃឡុង Sotheby

កាលីហ្វរនីញ៉ា៖ នៅ​ពេល​ដែល​មេធាវី​រដ្ឋាភិបាល​អាមេរិក​កំពុង​បន្តពាក្យ​បណ្តឹង​លើការ​តាម​យករូប​ចម្លាក់ខ្មែរ​ពី​ផ្ទះលក់ឡៃឡុង Sothebyនោះ ​សំណុំ​ឯកសារ​ពីតុលាការ​បញ្ជាក់​ថា រូបចម្លាក់ទីពីរ​ដែល​ឥឡូវនេះ​ឋិត​នៅ​សារមន្ទីរ Norton Simon​ត្រូវ​បានគេ​លួច​យក​ពី​ប្រទេស​កម្ពុជា​កាលពី​ទសវត្សរ៍​១៩៧០។​
សារមន្ទីរ Norton Simon ​មានរូបចម្លាក់​ខ្មែរបូរាណ​ល្អៗ​ជាង​គេបង្អស់​នៅ​រដ្ឋ California។ ​តែ​រដ្ឋាភិបាល​អាមេរិកាំង​និយាយ​ថា រូបចម្លាក់​មួយ​នៅ​សារមន្ទីរ​ត្រូវ​គេលួច​ពីប្រទេស​កម្ពុជាកាល​ពី​សម័យ​សង្រ្គាម។​

រូបចម្លាក់​អ្នក​បោក​ចម្បាប់​ តាំង​នៅ​សារមន្ទីរ​នេះមាន​ប្រភព​ពីប្រាសាទ​កោះកេរ ជាមួយ​និង​រូប​ចម្លាក់មួយ​ទៀត​ដែល​ឥឡូវនេះ​ជាប់ក្នុង​ពាក្យ​បណ្តឹង​របស់​តុលាការ​អាមេរិក និង ​Sotheby។​

ឯកសារ​ថ្មីទៀត​ពីរដ្ឌាភិបាល​អាមេរិក​ ដែល​ជួយ​ទាមទារ​យក​រូប​ចម្លាក់​ឲ្យ​ប្រទេស​កម្ពុជា​វិញ ​បាន​បញ្ជាក់​ថា រូប​ចម្លាក់​ទាំងពីរ​ត្រូវបាន​លួច​កាលពី​ឆ្នាំ១៩៧២ ​ហើយ​បញ្ជូន​ទៅ​ឲ្យឈ្មួញ​នៅ​ទីក្រុង​បាកក។​

អ្នកជំនាញ​និយាយ​ថា​ កាល​បរិច្ឆេទ​នេះ​មាន​សារៈ​សំខាន់​ណាស់ ព្រោះ​ថា អ្វី​ដែល​ត្រូវបាន​លួច​ក្នុង​អំឡុង​ពេលមានច្បាប់គ្រប់គ្រង​ត្រឹមត្រូវ​នោះ ត្រូវតែប្រគល់់​ឲ្យ​ប្រទេស​កម្ពុជា​វិញ។​ អ្នក​ជំនាញ​ក៏​បញ្ជាក់​បន្ថែម​ថា​ ចោរកម្ម​កាលពី​សម័យ​នោះ​អាច​ធ្វើបាន​ដោយ​ស្រួល ដោយសារ​កម្ពុជា​កំពុង​មាន​សង្រ្គាម។​

រដ្ឋាភិបាល​ខ្មែរនៅ​មិនទាន់​បាន​ទាមទារ​តាម​ផ្លូវច្បាប់​ដើម្បីយក​រូប​ចម្លាក់​ពី​សារមន្ទីរ​ Norton Simon​ នោះ​ទេ។ តែ​រដ្ឋាភិបាល​ខ្មែរ​និយាយ​ថា ​ខ្លួន​ចង់​យក​រូប​ចម្លាក់​មួយគូនេះ​ត្រឡប់ទៅ​ប្រទេស​កម្ពុជា​វិញ​ គឺ​រូបចម្លាក់​អ្នកបោក​ចម្បាប់​នៅសារមន្ទីរ​ Norton Simon​ និង​ដៃគូ​របស់​រូប​ចម្លាក់​នេះ​ដែល​កំពុង​ជាប់​ក្នុង​ពាក្យ​បណ្តឹង​ជាមួយ​ Sotheby។​

នៅក្នុង​ការឆ្លើយ​តបមក​VOA Khmer សារមន្ទីរ ​Norton Simon និយាយ​ថា​ រូបចម្លាក់​អ្នក​បោក​ចម្បាប់​នេះ​ត្រូវបាន​ទិញ​កាលពី​ឆ្នាំ១៩៧៦​ហើយ​ត្រូវបាន​ដាក់តាំង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា។​

សារមន្ទីរ​នេះ​ឲ្យដឹង​ថា ​កន្លងមក​ មិន​ធ្លាប់​មាន​បញ្ហា​ទាក់ទង​នឹង​កម្មសិទ្ធិ​របស់​សារមន្ទីរ​លើរូប​ចម្លាក់នេះទេ។​
រដ្ឋាភិបាល​អាមេរិក​កំពុង​បន្ត​ពាក្យ​បណ្តឹង​ជាមួយ Sotheby​ ហើយ​គេ​កំពុង​ចាំ​មើល​ថា​ តើ​សារមន្ទីរ Norton Simon​ ហ្នឹង​ពាក់ព័ន្ធ​ជាមួយ​ពាក្យ​បណ្តឹង​ទាមទាររូបចម្លាក់នេះ​ដែរ​ឬ​យ៉ាង​ណា​ទេ៕