ដីសណ្ដនៅជាប់មាត់ទន្លេមេគង្គក្នុងស្រុកកងមាស ខេត្តកំពង់ចាម ផ្ដល់លក្ខខណ្ឌអំណោយផលសម្រាប់ការដាំស្វាយកែវរមៀត និងស្វាយគុណភាពល្អផ្សេងទៀត។ ស្វាយទាំងអស់នេះ នឹងក្លាយជាទីផ្សារទៅកាន់ប្រទេសចិនបន្ថែមទៀតពេលកម្ពុជានិងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅក្នុងខែសីហាខាងមុខនេះ ខណៈដែលប្រទេសចិនអនុញ្ញាតឲ្យមានការនាំផ្លែស្វាយទៅប្រទេសចិនទៅដល់៥០ម៉ឺនតោនក្នុងមួយឆ្នាំៗ។
កសិករដែលដាំស្វាយជាលក្ខណៈគ្រួសារ ដូចលោកយូ វេងស្រ៊ី ក្នុងភូមិវ៉ារិន៣ឃុំខ្ចៅស្រុកកងមាស ខេត្តកំពង់ចាម កំពុងដាំស្វាយកែវមៀត នៅចម្ការរបស់លោកជាង១០ហិកតាជាប់នឹងទន្លេមេគង្គ។
កសិករ វ័យ៦១ឆ្នាំរូបនេះ ដាំស្វាយកែវរមៀតជាង២ពាន់ដើមលាតសន្ធឹងពីមាត់ទន្លេមេគង្គឆ្លងផុតគេហដ្ឋានរបស់លោក ចូលទៅដល់ចម្ការក្បែរបឹងលិចទឹកដែលនៅក្រោយភូមិ។លោកមានប្រសាសន៍ថា ការដាំស្វាយនេះ មានទីផ្សារគ្រាន់បើជាងការធ្វើស្រែ ដែលលោកយល់ថា ពិបាកចំណេញ។
លោកថ្លែងប្រាប់ VOA ក្នុងបទសម្ភាសន៍កាលពីថ្មីៗនេះថា៖ «ធូរធារច្រើនគ្រាន់បើជាងយើងធ្វើស្រូវ ធ្វើអង្ករ។ ទិន្នផលលុយកាក់ហ្នឹង វាបានច្រើនជាងស្រូវ»។
បញ្ហារបស់អ្នកដាំស្វាយ ដូចជា លោក យូ វេងស្រ៊ី ទាក់ទងនឹងតម្លៃ និងទីផ្សារមិនទៀងទាត់។ ទីផ្សារស្វាយរបស់លោកបច្ចុប្បន្នមាននៅក្នុងប្រទេសវៀតណាម និងថៃ ដោយឈ្មួញចុះមកទិញដល់ចម្ការ។ លោកយល់ថា ផ្លែស្វាយរបស់លោក ក៏បានទៅដល់ទីផ្សារចិនរួចទៅហើយតាមប្រទេសវៀតណាម។
តម្លៃស្វាយរហូតមកដល់ពេលនេះ គឺជាង១៥០០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃនៅទាបនៅឡើយ។ លោកបានដឹងអំពីពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ដែលនាំឲ្យកម្ពុជាមានផលិតផលកសិកម្មបន្ថែមនាំទៅប្រទេសចិន ក្នុងនោះមានស្វាយរបស់លោកផងដែរ។ ប៉ុន្តែលោកមិនទាន់ដឹងថា ស្វាយរបស់លោកពិតជាឈ្មួញមកទិញក្នុងតម្លៃថ្លៃជាងមុន ហើយនាំទៅចិននោះទេ។
លោកថ្លែងថា៖ «ល្អបានលំនឹងតម្លៃ។ បើបានគេនាំចេញទៅយើងបានកើនតម្លៃ។លំនឹងតម្លៃហ្នឹងបានល្អស្ថិររហូត»។
លោកយល់ថា បញ្ហាទីផ្សារជារឿងសំខាន់ តែលោកថាលោកបារម្ភខ្លាចស្វាយរបស់ប្រទេសជិតខាងនាំចូលមកកម្ពុជា ហើយដាក់ស្លាកធ្វើជាស្វាយខ្មែរ។
