លោក ម៉ម សុណង់ដូ ត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំកាលពីថ្ងៃចន្ទទី១ ខែតុលាដោយចោទរូបលោកថា បានដឹកនាំធ្វើអបគមន៍នៅក្នុងស្រុលឆ្លូង ខេត្តក្រចេះ។
ភ្នំពេញ៖ សហរដ្ឋអាមេរិកបានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោកម៉ម សុណង់ដូ«ជាបន្ទាន់»ដោយបានប្រើសម្តីធ្ងន់ៗ ផ្តោតទៅលើប្រព័ន្ធតុលាការដែលស្ថិតក្រោមសម្ពាធនយោបាយ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានចែកចាយដល់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជានៅថ្ងៃអង្គារនេះ លោកស្រីវិចតូរីយ៉ា នូឡេនដ៍ (Victoria Nuland) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយយ៉ាងដូច្នេះថា៖
«យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោក ម៉ម សុណង់ដូ ជាបន្ទាន់ដើម្បីបញ្ជាក់ឲ្យឃើញថា ប្រព័ន្ធតុលាការរបស់កម្ពុជាមិនស្ថិតនៅក្រោមឥទ្ធិពលនយោបាយ និងដម្បីបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាសិទ្ធិមនុស្សជាមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន»។
លោក ម៉ម សុណង់ដូ មានសញ្ជាតិបារាំងដើមកំណើតខ្មែរ។ លោកត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំកាលពីថ្ងៃចន្ទទី១ ខែតុលាដោយចោទរូបលោកថា បានដឹកនាំធ្វើអបគមន៍នៅក្នុងស្រុលឆ្លូង ខេត្តក្រចេះ។ ប្រជាពលរដ្ឋចំនួន១៣នាក់ផ្សេងទៀតត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពីដប់ខែដល់៣០ឆ្នាំក្នុងនោះមួយចំនួនត្រូវបានព្យួរទោសហើយដោះលែងចេញពីមន្ទីរឃុំឃាំង។
លោកស្រីវិចតូរីយ៉ា លើកឡើងថា ការផ្តន្ទាទោសនាយកវិទ្យុសំបុក្រឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យធ្វើឲ្យសហរដ្ឋអាមេរិកមាន «កង្វល់ជាខ្លាំង»។
ជាមួយគ្នានេះដែរ ប្រទេសបារាំងក៏បានទាមទារឲ្យតុលាការខ្មែរធ្វើការត្រួតពិនិត្យសំណុំរឿងលោក ម៉ម សូណង់ដូ ឡើងវិញឲ្យបានឆាប់បំផុត។
អ្នកនាំពាក្យក្រសួងការបរទេសបារាំង លោក ហ៊្វីលីប ឡាល់លីយោ (Philippe Lalliot) បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃនេះថា ប្រទេសបារាំងមានការ«ព្រួយបារម្ភចំពោះការកាត់ទោសលោក ម៉ម សូណង់ដូ ហើយខ្លួនមានការ «សោកស្តាយចំពោះការកាត់ទោសនេះ»។ មន្រ្តីការបរទេសបារាំងដដែលអំពាវនាវឲ្យអាជ្ញាធរកម្ពុជាធានាដល់នីតិវិធីប្តឹងឧទ្ធរណ៍ និងអនុញ្ញាតឲ្យមានការត្រួតពិនិត្យរឿងក្តីនេះឡើងវិញឲ្យបានឆាប់ប្រកបដោយយុត្តិធម៌ និងសមធម៌។
លោក ហ៊្វីលីប បន្ថែមទៀតថា «បារាំងអំពាវនាវដោយទទូចឲ្យកម្ពុជាគោរពសេរីភាពនៃការបញ្ចេញមតិ និងទស្សនៈ» ស្របតាមកត្តិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិប្រជាពរដ្ឋនិងនយោបាយដែលកម្ពុជាជាប្រទេសហត្ថលេខីដែរនោះ។
មន្ដ្រីជាន់ខ្ពស់បារាំងដដែលបញ្ជាក់ថា «បារាំងនឹងបន្តធ្វើការតាមដានសភាពការណ៍» របស់លោកម៉ម សូណង់ដូ ដោយយកចិត្តទុកដាក់បំផុត។
នេះគឺជាប្រតិកម្មផ្ទួនៗរបស់សហគមន៍អន្តរជាតិលើករណីលោក ម៉ម សូណង់ដូ របស់សហគមន៍អន្តរជាតិបន្ទាប់ពីគណៈកម្មការអឺរ៉ុប និងមន្ដ្រីក្រៅរដ្ឋាភិបាលនៅកម្ពុជាបានប្រឆាំងនឹងការដាក់ទោសសកម្មជនប្រជាធិបតេយ្យដ៏សកម្មម្នាក់របស់កម្ពុជានេះ។
លោកកែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមអ្នកនាំពាក្យនៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបានហៅប្រិតកម្មរបស់សហគមន៍អន្តរជាតិទាំងនោះថា «ជារឿងធម្មតា»។
លោកមានប្រសាសន៍ក្នុងសន្និសីទព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះក្នុងទីក្រុងភ្នំពេញថា «ជាធម្មតា
បេសកកម្ម (ការទូត) កាលណាមានរឿងអ្វីមួយកើតឡើងគាត់មិនអាចនៅស្ងៀមទេ»។
លោក កែវ រ៉េមី អះអាងថា នេះគឺជាចំណាត់ការរបស់តុលាការហើយចំណាត់ការនេះមិនមែនតែចំពោះលោក ម៉ម សូណង់ដូ នោះទេ។
ថ្លែងក្នុងសន្និសីទព័ត៌មានតាមវីដេអូខុនហ្រ្វិនពីប្រទេសបារាំង លោកសម រង្ស៊ី មេដឹកនាំគណបក្សជំទាស់ជឿថា លោកម៉ម សូណង់ដូ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ។ កាលពីម្សិលមិញភរិយារបស់លោក ម៉ម សូណង់ដូ លោកស្រី ឌិន ផាន់ណារ៉ា បានប្រកាសប្តឹងឧទ្ធរណ៍៕