កម្ពុជា​នឹង​ស្នើ​​ដាក់​បញ្ចូល​នំ​បញ្ចុក​របស់​កម្ពុជា​ជា​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ

នំបញ្ចុក​ទុក​សម្រាប់​លក់​នៅ​ហាង​នំបញ្ចុក​មួយ​នៅ​ជិត​វត្តបទុមវត្តី​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ (ផន បុប្ផា/VOA)

នំ​បញ្ចុក​សម្ល​ខ្មែរ​ជា​អាហារ​​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​ចូលចិត្ត​ទទួល​ទាន​ជា​ប្រចាំ។

កម្ពុជា​នឹង​ស្នើ​សុំ​អង្គការ​យូណេស្កូ(UNESCO​)ឲ្យ​ដាក់​បញ្ចូល​នំ​បញ្ចុក​របស់​កម្ពុជា​ ជា​សម្បត្តិវប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ ដើម្បី​ថែ​រក្សា​សម្បត្តិ​នេះ​ឲ្យ​បាន​យូរ​អង្វែង​ត​ទៅ​មុខ​ទៀត។

នំ​បញ្ចុក​សម្ល​ខ្មែរ​ជា​អាហារដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​ចូលចិត្ត​ទទួល​ទាន​ជា​ប្រចាំ។

ប្រជា​ពលរដ្ឋ​ដែល​ចូលចិត្ត​ពិសារ​អាហារ​ប្រពៃណី​នៃ​នេះ​បាននិ​យាយ​ថា ​ពួក​គេ​មាន​«មោទនាភាព»​និង​«សប្បាយ​ចិត្ត» ប្រសិន​បើ​អាហារ​នេះ​ត្រូវ​បាន​អង្គការ​យូណេស្កូ(UNESCO)ដាក់​បញ្ចូល​ ជា​សម្បត្តិ​វប្បធម៌​អរូបី​ នៃ​មនុស្ស​ជាតិ​នោះ។

ដួង ធីតា មាន​វ័យ ២៥ ឆ្នាំ កំពុង​ពិសារ​នំបញ្ចុក​នៅ​ហាងនំ​បញ្ចុក​មួយ ជាមួយ​គ្រួសារ​របស់​អ្នកស្រី​នៅ​ជិត​វត្តបទុមវត្តី​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០។ (ផន បុប្ផា/VOA)

​អ្នក​ស្រី ដួង​ធីតា ​មាន​វ័យ​ ២៥​ ឆ្នាំ។ អ្នកស្រី​កំពុង​ពិសារ​នំ​បញ្ចុក​នៅ​ហាង​នំ​បញ្ចុក​មួយ ​ជាមួយ​គ្រួសារ​របស់អ្នកស្រីនៅ​ជិត​វត្ត​បទុម​វត្តី​ក្នុង​រាជធានី​ភ្នំពេញ។ អ្នកស្រី​និយាយ​ថា​ នំ​បញ្ចុក​គឺ​ជា​អាហារ​ដែល​អ្នក​ស្រី​ មិត្តរបស់​អ្នកស្រី​ ​និង​គ្រួសារ​របស់​អ្នក​ស្រី​ចូល​ចិត្ត​ពិសារ។ អ្នក​ស្រី​ថា ​អ្នក​ស្រី​ហូប​នំបញ្ចុក​មួយ​អាទិត្យ​យ៉ាង​ហោច​ណាស់​ពីរ​ដង​ ហើយ​អ្នក​ស្រី​ក៏​ហូប​នំ​បញ្ចុក​នៅ​ពេល​ជួប​ជុំ​មិត្តភក្តិនិង​ក្រុម​គ្រួសារ​ផងដែរ។

អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖

«មិត្តភ័ក្តិ​កន្លែង​ធ្វើការ​និង​ម៉ាក់​ខ្ញុំ​ពេល​នៅ​ផ្ទះ​ជុំ​គ្នា​ស្ល​នំ​បញ្ចុក​ហូប​ជុំ​គ្នា»។

