ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ក្នុងតួនាទីជាប្រធានអាស៊ាន កម្ពុជាត្រូវប្រឈមនឹងការដោះស្រាយបញ្ហាលំបាកជាច្រើនទាក់ទងនឹងជម្លោះព្រំដែនផ្ទៃក្នុង និងជម្លោះនៅសមុទ្រចិនខាងត្បូង។
កម្ពុជាបានទទួលវេនធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០១២បន្តពីប្រទេសឥណ្ឌូនេស៊ី។
លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានជួបជាមួយលោក ស៊ូរិន ពិតសុវណ្ណ (Surin Pitsowan) អគ្គលេខាធិការអាស៊ាន ដើម្បីពិភាក្សាអំពីការគាំទ្រ និងសហប្រតិបត្តិការជាមួយប្រធានអាស៊ានថ្មី សំដៅធ្វើឲ្យប្រាកដថា ឆ្នាំ២០១២ គឺជាឆ្នាំជោគជ័យសម្រាប់អាស៊ាន។
លោក ហោ ណាំហុង បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយពីជំនួបថា ក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០១២ កម្ពុជាបានប្តេជ្ញាចិត្តជំរុញការតភ្ជាប់សកម្មភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌ សំដៅកសាងសហគមន៍អាស៊ានឆ្នាំ២០១៥ឲ្យបានជោគជ័យ។
«យើងនិយាយតែបញ្ហាអាស៊ាន ធ្វើយ៉ាងណាធ្វើសមាហរណកម្មអាស៊ានឲ្យបាន ដើម្បីកសាងសហគមន៍អាស៊ានឆ្នាំ២០១៥ និងធ្វើយ៉ាងណាការតភ្ជាប់អាស៊ានលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងខាងស្ថាប័ន និងទាំងការផ្លាស់ប្តូរប្រជាជន និងប្រជាជនឲ្យបានជោគជ័យ ដើម្បីឈានទៅការកសាងសហគមន៍អាស៊ានឆ្នាំ២០១៥»។
លោក ស៊ូរិន ពិតសុវណ្ណ បានបញ្ជាក់ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន ក្រោយជំនួបថា សមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនារបស់អាស៊ានទាំងអស់គាំទ្រកម្ពុជាធ្វើប្រធានអាស៊ាន ហើយអាស៊ាននឹងខំប្រឹងធ្វើកាងាររបស់ខ្លួនឲ្យសម្រេចបាននូវសហគមន៍អាស៊ានឆ្នាំ២០១៥។
«សមាជិកអាស៊ាន និងដៃគូសន្ទនាទាំងអស់មានការជឿជាក់យ៉ាងពេញលេញថា កម្ពុជានឹងធ្វើជាប្រធានអាស៊ានដោយទទួលបានជោគជ័យដ៏ធំធេង ហើយទាំងអស់គ្នាសន្យាគាំទ្រតាមរយៈរូបខ្ញុំ និងតាមរយៈលេខាធិការដ្ឋានដែលយើងនឹងធ្វើអ្វីៗចាំបាច់គ្រប់យ៉ាង។ កម្ពុជាចង់សហប្រតិបត្តិការ និងការគាំទ្រ និងការសម្របសម្រួលពីសមាជិកអាស៊ាន និងដៃគូសន្ទនាទាំងអស់ ដើម្បីជួយ គាំទ្រ និងប្រតិបត្តិការជាមួយកម្ពុជា ជាប្រធានអាស៊ាន ពីព្រោះពួកគេដឹងថាអាស៊ានគឺជាអង្គការតំបន់ជោគជ័យបំផុតនៅក្នុងពិភពលោកបច្ចុប្បន្ន»។
លោក សន ម៉ាក់គីនតុស្ស (Sean J. McIntosh) អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា ជាទូទៅសហរដ្ឋអាមេរិកទន្ទឹងរង់ចាំគាំទ្រកម្ពុជានៅក្នុងអំឡុងធ្វើជាប្រធានអាស៊ានរបស់ខ្លួននៅឆ្នាំ២០១២។