លោកបន្ថែមថា៖ «ពិភពលោកអត់ស្គាល់ស្វាយខ្មែរទេស្គាល់តែស្វាយពួកវាហ្នឹង…. ដឹងតែស្វាយថៃ ស្វាយយួន តាមការណ៍ពិតដឹកពីយើងហ្នឹងទៅ។ អាហ្នឹងទាល់តែត្រូវជាមួយចិន កុំយករបស់គេ។ ខ្មែរស៊ីមិនបានមួយខេត្តរបស់វា(ចិន)ផង»។
បញ្ហាដែលអ្នកដាំស្វាយរូបនេះព្រួយបារម្ភមួយទៀត គឺអ្នកវិនិយោគបរទេសនឹងដាំស្វាយជាចម្ការធំៗលើដីរាប់រយរាប់ពាន់ហិកតា ដែលធ្វើឲ្យកសិករខ្មែរគ្មានទីផ្សារសម្រាប់ស្វាយរបស់ពួកគេ ឬ គ្មានអ្នកបញ្ជាទិញស្វាយ។
លោកមានប្រសាសន៍ថា៖ «អាចដូចកសិកម្មអីហ្នឹង អាចមកដាំចេក ដាំអីហ្នឹង។វាមកដាំពេញហ្នឹងដែរហ្នឹង។ ស្វាយហ្នឹងដូចមានដាំហើយ ដូចខាងមណ្ឌលគិរី។យើងឃើញថាដាំហ្នឹង ដាំប្រហែលមិនតិចទេរាប់ម៉ឺនហិកតា»។
កាលពីខែមិថុនាឆ្នាំ២០២០រដ្ឋាភិបាលកម្ពុជា និងចិនបានចុះកិច្ចព្រមព្រៀងលើពិធីសារក្នុងការនាំស្វាយស្រស់ដែលមានគុណភាពល្អទៅកាន់ទីផ្សារប្រទេសចិន ដោយមានការចែងពីស្ដង់ដារគុណភាព និងនីតិវិធីនៃការដាំដុះ លាងសម្អាត វេចខ្ចប់និងដឹកជញ្ជូននាំចេញ។ ក្រសួងកសិកម្មបញ្ជាក់ថាកម្ពុជាអាចនាំស្វាយស្រស់មានគុណភាពល្អទៅកាន់ប្រទេសចិន ប្រមាណ៥០ម៉ឺនតោនក្នុងមួយឆ្នាំៗ។
បើតាមក្រសួងកសិកម្ម គិតត្រឹមខែមិថុនាឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំផ្លែស្វាយស្រស់ចេញទៅកាន់ប្រទេសចិន ចំនួន២០ក្រុមហ៊ុននិងម្ចាស់ចម្ការ ដែលមានផ្ទៃដីជាង២១.០០០ហិកតា។ ក្រសួងកសិកម្មឲ្យដឹងទៀតថា បច្ចុប្បន្ននេះ ផ្ទៃដីដាំដុះស្វាយនៅទូទាំងប្រទេសកម្ពុជា មានជាង១០ម៉ឺនហិកតា។ ក្រសួងបញ្ជាក់ថា ទិន្នផលផ្លែស្វាយមានប្រមាណ១លាន២សែនតោនក្នុងមួយរដូវ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាមលោក ស៊ីម ថាវីរៈ មានប្រសាសន៍ថា មន្រ្តីជំនាញរបស់លោកកំពុងណែនាំបច្ចេកទេសដល់ប្រជាពលរដ្ឋដើម្បីបំពេញតាមលក្ខខណ្ឌរបស់ប្រទេសដែលនាំចូល។លោកអំពាវនាវឲ្យប្រជាពលរដ្ឋដែលដាំជាលក្ខណៈគ្រួសារអាចចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានការណែនាំបន្ថែមទៀត។
