ថៃមិនជឿសំណើបទឈប់បាញ់របស់លោកហ៊ុន សែន

លោក​រដ្ឋមន្រ្តី​ការបរទេស​ថៃ​ កាស៊ីត​ ភិរម្យ​ (ឆ្វេង)​ ចាប់​រលាក់ដៃ​ ជាមួយ​​លោក​នាយករដ្ឋ​មន្រ្តី​​ខ្មែរ​ ហ៊ុន សែន។​​

ភ្នំពេញ៖ សំណើ​ឈប់​បាញ់​របស់​ប្រទេស​កម្ពុជា​នឹង​ត្រូវ​ដាក់​ជូន​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ក្នុង​ទីក្រុង​ហ្សាកាតា​នៅ​សប្តាហ៍​ក្រោយ​ ​ដើម្បី​ឱ្យ​បណ្តា​ប្រទេស​អាស៊ាន​ធ្វើ​ជា​សាក្សី។​ ប្រទេស​ថៃ​បាន​និយាយថា​ ​សំណើ​ឈប់​បាញ់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មិនទាន់​ច្បាស់​លាស់​ទេ។ ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បាន​អំពាវនាវ​ដល់​ភាគី​ទាំង​ពីរ​បង្កើត​បទ​ឈប់​បាញ់ជា​អចិន្ត្រៃយ៍ ​និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិភាព។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ថ្លែង​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា​ ​ប្រទេស​កម្ពុជា​នឹង​ស្នើសុំ​ឱ្យ​ប្រទេស​ថៃ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​បទ​ឈប់បាញ់​ជា​អចិន្ត្រៃយ៍​ ​ដោយ​មាន​ការ​ចុះ​ហត្ថលេខា​អម​ជា​សាក្សី​របស់​បណ្តា​ប្រទេស​អាស៊ាន​ ​ឬប្រធាន​អាស៊ាន​ ​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ នៅ​សប្តាហ៍​ក្រោយ​នេះ។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ ​កាល​ពី​ថ្ងៃច័ន្ទ​ ​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា​និង​ថៃ​ថ្មីៗនេះ​ ​និង​បាន​អំពាវនាវ​ដល់​ភាគី​ទាំងពីរ​បង្កើត​បទ​ឈប់​បាញ់ជា​អចិន្ត្រៃយ៍ ​និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិភាព។

នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ​ក្រោយ​ពី​បាន​ជួប​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ថៃ​ Trairong Suwankiri​ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​ «នៅពេល​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ខាង​មុខ​នេះ​ ​ប្រទេស​កម្ពុជា​នឹង​ស្នើសុំ​ឱ្យ​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ​និង​រដ្ឋមន្ត្រី​ការបរទេស​ថៃ​អំពី​បទ​ឈប់​បាញ់​ ​ដោយ​មាន​អ្នក​ធ្វើសាក្សី​គឺ​ជា​អាស៊ានរួម​ ​ឬ​ប្រធាន​អាស៊ាន​ ​ព្រោះ​វា​ត្រូវតែ​មាន​ក្រប​ខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា​ ​និង​ថៃ​ ​ហើយ​អ្នក​ធ្វើ​សាក្សី​ គឺ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ក្នុង​ពេល​ប្រជុំ​នោះ​ ​ឬ​ក៏​ប្រធាន​អាស៊ាន។​ ​ហើយ​បើ​ប្រធាន​អាស៊ាន​ចុះ​ហត្ថលេខា​អម​ ​ វា​ជា​ការល្អ។​ ប៉ុន្តែ​វា​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ចរចា​គ្នា»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បញ្ជាក់​ថា​ ​ប្រទេស​កម្ពុជា​នឹង​លើក​ឡើង​នូវ​ចំណុច​សំខាន់​ចំនួន​បួន​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ស្តីពី​បទ​ឈប់បាញ់​រវាង​កងទ័ព​កម្ពុជា​ ​និង​កងទ័ពថៃ៖

ទីមួយ៖ រាជ​រដ្ឋាភិបាល​កម្ពុជា​និង​រាជ​រដ្ឋាភិបាល​ថៃ​ព្រមព្រៀង​គ្នា​ឈប់បាញ់​ជាស្ថាពរ​ និង​ជា​អចិន្ត្រៃយ៍។

