អ្នក​តំណាង​អ.ស.ប.ផ្នែក​សិទ្ធិមនុស្ស​អំពាវនាវឲ្យ​គណបក្ស​កាន់អំណាច ​និង​គណបក្សប្រឆាំង​សម្របសម្រួលគ្នា

Белаід був лідером опозиційної партії «Народний фронт Тунісу.

នៅ​ថ្ងៃ​សុក្រ​នេះ​ លោក​សូរិយា ​ប្រាសាត​ស៊ូបេឌី ​តំណាង​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ​បាន​អំពាវនាវ​គណបក្ស​គ្រប់គ្រង​អំណាច ​និង​គណបក្ស​ប្រឆាំង​ធ្វើ​ឲ្យ​ការ​រួម​គ្នា​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ដោយ​សេរី ​និង​ត្រឹម​ត្រូវ។

លោក​សូរិយា ​ប្រាសាត​ស៊ូបេឌី​បាន​ថ្លែង​បែប​នេះ​ក្នុង​សន្និសីទ​កាសែត​ នៅ​ចុង​បញ្ចប់​បេសក​កម្ម​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា ​ខណៈដែលលោក​សម ​រង្ស៊ី​មេដឹកនាំ​គណបក្ស​ប្រឆាំងកំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ដើម្បី​កុំ​ឲ្យ​ជាប់​ពន្ធនាគារ​ ហើយ​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី​ បាន​ធ្វើ​ពហិការ​ប្រជុំសភា។

លោក​សូរិយា ​ប្រាសាត​ស៊ូបេឌី​បាន​បញ្ជាក់​ថា​ លោក​មាន​ការ​ខ្វល់ខ្វាយ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ការ​ផ្សះផ្សា​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សម​ រង្ស៊ី។

«កិច្ច​ខំ​ប្រឹងប្រែង​រួមគ្នា​នេះ​គឺ​ជា​ផលប្រយោជន៍​របស់​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​សម្រាប់​ការផ្សះផ្សា ​និង​លទ្ធិ​ប្រជាធិបតេយ្យ។​ខ្ញុំ​ដឹង​អំពី​ស្ថាន​ភាព​របស់​លោក​ប្រធាន​គណបក្ស​នយោបាយ​សម​ រង្ស៊ី។​ ខ្ញុំ​យល់​ឃើញ​ថា​ កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​មួយ​ដោយ​គណបក្ស​កាន់​អំណាច ​និង​គណបក្ស​ប្រឆាំង​ឈាន​ទៅ​កាន់​ការ​ផ្សះផ្សា​គ្នា​មួយ​គឺ​ជា​អត្ថប្រយោជន៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នីយកម្ម​មួយ​ដែល​កាន់​តែ​ខ្លាំង​ និង​ស៊ី​ជម្រៅ​ជាង​នេះ​ថែម​ទៀត​នៅ​ក្នុង​ប្រទេស»

លោក​សូរិយា ​ប្រាសាត​ស៊ូបេឌី​បាន​លើក​ឡើង​ថា​ បើ​គណបក្ស​ទាំង​ពីរ​មាន​ការ​ផ្សះផ្សា​គ្នា​ លទ្ធិ​ប្រជាធិបតេយ្យ​នឹង​មាន​ភាព​រឹងមាំ ​ហើយ​បើ​គណបក្ស​ទាំង​ពីរ​ធ្វើ​រួម​គ្នា ​វា​នឹង​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​សម្បើម​ដល់​ប្រទេស​កម្ពុជា។

ប្រទេស​កម្ពុជា​គ្រោង​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើស​តាំង​ព្រឹទ្ធសភា ​និង​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​នៅ​ក្នុង​ឆ្នាំ​២០១២​ ហើយ​និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៣។

លោក​យឹម ​សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សម ​រង្ស៊ី​ បាន​ហៅ​ការ​កត់សម្គាល់​របស់​លោក​សូរិយា ​ប្រាសាត​ស៊ូបេឌី​អំពី​ការ​ផ្សះផ្សា​គ្នា​រវាង​គណបក្ស​សម​ រង្ស៊ី​ និង​គណបក្ស​កាន់​អំណាច​នេះ​ថា​ ជា​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​អំពី​ករណី​លោក​សម រង្ស៊ី៕

«បើ​សិន​ជា​ការបោះឆ្នោត​នេះ​មិន​មាន​វត្តមាន​របស់​លោក​សម ​រង្ស៊ី​ទេ​ យើង​នឹង​មិន​ចាត់​ទុក​ថា​ ការ​បោះឆ្នោត​នេះ​មាន​ភាពសេរី ​និង​យុត្តិធម៌​ទេ។ ​យើង​នឹង​ធ្វើ​ការ​ពិចារណា​ដើម្បី​រក​ដំណោះស្រាយ​សមស្រប​មួយ​ ធានា​ឲ្យ​លោក​ប្រធាន​សម​ រង្ស៊ី​ បាន​វិល​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​វិញ​ដោយ​សុវត្ថិភាព»

លោក​ឯក​ ថា ​អ្នក​នាំពាក្យ​នៃ​អង្គភាព​ព័ត៌មាន ​និង​ប្រតិកម្មរហ័ស​ប្រចាំ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«យើង​ប្រកាន់​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ ​ហើយ​អ្វី​ដែល​លោក​សូរិយា ​ប្រាសាត​ស៊ូបេឌី​ ​តំណាង​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​មក​កាន់​ប្រទេស​កម្ពុជា​និយាយ​នោះ ​គឺ​ជា​យោបល់​របស់​គាត់​ ហើយ​ខ្ញុំ​គ្មាន​យោបល់​តប​ទៅ​នឹង​គាត់​ទេ»

ក្រោយ​ពី​បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​នៅ​ក្នុង​បេសកកម្ម​នេះ ​លោក​សូរិយា ​ប្រាសាត​ស៊ូបេឌី​បាន​លើក​ឡើង​អំពី​ការ​ព្រួយបារម្ភ​អំពី​បញ្ហា​ជម្លោះ​ដី​ធ្លី ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​សេចក្តី​ព្រាង​ច្បាប់​សមាគមន៍​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ភាព​មិន​ស្មើ​គ្នា​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​គណបក្ស​នយោបាយ ​ការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ​សម្រាប់​បម្រើការ​ឃោសនា​បោះឆ្នោត​ ភាព​មិន​ប្រក្រតី​នៃ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ ការ​គំរាម​កំហែង​ ការ​បំភិត​បំភ័យ ​និង​ការ​យារយី​ប្រឆាំង​សមាជិក​ និង​បេក្ខជន​របស់​គណបក្ស​នយោបាយ​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​នេះ៕