ឯកអគ្គរដ្ឋទូត​គោចរណ៍​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា

លោក ស្តេ​ហ្វិ​ន រ៉េ​បប៍ (Stephen Rapp) ជាមួយ​នឹង​លោក Christopher Stevens (កណ្តាល) អគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​លីបី​ នៅរដ្ឋធានី​ទ្រីប៉ូលី ថ្ងៃទី២៧ មិថុនា។

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​គោចរណ៍​សហរដ្ឋអាមេរិក​ទទួលបន្ទុក​កិច្ចការ​ឧក្រិដ្ឋកម្ម​សង្គ្រាម លោក ស្តេ​ហ្វិ​ន រ៉េ​បប៍ (Stephen Rapp) បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ សម្រាប់​អ្វី​ដែល​ក្រុមមន្ដ្រី​ផ្លូវការ​បញ្ជាក់ថា​ដើម្បី​ការគាំទ្រ​ដល់​ការបំពេញ​នូវ​អាណត្តិ​សាលាក្តី​ខ្មែរក្រហម។
ដំណើរ​ទស្សនកិច្ច​របស់​មន្ដ្រី​ជាន់​ខ្ពស់​សហរ​ដ្ឋ​អាមេរិក​ធ្វើឡើង​ស្រប​ពេលដែល​សាលាក្ដី​ខ្មែរក្រហម​កំពុងធ្វើការ​កាត់ទោស​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ចំនួន​បី​នាក់​ក្នុង​សំណុំ​រឿង​០០២ ហើយ​សាលាក្ដី​កូនកាត់​នេះ​អាច​ប្រឈម​នឹង​វិបត្តិ​ថវិកា​នៅ​ចុង​ឆ្នាំ២០១។
យោងតាម​សេចក្ដីប្រកាស​ព័ត៌មានរ​បស់​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ​នៅថ្ងៃនេះ​លោក​ស្តេ​ហ្វិ​ន រ៉េបប៍ នឹង​ជួបពិភាក្សា​ជាមួយ​មន្ដ្រីជាន់ខ្ពស់​សាលាក្ដី​ខ្មែរក្រហម និង​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ រួមទាំង​ភាគី​ដែល​ជាប់​ពាក់​ព​ន្ធ័​ផងដែរ។ ហើយ​ជំនួប​នោះ​នឹង​ផ្តោត​លើ​កិច្ចពិភាក្សា​ស្តីពី​ការគាំទ្រ​ចាំបាច់​ដល់​សាលាក្ដី​ខ្មែរក្រហម។
លោក ឌឹ​ម សុ​វណ្ណា​រុំ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរក្រហម​បាន​បញ្ជាក់​ពី​ជំនួប​រវាង​លោក​ស្តេ​ហ្វិ​ន រ៉េ​បប៍ ជាមួយ​ក្រុម​ចៅក្រម​ខ្មែរ។
«នៅ​រសៀល​ថ្ងៃនេះ​លោក​ស្តេ​ហ្វិ​ន រ៉េ​បប៍ បានមក​ធ្វើ​ទស្សនកិច្ច​នៅ​អ វ ត ក ហើយ​បាន​ជួប​ជាមួយនឹង​ចៅក្រម​នៃ​អង្គជំនុំជម្រះ​ក្នុង​តុលាការ​កម្ពុជា​ក្នុងការ​ស្វែងយល់​អំពី​ការវិវត្តថ្មីៗអំពី​តុលាការ​នេះ»។
ក៏ប៉ុន្តែ​លោក ឌឹ​ម សុវណ្ណ​រុំ លើក​ឡើង​ថា លោក​មិន​មាន​ព័ត៌មាន​អ្វី​ចេញពី​ជំនួប​ខាង​លើនេះ​ទេ។
លោក​ឯកអគ្គរដ្ឋទូត​គោចរណ៍​អាមេរិក​គ្រោង​នឹងធ្វើ​បទ​បង្ហាញ​មួយ​នៅ​ថ្ងៃស្អែក​នេះ​ក្នុង​សិក្ខាសាលា​ស្តីពី​កេរដំណែល​នៃ​សាលាក្ដី​ខ្មែរក្រហម។
លោក ឌឹ​ម សុ​វណ្ណា​រុំ បញ្ជាក់ថា លោក ស្តេ​ហ្វិ​ន រ៉េ​បប៍ គ្រោង​នឹង​ជួប​ជាមួយនឹង​លោក ក្រាញ់ តូ​នី និង​លោក គ្នុ​ត រ៉ូ​សិន​ហក ប្រធាន​និង​អនុប្រធាន​រដ្ឋបាល​សាលាក្ដី​ខ្មែរ​ក្រហម​នៅថ្ងៃនោះ​ដែរ។
«ហើយ​បន្ទាប់មកទៀត​គាត់​ក៏​គ្រោង​នឹង​ជួប​ជាមួយនឹង​ថ្នាក់ដឹកនាំ​រដ្ឋបាល​នៃ​អង្គ​ជំនុំ​ជម្រះ​ក្នុង​តុលាការ​កម្ពុជា​ផង​ដែរ​នៅ​ក្រោយ​ឱកាស​ដែល​គាត់​ចូលរួម​ក្នុង​សិក្ខា​សិលា​ស្តីពី​កេរ​ដំណែល​របស់​អ វ ត ក»។
ដោយឡែក​លោក ឯក ថា អ្នកនាំពាក្យ​មួយរូប​នៃ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា មិន​ទាន់​មាន​ឃើញ​គម្រោង​ជំនួប​រវាង​លោក​ស្តេ​ហ្វិន រ៉េប ជាមួយ​លោក​ឧបនាយករដ្ឋមន្ដ្រី​សុខ អាន នោះទេ។ លោក​សុខ អាន ជា​ប្រធាន​ទទួលបន្ទុក​ផ្នែក​កិច្ចការ​តុលាការ​ខ្មែរក្រហម​របស់​រដ្ឋាភិបាល ហើយ​នៅ​ក្នុង​ពេលនេះ​លោក​សុខ អាន កំពុង​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស៕