វិស័យការទូតកម្ពុជាអាចទទួលបានជោគជ័យនៅក្នុងការធ្វើឲ្យសេចក្ដីថ្លែងការណ៍អាស៊ាន ដែលមានគោលបំណងប្រឆាំងនឹងមហិច្ឆតាដែនសមុទ្ររបស់ប្រទេសចិន មិនសូវមានប្រសិទ្ធភាព។ ប៉ុន្តែអ្នកវិភាគបានលើកឡើងថា នេះគ្រាន់តែជាជោគជ័យតែសំបកក្រៅតែប៉ុណ្ណោះ ដោយវាបានធ្វើឲ្យក្រុមប្រទេសពាណិជ្ជកម្មសេរីនៃសមាគមអាស៊ានទាំង១០បែកបាក់គ្នា។
ក្រុមអ្នកវិភាគទាំងនោះបាននិយាយថា ការបដិសេធរបស់ប្រទេសកម្ពុជានៅក្នុងការគាំទ្រឲ្យមាននូវដំណោះស្រាយពហុភាគីដើម្បីដោះស្រាយជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ក៏បានធ្វើឲ្យសមាគមអាស៊ានមានការបែកបាក់ផ្នែកនយោបាយផងដែរ ហើយវាដល់ពេលដែលត្រូវគិតគូរពីបញ្ហានេះឡើងវិញហើយ។
លោក Billy Chia-Lung Tai ដែលជាអ្នកសិក្សាស្រាវជ្រាវ និងជាអ្នកវិភាគឯករាជ្យជនជាតិតៃវ៉ាន់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅពេលដែលអ្នកសម្លឹងមើលអាស៊ានថាជាសមាគមរួមមួយ សមាគមនេះអាចមានសក្ដានុពលធ្វើជាអ្នកដើរតួដ៏មានឥទ្ធិពលមួយនៅក្នុងតំបន់ ឬអាចនៅក្នុងពិភពលោកទៀតផង។ ប៉ុន្តែ បើតាមទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំវិញ ការមិនចុះសម្រុងគ្នានេះបានបង្កើតឲ្យមានការថ្នាំងថ្នាក់ចិត្តជាច្រើន ដែលឥឡូវនេះប្រហែលជាមិនទាន់ឃើញច្បាស់នៅឡើយទេ ប៉ុន្តែការថ្នាំងថ្នាក់ចិត្តនេះនឹងលេចចេញជារូបរាងឡើងនៅពេលណាមួយជាក់ជាមិនខាន»។
ការថ្នាំងថ្នាក់ចិត្តនេះកើតមានឡើង បន្ទាប់ពីប្រទេសកម្ពុជាបានធ្វើព្រងើយកន្តើយចំពោះប្រទេសនៅជុំវិញក្បែរខាងខ្លួន និងបានគាំទ្រប្រទេសចិនដើម្បីធ្វើឲ្យសេចក្ដីថ្លែងការណ៍អាស៊ានទាក់ទិននឹងជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងមិនសូវមានប្រសិទ្ធភាព នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអាស៊ាន ដែលធ្វើឡើងនៅក្នុងប្រទេសឡាវកាលពីខែកក្កដាកន្លងទៅនេះ។
សេចក្ដីថ្លែងការណ៍នេះមិនបាននិយាយពីការចាញ់ក្ដីរបស់ប្រទេសចិនកាលពីថ្ងៃទី ១២ ខែកក្កដា កន្លងទៅនេះ នៅក្នុងការកាត់សេចក្ដីរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិនៅក្នុងទីក្រុងឡាអេ ដែលបានសម្រេចថា «ប្រទេសចិនគ្មានមូលដ្ឋានផ្លូវច្បាប់ណាមួយក្នុងការទាមទារនូវសិទ្ធិកាន់កាប់ជាប្រវត្តិសាស្ត្រនូវធនធាននៅក្នុងបរិវេណខ្សែបន្ទាត់ព្រំដែនសមុទ្រដែលកំណត់ដោយប្រទេសចិនខ្លួនឯងនៅក្នុងសមុទ្រចិនខាងត្បូងនោះទេ»។