អ្នកចូលចិត្ត​បរិភោគ​នំបញ្ចុក​កំពុង​រង់ចាំ​ពិសារ​នំបញ្ចុក​នៅ​ហាង​នំបញ្ចុក​មួយ នៅ​ជិត​វត្តបទុមវត្តី​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ (ផន បុប្ផា/VOA)

នៅ​ពេល​ដឹង​ពី​គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ស្នើ​ឲ្យ​ដាក់​នំ​បញ្ចុក​ចូល​ជាជា​សម្បត្តិ​វប្បធម៌​អរូបី​ នៃ​មនុស្សជាតិ អ្នក​ស្រី​បង្ហាញ​ការ​សាទរ​និង​ភាព​សប្បាយ​រីករាយ។ អ្នក​ស្រី​ថា​ អង្គការ​នេះ​គួរ​ដាក់​នំ​បញ្ចុក​ជា​សម្បត្តិ​វប្បធម៌​អរូបី​ នៃ​មនុស្ស​ជាតិ​ដោយសារ​តែ​នំ​បញ្ចុក​ជា​អាហារ​ដែល​ពលរដ្ឋ​ខ្មែរ​ទូទៅ​ហូប​ត​ៗ​គ្នា​យូរ​ណាស់​មក​ហើយ។

«វាជា​អាហារ​មួយ​ជាអរិយធម៌​របស់​ខ្មែរ​ជាម្ហូប​ដែល​មាន​តាំង​ពីបុរាណ»។

លោក​ជំទាវ ​ភឿង ​សកុណា ​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​បាន​ប្រាប់​វីអូអេ​ថា ​ក្រសួង​កំពុង​រៀបចំ​ឯកសារ​ ដើម្បី​ដាក់​ទៅ​អង្គការ​យូណេស្កូ​ចុង​ខែ​មីនា​នេះ ដើម្បី​ដាក់​ជា​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ។

លោក​ស្រី​មាន​ប្រសាសន៍​ថា ​មាន​សម្ល​ខ្មែរ​ជាច្រើន​មុខ​ទៀត​ដែល​អាច​ដាក់​បាន​ ប៉ុន្តែ​នំបញ្ជុក​ត្រូវ​បាន​សហគមន៍​ជាច្រើន​ចូលចិត្ត​ធ្វើ​ហើយ​នំ​បញ្ចុក​ មាន​ការ​ទាក់ទង​ទៅ​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​និង​ជំនឿ​របស់​ពួក​គាត់។

«ប្រជាជន​យើង​នៅ​តាម​ខេត្ត​ខ្លះ​នៅ​តាម​តំបន់​ខ្លះ​គាត់​ចេះ​ធ្វើ​អាហ្នឹង​ហើយ​សហគមន៍​គាត់​សន្យា​ថា​នឹង​ថែ​រក្សា​ចំណេះដឹង​នេះ​សម្រាប់​ត​កូន​ត​ចៅ។ ហើយ​សហគមន៍​ខ្លះ​គាត់​ភ្ជាប់​នំបញ្ចុក​នេះ​ជាមួយ​នឹង​ជំនឿ​ជាមួយ​នឹង​ទំនៀមទំលាប់​ជាមួយ​នឹង​ពិធី​បុណ្យ​ផ្សេងៗ​របស់​គាត់​ចា៎»។

អ្នកស្រី​បន្ថែម​ថា​ ក្រសួង​ជ្រើសរើស​យក​នំ​បញ្ចុក​ដោយសារ​តែ​វា​មាន​ចំណុច​ត្រូវ​តាម​លក្ខខណ្ឌ​របស់​អង្គការយូណេស្កូ(UNESCO)។

រដ្ឋមន្ត្រី​រូប​នេះ​និយាយ​ថា៖ «នៅ​ក្នង​បញ្ជី​បេតិកភ័ណ្ឌ​អរូបី​កាលណា​ដាក់​គឺ​យើង​ត្រូវ​បង្ហាញ​ថា​ប្រជាជន​របស់​យើង​ប្រជាជន​ខ្មែរ​យើង​នៅ​ក្នុង​ប្រទេស​បាន​ចាត់ទុក​ជា​ម្ហូប​អារហារ​មួយ​របស់​ប្រជាជន​យើង។ អាហ្នឹង​ទីមួយ។ គេ​ទទួល​ស្គាល់​ទូលាយ»។

