គ្មាន​មូលហេតុ​ច្បាស់​លាស់​នៃ​ការ​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា

តម្រូវ​ការ​នៃ​ការ​នាំចូល​ប្រេង​មក​កម្ពុជា​កើនឡើង​ជិត​១៩%។ គឺ​ស្មើ​នឹង​ទឹក​ប្រាក់​ពី​៧៧៨ ទៅ៩២៥​ពាន់​លាន​រៀល។

ភ្នំពេញ៖ កម្ពុជា​គឺជា​ប្រទេស​ដែល​នាំ​ប្រេង​ឥន្ធនៈ​ចូល​ទាំង​ស្រុង។ ប៉ុន្តែ​អ្វីដែល​ចម្លែក​នោះ​គឺ​តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​តាម​ទីផ្សារ​មាន​គម្លាត​ពីគ្នា​យ៉ាង​ខ្លាំង​ពី​ស្ថានីយ៍​ចាក់​ប្រេង​មួយ​កន្លែង​ទៅ​មួយ​កន្លែង​និង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត។
ជាក់​ស្តែង​តម្លៃ​ប្រេង​ក្នុង​ទី​ប្រជុំជន​ក្នុង​ទីក្រុង​ភ្នំពេញ​ខ្ពស់​ជាង​តំបន់​ជាយក្រុង​រហូតដល់​១០០០​រៀល​ឬ​២០​សេន​អាមេរិក។ ម្ចាស់​ស្ថានីយ៍​និង​អ្នក​ប្រើ​ប្រាស់​ផ្តល់​ការ​ពន្យល់​ផ្សេងៗ​គ្នា។ គិត​មក​ទល់​ថ្ងៃទី ១ ខែ​មិនា ប្រេង​សាំង​ស៊ុពែ​១លី​ត្រ​មាន​តម្លៃ​៥.៧០០រៀល។ ប្រេងសាំង​ប្រភេទ​ធម្មតា​ថ្លៃ​៥.៥០០ រៀល​និង​ប្រេង​ម៉ាស៊ូត​វិញ​ថ្លៃ៥.១០០រៀល​ក្នុង​មួយ​លីត្រ។ នេះ​ជាត​ម្លៃ​នៅតាម​ស្ថានីយ៍​ចាក់​ប្រេង​ដូចជា​តូ​តា​ល់ សូគីម៉ិច កាល់​តិច និង​តេ​លា​ក្នុង​ទីប្រជុំជន​និង​នៅតាម​ផ្លូវ​សំខាន់ៗ​របស់​រាជធានី​ភ្នំពេញ។
ក៏​ប៉ុន្តែ​តម្លៃ​ប្រេង​នៅ​តាម​តំបន់​បី​ផ្សេងៗ​គ្នា​នៃ​ជាយ​ទីក្រុង​ភ្នំពេញ​ថោក​ជាង​នេះ​ពី​ចន្លោះ​៣០០ ទៅ ១.០០០ រៀល។ នៅ​តាម​ប​ណ្តោ​ផ្លូវ​ជាតិ​លេខ​៤ ក្បែរចំណត​យន្តហោះ​អន្តរជាតិ​ក្រុង​ភ្នំពេញ​ភាគ​ខាង​លិច​រាជ​ធានី​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវ​ចម្ការ​ដូង​ដល់​រហូត​ដល់​ផ្លូវ​ចេញ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​នានា ប៉ែក​ខាង​ត្បូង​រាជធានី និង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ប៉ែក​ខាងកើត​រាជធានី​ភ្នំពេញ។ ទីតាំង​ចាក់​ប្រេង​ទាំង​ដែល​មាន​តម្លៃ​ទាប​ទាំង​នោះ​ភាគច្រើន​គឺ​តាម​ស្ថា​នី និង​ដេប៉ូ​ចែកចាយ​ប្រេង​ដែល​មាន​ផ្លាក​យីហោ អេ​ល​អេ​ច​អ (LHR) និង សាវ​ហ្វី​ម៉ិច (Savimex) រួម​ទាំង​ដេប៉ូ​តេ​លា​ដែរ។