ប្រទេសចិនបានបដិសេធមិនទទួលស្គាល់នូវយុត្តាធិការរបស់តុលាការ ដែលជាការវិវត្តន៍មួយដែលគាំទ្រដោយប្រទេសកម្ពុជា ឬក៏បានបដិសេធទទួលស្គាល់នូវសកម្មភាពផ្លូវច្បាប់ដែលផ្ដួចផ្ដើមឡើងដោយប្រទេសហ្វីលីពីន។
លុយមានឥទ្ធិពលលើអ្វីៗទាំងអស់
សមុទ្រចិនខាងត្បូង ដែលគេស្គាល់ថាជាសមុទ្រខាងកើតនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម និងសមុទ្រហ្វីលីពីនខាងលិចនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ជាតំបន់ដែលភាគច្រើនសម្បូរប្រជុំកូនកោះ ផ្កាថ្ម ថ្មប៉ប្រះទឹក និងផ្ទាំងថ្មចំនួនរាប់ពាន់ ដែលគ្មានមនុស្សរស់នៅ។ តំបន់ប្រជុំកូនកោះទាំងនេះត្រូវបានបែងចែកដោយផ្លូវទឹកអន្តរជាតិ។
តំបន់ប្រជុំកូនកោះទាំងនេះនៅក្នុងសមុទ្រចិនខាងត្បូង រួមមានប្រជុំកោះ Paracel ស្ថិតនៅភាគខាងកើតនៃឆ្នេរសមុទ្រប្រទេសវៀតណាម ប្រជុំកោះ Spratly ស្ថិតនៅកៀកនឹងប្រទេសហ្វីលីពីន និងកោះ Natuna ដែលគ្រប់គ្រងដោយប្រទេសឥណ្ឌូនេស៊ី ស្ថិតនៅភាគខាងត្បូងនៃសមុទ្រចិនខាងត្បូង។ ប្រទេសសមាជិកអាស៊ានទាំង ៣ រួមទាំងប្រទេសម៉ាឡេស៊ី និងប្រទេសព្រុយណេផងដែរ មានការទាមទារកាន់កាប់កោះទាំងនោះជាន់គ្នាជាមួយប្រទេសចិន។
ភាគីជម្លោះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសវៀតណាម និងប្រទេសហ្វីលីពីន ចង់ចរចាពហុភាគីជាមួយប្រទេសចិនតាមរយៈសមាគមអាស៊ាន។
រដ្ឋាភិបាលក្រុងប៉េកាំងបដិសេធនូវសំណើនេះ ហើយដោយមានការគាំទ្រពីរាជរដ្ឋាភិបាលក្រុងភ្នំពេញក្នុងការទទូចឲ្យមាននូវកិច្ចចរចាទ្វេភាគីនោះ ដំណើរវិវត្តន៍មួយនេះត្រូវបានអ្នកយុទ្ធសាស្ត្រលើកឡើងថានឹងផ្ដល់អំណាចបន្ថែមទៀតឲ្យប្រទេសចិនក្នុងការគ្របសង្កត់លើប្រទេសជិតខាងដែលមានឥទ្ធិពលខ្សោយជាងខ្លួននៅតុចរចា។
ជម្លោះនេះជាជម្លោះមួយ ដែលប្រទេសតូចមិនសូវមានឥទ្ធិពលផ្នែកនយោបាយ និងសេដ្ឋកិច្ច ដូចជាប្រទេសកម្ពុជានេះ ស្វែងរកបានប្រទេសធំដែលមានសេដ្ឋកិច្ចរីកចម្រើនដូចជាប្រទេសចិនជាដើម។
ប្រទេសចិនបានផ្ដល់ជំនួយ និងកម្ចីមិនមានលក្ខខណ្ឌតឹងតែងក្នុងទឹកប្រាក់ប្រមាណ ១៥ ពាន់លានដុល្លារអាមេរិក ទៅឲ្យប្រទេសកម្ពុជាក្នុងរយៈពេល ២ ទសវត្សចុងក្រោយនេះ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានផ្ដល់ជំនួយឲ្យមានលក្ខណៈស៊ីមេទ្រីគ្នាជាមួយនឹងជំនួយរបស់បណ្ដាប្រទេសលោកខាងលិច ក្នុងរង្វង់ទឹកប្រាក់ដុល្លារអាមេរិកស្មើគ្នា។
