អាមេរិក​​និង​ចិន​​មាន​សញ្ញា​វិជ្ជាមាន​ក្នុង​កិច្ច​សហប្រតិបត្តិ​នៅអាស៊ី​

  • Scott Stearns

លោក​ស្រី​ហ៊ីឡារី គ្លីនតុន (ឆ្វេង) ស្តាប់​ប្រសាសន៍លោកយ៉ាង ជៀជី (ស្តាំ) ក្នុង​ជំនួបមួយ​នៅ​វិមាន​សន្តិភាព កម្ពុជា ១២ កក្កដា ២០១២។

លោក​ស្រី​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិកហ៊ីឡារី គ្លីនតុន (Hillary Clinton) និង​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន យ៉ាង ជៀជី (​Yang Jiechi) បាន​ជួបគ្នា​នៅ​កម្ពុជា ដើម្បី​ពិភាក្សារក​មធ្យោបាយ​ដ៏​ប្រសើរ​ក្នុង​ការ​ដោះស្រាយជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង ​អំពី​ជម្លោះ​នៅ​ប្រទេស​ស៊ីរី និង​ការ​បារម្ភ​អន្តរជាតិ​ស្តីពី​កម្មវិធីនុយ​ក្លេអ៊ែរនៅ​អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង។

ប្រទេស​ចិន វៀតណាម ប្រ៊ុយណេ ម៉ាឡេស៊ី និង​ហ្វីលីពីន មានជម្លោះ​ដណ្តើម​ដែន​ទឹកទាំង​នោះ។ រដ្ឋ​មន្រ្តី​ការ​បរទេស​អាស៊ាន​កំពុង​រៀបចំ​ក្រម​ប្រតិបតិ្ត​ដើម្បី​គ្រប់​គ្រង​ស្ថានភាពជម្លោះ​នោះ។

មន្ត្រី​សហរដ្ឋអាមេរិក​ឲ្យ​ដឹង​ថា លោកយ៉ាង រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន បាន​ផ្តល់​សញ្ញាដល់​លោក​ស្រី​រដ្ឋមន្ត្រី​ការ​បរទេសសហរដ្ឋ​អាមេរិកគ្លីនតុន ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង មាន​បំណង​ចូលរួម​ចរចា​ស្តីអំពី​ក្រម​ប្រតិបត្តិ​នៅ​ពេល​អនាគត គឺ​ប្រហែល​ជា​អាចនៅ​ខែកញ្ញា​ មុន​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ខែ​វិច្ឆិកា។

នៅ​ពេល​ចាប់​ផ្តើម​ជំនួបរបស់​លោកទាំង​ពីរ ​លោកស្រី​រដ្ឋ​មន្ត្រី​ការ​បរទេស​គ្លីន​តុន សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃកិច្ចសហប្រតិបត្តិការ​សហរដ្ឋ​អាមេរិក ចិន និងប្រទេស​ជាសមាជិក​អាស៊ាន។

«វា​ជា​សញ្ញា​ដ៏​សំខាន់មួយ​ដែល​សហរដ្ឋ​អាមេរិក​ និង​ចិនមិន​គ្រាន់​តែ​អាច​ ប៉ុន្តែ​នឹងធ្វើ​កិច្ច​ការ​ជាមួយ​គ្នា​នៅ​ក្នុង​ទ្វីបអាស៊ី»។

លោក យ៉ាង រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន​មាន​ប្រសាសន៍​ថា ប្រទេស​ទាំងពីរ​កំពុង​កសាងភាព​ជាដៃ​គូ​សហប្រតិបតិ្តការ​ដោយ​ឈរ​លើ​ការ​គោរពគ្នា​ទៅ​វិញ​ទៅ​មក​ និងផល​ប្រយោជន៍​ទាំង​សងខាង។