សាំង​ស៊ុប​ពែ​នៅ​តាម​ដេប៉ូ​ចែកចាយ​ប្រេង​ឥន្ធនៈ​មួយ​ចំនួន​ថ្លៃ៥.០០០ រៀល​ក្នុង​មួយ​លីត្រ ក្បែរ​ចំណត​យន្តហោះ​អន្តរជាតិ​ក្រុង​ភ្នំពេញ​ខណៈដែល​ប្រេងសាំង​ធម្មតា​ថ្លៃ៤.៨០០​រៀល ពោលគឺ​ថោក​ជាង​៧០០រៀល​នៃ​តម្លៃ​លក់​នៅ​ទីប្រជុំជន​ក្រុង​ភ្នំពេញ។ ដោយឡែក​ប្រេង​ម៉ាស៊ូត​នៅទីនេះ​ថោក​ជាង​ទីប្រជុំជន​ក្រុង​ចំនួន​៨៥០​រៀល។
លោក​អូន ង៉ែត អាយុ ២៩ឆ្នាំ​គឺ​ជា​អ្នក​គ្រប់គ្រង​ទូទៅ​នៅ​ដេប៉ូ​លក់​សាំង​របស់​ក្រុមហ៊ុន អេ​ល​អេ​ច​អ(LHR) ស្ថិត​នៅ​បរិវេណ​រវាង​ព្រំប្រទល់​ក្រុង​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ​ដែលជា​តំបន់​លក់​សាំង​ថោក។ មួយ​ថ្ងៃៗ​គាត់​អាច​លក់​ប្រេងសាំង​ប្រហែល​៣.០០០​លីត្រ។ អ្នក​គ្រប់គ្រង​ដដែល​បញ្ជាក់​ពី​មូល​ហេតុ​ថា​តម្លៃ​ប្រេងសាំង​ខុសគ្នា​ដោយសារ​តែ​កន្លែង​របស់​គាត់​បើក​ជា​លក្ខណៈ​ឯកជន ដូច្នោះ​គាត់​ចង់យក​ចំណេញ​តិច​ជាង​កន្លែង​ដ៏​ទៀត។ មាន​រាង​ស្គម​ស្តើង​និង​ពាក់អាវ​ដៃខ្លី​ព​ណ៍ស គាត់​បាន​ពន្យល់​ដូច្នេះ​ថា៖
«យើង​មាន​លក់​ប្រេងសាំង និង​ប្រេងម៉ាស៊ូត។ មូលហេតុ​គឺ​ដោយសារ​តែ​កន្លែង​យើង​ឯកជន។ យើង​យកចំណេញ​តិច។ ប៉ុន្តែ​ក្រុមហ៊ុន​វិញ គេ​យកចំណេញ​ច្រើន»។
លោក ផេង សុខលី គឺ​ម្ចាស់​ដេប៉ូ​លក់​សាំង​សា​វី​ម៉ិច​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​លក់​សាំង​របស់​លោក អូន​ ង៉ែត​ប៉ុន្មាន​ទេ។ សម្រាប់​ដេប៉ូរ​របស់​គាត់ តម្លៃ​ប្រេងសាំង​គឺ​ដូចគ្នា​នឹង​តម្លៃ​លក់​របស់​ដេប៉ូ​លក់​សាំង អេ​ល​អេ​ច​អរ (LHR)ដែរ។ លោក​ពន្យល់​ថា ការ​បន្ទាប​តម្លៃ​គឺ​ដើម្បី​ស្រូប​អតិថិជន​ឲ្យ​បាន​ច្រើន។
«ធ្វើ​មិច​បើ​កា​រ៉ា​ស់ អេ​ល​អេ​ច​អរ (LHR) ហ្នឹង​លក់​ថោក​ហើយ យើង​ទៅ​លក់​ថ្លៃ​ជាងគេ ឬ​លក់ដូ​ចកា​រ៉ាស់​នៅ​ទីក្រុង​ភ្នំពេញ​ហ្នឹង​យើង​លក់​មិន​ដាច់​ដូច​គេ»។
លោក ស្រី សុផល អាយុ​៣៤​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប​មកពី​ខេត្តកំពង់ស្ពឺ។ អង្គុយ​លើ​ម៉ូតូ​ដែល​គាត់​ចត​នៅ​ទល់មុខ​ដេប៉ូ​លក់​សាំង​អេ​ល​អេ​ច​អ (LHR)។ លោក សុផល​និយាយ​ថា គាត់​ក៏​មាន​ការ​ងឿង​ឆ្ងល់​ដែរ​ពី​តម្លៃ​ប្រេងសាំង​ដែល​ខុសគ្នា​ពីមួយ​កន្លែង​ទៅ​មួយ​កន្លែង។