ទោះបីជាយ៉ាងនេះក្តី ក្រុមអ្នកសង្កេតការណ៍បានមើលឃើញថា តំណែងប្រធានអាស៊ានរបស់កម្ពុជាត្រូវប្រឈមនឹងការលំបាកស្មុគស្មាញជាច្រើនដែលត្រូវដោះស្រាយ ដូចជាជម្លោះព្រំដែនខ្មែរ ថៃ ជម្លោះសមុទ្រចិនខាងត្បូង ការគោរពសិទ្ធិមនុស្ស គ្រោះមហន្តរាយធម្មជាតិ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យបានថ្លែងថា តួនាទីប្រធានអាស៊ានរបស់កម្ពុជានឹងជួយជំរុញការកសាងសហគមន៍អាស៊ានឆ្នាំ២០១៥ទាំងសេដ្ឋកិច្ច នយោបាយ សន្តិសុខ និងវប្បធម៌ដោយគ្មានបញ្ហាទេ ប៉ុន្តែជម្លោះសមុទ្រចិនខាងត្បូងជាបញ្ហាលំបាកពីព្រោះសមាគមអាស៊ានបានទទួលរងឥទ្ធិពលនយោបាយពីសហរដ្ឋមេរិក និងចិន ខណៈដែល សហរដ្ឋអាមេរិកបានបង្ហាញគោលនយោបាយយ៉ាងច្បាស់អំពីការកសាងយុទ្ធសាស្ត្រយោធាដើម្បីទប់ទល់នឹងការគំរាមគំហែងខាងយោធាមកលើតំបន់អាស៊ីប៉ាស៊ីហ្វិក។
«ខ្ញុំឃើញមានឧបសគ្គបី៖ ទី១ទំនាស់ព្រំដែនរវាងខ្មែរ និងថៃ។ កម្ពុជាមិនអាចបំពេញមុខនាទីដោយអព្យាក្រឹត្យ។ ទី២ ចិន និងវៀតណាមទាស់គ្នា ហើយចិន និងប្រទេសអាស៊ាន រួមទាំងប្រទេសវៀតណាមខុសពីទស្សនៈ និងជំហរចិនថា ដោះស្រាយ (ជម្លោះសមុទ្រចិនខាងត្បូង) តាមទ្វេភាគី គឺពិបាក និងទី៣ឆ្នាំ២០១២នេះ ជាឆ្នាំមិត្តភាពកម្ពុជា វៀតណាម។ ឥឡូវនេះ គោលនយោបាយក្រៅប្រទេស យើងដូចជាជួបឧបសគ្គច្រើន»។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនគេចវេសពីតួនាទីរកដំណោះស្រាយបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងបានទេ ហើយបញ្ហាជម្លោះនេះ គឺជាបញ្ហារសើបដែលកម្ពុជាពិបាកសម្រេចចិត្តពីព្រោះចិនជាម្ចាស់ជំនួយដ៏ធំរបស់កម្ពុជា និងអាស៊ាន។
«ឥឡូវនេះ កម្ពុជាមានសម្ពាធក្នុងការដោះស្រាយ និងរកដំណោះស្រាយបញ្ហាទាក់ទងរឿងចិនជាមួយនឹងវៀតណាម ហើយចិនជាមួយហ្វីលីពិន ឥណ្ឌូនេស៊ី និងសមាជិកអាស៊ានដទៃ ដែលទាក់ទងនឹងសមុទ្រចិនខាងត្បូងហ្នឹងគឺជាប្រធានបទមួយដែលអាស៊ានទោះបីចង់ មិនចង់ ត្រូវតែលើកឡើងយកមកពិភាក្សាក្នុងយន្តការសន្តិសុខរួម។ កម្ពុជាជាប្រធានអាស៊ានត្រូវដើរតួនាទីសម្របសម្រួលឲ្យអាស៊ានចរចាជាមួយនឹងចិន ប៉ុន្តែមិនអាចដាក់សម្ពាធលើចិនបានទេ ពីព្រោះប្រទេសកម្ពុជានៅក្រោមឥទ្ធិពលចិនជាម្ចាស់ជំនួយដ៏ធំមួយ»។
លោក អ៊ូ វីរៈ បានបន្ថែមថា តួនាទីអាស៊ានរបស់កម្ពុជាទាក់ទងនឹងជម្លោះព្រំដែនខ្មែរ ថៃនេះ ជាផ្លូវមួយដែលកម្ពុជាត្រូវដើរដោយប្រុងប្រយ័ត្នបំផុត។
«កម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០១២ ហើយក៏ជាភាគីនៃជម្លោះ។ ប្រទេសកម្ពុជាគឺពិបាកក្នុងការដាក់របៀបវីរៈជម្លោះនេះ ដើម្បីរកដំណោះស្រាយ។ អញ្ចឹង ខ្ញុំមើលទៅរបៀបវារៈនេះគឺប្រហែលជានៅទ្វេភាគីជាជាងនៅជាមួយអាស៊ាន។ ចំពោះខ្ញុំៗថា កម្ពុជាប្រហែលជារកដំណោះស្រាយចរចាទ្វេភាគី ជាជាងយកយន្តការអាស៊ានមកប្រើប្រាស»។
លោក ផាវីន ឆាឆាវ៉ាលផុងពុន (Pavin Chachavalpongpun) អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកកិច្ចការនយោបាយ និងយុទ្ធសាស្ត្រនៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ានបានថ្លែងក្នុងសារអេឡិចត្រូនិកថា កម្ពុជាអាចជួបឧបសគ្គជាច្រើនទាក់ទងនឹងការដឹកនាំអាស៊ាននេះ។ ប៉ុន្តែកម្ពុជាត្រូវតែពង្រឹងកម្លាំងរបស់ខ្លួនក្នុងការធ្វើជាប្រធានអាស៊ាននេះ ហើយវាជាការឈ្លាសវ៉ៃ ដែលកម្ពុជានឹងលើកឡើងអំពីបញ្ហាដំណោះស្រាយជម្លោះ និងផ្តល់ជាអាទិភាពនោះ៕