សាលាក្តីកាត់ទោស​ខ្មែរក្រហម​សំណុំរឿង​០០២វគ្គ២​ចាប់​ផ្តើម​ធ្វើ​សារណា

សំណុំ​រឿង​នេះ ​ដែល​មាន​ជនជាប់​ចោទ​វ័យ​ចាស់​ជរា​គឺ​នួន ជា ​អតីត​បងធំ​ទី​២​នៃ​របប​ខ្មែរ​ក្រហម ​និង​ខៀវ​ សំផន ​អតីត​ប្រមុខ​រដ្ឋ​នៃ​សម័យ​នោះ។​

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​បង្គាប់​ឲ្យ​ភាគី​នានា​ដាក់​សារណាដើម្បី​ពិភាក្សា​ស្តី​ពី​ការរៀប​ចំ​សវនាការ​សំណុំ​រឿង​០០២​វគ្គទី​២។

សំណុំ​រឿង​នេះ ​ដែល​មាន​ជនជាប់​ចោទ​វ័យ​ចាស់​ជរា​គឺ​នួន ជា ​អតីត​បងធំ​ទី​២​នៃ​របប​ខ្មែរ​ក្រហម ​និង​ខៀវ​ សំផន ​អតីត​ប្រមុខ​រដ្ឋ​នៃ​សម័យ​នោះ។​ ហើយ​ការកាត់​ទោស​ជនជាប់​ចោទ​ទាំងពីរ​ដំណាក់​កាល​ទី​មួយ ​ដែល​ទាក់​ទង​នឹង​ការ​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ បាន​បញ្ចប់​កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៣​នេះ។​

យោង​តាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃ​អង្គារ​នេះ​អង្គ​ជំនុំ​ជម្រះ​ជាន់​ទាប​បាន​បង្គាប់​ឲ្យគ្រប់​ភាគី​ដែល​ជាប់​ពាក់ព័ន្ធដាក់​សារណា​ស្តីពី​បញ្ហា​សុខភាព​របស់​ជនជាប់​ចោទ ​យ៉ាង​យូរ​បំ​ផុត​នៅ​ត្រឹម​ថ្ងៃទី​១៥​ខែ​មករា​ឆ្នាំ​២០១៤ ​និង​ដាក់​សារណា​ស្តី​ពី​វិសាលភាព​នៃ​ការ​ជំនុំ​ជម្រះ​នៅ​ត្រឹម​ថ្ងៃ​ទី​៣១​ខែ​មករា។​

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​បន្ថែម​ថា ​សារណា​ដែល​ត្រូវ​ដាក់​ជូន​អង្គជំនុំ​ជម្រះ​នោះ​មានអង្គហេតុ​ និង​បទ​ចោទ​នានា​ដែល​មិនត្រូវ​បញ្ចូល​ក្នុង​ការ​កាត់ទោស​វគ្គទី​២​នេះ​ ការ​វាយ​តម្លៃ​ពី​សម្បទា​ជន​ជាប់​ចោទ ​ការ​ដាក់​បញ្ជី​ឈ្មោះ​សាក្សី ​អ្នក​ជំនាញ​និង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ និង​បញ្ជី​ឯកសារ​ជាដើម។​

ហើយ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​បើក​សវនាការ​ផ្ទាល់​មាត់​មួយ​នៅ​ថ្ងៃទី​១១​ខែ​កុម្ភៈ​ដើម្បី​ពិចារណា​លើ​បញ្ហា​ទាំង​នេះ។​

លោក​ឡាស​ អលសិន​(Lars Olsen) ​មន្ត្រី​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្តី​ខ្មែរក្រហម​ មាន​ប្រសាសន៍​ថា​ នេះ​គឺ​ជា​ដំណើរការ​ជឿនលឿន​ទៅ​មុខ​សម្រាប់​ការ​កាត់ទោស​សំណុំ​រឿង​០០២។​

«អនុស្សរណៈ​នេះ​បង្ហាញ​ថា​ សំណុំ​រឿង​០០២​កំពុង​ដំណើរ​ការ​ទៅមុខ​ ហើយ​អង្គ​ជំនុំ​ជម្រះ​កំពុង​រៀប​ចំ​ផែន​ការ​សម្រាប់​ការ​កាត់ទោស​វគ្គទី​២»។​