រដ្ឋាភិបាលក្រុងប៉េកាំងក៏បានប្រកាសផ្ដល់កញ្ចប់ថវិកាជំនួយក្នុងទឹកប្រាក់ចំនួន ៦ រយលានដុល្លារអាមេរិកភ្លាមៗដល់រដ្ឋាភិបាលកម្ពុជា បន្ទាប់ពីតុលាការអាជ្ញាកណ្ដាលអន្តរជាតិបានប្រកាសសាលក្រមអំពីបណ្ដឹងហ្វីលីពីន ដែលប្ដឹងប្រទេសចិនពាក់ព័ន្ធនឹងជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។ រដ្ឋាភិបាលក្រុងប៉េកាំងក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានគាំទ្ររដ្ឋាភិបាលចិនផងដែរ។
មួយសប្ដាហ៍ក្រោយមក បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅប្រទេសឡាវ រដ្ឋាភិបាលចិនបានបញ្ជាក់ថា ខ្លួននឹងផ្ដល់ថវិកាតាមសំណើរបស់រដ្ឋាភិបាលកម្ពុជាក្នុងការសាងសង់អាគាររដ្ឋបាលកម្ពស់ ១២ ជាន់ សម្រាប់រដ្ឋសភាកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែទទូចអះអាងថា ជំនួយរបស់ប្រទេសចិនមិនមានភ្ជាប់លក្ខខណ្ឌអ្វីនោះទេ ដែលមិនដូចជាជំនួយរបស់ប្រទេសលោកខាងលិច ដែលជាទូទៅភ្ជាប់ទៅនឹងស្ថានការណ៍សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលបញ្ហាសិទ្ធិមនុស្សនេះ ជាទូទៅត្រូវបានអ្នកតស៊ូមតិ គណបក្សប្រឆាំង និងអ្នកទិតៀនរដ្ឋាភិបាលផ្សេងៗរិះគន់ម្ដងហើយម្ដងទៀត។
ស្ថានការណ៍ដដែលជាដដែល
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បាននិយាយថា ជាធម្មតា ប្រទេសកម្ពុជាបានរក្សាគោលជំហរដែលខ្លួនបានប្រកាន់យក បន្ទាប់ពីមានការផ្លាស់ប្ដូរដ៏សំខាន់មួយនៅក្នុងគោលនយោបាយការបរទេសរបស់កម្ពុជានៅក្នុងឆ្នាំ ២០០២ ដោយពង្រីកបន្ថែមនូវទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងឲ្យកាន់តែប្រសើរឡើង ដោយហេតុថានៅពេលនោះ រដ្ឋាភិបាលចិនបានលុបចោលនូវចំនួនបំណុលដែលប្រទេសកម្ពុជាជំពាក់ចិន។
លោកបានលើកឡើងថា គោលជំហររបស់ប្រទេសកម្ពុជាដូចនេះនឹងជួយធានានូវសន្តិសុខនៅតាមផ្លូវសមុទ្រ ដែលមានកប៉ាល់ជំនួញប្រហែលពាក់កណ្ដាលនៃកប៉ាល់ជំនួញទាំងអស់នៅក្នុងពិភពលោកធ្វើដំណើរឆ្លងកាត់ ដោយរក្សានូវស្ថានភាពបច្ចុប្បន្ននៃគោលការណ៍ធូររលុងមួយ ដែលគេស្គាល់ថា សេចក្ដីប្រកាសស្ដីពីការប្រតិបត្តិរបស់ភាគីពាក់ព័ន្ធនៅក្នុងសមុទ្រចិនខាងត្បូង ដែលហៅកាត់ជាភាសាអង់គ្លេសថា DOC នោះ។
លោក ផៃ ស៊ីផាន បាននិយាយថា លោកសប្បាយចិត្តដែលឃើញប្រទេសនៅក្នុងសមាគមអាស៊ានទាំងអស់រួបរួមគ្នាផ្អែកលើការឯកភាពជារួមរបស់បណ្ដាប្រទេសទាំងនេះនៅក្នុងសេចក្ដីប្រកាស DOCស្ដីពីការប្រតិបត្តិរបស់ភាគីពាក់ព័ន្ធនៅក្នុងសមុទ្រចិនខាងត្បូង។ លោកសង្ឃឹមថា ក្រមប្រតិបត្តិផ្លូវការនៅក្នុងសមុទ្រចិនខាងត្បូង ដែលហៅកាត់ជាភាសាអង់គ្លេសថា COC នឹងត្រូវបានអនុម័តឆាប់ៗនេះ ដោយហេតុថា ក្រមប្រតិបត្តិផ្លូវការ COC នេះ នឹងផ្ដល់ឱកាសឲ្យមានសន្តិភាព សន្តិសុខ និងសេរីភាពនៃការធ្វើចរាចរនៅក្នុងសមុទ្រចិនខាងត្បូង។
