Two Shadowsឬស្រមោលពីរជាខ្សែភាពយន្តដែលសរសេរនិងដឹកនាំរឿងដោយលោក Grag Cahill បានទទួលរង្វាន់ពីរនៅឯមហោស្រពខ្សែភាពយន្តអាស៊ីបាស៊ីហ្វីកនៃទីក្រុង Los Angelesគឺរង្វាន់ចំណូលចិត្តទស្សនិកជននិងរង្វាន់ទស្សនីយភាពអស្ចារ្យ។
ស្រមោលពីរបង្ហាញនូវលក្ខណៈកំប្លែងអាថ៌កំបាំងរួមជាមួយនឹងភាពក្រៀមក្រំនៅក្នុងរឿងមួយតាមដាននាង សុវណ្ណា ជាជនជាតិខ្មែរអាមេរិកាំងដែលសម្រេចចិត្តចាកចេញពីរដ្ឋកាលីហ្វញ៉ាទៅប្រទេសកំណើតរបស់ខ្លួនដើម្បីស្វែងរកប្អូនៗរបស់នាងដែលវង្វេងបាត់ខ្លួន។
ការស្វែងរករបស់នាងបាននាំឲ្យនាងចូលជ្រៅទៅក្នុងប្រទេសកម្ពុជានិងពាក់ព័ន្ធជ្រៅនឹងបញ្ហាផ្សេងទៀត។
លោក Cahill បានប្រាប់ថា រឿងនេះទាក់ទងនឹងព្រឹត្តិការណ៍ពិត ទោះបីជាវាមានការកែច្នៃខ្លះដើម្បីឲ្យសាច់រឿងកាន់តែមានភាពទាក់ទាញ។ ប៉ុន្តែយ៉ាងណាក៏ការកែច្នៃនោះពោរពេញទៅដោយភាពសាំញ៉ាំ និងពិស្តាដែលធ្វើឲ្យសាច់រឿងកាន់តែមានភាពជាក់ស្តែង។
លោកGrag Cahill អ្នកដឹកនាំរឿងនិយាយថា៖
«អ្នកដែលស្គាល់ខ្ញុំដឹងថា ខ្ញុំស្រឡាញ់ប្រទេសកម្ពុជា។ ប៉ុន្តែការស្រឡាញ់នេះហាក់បីដូចជាការស្រឡាញ់បងប្អូនដែលក្នុងនោះមានលក្ខណៈរបស់គេជាច្រើនដែលយើងទើសចិត្ត។ ស្រឡាញ់ ហើយយើងចង់ចាប់យកនូវចំណុចលាំគ្នាទាំងនោះ ពីព្រោះខ្ញុំមិនដែលឃើញវាពីមុន»។
ជារឿយៗ ចំណុចលាំគ្នាទាំងនេះត្រូវបានប្រើជាការធ្វើឲ្យកំប្លែង ដូចជានាងសុវណ្ណា ដែលដើរតួដោយនាងផលសុភា បានជួបជាមួយមិត្តរបស់នាងដែលមានចរិតចម្លែក រួមទាំងគូសត្រូវដែលនាងមិននឹកស្មានដល់នៅក្នុងដំណើរស្វែងរករបស់នាង។
Christen Marquez ជាអ្នកសហការផលិត បានឲ្យដឹងថា ការកំប្លែងធ្វើឲ្យរឿងកាន់តែពោរពេញទៅដោយគ្រប់រសជាតិ។
ChristenMarquezសហផលិតករនិយាយថា៖
«វាល្អណាស់ដែលអ្នកទស្សនាចាប់យកចំណុចកំប្លែងទាំងនោះ។ ខ្ញុំគិតថា Gragពិតជាធ្វើបានល្អណាស់ក្នុងការដាក់បញ្ចូលនូវការកំប្លែង កន្លែងនេះបន្តិច កន្លែងនោះបន្តិច ដើម្បីឲ្យទស្សនិកជនសម្រាលអារម្មណ៍ពីរឿងដែលប្រកបដោយមនោសញ្ចេតនានិងវិនាកម្ម»។
រឿងស្រមោលពីរត្រូវបានថតនៅប្រទេសកម្ពុជាដើម្បីឲ្យកាន់តែមានលក្ខណៈពិតៗ។ នាងផលសុភាបានប្រាប់ថា នាងបានរៀនសូត្រនូវចំណុចមួយចំនួនដែរពីប្រទេសកម្ពុជា។
ផលសុភា ដែលសម្តែងជានាងសុវណ្ណា និយាយថា៖
«ខ្ញុំមានអារម្មណ៍ថា ហាក់បីដូចជាបានដាក់ឲ្យនៅកន្លែងមួយ ហើយស្វែងយល់ថា តើប្រទេសកម្ពុជាមានលក្ខណៈយ៉ាងដូចម្តេច។ អ្វីដែលនៅជុំវិញខ្លួនខ្ញុំ អ្វីដែលខ្ញុំឃើញនិងក៏ដូចជាស្រូបយកនូវអារម្មណ៍ផ្សេងៗដែលខ្ញុំទទួលបានពេលដែលនៅក្បែរមនុស្សរបស់ខ្ញុំ»។
លោកCahill ប្រាប់ថា លោកសង្ឃឹមថា រឿងនេះនឹងមានចេញជា DVD និង Blueray នៅពេលខាងមុខ៕