អង្គការសហប្រជាជាតិបានព្យាករណ៍ថា កម្ពុជានឹងប្រឈមនឹងអតិផរណារហូតដល់៦ភាគរយនៅឆ្នាំ២០១១ បើប្រៀបធៀបនឹងឆ្នាំ២០១០ ដែលអតិផរណាមានជាង៤ភាគរយ។ យោងតាមអង្គការសហប្រជាជាតិ អតិផរណានេះត្រូវបានព្យាករណ៍ដោយផ្អែកទៅលើតម្លៃប្រេង និងទំនិញនាំចូល បានកើនឡើងខ្ពស់។
គណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វ៊ិក បានចេញផ្សាយរបាយការណ៍សិក្សាមួយនៅថ្ងៃព្រហស្បតិ៍នេះ ដោយបានបង្ហាញថា អតិផរណាមាន៤,១ភាគរយក្នុងឆ្នាំ ២០១០ និងគ្រោងនឹងកើនឡើង ដល់៦ភាគរយក្នុងឆ្នាំ២០១១។ នៅក្នុងសេដ្ឋកិច្ចដែលពឹងផ្អែកលើប្រាក់ដុល្លារដូចកម្ពុជានេះ ការដែលប្រាក់ដុល្លារចុះថោកអាចនាំឱ្យអំណាចទិញធ្លាក់ចុះ និងអតិផរណានាំចូលខ្ពស់ពីបណ្តាប្រទេសជិតខាង ដែលរូបិយប័ណ្ណរបស់គេថ្លៃជាងប្រាក់ដុល្លារ។
លោក រស់ សីលវ៉ា អគ្គលេខាធិការរងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងប្រាប់សន្និសីទ កាសែតថា រដ្ឋាភិបាលបានប្តេជ្ញាចិត្តរក្សាកម្រិតអតិផរណាក្នុងរង្វង់៥ភាគរយ ហើយអតិផរណា៦ភាគរយនេះ គឺគ្រាន់តែជាការព្យាករណ៍ប៉ុណ្ណោះ។ លោក ថ្លែងដូច្នេះថា៖
«អតិផរណាជាកង្វល់។ សព្វថ្ងៃ រដ្ឋាភិបាលតាមដានជាប្រចាំ ហើយគិតគូរជាប្រចាំ ថាតើត្រូវធ្វើយ៉ាងម៉េច ដើម្បីដោះស្រាយបញ្ហាអតិផរណានេះ។ យើងមិនអាចសន្មតថា អតិផរណា៦ភាគរយនាំឱ្យកាត់បន្ថយកំណើនសេដ្ឋកិច្ចទេ»។
លោក រស់ សីលវ៉ា បានបន្តថា កម្ពុជាមានបទពិសោធន៍យ៉ាងល្អក្នុងវិស័យសេវាកម្ម និងកសិកម្ម ប៉ុន្តែមានបទពិសោធន៍តិចតួច ក្នុងវិស័យផលិតផលផ្នែកឧស្សាហកម្មចម្រុះ។
លោក កង ច័ន្ទតារារ័ត្ន អ្នកសេដ្ឋកិច្ច និងជានាយកនៃវិទ្យាស្ថានកម្ពុជាដើម្បីសិក្សាការអភិវឌ្ឍ មិនយល់ស្របនឹងការព្យាករណ៍នេះទេ ពីព្រោះតម្លៃប្រេងមានសញ្ញាធ្លាក់ចុះ និងស្ថានភាពសេដ្ឋកិច្ចអាមេរិកមានសញ្ញាល្អដែលធ្វើតម្លៃប្រាក់ដុល្លារនៅទីផ្សារអន្តរជាតិកើនឡើង។
«ស្ថានភាពទាំងអស់នេះ ខ្ញុំជឿថា វានឹងជួយជំរុញឱ្យថ្លៃទំនិញនិងស្បៀងនៅលើទីផ្សារអន្តរជាតិធ្លាក់ចុះ ហើយក៏ជួយឱ្យអតិផរណានៅក្នុងស្រុកខ្មែរធ្លាក់ចុះដែរ»។
លោក កង ច័ន្ទតារារ័ត្ន បានពន្យល់ថា អតិផរណាបន្ទុចបង្អាក់គម្រោងវិនិយោគ ដែលធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ និងធ្វើឱ្យប៉ះពាល់ដល់បុគ្គលិករដ្ឋ និងអ្នកមានប្រាក់ខែស្ថេរ៕