កម្ពុជា​បញ្ជូន​ទាហាន​មួក​ខៀវ​ជាង​២០០នាក់​បន្ថែម​ទៀត​ ​ទៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល

រូបឯកសារ៖ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ ព្រះសង្ឃប្រោសព្រំទាហាន​កម្ពុជា ដែល​ចុះ​បេសកកម្ម​ឲ្យអង្គការ​សហប្រជាជាតិ នៅ​អាហ្វ្រិក។ នៅ​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ទាហាន​កម្ពុជា​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​ដោយ​សារ​ការ​វាយប្រហារ​មួយ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល។ (រូបថត AP)

នៅ​ថ្ងៃសុក្រនេះ កម្ពុជា​នឹង​បញ្ជូន​ទាហាន​មួក​ខៀវ​ចំនួន​២១៦​នាក់​បន្ថែម​ទៀត ​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ស្លាក​អង្គការ​សហប្រជាជាតិ​ ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។​ ​នេះ​បើ​តាម​សេច​ក្តី​ប្រ​កាស​ព័ត៌មានរបស់​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ដែល​ ​VOA​ ​ទទួល​បាន។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការពារ​ជាតិ​ ​ចេញ​នៅ​ថ្ងៃទី៣១​ ​ខែ​តុលា​ ​ឆ្នាំ​២០១៨​ ​បញ្ជាក់​ថា​ ​កង​វិស្វកម្ម​លេ​ខ៥៩៤​ ​ចំនួន​២១៦នាក់​ ​ដែល​មាន​នារី​ចំនួន​១០​នាក់​ ​នឹង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ចូល​រួម​បេសក​កម្ម​រក្សា​សន្តិភាព​ក្រោម​ស្លាក​អង្គការ​សហ​ប្រជា​ជាតិ​ ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល។​ ​ក្នុង​ពិធី​ជូន​ដំណើរ​កង​វិស្វកកម្ម​ទាំង​ជាង​២០០​នាក់​ ​នឹង​ត្រូវ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២០១៨​ ​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ពោធិ៍​ចិន​តុង​ ​រាជធានី​ភ្នំពេញ។​

ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក​ ​កម្ពុជា​បាន​បញ្ជូន​ទ័ព​មួក​ខៀវ​ចំនួន​ជាង​៥ពាន់​នាក់ ចូលរួម​បេសកកម្ម​នៅ​ប្រទេស​ចំនួន​៨​ ​រួមមាន​ ​លីបង់​ ​ម៉ាលី​ ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ស៊ូដង់ ស៊ូដង់​ខាងត្បូង​ ​និង​ប្រទេស​ឆាត​ជាដើម។​ ​កងទ័ព​មួក​ខៀវ​ដែល​បញ្ជូន​ពី​កម្ពុជា​ ​មាន​ភារកិច្ច​ផ្តោត​លើ​ការ​ដោះ​មីន​ ​និង​គ្រាប់​មិនទាន់​ផ្ទុះ​ ​ការ​សាង​សង់​ព្រលា​នយន្ត​ហោះ​ ​ការ​ធ្វើ​ផ្លូវ​គមនាគមន៍​ ​និង​ការ​ធ្វើ​ការងារ​មនុស្ស​ធម៌​ជា​ដើម។​

លោក​ ​ឈុំ សុជាតិ​ ​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ប្រាប់​ ​VOA​ ​នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ថា ​កម្ពុជាជា​ប្រទេស​ដែល​រងគ្រោះ​ដោយ​សារ​សង្គ្រាម​ ​និង​រងគ្រោះ​ដោយ​គ្រាប់​មិនទាន់​ផ្ទុះ​ជាដើម​ ​ដូច្នេះ​ការ​បញ្ជូន​កងទ័ព​មួក​ខៀវ​ពី​កម្ពុជា​ទៅ​ចូលរួម​បេ​សកកម្ម​សន្តិភាព​នៅ​បណ្តា​ប្រទេស​ទាំងនោះ​ ​បាន​និង​កំពុង​ធ្វើឲ្យ​កម្ពុជា​មាន​មោទនភាព​ ​ក្នុង​ការ​បង្ហាញ​ពី​ការ​ស្រឡាញ់​សន្តិភាព​លើ​ពិភព​លោក​។​