ខេត្តកំពង់ចាមទាំងមូលមានដីដាំស្វាយជាង៣ពាន់ហិកតា ដែលនាំទៅវៀតណាម ថៃ និងប្រទេសកូរ៉េខាងត្បូង។នេះបើយោងតាមតួលេខផ្ដល់ដោយលោក ស៊ីម ថាវីរៈ។ លោកបន្តថានៅមានផ្ទៃដីផ្សេងទៀត ដែលប្រជាពលរដ្ឋអាចដាំស្វាយបាន ដើម្បីបំពេញទីផ្សារនាំទៅប្រទេសចិនទៅថ្ងៃខាងមុខ នៅពេលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ប្រធានមន្ទីរកសិកម្មរូបនេះ មានប្រសាសន៍ថា៖ «ខ្ញុំគិតថា វាល្អ បើបានបើកទីផ្សារទូលំទូលាយ គ្រប់តែកន្លែង។ បានន័យថា ទីផ្សារ យើងអត់មានចាល់ កសិករសប្បាយចិត្ត។យើងដល់ហើយថា កាលណាអត់ទីផ្សារ ធ្វើឲ្យគាត់ខាតបង់»។
លោកបានបន្ថែមថា៖ «យើងនៅមានសក្តានុពលពង្រីក។អ៊ីចឹងបានថា វាអាស្រ័យទៅលើទីផ្សារ។ កាលណាទីផ្សារល្អ ឆ្នាំក្រោយ គាត់ដាំ។ ទីផ្សារមិនល្អឆ្នាំក្រោយ គាត់អាចដឹងអីអ៊ីចឹង។ ហើយមិនល្អតែយូរទៅ អាចនឹងកាប់ទៀត។ អាហ្នឹង វាមិនខុសពីកៅស៊ូទេ ហើយយើងក៏មិនប្រកាន់យ៉ាងម៉េចដែរព្រោះអាហ្នឹងជម្រើសរបស់គាត់»។
ក្នុងវេទិកាសាធារណៈមួយកាលពីថ្ងៃអង្គារលោកសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ប្រជាកសិករកម្ពុជាត្រូវតែរៀនបន្ថែម ហើយដាំអ្វីដែលជាតម្រូវការរបស់ទីផ្សារចិន។លោកក៏ព្រួយបារម្ភអំពីអ្នកវិនិយោគចិនមកចិញ្ចឹមត្រី និងដាំដំណាំផ្សេងទៀតដោយខ្លួនឯង ដែលជាតម្រូវការរបស់ប្រទេសចិន។
លោកសុខ ទូចមានប្រសាសន៍ថា៖ «កុំបើកនាំត្រីចេញទៅ សុទ្ធតែចិនមកចិញ្ចឹម។ ជួលដីខ្មែរមកចិញ្ចឹម អាហ្នឹងមួយទៀត»។
ប្រធានសហព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿនមានប្រសាសន៍ថា លោកបារម្ភថា កសិករខ្មែរជាលក្ខណៈគ្រួសារ និងសហគមន៍មិនអាចបំពេញតាមស្តង់ដាររបស់ប្រទេសនាំចូលនោះទេ ហើយកម្ពុជាក៏មិនទាន់មានរោងចក្រកែច្នៃច្រើនដែរ។លោកជំរុញឲ្យរដ្ឋាភិបាលត្រូវពង្រឹងសមត្ថភាព និងបច្ចេកទេសដល់អ្នកផលិត និងអ្នកដាំផងដែរ។
«បើមិនអ៊ីចឹងទេខ្ញុំគិតថា ការដាំស្វាយជាលក្ខណៈគ្រួសារ និងសហគមន៍នឹងរងផលប៉ះពាល់បន្ថែមហើយបានប្រយោជន៍តែក្រុមហ៊ុនដែលមានលទ្ធភាព ទាំងធនធានបច្ចេកទេស ទាំងធនធានថវិកា ដែលនាំទៅទទួលបានផលចំណេញ»។
លោក ថេង សាវឿន បន្តថា បច្ចេកទេសនៃការកែច្នៃផ្លែស្វាយនៅមានកម្រិតនៅឡើយ ដែលធ្វើឲ្យកសិករខាតបង់។ ដូច្នេះលោកថា រដ្ឋ និងក្រុមហ៊ុនវិនិយោគ ត្រូវពង្រឹង និងពង្រីកការកែច្នៃផ្លែស្វាយទុំ ដើម្បីជាប្រយោជន៍របស់កសិករខ្មែរ។លោកក៏ជំរុញឲ្យមានការផ្សព្វផ្សាយទូលំទូលាយអំពីលក្ខខណ្ឌទាក់ទងនឹងពាណិជ្ជកម្មសេរីនេះ ឲ្យកសិករ បានដឹងដើម្បីឲ្យពួកគេអាចត្រៀមខ្លួនទៅថ្ងៃខាងមុខ៕