សុខ ខេមរា រដ្ឋធានីវ៉ាស៊ីនតោន
មន្ត្រីអ.ស.ប.និងកម្ពុជាគ្រោងនឹងជួបប្រជុំគ្នាជាបន្តបន្ទាប់នៅសហ្តហ៍នេះ ក្រោយពេលជនជាប់ចោទអៀង សារីបានស្លាប់។
លោក សុខ ខេមរានៃវីអូអេបានរាយការណ៍ថា អ្នកជំនាញការពិសេសនៃអ.ស.ប.បានធ្វើដំណើរទៅដល់ប្រទេសកម្ពុជាហើយដើម្បីពិភាក្សារឿងដំណើរការកាត់ទោសខ្មែរក្រហម។
ក្រុមមន្ត្រីបាននិយាយថា អ្នកជំនាញការពិសេសរបស់អ.ស.ប.លោកដេវីដ សេហ្វ៊ឺ (David Scheffer) និងមន្ត្រីកម្ពុជាគ្រោងនឹងជួបពិភាក្សាគ្នានៅសប្តាហ៍នេះអំពីបញ្ហាប្រឈមមុខចុងក្រោយពាក់ព័ន្ធនឹងដំណើរការសាលាក្តីកាត់ទោសខ្មែរក្រហម ហើយនឹងបញ្ហាកង្វះថវិកា។ នេះជាការអះអាងរបស់មន្ត្រីការទូតនិងមន្ត្រីអ.ស.ប.។
លោកដេវីដ សេហ្វ៊ឺបានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកមួយសប្តាហ៍ កាលពីថ្ងៃច័ន្ទក្នុងប្រទេសកម្ពុជានៅពេលសាលាក្តីនេះខ្វះខាតថវិកាសម្រាប់ ភាគីជាតិ ហើយបង្កឲ្យមានបាតុកម្មតវ៉ាពីក្រុមបុក្គលិកអ្នកបកប្រែភាសា និងបួនថ្ងៃក្រោយពេលជនជាប់ចោទអៀង សារីបានស្លាប់ ដោយគ្មានការកាត់ទោសរកយុត្តិធម៌។
ដោយសារគ្មានតួនាទីនិយាយជាមួយអ្នកសារព័ត៌មាន អ្នកការទូតក្នុងទីក្រុងញូយ៉កម្នាក់បានថ្លែងប្រាប់វីអូអេដោយមិនបញ្ចេញឈ្មោះថា លោកដេវីដ សេហ្វ៊ឺនឹងជួបជាមួយលោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកចរចារឿងសាលាក្តីជាមួយអ.ស.ប.នៅថ្ងៃស្អែកដើម្បី ពិភាក្សាអំពីការបរិច្ចាគថវិការបស់កម្ពុជាសម្រាប់សាលាក្តីខ្មែក្រហម និង ដើម្បីរកវិធីសាស្ត្រពន្លឿនដំណើរការសាលាក្តីកាត់ទោសខ្មែរក្រហម ដោយសារ អៀង សារីជាជនជាប់ចោទវ័យចំណាស់បានស្លាប់។
អ្នកការទូតដដែលដែលប្រទេសរបស់លោកបានផ្តល់ជំនួយដល់សាលាក្តីខ្មែរ ក្រហមនោះ បានបន្តទៀតថា សហគមន៍អ្នកផ្តល់ជំនួយបានជួបប្រជុំជាមួយភាគី កម្ពុជាកាលពីថ្ងៃសុក្រសប្តាហ៍មុនក្នុងទីក្រុងញូយ៉ក ហើយក្រុមម្ចាស់ជំនួយបាន ប្រកាសជំហររឹងមាំមួយគឺការជំរុញឲ្យកម្ពុជាផ្តល់ថវិកាគាំទ្រសាលាក្តីដូចមាន ចែងក្នុងកិច្ចព្រមព្រៀងបង្កើតតុលាការ ឬក៏លើកទឹកចិត្តឲ្យប្រទេសអាស៊ាន ដែលមិនធ្លាប់រួមចំណែកនោះ បានចូលរួម។
អ្នកនាំពាក្យសាលាក្តីកាត់ទោសខ្មែរក្រហម លោកឡា អូសិនបានអះអាងពីដំណើរទស្សនកិច្ចរបស់លោកដេវីធ សេហ្វហ៊ឺ ហើយចាត់ទុកថា ជាដំណើរទស្សនកិច្ចធម្មតាដែលមានការគ្រោងទុកជាយូរហើយ។