ក៏​ប៉ុន្តែ​មន្ត្រី​សាលាក្តី​ខ្មែរក្រហម​ដដែល​នេះ​បញ្ជាក់​ថា ​គេ​មិន​អាច​រំពឹង​បាន​នៅ​ឡើយ​ ថា​តើ​សវនាការ​សំណុំ​រឿង​០០២​វគ្គទី​២​នឹង​អាច​ចាប់ផ្តើម​នៅពេល​ណា​នោះ​ទេ​ដោយ​សារ​តែ​ការ​កាត់​ក្តី​នេះ​ត្រូវ​ពឹង​លើ​ផែន​ការ​របស់​អង្គ​ជំនុំ​ជម្រះ​ និង​ភាព​ស្មុគ​ស្មាញ​ក្នុង​សារណា​នៃ​ភាគី​នានា។​

លោក​នេត្រ ភក្ត្រា​ អ្នក​នាំពាក្យ​សាលា​ក្តី​ខ្មែរក្រហម ​មាន​ប្រសាសន៍​ថា ​សវនាការ​នោះ​នឹង​ចាប់​ផ្តើម​ក្នុង​ពេល​សមស្រប​មួយ។​

«តាម​រយៈ​អនុស្សរណៈ​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​គឺ​យើង​រំពឹង​ថា​ សវនាការ​សំណុំ​រឿង​០០២​វគ្គ​ទី​២​នឹង​អាច​បើក​នៅ​ក្នុង​ពេល​សម​ស្រប​ខាង​មុខ»។​

កាលពី​ថ្ងៃ​ច័ន្ទ ​សហ​ព្រះ​រាជ​អាជ្ញា​បាន​ជំរុញ​ឲ្យ​មាន​ការ​កាត់​ទោស​សំណុំ​រឿង​០០២​វគ្គថ្មី​នេះ​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើទៅ​បាន​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ​ ​ស្រប​ពេល​ដែល​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​សម្រេច​មិន​បង្កើត​ក្រុម​ចៅ​ក្រម​ថ្មី​បន្ថែម​ទៀត​សម្រាប់​ការ​កាត់​ក្តី​ភាគ​បន្ត​នោះ​ទេ។​

លោក​ហុង គឹមសួន​ មេធាវី​មួយ​រូប​តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ បាន​សាទរ​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​នៅ​ថ្ងៃ​នេះ។​

«ចាប់​ផ្តើ​បង្គាប់​ឲ្យ​ដាក់​សារណា​គឺ​មាន​ន័យ​ថា​ សវនាការ​ចាប់​ផ្តើម»។​

នៅ​ពេល​នេះ​ភាព​ចាស់​ជរា​របស់​ជន​ជាប់ចោទ​នួន ជា ​និង​ខៀវ សំផន​គឺ​ជា​ការ​ព្រួយ​បារម្ភ​មួយ​សម្រាប់​ការ​ផ្តល់​យុត្តិធម៌​ពេញ​លេញ​សម្រាប់​ជន​រងគ្រោះ។​

នួន ជា​ឈាន​ដល់អាយុ​៨៧​ឆ្នាំ​នៅ​ឆ្នាំ​នេះ។​ រីឯ​ខៀវ សំផន ​អាយុ​៨២​ឆ្នាំ។​

ការ​កាត់​ទោស​ក្នុង​សំណុំ​រឿង​០០២​នឹង​ត្រូវ​ចែក​ចេញ​ជា​បីវគ្គ។​ ប៉ុន្តែ​ក្រុម​សហ​ព្រះរាជ​អាជ្ញា​អះអាង​កាល​ពី​ថ្ងៃច័ន្ទ​ថា ​ការ​កាត់ទោស​វគ្គទី​៣​ទំនង​ជា​មិនអាច​ធ្វើ​ទៅ​បាន​ទេ​ ដោយសារ​តែ​វ័យ​កាន់តែ​ចាស់​របស់​ជន​ជាប់ចោទ​ ហើយ​សហ​ព្រះរាជ​អាជ្ញា​ស្នើ​ឲ្យអង្គ​ជំនុំ​ជម្រះ​បំព្រួញ​ការ​កាត់ទោស​ត្រឹម​តែ​ពីរ​វគ្គ​តែ​ប៉ុណ្ណោះ៕