ពលករ​ខ្មែរ​៥៤​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ទូកនេសាទ​ថៃ

រូបឯកសារ៖ ពលករ​ទេសន្តរប្រវេសន៍ខ្មែរ​មួយ​ក្រុម។ នៅ​ពេល​ថ្មីៗ​នេះ ​មាន​ពលករ​​៧​នាក់​​ដែល​មក​​ពី​ខេត្ត​៥​ ត្រូវបាន​មេខ្យល់​បោក​យក​ទៅ​លក់ឱ្យ​ធ្វើជា​អ្នក​នេសាទ​នៅ​ប្រទេស​ថៃ​​អស់រយៈ​ពេល​​ពី​៨​ខែ​ដល់​ជាង​១ឆ្នាំ។

ក្រសួង​ការបរទេស​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា ​ពលករ​ខ្មែរ​ទាំងនោះ​បាន​ចាញ់​បោក​គេ​ទៅ​ធ្វើការ​លើ​ទូក​នេសាទ​ថៃ​ចំនួន​៣ផ្សេងៗគ្នា​ ដោយ​សារ​ការ​សន្យា​ថា​ នឹង​ទទួល​បាន​ប្រាក់​បៀវត្ស​រ៍ច្រើន។

អាជ្ញាធរ​កម្ពុជា ​កំពុង​តែ​រៀបចំ​ធ្វើ​មាតុភូមិ​និវត្តន៍​ពលករ​របស់​ខ្លួន​ចំនួន​៥៤​នាក់​ដែល​អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​ទូកនេសាទ​ថៃ​ កាលពី​ពាក់​កណ្តាល​ខែ​មេសា។

ក្រសួង​ការបរទេស​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា ​ពលករ​ខ្មែរ​ទាំងនោះ​បាន​ចាញ់​បោក​គេ​ទៅ​ធ្វើការ​លើ​ទូក​នេសាទ​ថៃ​ចំនួន​៣ផ្សេងៗគ្នា​ ដោយ​សារ​ការ​សន្យា​ថា​ នឹង​ទទួល​បាន​ប្រាក់​បៀវត្ស​រ៍ច្រើន។

លោក ជុំ សុន្ទរី ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​ទៅ​បណ្តាញ​សារព័ត៌មាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖​«នៅលើ​ទូក​ពួកគេ​ធ្វើ​ការ​ស្ទើរ​គ្មាន​ពេល​សម្រាក​ និង​ក្នុង​ស្ថានភាព​ដែល​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត‍»។​

លោក​បាន​បន្ថែម​ថា៖ «ឥណ្ឌូនេស៊ី​ចាត់​ទុក​ពលករ​ទាំងអស់​ជា​ជន​រងគ្រោះ​ ដោយ​ការ​ជួញដូរ​មនុស្ស​ពុំ​មែន​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ឡើយ‍»។​

លោក​ សុន្ទរី​ បាន​បន្ថែម​ថា​ ស្ថានទូត​កម្ពុជា​កំពុង​តែ​ជំរុញ​ការ​សម្រប​សម្រួល​ជាមួយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី និង​អង្គការ​អន្តរជាតិ​ទេសន្តប្រវេសន៍​ ដើម្បី​រៀបចំ​មាតុភូមិ​និវត្តន៍​ពលករ​ទាំង​៥៤នាក់​ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។

អ្នក​ការពារសិទ្ធិ​មនុស្ស​អន្តរជាតិ​ បាន​លើក​ឡើង​ថា​ ការ​ប្រើ​ប្រាស់​ពលករ​ដែល​ត្រូវ​គេ​ជួញដូរ​កើត​មាន​ឡើង​ជា​ប្រព័ន្ធ​នៅ​ក្នុង​ឧស្សាហកម្ម​នេសាទ​របស់​ថៃ​ ដោយ​សារ​ខ្លួន​ត្រូវ​ផ្គត់​ផ្គង់​គ្រឿង​សមុទ្រ​ទៅ​ទីផ្សារ​នៅ​សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប​ ហើយ​នឹង​ជួប​ការលំបាក​ បើ​សិន​ជា​គ្មាន​កម្លាំង​ពលកម្ម ​ដូច​នេះ​សម្រាប់​ធ្វើ​ប្រតិបត្តិការ៕