លោកយ៉ាងមាន​ប្រសាសន៍​ថា ភាព​ជា​ដៃ​គូ​កំណត់​មធ្យោបាយ​ឆ្ពោះទៅរក​ចំណង​ទាក់ទង​រវាង​សហរដ្ឋ​អាមេរិក និង​ចិនសម្រាប់​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត​ ខណៈដែល​រដ្ឋាភិបាល​ក្រុង​ប៉េងកាំង និងក្រុង​វ៉ាស៊ីនតោន បន្ត​ពង្រីក​ជហរ​រួម​ ការ​គោរពគ្នា​ និង​ដោះ​ស្រាយ​បញ្ហា​ខុស​គ្នា និងបញ្ហារសើបឲ្យ​បាន​ត្រឹម​ត្រូវ។

នៅ​ក្នុង​សេចក្តី​ថ្លែង​របស់​លោក​ស្រី​ទៅ​កាន់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន លោក​ស្រី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​គ្លីនតុន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​កាន់​ជើង​ខាង​ណា​ទេ​ក្នុង​ជម្លោះ​ព្រំប្រទល់​សមុទ្រនៅ​ក្នុង​សមុទ្រចិន​ខាង​ត្បូងនេះ។ ប៉ុន្តែ​លោក​ស្រី​មាន​ប្រសាសន៍​ថា រដ្ឋាបាល​លោកអូបាម៉ា​ មាន​ចំណាប់​អារម្មណ៍​លើ​សេរីភាពនាវាចរណ៍​ ការ​រក្សា​សន្តិភាព​ និង​ស្ថិរភាព​ ការ​គោរព​ច្បាប់​អន្តរជាតិ​ និង​ពាណិជ្ជកម្ម​សម្រប​ច្បាប់ដោយ​គ្មាន​ការ​ពិនិត្យ​តឹង​រ៉ឹង។

ចិន​ថា​អាស៊ាន​មិន​មែន​ជា​កន្លែង​ដោះ​ស្រាយ​ជម្លោះ​ទាំង​នេះ​ទេ ពីព្រោះ​វា​មិន​មែន​ជាវេទិការ​តំបន់​ទេ វា​ជា​បញ្ហា​រវាង​ចិន និង​ប្រទេស​សមាជិក​អាស៊ាន។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​គ្លីន​តុន​យល់​ស្របថា យ៉ាងណាក៏ដោយ​ បញ្ហា​ដែន​ដី​គួរ​ត្រូវ​បាន​ដោះ​ស្រាយ​រវាង​ប្រទេស​មាន​ជម្លោះ។ ប៉ុន្តែ​បញ្ហា​ទូលំទូលាយ​អំពី​ក្រម​ប្រតិបត្តិ​ក្នុង​តំបន់​ជម្លោះ​ និង​អំពី​មធ្យោបាយ​ដែល​អាច​ទទួល​យក​បាន​សម្រាប់​ដោះ​ស្រាយ​ជម្លោះ​គួរ​ត្រូវ​បាន​លើក​ឡើង​នៅ​ទីកន្លែង​រូម​ដូច​ជា​អាស៊ាន​នេះ​ឯង ពីព្រោះ​ការដោះស្រាយ​ជម្លោះ​ដោយ​ឧបតោភាគី​អាច​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ និង​ប្រឈម​មុខ​ដាក់​គ្នា។

នៅក្នុង​សេចក្តី​ប្រកាស​ជា​លាយលក្ខអក្សរ​ សហរដ្ឋ​អាមេរិក និង​ចិន​ ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ការ​ផ្លាស់ប្តូរ​អាកាសធាតុ ការ​ប្រព្រមាន និងការឆ្លើយតប​នឹងភាព​អាសន្ន គោលនយោបាយ​ថាមពល និង​ការ​គ្រប់គ្រង​ត្រី និង​ព្រៃឈើ ការ​តាម​ដាន និង​គ្រប់​គ្រងជំងឺ និង​ការ​ការ​ពារ​ និង​អភិរក្ស​សត្វព្រៃ។

ប្រែសម្រួលដោយ អ៊ឹម សុធារិទ្ធ