សេចក្ដីប្រកាសស្ដីពីការប្រតិបត្តិរបស់ភាគីពាក់ព័ន្ធនៅក្នុងសមុទ្រចិនខាងត្បូង DOC ជាក្រមប្រតិបត្តិដែលបានបង្កើតឡើងមុនក្រមប្រតិបត្តិផ្លូវការ COC ដែលក្រមប្រតិបត្តិ COC នេះបានចងក្រងច្បាប់នានា ដែលតាក់តែងឡើងដើម្បីការពារមិនឲ្យមានជម្លោះណាមួយកើតឡើង។ ពេលមានជម្លោះម្ដងៗ សមាគមអាស៊ានត្រូវបានអ្នកវិភាគគ្រប់និន្នាការស្ដីបន្ទោសថាជា «ខ្លាបាក់ចង្កូម» ដោយសារតែសមាគមនេះគ្មានលទ្ធភាពក្នុងការជំរុញឲ្យមានដំណោះស្រាយចំពោះជម្លោះនានានៅក្នុងតំបន់អស់រយៈពេល ១៤ ឆ្នាំមកហើយ គឺតាំងពីសេចក្ដីប្រកាស DOC ត្រូវបានគេបង្កើតដំបូងមកម្ល៉េះ។
ការរិះគន់នេះភាគច្រើនគឺសំដៅលើប្រទេសកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាមានការអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំងជាមួយនឹងអ្នកទិតៀនផ្សេងៗ បូករួមនឹងការធ្វើឲ្យស្មុគស្មាញបន្ថែមទៀតដោយការកើនឡើងនូវអារម្មណ៍មិនសប្បាយចិត្តរបស់ប្រជាពលរដ្ឋជាមួយនឹងរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីមានការបើកកកាយនូវរឿងរ៉ាវទាក់ទិននឹងទ្រព្យសម្បត្តិមិនគួរឲ្យជឿដែលគ្រប់គ្រងដោយគ្រួសារលោក ហ៊ុន សែន និងបន្ទាប់ពីមានការសម្លាប់លោក កែម ឡី ដែលជាអ្នកវិភាគឯករាជ្យ និងជាសកម្មជនមួយរូប កាលពីខែកក្កដាកន្លងទៅនេះ។
លោក ផៃ ស៊ីផាន ក៏បាននិយាយផងដែរថា ប្រទេសកម្ពុជាជាប្រទេសក្រីក្រ ដូច្នេះប្រទេសនេះមានសិទ្ធិគ្រប់យ៉ាងក្នុងការទទួលយកជំនួយពីប្រទេសចិន។ លោកបានថ្លែងនៅក្នុងការពិភាក្សាដេញដោយមួយកាលពីពេលថ្មីៗនេះនៅឯមជ្ឈមណ្ឌលវប្បធម៌កម្ពុជា អាល្លឺម៉ង់ ដែលហៅថា Meta Houseនៅក្នុងទីក្រុងភ្នំពេញថា «គ្មានលុយណាធុំក្លិនអាក្រក់នោះទេ»។
ប្រទេសកម្ពុជា ដែលមានប្រជាជនច្រើនជាង ១៥ លាននាក់ និងផលិតផលក្នុងស្រុកសរុប GDP ចំនួន ១៨ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅតែរងគ្រោះដោយសារភាពក្រីក្រ និងនៅតែស្ថិតនៅក្នុងចំណោមប្រទេសក្រីក្របំផុតនៅក្នុងសមាគមអាស៊ាន ដែលសមាគមនេះមានប្រជាជនសរុបចំនួន ៦៣៣ លាននាក់ និងផលិតផលក្នុងស្រុកសរុប GDP ចំនួន ២,៤ លានលានដុល្លារអាមេរិក ឬ ២,៤ ទ្រីលានដុល្លារអាមេរិក។
តើមានអ្វីនឹងកើតឡើងបន្ទាប់មកទៀត?
