ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជានិយាយនៅថ្ងៃព្រហស្បតិ៍នេះថាកម្ពុជានឹងដាក់សំណុំឯកសារផែនទីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនៅចុងសប្តាហ៍នេះដើម្បីទប់ទល់ក្តីជាមួយប្រទេសថៃ។
លោកឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេសបានប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថាកម្ពុជានឹងដាក់សំណុំឯកសារនេះទៅកាន់តុលាការដែលមានមូលដ្ឋានក្នុងក្រុងឡាអេ ប្រទេសហូឡង់នេះយ៉ាងយូរបំផុតនៅថ្ងៃសុក្រនេះ។
«យើងអាចដាក់ថ្ងៃនេះឬថ្ងៃស្អែក។ យើងនឹងដាក់ឲ្យទាន់ពេលកំណត់របស់គេ។ ឯកសារមានផែនទីភ្ជាប់ជាមួយ»។
លោកឡុង វិសាលោ ថ្លែងដូច្នេះក្រោយពីពិធីចុះហត្ថលេខាជាមួយឯកអគ្គរដ្ឋទូតអ៊ុយរាហ្គាយ ប្រចាំកម្ពុជាលោក ជេរ៉ាដូ ប្រ៉ាតូ រ៉ូឌ្រីហ្គេ (Gerardo Prato Rodriguez) លើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការការទូតនិងទិដ្ឋាការលើលិខិតឆ្លងដែនមន្ត្រីផ្លូវការនៃប្រទេសទាំងពីរ។
តុលាការយុត្តិធម៌អន្តរជាតិដែលហៅកាត់ជាភាសាអង់គ្លេស ICJនៅទីក្រុងឡាអេបានបើកសវនាការកាលពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ខែមេសានេះស្តីពីបណ្តឹងស្នើសុំបកស្រាយសាលដីកានៅឆ្នាំ១៩៦២ដែលសម្រេចឲ្យភាគីកម្ពុជាឈ្នះក្តីលើប្រទេសថៃអំពីសំណុំរឿងប្រាសាទព្រះវិហារ។
សំណើនេះធ្វើឡើងដោយប្រទេសកម្ពុជា ក្នុងការបកស្រាយដើម្បីដឹងពីការកំណត់ដែនដីអធិបតេយ្យរបស់ប្រាសាទចំណាស់៩០០ឆ្នាំរបស់ខ្មែរនេះខណៈដែលប្រទេសថៃបានបញ្ជូនកងទ័ពជាច្រើនរយនាក់ចូលលុកលុយប្រាសាទព្រះវិហារកាលពីខែកក្កដាឆ្នាំ២០០៨។ ជាមួយនោះដែរប្រទេសថៃបានទាមទារកាន់កាប់ដែនដីទំហំ៤,៦គីឡូម៉ែត្រក្រឡានៅមិនឆ្ងាយប៉ុន្មានពីកាំជណ្តើរផ្លូវចូលប្រាសាទដែលបើកមុខទៅរកប្រទេសថៃ។
ក្នុងសវនាការផ្ទាល់មាត់នោះភាគីទាំងពីរបានបកស្រាយរៀងៗខ្លួនតាមផែនទីដែលខ្លួនមាន។
ប៉ុន្តែប្រទេសកម្ពុជាអះអាងថាភាគីថៃមិនបានប្រើប្រាស់ផែនទីនៃឆ្នាំ១៩០៧និង១៩០៩ដែលទទួលស្គាល់ក្នុងសន្ធិសញ្ញាបារាំង សៀមនោះទេ។
ក្នុងនោះដែរតុលាការអន្តរជាតិកំពូលខាងលើនេះបានស្នើឲ្យប្រទេសមានជម្លោះទាំងពីដាក់ឯកសារសារណាយ៉ាងយូរបំផុតត្រឹមថ្ងៃសុក្រស្អែកនេះហើយកម្ពុជាទំនងជាត្រូវបញ្ជូនសំណុំឯកសារទាក់ទងនឹងផែនទីទាំងនេះ។
លោកឡុង វិសាលោ ឲ្យដឹងថាក្រុមមន្ត្រីកម្ពុជាត្រូវប្រជុំគ្នាអំពីបញ្ហានៃការបញ្ជូនឯកសារនេះនៅថ្ងៃព្រហស្បតិ៍ដដែលនេះ។
លោកកុយ គួង អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេសមានប្រសាសន៍ថាលោកមិនធ្វើអត្ថាធិប្បាយលើចំណុចលម្អិតបន្ថែមនៃសំណុំរឿងនេះទេប៉ុន្តែលោកបញ្ជាក់ថាកម្ពុជានឹងបញ្ជូនឯកសារនានាទៅតាមកាលកំណត់របស់តុលាការយុត្តិធម៌អន្តរជាតិ។
យោងតាមសេចក្ដីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ឲ្យដឹងថាភាគីថៃក៏នឹងផ្ញើផែនទី រួមទាំងសេចក្ដីពន្យល់មួយចំនួនរបស់ខ្លួនទៅកាន់តុលាការក្រុងឡាអេនៅថ្ងៃទី២៦ ខែមេសាដែរហើយកម្ពុជាក៏នឹងធ្វើការឆ្លើយតបប្រឆាំងនឹងភាគីថៃទៅកាន់ ICJ នាថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ ២០១៣។
សូមបញ្ជាក់ថាតុលាការយុត្តិធម៌អន្តរជាតិ ICJ គ្រោងប្រកាសសាលដីកាស្ដីពីសវនាការផ្ទាល់មាត់លើសំណុំរឿងប្រាសាទ ព្រះវិហារនាចុងខែ តុលា ខាងមុខ៕