អ្នត​រត់​ម៉ូតូឌុប​ដដែល​និយាយថា អាចមាន​មូលហេតុ​ច្រើនយ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នកលក់​ប្រេងសាំង​អាច លក់​ប្រេងសាំង​របស់​ពួក​គេ​ក្នុង​តម្លៃ​ទាប​ជាង​កន្លែង​ដទៃ។
«វា​អាច​ថា មក​ពី​កន្លែង​ខ្លះ​ចឹង​ទៅ​គេ​លាយ​អ្វី​ម្យ៉ាង។ យើង​មិន​ដឹង​ថា​គេ​លាយ​អ្វី​ទេ​ពី​ព្រោះ​អ្នក​លក់​យើង​មិន​ដឹង​គេ​ធ្វើ​អ្វីខ្លះ។ មុខរបរ​គេ​រកស៊ី។ គិត​ថា​គេ​លាយ​ហើយ​ទើប​គេ​អាច​លក់​ក្នុង​តម្លៃថោក​អញ្ចឹង។ ឬក៏​សាំង​របស់គេ​ហ្នឹង​មិន​គ្រប់​លីត្រ»។
លោក ផា យាវ អាយុ អង្គុយ​នៅ​ជុំគ្នា​នឹងលោក សុផល។
«តែ​សាំង​វា​ប្រើ​ទៅ​វា​ខុសគ្នា​ណា​បង។ នៅ​ភ្នំពេញ​ខ្ញុំ​ចាក់​សាំង​ដែរ​វា​អស់៥.៨០០រៀល។ នៅ​ទីនេះ​សាំង​វា​អស់​ត្រឹមតែ​៥.០០០រៀល​ទេ។ តែ​អា៥.០០០រៀល នេះ​វា​ប្រើ​អត់​សូវ​ស្រូល​ទេ​បង។ មួល​ទៅ​អត់​សូវ​ឡើង​ផង។ ម៉ូតូ​របស់ខ្ញុំ​មូល​ទៅ​អត់​សូវ​ឡើង​ហើយ​រាងទាក់»។
ដោយ​ឡែក​លោក ផេង សុខលី ម្ចាស់​ដេប៉ូរ​លក់​សាំង សា​វី​ម៉ិច​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤​បញ្ជាក់​ដែរ​ថា​លោក​ជឿ​ថា គ្រប់​កន្លែង​លក់​ឥន្ធនៈ​ទាំងអស់​ប្រហែល​ជា​មិនមែន​កន្លែង​ណា​អាច​ធានា​ថា ​ធានា​ឲ្យ​បាន ១០០%នោះ។ លោក​ពន្យល់​បែបនេះ​ថា៖
«បញ្ហា​ហ្នឹង​យើង​នឹង​ធ្វើ​ឲ្យ​គេ​យល់​ដោយ​ខ្លួនឯង។ យើង​មិន​អាច​បង្ខំ​ឲ្យ​គេ​យល់​ភ្លាមៗ​បាន​នោះ​ទេ។ ចំពោះ​សាំង​យើង​អាច​ធានា​បាន​ត្រឹម​តែ​៩៨%។ យើង​មិនអាច​ធានា​ឲ្យ​បាន​ដល់​១០០%​នោះ​ទេ។ ពីព្រោះ​ថា សាំង​ពេល​យើង​បាញ់​ចេញ​មក​ហ្នឹង​វា​ហើរ​អស់​ខ្លះ​បាត់​ទៅ​ហើយ»។
អ្នក​គ្រប់គ្រង​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​ម្នាក់​ទៀត​របស់​ក្រុមហ៊ុន​តេលា​នៅ​ជាយក្រុង​ភ្នំពេញ និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ​លក់​សាំង​ស៊ុពែ​នៅ​តម្លៃ​ត្រឹម​តែ ៥.៣០០ រៀល និង​សាំង​ធម្មតា និង​ប្រេង​ម៉ាស៊ូត​ថ្លៃ​ត្រឹមតែ​៥.១០០ និង ៤.៤៥០រៀល​ក្នុង​មួយ​លីត្រ។