លោក Bernd Schaefer មកពីមជ្ឈមណ្ឌល Woodrow Wilson អន្តរជាតិសម្រាប់អ្នកសិក្សាស្រាវជ្រាវ (Woodrow Wilson International Center for Scholars) បានលើកឡើងតាមសម្ដីរបស់លោក Chia-Lung Tai ដោយបាននិយាយថា គេមិនបានរំពឹងទុកទេថា ប្រទេសកម្ពុជាដើរតួនាទីដ៏សំខាន់ដូចនេះនៅពេលដែលកម្ពុជាមិនមែនជាភាគីមួយនៅក្នុងជម្លោះ និងជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ាន ដែលមិនទាន់ធ្វើសច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ UNCLOS នោះទេ។
លោក Bernd Schaefer បានលើកឡើងយ៉ាងដូច្នេះថា៖
«វេទិកាពហុភាគីរបស់ប្រទេសទាំង ១០ ដែលត្រូវដោះស្រាយជាមួយបញ្ហានេះ អាចរងនូវសម្ពាធគ្រប់ប្រភេទពីខាងក្រៅ ដែលធ្វើឲ្យខូចប្រយោជន៍ដល់អនាគតរបស់សមាគមអាស៊ាន ដោយសារតែមានប្រទេសដូចជាប្រទេសកម្ពុជាដូចនេះ»។
លោក Schaefer បានបន្ថែមទៀតថា ប្រទេសកម្ពុជាត្រូវតែសម្រេចចិត្តថាតើគួរបន្តជំរុញឲ្យមានដំណោះស្រាយដដែលជាដដែល ឬក៏មិនលូកដៃអ្វីទាំងអស់ ដោយទុកឲ្យវិធីសាស្ត្រផ្អែកលើហេតុផលត្រឹមត្រូវប្រសើរជាងមុនសម្រាប់ជម្លោះនេះអាចដំណើរការទៅមុខបានដោយរលូន។
វិធីសាស្ត្រផ្អែកលើហេតុផលត្រឹមត្រូវប្រសើរជាងមុនសម្រាប់ជម្លោះនេះ អាចមានដូចជាការពិភាក្សាទ្វេភាគីដែលមិនដែលធ្វើពីមុនមករវាងប្រទេសហ្វីលីពីន និងប្រទេសចិនជាដើម ដោយសារតែរដ្ឋាភិបាលក្រុងម៉ានីលមានកណ្ដាប់ដៃខ្លាំង និងមានឥទ្ធិពលជាងមុន ក្រោយពីខ្លួនទទួលបានជ័យជម្នះនៅក្នុងរឿងក្ដីដែលខ្លួនប្ដឹងប្រទេសចិនទៅកាន់តុលាការអាជ្ញាកណ្ដាលអន្តរជាតិនៅក្នុងទីក្រុងឡាអេកន្លងមកនេះ។
លោកក៏បានជំរុញឲ្យប្រទេសចិនអនុវត្តនូវវិធីសាស្ត្រផ្អែកលើហេតុផលត្រឹមត្រូវជាងមុនជាមួយសមាគមអាស៊ានផងដែរ។
លោកបន្តយ៉ាងដូច្នេះថា៖
«ខ្ញុំគិតថាប្រទេសចិនគួរតែខ្វល់ខ្វាយខ្លាំងជាងនេះចំពោះកិត្តិនាមរបស់ខ្លួននៅលើឆាកអន្តរជាតិ ដែលខ្លួនធ្វើជាខ្វល់ខ្វាយនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយហេតុថាការសម្រេចចិត្តរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិទាំងនេះគឺពិតជាធ្វើឲ្យខូចខាតដល់កិត្តិនាមរបស់ប្រទេសចិននៅលើឆាកអន្តរជាតិ»។