លោក​បញ្ជាក់​ថា៖​

«នេះ​ជា​មោទនភាព​របស់​យើង​ក្នុង​ការ​កសាងខ្លួន​យើង​ជា​ប្រទេស​ដែល​ទន់ខ្សោយ​ ​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​សុវត្ថិភាព​ ​ដើរ​ធ្វើ​សកម្ម​ភាព​មនុស្សធម៌​ ​នេះ​ជា​ចំណុច​ទី១ដែល​យើង​មាន​មោទ​នភាព។​ ​ហើយ​ទី២យើង​បង្ហាញ​នូវ​សុឆន្ទៈ​របស់​យើង​ក្នុង​ការ​ស្រលាញ់​សន្តិភាព​ ​ក្នុង​ការ​ស្រឡាញ់​មនុស្សធម៌​អន្តរជាតិ។​ ​ហើយ​ទី៣យើង​នឹង​បង្ហាញ​នូវ​ការ​រីកចម្រើន​ធំធាត់​របស់​កង​ខេមរ​ភូមិន្ទ​របស់​យើង​ ​ដើម្បី​មាន​តួនាទី​ដែលគេ​សរសើរ​ជា​អន្តរជាតិ​ ​ទាំង​នារី​ ​ទាំង​អីហ្នឹង​ ​មាន​គេសរ​សើរ​ ​ហើយ​ប្រទេស​ជាច្រើន​គេ​បាន​រៀនសូត្រ​ពី​យើង​ដែរ»។​

ក្រៅពី​រៀបចំ​ពិធី​ជូន​ដំណើរ​កង​វិស្វកម្ម​លេខ​៥៩៤​ ​កម្ពុជា​ក៏​នឹង​រៀបចំ​កម្មវិធី​មាតុភូមិ​និវត្តន៍​កង​វិស្វកម្ម​លេខ​៩៥៤​ ​ចំនួន​២១៦​នាក់​ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​ពីសា​ធា​ណ​រដ្ឋ​អាហ្វ្រិក​កណ្តាល​ ​និង​កង​រាជ​អាវុធ​ហត្ថ​លេខ​៦១៨​ចំនួន​៧៣​នាក់​ ​ពី​សាធា​ណ​រដ្ឋ​ស៊ូដង់​ខាងត្បូង​ ​នៅ​ព្រឹក​ថ្ងៃទី៥​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៨​នេះ​ផង​ដែរ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃពុធ​នេះ​ប្រកាស​ថា ថ្មីៗ​នេះ កងទ័ព​មួកខៀវ​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី បាន​រង​ការវាយប្រហារ​ធ្ងន់ធ្ងរ​ពី​សំណាក់​ក្រុម​ឧទ្ទាម បណ្តាល​ឲ្យ​កងទ័ព​មួកខៀវ​ដែល​បញ្ជូន​ពី​ប្រទេស​ផ្សេង ត្រូវ​បាត់បង់​ជីវិត​ចំនួន​២នាក់ និង​រងរបួស​ចំនួន​៥នាក់ ប៉ុន្តែ​លោក​ថា សម្រាប់​កងទ័ព​មួកខៀវ​កម្ពុជា​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​ដែរ មិនមាន​រង​គ្រោះថ្នាក់​ណាមួយ​នោះទេ។

ក្នុង​ចំណោម​កងទ័ព​មួក​ខៀវ​កម្ពុជា​ជាង​៥ពាន់​នាក់​ ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ចូលរួម​រក្សា​សន្តិសុខ​អន្តរ​ជាតិ​ចាប់តាំងពី​ឆ្នាំ២០០៦មក​ ​មាន​កងទ័ព​កម្ពុជា​ចំនួន​ ​៥នាក់​ ​បាន​បាត់បង់ជីវិត​ក្នុង​បេសក​កម្ម​នោះ។​ ​ក្នុង​នោះ​ ​មាន​ម្នាក់​បាត់បង់ជីវិត​ដោយសារ​ជំងឺគ្រុនចាញ់​ ​និង​បួន​នាក់​ទៀត​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុ​ការណ៍​បាញ់​ប្រហារ​អំឡុង​ពេល​បំពេញ​បេ​សកកម្ម​នៅ​សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល។​

សម្រាប់​កងទ័ព​ដែល​បាត់បង់​ជីវិត​ដោយសារ​ការ​បាញ់​ប្រហារ​ក្នុង​បេសកកម្ម​នោះ​ ​អង្គការ​សហ​ប្រជា​ជាតិ​បាន​ផ្តល់​សំណង​ទៅ​ឲ្យ​គ្រួសារ​របស់​ជនរងគ្រោះ​ ​ក្នុង​មួយ​គ្រួសារ​ចំនួន៧ម៉ឺន​ដុល្លារ៕