ប៉ុល ពត នួន ជា និងខៀវ សំផន សុទ្ធតែបានដាក់បញ្ជាឲ្យកម្មាភិបាលខ្មែរក្រហមថ្នាក់ក្រោមឲ្យស្មោះត្រង់នឹងបក្សកុម្មុយនិស្តកម្ពុជា ហើយត្រូវកម្ចាត់សត្រូវផ្ទៃក្នុង។
លោក ឯម អឿន ដើមបណ្តឹងរដ្ឋប្បវេណីមួយរូបបានផ្តល់សក្ខីកម្មយ៉ាងដូច្នេះ ក្នុងការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមក្នុងសំណុំរឿង០០២ នៅថ្ងៃចន្ទនេះ។
អតីតគ្រូពេទ្យខ្មែរក្រហមរូបនេះបានរៀបរាប់ថា បុគ្គលិកពេទ្យដែលត្រូវបញ្ជូនឲ្យមករៀននៅក្នុងទីក្រុងភ្នំពេញក្រោយពេលពួកខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ត្រូវប្រមូលឲ្យរៀនវគ្គនយោបាយ ដែលមានប៉ុល ពត មេស្ថាបនិករបបកាប់សម្លាប់ខ្មែរក្រហម នួន ជា បងធំទី២ ក្នុងរបបនោះ និងខៀវ សំផន ក្រោយមកបានក្លាយជាប្រមុខរដ្ឋខ្មែរក្រហមជាអ្នកបំពាក់បំប៉នគោលនយោបាយម្នាក់ម្តងៗដល់សិក្ខាកាមដោយជំរុញឲ្យពួកគេស្មោះត្រង់ និងបដិវត្ត។
«បើមិនធ្វើតាមបក្សទេយើងត្រូវតែទទួលខុសត្រូវនូវទង្វើដែលយើងធ្វើ។ លោក ប៉ុល ពត លើកហើយ លោក នួន ជា ក៏លើកដូចគ្នា លោកខៀវ សំផន ក៏លើកដូចគ្នារួចហើយបានគាត់ចាប់ផ្តើមបង្កើតប្រធានបទរៀងៗខ្លួន»។
ការបញ្ជាក់របស់លោក ឯម អឿន ដោយឆ្លើយទៅនឹងសំណួររបស់សហព្រះរាជអាជ្ញារងអន្តរជាតិ លោក វីនសិន្ត ដឺ វីលដ៍ (Vincent De Wilde)។
ដើមបណ្ដឹងរដ្ឋប្បវេណីដដែលបានលើកឡើងថា នួន ជា បានផ្តល់ឧទាហរណ៍ថា កម្មាភិបាលខ្មែរក្រហមមួយចំនួនត្រូវបានសម្លាប់ចោលដោយសារតែពួកគេត្រូវចាត់ទុកថា ជាសត្រូវឬបានក្បត់នឹងបក្ស។
នៅក្នុងពេលនោះដែរខៀវ សំផន បានជួយបន្ថែមថា ដើម្បីវែកមុខរកខ្មាំងគឺត្រូវតែបន្ថែមការងារដល់ពួកគេមិនឲ្យសម្រាកច្រើន។
«ធ្វើការងារឲ្យច្រើន សម្រាកឲ្យតិច ស៊ីបាយឲ្យតិច ធ្វើការឲ្យច្រើន ដូច្នេះទើបចេញមុខអ្នកលាក់ខ្លួនក្នុងផ្ទៃក្នុងរបស់យើង។ នេះជាពាក្យសម្តីដែលគាត់លើកឡើងនៅពេលនោះ»។
សម័យកម្ពុជាប្រជាធិបតេយ្យប្រជាពលរដ្ឋគ្រប់រូបរាប់ទាំងកុមារតូចៗ ដែលចេះដើរបានត្រូវបង្ខំឲ្យធ្វើការងារមិនរើសមុខទេ។ ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ទាំងអស់សរុបយ៉ាងតិច ១,៧លាននាក់ មានមួយចំនួនបានស្លាប់ដោយការបង្អត់អាហារ ដោយជំងឺហើយគ្មានថ្នាំព្យាបាល ដោយការធ្វើពលកម្មហួសកម្លាំង ស្លាប់ដោយការធ្វើទារុណកម្ម និងដោយការសម្លាប់ចោល។
លោក ឯម អឿន លើកឡើងថា ការសម្លាប់ដោយសារពួកខ្មែរក្រហមមិនទុកចិត្តលើប្រជាជនខ្លួនឯង។
«សហករណ៍ក៏មានអំណាច មានសិទ្ធិចាប់អ្នកនេះ អ្នកនោះ ប្រធានឈ្លបតូចមួយក៏មានសិទ្ធិសម្លាប់មនុស្សចោល។ នៅពេលនោះហាក់ដូចជាអ្នកដឹកនាំអត់គ្រប់គ្រងអំណាចបាន។ របបកម្ពុជាប្រជាធិបតេយ្យនេះខ្លាចបំផុតខ្មាំងស៊ីរូងផ្ទៃក្នុង។ គេបានប្រើពាក្យថា បើខ្មាំងរូបភាពគេមើលឃើញតែខ្មាំងស៊ីរូងផ្ទៃក្នុង គេមើលមិនឃើញ។ ការដែលមើលមិនឃើញនេះហើយបានជាកើតជាគោលការណ៍សម្លាប់មនុស្ស។ នេះមកពីការមិនទុកចិត្តរបស់ថ្នាក់ដឹកនាំលើពលរដ្ឋ»។
កាលពីសប្តាហ៍មុនលោក ឯម អឿន បានលើកឡើងថា មានការចាប់ខ្លួនបុគ្គលិកសុខាភិបាលនិងកម្មាភិបាលខ្មែរក្រហមដែលត្រូវបញ្ជូនមករៀនពេទ្យបន្ថែមក្នុងទីក្រុងភ្នំពេញ។ នៅក្នុងការផ្តល់សក្ខីកម្មនៅថ្ងៃនេះ លោក ឯម អឿន បានអះអាងថា ពួកខ្មែរក្រហមចាត់ទុកព្រះពុទ្ធសាសនាជាសត្រូវចាប់តាំងពីឆ្នាំ១៩៧២ មកម្លេះ។