«លោកនឹងជួបជាមួយមន្ត្រីដែលលោកធ្លាប់ជួបជាមួយ ដូចជាមន្ត្រីតុលាការ មន្ត្រីរដ្ឋាភិបាល តំណាងម្ចាស់ជំនួយ និងមន្ត្រីសង្គមស៊ីវិល»។
នៅពេលសួរបញ្ជាក់ថា តើលោកដេវិដ សេហ្វ៊ឺនឹងពិភាក្សារអំពីអ្វីខ្លះក្នុងដំណើរ ទស្សនកិច្ចនេះ លោកឡាអូលសិនគ្រាន់តែបញ្ជាក់ថា មានបញ្ហាប្រឈមមុខ របស់តុលាការបច្ចុប្បន្ននិងបញ្ហាថវិកាដែលលោកដេវីដ សេហ្វ៊ឺបានធ្វើកិច្ចការ នេះជាយូរមកហើយ។
ថ្លែងក្នុងលក្ខខណ្ឌមិនឲ្យប្រាប់ឈ្មោះ មន្ត្រីកម្ពុជាម្នាក់បានអះអាងថា លោក ដេវីដ សេហ្វ៊ឺនឹងជួបជាមួយលោកឧបនាយករដ្ឋមន្ត្រីសុខ អាន តែពុំបញ្ជាក់ពីព័ត៌មានលម្អិតទេ។
កាលពីសប្តាហ៍មុន ក្រុមអ្នកឃ្លាំមើលសាលាក្តីបានទទូចឲ្យរដ្ឋាភិបាលកម្ពុជា នឹងអ.ស.ប.គោរពកិច្ចព្រមព្រៀងក្នុងការគាំទ្រសាលាក្តីខ្មែរក្រហម ទាំងថវិកា បច្ចេកទេសនិងធនធានរហូតដល់ទីបញ្ចប់ ដោយបានទទូចថា ភាគីទាំងពីរត្រូវពន្លឿនដំណើរការសាលាក្តីនេះទៅតាមច្បាប់ ដោយគ្មានការរារាំងពីហេតុផលរដ្ឋបាល ហេតុផលនយោបាយ និងហេតុផលថវិកា។ ការទទូចយ៉ាងដូច្នេះកើតឡើង ក្រោយពេលដែលអៀង សារី អាយុ៨៧ឆ្នាំ ដែលជាជនជាប់ចោទសំខាន់ម្នាក់ក្នុងចំណោម៣នាក់ បានស្លាប់កាលពីថ្ងៃទី ១៤មិនាឆ្នាំ២០១៣។ លោកជាអតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហម។ ជនរងគ្រោះត្រូវគេដឹងថា មិនសប្បាយចិត្ត ហើយបានស្តីបន្ទោសពីការយឺតយ៉ាងរបស់តុលាការនិងការរំខាននានាទាក់ទងនឹងការរកយុត្តិធម៌។ សាលាក្តីនេះនៅសល់ជនជាប់ចោទ២នាក់ ក្នុងសំណុំរឿង០០២គឺ នួន ជា បងធំទី២និងខៀវ សំផន ប្រមុខរដ្ឋ ដែលមានវ័យចំណាស់ៗ ដែលត្រូវកាត់ទោសពីបទឧក្រិដ្ឋកម្មជាច្រើនទាក់ទងនឹងការកាប់សម្លាប់នៅសម័យខ្មែរក្រហមក្នុងទសវត្សរ៍១៩៧០។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានជំរុញជាសាធារណៈលើកដំបូង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដើម្បីឲ្យតុលាការនេះពន្លឿនល្បឿនរបស់ខ្លួន ដោយសារជនជាប់ចោទមានវ័យចាស់ជរា។ លោកហ៊ុន សែនបានកត់សម្គាល់ពីការខ្វះខាតថវិកាមែន តែលោកពុំបានបញ្ជាក់ពីជំហររដ្ឋាភិបាលលោកក្នុងការ ដោះស្រាយបញ្ហាថវិកាទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនត្រូវគេចោទប្រកាន់ថា ជាអ្នកបង្កឲ្យរាំងស្ទះដល់ដំណើរការកាត់ទោសនេះ ជាពិសេសលើសំណុំរឿងបន្ថែម០០៣និង០០៤ដែលមានជនជាប់ចោទ៥នាក់ផ្សេងទៀត។ តែលោកបានបដិសេធ៕