អ្នកស្រីបន្ថែមថា៖

«ហើយ​យើង​ក៏​ត្រូវ​បង្ហាញ​ទៅ​យូណេស្កូ​ថា​នែ៎​ចំណេះដឹង​នៃ​ការ​ធ្វើ​នំ​បញ្ចុក​ហ្នឹង​ក្រៅ​ពី​ការ​ធ្វើ​ជា​ម្ហូប​អាហារ​តំបន់​នេះ​នែ៎​គេ​មាន​ធ្វើ​នំ​បញ្ចុក​ហ្នឹង​ជា​ភូមិ​រួមគ្នា​ហ្មង។ មួយ​ភូមិ​គេ​ធ្វើ​នំ​បញ្ចុក​លក់​ហ្នឹង​ហ្មង​ឧទាហរណ៍​ចា៎។ ដូច​នៅ​ពោធិ៍សាត់​នៅ​បាត់ដំបង​គេ​មាន​ភូមិ​មួយ​ហៅ​ភូមិ​នំ​បញ្ចុក​ហ្មង​ចា៎»។

កាល​ពី​ឆ្នាំ​មុន​នំបញ្ចុក​បាន​ក្លាយ​ជាអាហារ​ដែល​គណបក្ស​ប្រឆាំង​និង​គណបក្ស​កាន់​អំណាច​បាន​យក​មក​ប្រើប្រាស់​ដើម្បី​បង្ហាញ​ពី​កម្លាំង​គាំទ្រ​របស់​ខ្លួន។ ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​លោកស្រី​ថា​ ការ​ដាក់​នំ​បញ្ចុក​ចូល​ជា ​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​នយោបាយ​នោះ​ទេ។ ដោយ​លោក​ស្រី​ថា​វា​ជា​ការងា​របស់«ជាតិ»។

លោក សូផេង មាន​វ័យ៥០ ឆ្នាំ កំពុង​ពិសារ​នំបញ្ចុក​នៅ​ជិត​វត្តបទុមវត្តី​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ (ផន បុប្ផា/VOA)

លោក​ សូ​ ផេង​ មានវ័យ​៥០ ឆ្នាំ កំពុង​ពិសារ​នំ​បញ្ចុក​នៅ​ជិត​វត្ត​បទុមវត្តី។ លោក​ជា ​អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។ លោក​ថា​លោក​ពិសារ​នំ​បញ្ចុក​តាំង​ពី​លោក​ដឹង​ក្តី​មក។ លោក​បាន​ប្រាប់​វីអូអេ​ថា​ លោក​ក៏​ចង់​ឲ្យ​ អង្គការ​យូណេស្កូ​(UNESCO​) ជា​សម្បត្តិ​វប្បធម៌​អរូបី ​នៃ​មនុស្ស​ជាតិ​ដែរ។

«វា​ជា​មោទនភាព​មួយ​របស់​ជាតិសាសន៍​ដែល​ថា​យើង​មាន​ម្ហូប​អាហារ​ដ៏​បរម​បុរាណ​មួយ​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ទទួល​ស្គាល់។ វា​ល្អ​សម្រាប់​យើង​ទាំងអស់​គ្នា»។

អង្គការ​យូណេស្កូ​នឹង​ឲ្យ​ ដំណឹង​ថា​តើ​នឹង​ទទួល​ស្គាល់​នំ​បញ្ចុក​កម្ពុជា​ ជា​សម្បត្តិ​វប្បធម៌​អរូបី​ឬ​យ៉ាងណា ​នៅ​រយៈ​ពេល​ប្រហែល​ពីរ​ឆ្នាំ​ បន្ទាប់​ពី​ការ​ដាក់​ពាក្យ​ ស្នើ​សុំ​ពី​កម្ពុជា៕