ទីពីរ​៖ភាគី​ទាំងពីរ​រក្សា​ស្ថានភាព​ដដែល​នៃ​ទីតាំង​ឈរ​ជើង​នៃ​កម្លាំង​រៀងៗ​ខ្លួន​ មិន​ចល័ត​កម្លាំង​ ​មិន​បំពាន​គ្នា ​និង​រង់ចាំ​រហូត​មាន​ដំណោះស្រាយ​ជា​ស្ថាពរ​លើ​ការ​បោះ​បង្គោល​កំណត់​ព្រំដែន។

ទីបី៖​ភាគី​ទាំងពីរ​លើកទឹក​ចិត្ត​ឱ្យ​មេ​បញ្ជាការ​នៅ​សមរភូមិ​ជួរមុខ​ពិភាក្សា ​និង​សហការ​គ្នា​ ​ដើម្បី​រក្សា​ស្ថិរភាព​តាម​ព្រំដែន​ និង​ដើម្បី​ឱ្យ​សភាព​ការណ៍​វិល​ទៅ​រក​ ស្ថាន​ការណ៍​មុន​ថ្ងៃ​ទី១៥​ ​ខែកក្កដា​ ​ឆ្នាំ​២០០៨។

ទីបួន៖ ​ដើម្បី​ធានា​ប្រសិទ្ធិភាព​នៃ​បទ​ឈប់បាញ់​ ​ភាគី​ទាំងពីរ​ស្នើ​សុំ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យបទ​ឈប់បាញ់​ ​ដោយ​បណ្តា​ប្រទេស​អាស៊ាន។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖

«ខ្ញុំប៉ាន់​ស្មាន​ទុក​ជា​មុន​ថា​ ​ភាគី​ថៃ​មិន​ព្រម ចំណុច​ទីបួន​នេះ​ទេ​ ​ប៉ុន្តែ​ខ្ញុំ​សូម​ប្រកាស​ទុក​ឱ្យ​ហើយ​ថា​ ​បើភាគី​ថៃ​មិន​ព្រម​ចំណុច​ទីបួន​ ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​បទ​ឈប់បាញ់​ដោយ​បណ្តា​ប្រទេស​អាស៊ាន​ទេ​ ​ប្រទេស​កម្ពុជា​សូម​ស្វាគមន៍​ទទួល​យក​កងទ័ព​នៃ​បណ្តា​ប្រទេស​អាស៊ាន​មក​នៅ​លើ​ទឹកដី​របស់​ខ្លួន​តែម្នាក់​ឯង​ ​ជា​ឯកតោភាគី​ ​ដើម្បី​ឱ្យ​គេ​មក​ធ្វើ​ប៉ូលិស​ត្រួតពិនិត្យ​កងទ័ព​កម្ពុជា»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​បញ្ជូន​ចំណុច​ទាំងបួន​នៃ​ពង្រាង​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍​ទៅ​ លោក​នាយក​រដ្ឋមន្ត្រី​ថៃ​ Abhisit Vejjajiva ​តាមរយៈ​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ថៃ ​Trairong Suwankiri ដែល​បាន​មក​បើក​ការ​តាំង​ពិព័រណ៍​ពាណិជ្ជ​កម្ម​ថៃ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនបាន​បញ្ជាក់​ថា​ ការ​ចរចា​ព្រំដែន ​និង​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ធ្វើ​ឡើងដោយ​មាន​ការ​ចូលរួម​ពី​ភាគី​ទីបី​ ​ប៉ុន្តែ​ការ​ចរចា​ពាណិជ្ជ​កម្ម​ ​ទេសចរណ៍ វប្បធម៌​និង​កិច្ចការ​ផ្សេង​ទៀត​ត្រូវ​ធ្វើ​ឡើង​ដោយ​ទ្វេ​ភាគី។

លោក​នាយក​រដ្ឋមន្ត្រី​ថៃ​ Abhisit Vejjajiva​ បាន​ថ្លែង​នៅ​ក្នុង​កាសែត​ ​Bangkok Post​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ប្រទេស​ទាំងពីរ​នៅ​ក្នុង​ជម្លោះ​ ​ត្រូវ​ធ្វើការចរចា​ ​ហើយ​អាស៊ាន​អាច​ធ្វើ​ជា​អ្នក​សម្រួល។

លោក​Abhisit​បាន​បញ្ជាក់​ថា​ ​អាស៊ាន​គ្មាន​តួនាទី​ចូល​ពាក់ព័ន្ធ​នៅ​ក្នុង​បញ្ហា​ជម្លោះ​នេះ​ទេ​ ​ហើយ​ថា​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​មិនទាន់​ច្បាស់លាស់​ទេ។

