អង្គការ​ជនភៀស​ខ្លួន​សហប្រជាជាតិ​បន្ថយ​បុគ្គលិក​នៅ​កម្ពុជា

Heron-hooded dancers perform as they parade down the streets toward Asakusa Shrine in the compound of Sensoji Temple in Tokyo, Japan prior to the annual Sanja Festival, one of the three major festivals scheduled on May 16-18.

បុគ្គលិក​ជាង​១០​នាក់​ដែល​បាន​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កន្លង​មក​និង​ត្រូវ​ឈប់​សម្រាក​ហើយ​ទុក​តែ​បុគ្គលិក​បរទេស​ម្នាក់​និង​ជនជាតិ​ខ្មែរ​តែម្នាក់​ប៉ុណ្ណោះ។​
ភ្នំពេញ៖ ការិយាល័យ​ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ប្រកាស​បន្ថយ​បុគ្គលិក​កាល​ពីថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ​ដែល​បង្ក​ឱ្យ​មាន​ការ​សោក​ស្តាយ​ពីមន្ត្រី​អង្គការ​ឃ្លាំ​មើល​ការរំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ថា​ជនភៀស​ខ្លួនដែល​មាន​បំណង​មក​សុំសិទ្ធិ​ជ្រក​កោន​ផ្នែក​នយោបាយ​អាច​នឹង​ជួប​ឧបសគ្គ។​

លោកស្រី​វីវៀន តាន់​(Vivian Tan) ​អ្នកនាំពាក្យ​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​ប្រចាំ​ទីក្រុង​បាងកក​បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​តាម​រយៈ​ទូរស័ព្ទ​និង​សារ​អេឡិកត្រូនិក​មក​ថា​មូលហេតុ​ដោយ​សារ​តែ​មាន​បញ្ហា​ហិរញ្ញវត្ថុ។​

អ្នកស្រី​បាន​និយាយ​ថា​បុគ្គលិក​ជាង​១០​នាក់​ដែល​បាន​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កន្លង​មក​និង​ត្រូវ​ឈប់​សម្រាក​ហើយ​ទុក​តែ​បុគ្គលិក​បរទេស​ម្នាក់​និង​ជនជាតិ​ខ្មែរ​តែម្នាក់​ប៉ុណ្ណោះ។​

«យើងគ្រាន់​តែកាត់បន្ថយ​ការងារ​តែប៉ុណ្ណោះ​ដោយ​សារ​តែស្ថានភាព​ហិរញ្ញវត្ថុ។ ក៏ប៉ុន្តែ​យើង​នៅ​មាន​បុគ្គលិក​ពីរនាក់​នៅ​បម្រើ​ការងារ​នៅ​កម្ពុជា»។​

ការិយាល័យ​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ប្រចាំ​ប្រទេស​កម្ពុជា​បានបើក​ការិយាល័យ​របស់​ខ្លួន​កាល​ពីឆ្នាំ​១៩៨៦​ដែល​រហូត​មកដល់​ពេល​នេះ​បានបម្រើ​ការងារ​អស់រយៈ​ ពេល​ជាង​២៦​ឆ្នាំ។

ការិយាល័យ​នេះ​បាន​ធ្វើ​កិច្ច​ការងារ​យ៉ាង​សកម្មរបស់​ខ្លួនចាប់​តាំង​ទសវត្សរ៍​១៩៩០​ដោយ​សារ​ពេល​នោះ​មាន​ពលរដ្ឋ​ខ្មែរ​បាន​ភៀស​ខ្លួន​យ៉ាង​ច្រើន​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ។​

លោក​កុយ គួង​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​និយាយ​ថា​លោក​មិន​ទាន់​បាន​ទទួល​ការ​ជូន​ដំណឹង​ពី​ការិយាល័យ​របស់​ឧត្តម​ស្នង​ការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​នៅ​ឡើយ​ទេ។

«ខ្ញុំអត់ទាន់​មាន​ព័ត៌មាន​ថាគេបិទ​ឬមិន​បិទ​ផងហ្នឹង។ ចាំ​ខ្ញុំឆែក​ជាមួយ​សហការី​ខ្ញុំសិន​ថា​ព័ត៌មាន​ហ្នឹង​ពិត​ឬអត់»។​

លោក​អ៊ូ វីរៈ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បានសម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​បិទ​ការិយាល័យ​របស់​អង្គការ​សហ​ប្រជាជាតិ។​

លោក​បាន​និយាយ​ថា​ជនជាតិ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​តែងតែ​មក​រកសុំសិទ្ធិ​ជ្រក​កោន​និង​រង​ផល​ប៉ះពាល់។​

«ខ្ញុំនៅ​តែមាន​ការ​សោក​ស្តាយ។​ខ្ញុំ​យល់​ថា​ការិយាល័យ​ហ្នឹង​គួរ​តែ​ត្រូវធ្វើ​បន្ថែម​ដើម្បី​ជំរុញ​ធ្វើ​យ៉ាងណា​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ជាសញ្ជាតិ​ពេញ​សិទ្ធិ​ដល់​ខ្មែរកម្ពុជា​ក្រោម​ពេលណា​គាត់​មក​ប្រទេស​កម្ពុជា​ពីព្រោះ​រដ្ឋធម្មនុញ្ញ​ក៏​មាន​ចែង​រួចហើយ»។​

ការិយាល័យ​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​បាន​ផ្ទេរ​ភារកិច្ច​របស់​ខ្លួន​ទៅ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ជាអ្នក​ទទួល​បន្ទុក​ការពារ​ជនភៀស​ខ្លួន​អស់រយៈពេល​ជាច្រើន​ឆ្នាំ​ណាស់​មក​ហើយ។ ​ការិយាល័យ​របស់​ឧត្តម​ស្នងការ​គ្រាន់​តែជា​អ្នក​ឃ្លាំមើល​និង​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​តែ​ប៉ុណ្ណោះ។​
កាលពី​ឆ្នាំ​២០០៩​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​បញ្ជូន​ខ្លួន​ជនជាតិ​ចិន​ភាគតិច​Uyghur ​ចំនួន​២០​នាក់​ទៅ​ឱ្យ​រដ្ឋាភិបាល​ចិនវិញ​ដែល​បង្ក​ឱ្យ​មាន​ការស្តីបន្ទោស​ជា​លក្ខណៈ​អន្តរជាតិ​និង​មាន​ការ​ព្រួយ​បារម្ភ​ថា​ជនជាតិ​Uyghurទាំង​នោះ​អាច​ត្រូវ​យក​ទៅ​សម្លាប់​ក្នុង​ប្រទេស​ចិន៕​