«កា​រ៉ា​ស់​យើង​ទើប​តែបើ​កថ្មី ដូច្នោះ​យើង​ចង់​ឲ្យ​គេ​ស្គាល់​យើង​ឲ្យ​បាន​ច្រើន​អញ្ចឹង​យើង​ប​ញ្ចុះ​តម្លៃ​បន្តិច​ដើម្បី​ឲ្យគេ​មក​កន្លែង​យើង​ឲ្យ​បាន​កាន់​តែ​ច្រើន។ តែ​ចឹ​ង​ឯង។ តាម​ពិត​ទៅ​តម្លៃ​គេ​គឺ​ត្រឹមត្រូវ​ហើយ។ អត់​ខុស​ទេ។ អាហ្នឹង​រឿង​របស់​បុគ្គល​ចំពោះ​កន្លែង​របស់ខ្ញុំ​គឺ​អត់​មាន​លាយ​អត់​មាន​អ្វី​នោះ​ទេ»។
នៅ​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវ​ចម្ការ​ដូង វិញ​តម្លៃ​ប្រេង​សាំង​និង​ម៉ា​ស៊ូ ហាក់​មិន​សូវ​ខុស​គ្នា​ពី​តម្លៃ​តាម​ស្ថានីយ៍​ប្រេង​ឥន្ធនៈ និង​ដេប៉ូ​ចែកចាយ​សាំង​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៤​នោះ​ទេ។ នៅ​ទីនេះ​តម្លៃ​ប្រេង​ឥន្ធនៈ​ខុស​គ្នា​ពី​ស្ថានីយ៍​មួយ​ទៅ​ស្ថានីយ៍​មួយទៀត​ពី​១០០​ទៅ​៥០០​រៀល។ហើយ​ស្ថានីយ៍​សា​វី​ម៉ិច និង​LHR នៅ​បន្ត​ឈាន​មុខ​គេ​ក្នុង​តម្លៃថោក​ដដែល។
អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ត្រង់​ផ្លូវ​បំបែក​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​តាកែវ​បាន​បញ្ជាក់​ពី​មូល​ហេតុដែល​ធ្វើឲ្យ​តម្លៃ​សាំង​មានការ​ប្រែប្រួល​ដូច្នោះ​គឺ​ដោយ​ហេតុ​ថា​មាន​ស្ថានីយ៍ប្រេង​មួយ​ចំ​នួ​បាន​នាំ​ចូល​ប្រភេទ​ប្រេង​មក​ពី​ប្រទេស​ជិត​ខាង។
«ដោយសារ​តែ​អា​សាំង​ហ្នឹង​មក​ពី​ការ​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម សាំង​ប្រហែល​គុណភាព​មិនសូវ​ល្អ​ដូច​សាំង​ដទៃ​ទៀត។ ​ដូច្នោះ​គេ​ត្រូវ​លក់​វា​ឲ្យ​ថោក​ជាង​សាំង​ល្អ«។
សម្រាប់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ចេញ​ពី​ទីក្រុង​ភ្នំពេញ​វិញ តម្លៃ​ប្រេងសាំង​មាន​ការ​ប្រែប្រួល​ពី​ស្ថានីយ៍​មួយ​ទៅ​ស្ថានីយ​មួយទៀត​ជា​មធ្យម​ពី​១០០ រៀល​ទៅ​៥០០​រៀល​ដែរ។ ដេប៉ូ​លក់​ប្រេង​ឥន្ធនៈតេលា​មួយ​មាន​ទីតាំង​នៅ​បឹង​ស្នោ មាន​ដាក់លក់​ប្រេងសាំង​ស៊ុប​ពែ​មួល​លីត្រ​មាន​តម្លៃ ៥.៣០០ រៀល។ ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត​មាន​តម្លៃ ៥.២០០​និង​៤.៨០០​រៀល​ក្នុង​មួយ​លីត្រៗ។
បន្ថែម​ពី​លើ​ការ​លក់​ចុះ​ថ្លៃ​ទាប​ជាង​តម្លៃ​នៅ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​របស់​ក្រុមហ៊ុន​នានា​នៅ​កណ្តាល​ក្រុង​ភ្នំពេញ ស្ថានីយ​លក់​ប្រេង​មួយ​ចំនួន​ផ្តល់​ជូន​អតិថិជន​នូវ​នំ​កញ្ចប់ ទឹក​សុទ្ធ ឬ​ទឹកក្រូច​ផងដែរ។ ស្ថានីយ​ប្រេង​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ក៏​ធ្វើ​បែប​នេះ​ដែរ។