លោក Chia-Lung Tai មិនបាននិយាយថាតើប្រទេសកម្ពុជាអាចជួបប្រទះផលវិបាកអ្វីខ្លះ ដែលអាចកើតមានឡើងដោយមិនមានការគ្រោងទុកមួយចំនួន ដោយសារតែប្រទេសនេះបានគាំទ្រប្រទេសចិននោះទេ ប៉ុន្តែអ្នកវិភាគមួយចំនួនដែលបដិសេធសុំមិនបញ្ចេញឈ្មោះបាននិយាយថា ប្រទេសសមាជិកសមាគមអាស៊ានផ្សេងទៀតទំនងជានឹងមិនគាំទ្រគោលនយោបាយរបស់កម្ពុជានៅក្នុងសមាគមអាស៊ាននោះទេ។
ប្រទេសកម្ពុជាមានបញ្ហាមិនទាន់ដោះស្រាយជាច្រើនជាមួយប្រទេសជិតខាង ដែលក្នុងនោះមានកិច្ចព្រមព្រៀងព្រំដែនពាក់ព័ន្ធធនធានប្រេង និងឧស្ម័ន ចលនាចំណាកស្រុករបស់កម្មករ បញ្ហាទេសចរណ៍ បញ្ហាយោធា បញ្ហាការសាងសង់ផ្លូវរថភ្លើង និងទំនប់វារីអគ្គិសនី និងបទឧក្រិដ្ឋឆ្លងប្រទេសជាដើម។ បញ្ហាអស់ទាំងនេះតម្រូវឲ្យមានការឯកភាពគ្នាជាធ្លុងមួយនៅក្នុងតំបន់។
លោក Chia-Lung Tai បានបញ្ជាក់ថា ប្រទេសកម្ពុជាបានសម្រេចចិត្តយ៉ាងច្បាស់ថា ប្រទេសចិនជាប្រទេសផ្ដល់ផលប្រយោជន៍ដ៏គួរឲ្យទាក់ទាញសម្រាប់ប្រទេសកម្ពុជាជាងប្រទេសក្បែរខាងខ្លួននៅក្នុងសមាគមអាស៊ាន ជាងសហរដ្ឋអាមេរិក និងជាងបណ្ដាប្រទេសលោកខាងលិច ដែលជំនួយផ្ដល់ដោយបណ្ដាប្រទេសទាំងនេះមានភ្ជាប់នូវលក្ខខណ្ឌសិទ្ធិមនុស្ស ដែលប្រទេសកម្ពុជា «ជាចាំបាច់មិនចង់ធ្វើតាមនោះទេ»។
លោកបានបញ្ជាក់បន្ថែមថា វាជារឿងដ៏គួរឲ្យចាប់អារម្មណ៍ក្នុងការសម្លឹងមើលនៅក្នុងរយៈពេលមធ្យមទៅរយៈពេលវែង នូវផលវិបាកដែលប្រទេសកម្ពុជានឹងទទួលបានពីការចងសម្ព័ន្ធមិត្តជាមួយនឹងប្រទេសចិន។ ហើយវាក៏ជារឿងដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ ក្នុងការសម្លឹងមើលទៅលើផលប៉ះពាល់ដែលកើតចេញពីសម្ព័ន្ធមិត្តរវាងកម្ពុជានិងចិនចំពោះសមាគមអាស៊ាន ដូចជាការបែកបាក់ដែលយើងបានឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពាក់ព័ន្ធនឹងបញ្ហានៅក្នុងសមុទ្រចិនខាងត្បូង»៕
ប្រែសម្រួលដោយ ភី សុភាដា