កងទ័ព​កម្ពុជា​ប្រចាំ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​ថ្លែង​ថា​ កងទ័ព​កម្ពុជា​ត្រូវ​ការ​បទ​ឈប់​បាញ់ ​និង​មិន​ត្រូវការ​សង្គ្រាម​ទេ។ ​ប៉ុន្តែ​កងទ័ព​កម្ពុជា​នៅតែ​មាន​ស្មារតី ​និង​ឆន្ទៈ​ប្រយុទ្ធ​ការពារ​បូរណភាព​ទឹកដី​ ​បើមាន​ការ​ឈ្លានពាន​ពី​កងទ័ព​ថៃ។

លោក​ប្រាក់ ភី​ ​ប្រធាន​ភូមិ​ធម្មជាតិ​ ​នៅក្នុង​ឃុំ​កន្ទួត​ ​ស្រុក​ជាំក្សាន្ត​ ​ខេត្ត​ព្រះវិហារ​ ​បាន​និយាយ​ថា​ ​លោក​មិន​ចង់​ឱ្យ​មាន​សង្គ្រាម​កើត​ឡើង​រវាង​ប្រទេស​ និង​ប្រទេស​ទេ។ ​សង្គ្រាម​បាន​បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង។ ប្រជា​ពលរដ្ឋ​រត់​គេច​ចេញ​ពី​ផ្ទះ​សម្បែង​ ​បាត់បង់​អាយុ​ជីវិត​ ​បាត់បង់​មុខ​របរ​ចិញ្ចឹម​ជីវិត​ ​និង​មាន​ការ​ភ័យ​ខ្លាច។

«សម្តេច​ប្រកាស​បទ​ឈប់បាញ់​ជា​អចិន្ត្រៃយ៍នេះ​ ​ប្រជា​ពលរដ្ឋ​មាន​ការ​ត្រេកអរ​យ៉ាង​ខ្លាំង។​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ​បើ​មាន​ការ​ឈប់​បាញ់​គ្នា​ ​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​រកស៊ី​ ​ជួបជុំ​បងប្អូន​ ​និង​ក្រុម​គ្រួសារ​ល្អូកល្អើន​ ​ពីព្រោះ​វា​ជិតដល់​រដូវ​ធ្វើស្រែ​ហើយ»។

លោក​ឈាង វណ្ណារិទ្ធ​ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​កម្ពុជា​ ​ដើម្បី​កិច្ច​សហប្រតិបត្តិការនិង​សន្តិភាព​ បាន​ថ្លែង​ថា​ ​កិច្ច​ព្រមព្រៀង​បទ​ឈប់បាញ់​នេះគឺ​ជា​គោល​ការណ៍​មួយ​ដើម្បី​ទប់ស្កាត់​បាន​នូវ​ជម្លោះ​ប្រដាប់​អាវុធ​ ​នៅ​តំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ។

«កិច្ច​ព្រមព្រៀង​ឈប់​បាញ់​មាន​សារៈ​សំខាន់ ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្តេជ្ញា​ចិត្ត​រវាង​ភាគី​ជម្លោះ​ក្នុងការ​ថែ​រក្សា​សន្តិភាព​នៅ​ក្នុង​តំបន់​ ​ក៏ដូច​ជា​ពិភព​លោក។ ​ដូច្នេះ​ ​នេះ​គឺជា​សញ្ញា​ល្អ​មួយ​ដែល​ភាគី​ទាំង​ពីរ​ ​បើអាច​ចុះ​ហត្ថលេខា​លើ​បទ​ឈប់បាញ់​នៅថ្នាក់​កំពូល​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​ទាំងពីរ​ ​ហើយ​មាន​ភាគី​ទីបី​ចូលរួម​នោះ។​ នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដល់​តំបន់ ​និង​ពិភព​លោក»។

ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា ​និង​ថៃ​កាល​ពី​ថ្ងៃ​ទី៤​ដល់​ថ្ងៃ​ទី៧​ខែកុម្ភៈ​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១០នាក់​ និង​ជន​ស៊ីវិល​ច្រើន​ពាន់​គ្រួសារ​នៃ​ប្រទេស​ទាំងពីរ​គ្មាន​ទី​ជម្រក៕