អ្នកស្រី ជុំ សុភា អាយុ ៣៩ ជា​បុគ្គលិក​លក់​សាំង​ខាងលើ​និយាយថា ក​ន្លែ​របស់​គាត់​មិន​ផ្តល់​របស់​របរ បន្ថែម​ជូន​ដល់​អតិថិជន​ដោយ​មិន​គិតថ្លៃ​នៅពេលដែល​គេ​ចាក់​ប្រេង​នោះ ដូច្នោះ ជា​មូលហេតុ​ដែល​ធ្វើឲ្យ​ប្រេងសាំង​មាន​តម្លៃ​ទាប​ជាង​កន្លែង​ផ្សេង។
«មក​កន្លែង​របស់​យើង​មិន​មាន​អ្វី​Free​ឲ្យ​គេ។ ដូច្នេះ​យើង​ត្រូវ​លក់​ឲ្យ​ទាប​ជាង​គេ។ ថៅកែ​ប្រាប់​ថា​អញ្ចឹង ពីព្រោះ​យើង​អត់​មាន​ទឹក​សុទ្ធ​ឬ​ក៏​អ្វី​ផ្សេងៗ​សម្រាប់​ជូន​ដល់​ភ្ញៀវ អញ្ចឹង​យើង​លក់​ទាប​ជាង​គេ។ យើង​អត់​មាន​ធ្វើ​អ្វី​។ អ្នក​ចាក់​គេ​ដឹង»។
លោក​សុន ឆៃ តំណាង​រាស្ត្រ​មកពី​គ​ណ​បក្ស​សមរង្សី​បាន​ឲ្យ​ដឹង​ថា ការ​រត់​ពន្ធ​ប្រេង​ខុស​ច្បាប់​ពី​បណ្តា​ប្រទេស​ជិត​ខាង​គឺ​វៀតណាម និង​ថៃ​ជា​មូលហេតុ​មួយ​ធ្វើឲ្យ​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​មានការ​ប្រែ​ប្រួល។
«អាស្រ័យ​ទៅ​តាម​ប្រភព​ប្រេង។ ប្រេង​ប្រមាណ ៣៥%​ជា​ប្រេង​រត់ពន្ធ។ ស្ថានីយ៍​ប្រេង​នៅ​ជិត​ព្រំដែនវៀតណាម។ ចឹង​គេ​ដឹក​មកពី​ប្រទេសវៀតណាម គេ​ត្រូវ​រ៉ូវ​ជាមួយ​អាជ្ញាធរ​ចឹ​ង​ទៅ។ គេ​ដឹក​មក​មិន​បាច់​បង់ពន្ធ។ ហើយ​គេ​ដឹក​មក​លក់​ក្នុងស្រុក​ខ្មែរ​ក្នុង​តម្លៃ​ថោក ធូរ​ថ្លៃ​ជាង​តម្លៃ​ក្នុង​ទីក្រុង​ភ្នំពេញ។ ចំណែក​ក្រុម​ហ៊ុមក​ពី​ថៃ បើ​តាម​ដឹង​គឺ​មាន​កូន​អ្នក​ធំ​មួយ​គេ​រកស៊ី។ គេ​ដឹក​យកមក​លក់​ក្នុង​តម្លៃ​ទាប​មួយ»។
លោក កិ​ម ឡី អ្នកស្រាវជ្រាវ​ឯករាជ្យ​បាន​ឲ្យ​ដឹង​ថា​តម្លៃ​ពន្ធដារ​ខ្ពស់​លើ​ការ​នាំចូល​ប្រេងសាំង​នៅ​កម្ពុជា​ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ចលនា​ការ​រត់​ពន្ធ​ប្រេង​ខុស​ច្បាប់។ ហើយ​ដោយសារ​តែ​រដ្ឋាភិបាល​ហាក់​ដូច​មិន​ទាន់​បាន​បង្ហាញ​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​ពី​គោលការណ៍​នៃ​ការ​នាំចូល​ប្រេង ដែល​ជា​ហេតុ​ធ្វើឲ្យ​ក្រុមហ៊ុន​ខ្លះ​មានការ​ប្រែប្រួល​លើ​តម្លៃ​ទំនិញ។
«តម្លៃ​ប្រេង​របស់​យើង​ប្រៀប​ធៀប​ទៅ​ហ្នឹង​តម្លៃ​ប្រេង​នៅ​ប្រទេស​ជិត​ខាង​យើង​ហាក់ដូច​ជា​ខ្ពស់​ជាង​គេ​ខ្លាំង​ពេក។ ដូច្នេះ​បានធ្វើ​ឲ្យ​ការ​រត់ពន្ធ​ប្រេង​ហ្នឹង​មាន​ខ្លាំង​ទៅ​ហើយ​វា​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​តម្លៃ ក្នុង​ទីផ្សារ។ រដ្ឋាភិបាល​ទោះបីជា​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ក៏ដោយ ក៏​អត់​មានគោលការណ៍​ដើម្បី​ត្រួត​ពិនិត្យ​តម្លៃ​របស់​ក្រុមហ៊ុន​ផ្សេង»។
យោងតាម​របាយការណ៍​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន​កាល​តិច (Caltex) កាល​ពី​ពេល​ថ្មីៗ​នេះ កម្ពុជា​បាន​យក​ពន្ធ ៣៥%លើ​ការ​នាំចូល​ប្រេង​សាំង​និង​២២%លើ​ការ​នាំចូល​ប្រេង​ម៉ាស៊ូត។ បើ​តាម​តួលេខ​ដែល វី​អូ​អេ​ទទួល​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម សម្រាប់​ឆ្នាំ​២០១២ កម្ពុជា​បាន​នាំចូល​ប្រេងសាំង​ចំនួន​ជិត​១លាន​៦សែន​៥ម៉ឺន​តោន។ គិត​ជា​ទឹកប្រាក់​ស្មើ​នឹង​ប្រហែល​១​ពាន់​៦​រយ ២០​លាន​ដុល្លារ​អាមេរិក។
លោក កង ចាន់តារារ័ត្ន ប្រាប់​វី​អូ​អេ​តាម​ទូរសព្ទ​ថា វា​អាច​ជា​ការ​ល្អ​ដែរ​ដែល​នៅតាម​បណ្តា​ខេត្ត​នានា​មាន​តម្លៃ​ប្រេង​មាន​តម្លៃ​ទាប​សម្រាប់​ប្រជាពលរដ្ឋ។ ក៏ប៉ុន្តែ​លោក​និយាយថា ​ជា​គោលការណ៍​មិន​គួរ​ឲ្យ​មាន​ភាពខុស​គ្នា​ទេ។
«រឿង​តម្លៃ​ប្រេង​ដែល​វា​ខុសគ្នា​អាហ្នឹង​វា​អាស្រ័យ​ទៅតាម​កន្លែង​ផ្គត់ផ្គង់​ប្រេង​របស់​កន្លែងនីមួយៗ។ ហើយ​មូលហេតុ​អ្វីដែល​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ហ្នឹង​វា​ខុសគ្នា​ខ្ញុំ​ក៏​មិនដឹង​ដែរ។ ជាគោលការណ៍​យើង​មិនគួរ​ឲ្យមាន​ភាពខុស​ប្លែក​គ្នា​នោះទេ»។
មន្ត្រី​ក្រសួងពាណិជ្ជកម្ម​និង​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​វី​អូ​អេសំឡេង​សហរដ្ឋ​អាមេរិក​បាន​ទាក់​ទង មិន​ផ្តល់​សេចក្តី​ពន្យល់​ណាមួយ​នោះ​ទេ។
តាម​ទិន្នន័យ​ដែល​ផ្សព្វផ្សាយ​កាលពី​ខែមករា​ ឆ្នាំ ២០១៣ លើ​គេហទំព័រ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវុត្ថុ​បាន​បង្ហាញ​ថា តម្រូវ​ការ​នៃ​ការ​នាំចូល​ប្រេង​មក​កម្ពុជា​កើនឡើង​ជិត​១៩%។ គឺ​ស្មើ​នឹង​ទឹក​ប្រាក់​ពី​៧៧៨ ទៅ៩២៥​ពាន់​លាន​រៀល៕