រដ្ឋាភិបាល​នឹង​ចាប់​ផ្តើម​ផាក​ពិន័យ​អ្នក​ជក់​បារី​ក្នុង​ទី​សាធារណៈ​នៅ​ខែ​កញ្ញា

បុរស​ម្នាក់​ជក់​បារី​នៅ​ថ្ងៃ​ច័ន្ទ​ ទី​២៣​ ខែ​ឧសភា​ នៅ​រាជធានី​ភ្នំពេញ​ ខណៈពេល​ដែល​​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ហាមឃាត់​ការជក់​បារី​នៅ​តាម​ទីសាធារណៈ​ដែល​នឹង​ចាប់​ផ្ដើម​មាន​ការ​ផាក​ពិន័យ​នៅ​ថ្ងៃទី​១៦​កញ្ញា​ខាង​មុខ​នេះ​។ ​(ឡេង ឡែន/VOA)

អនុក្រឹត្យ​ស្តីពី​«វិធាន​ការ​ហាម​ការ​ជក់​ឬ​ការ​បង្ហុយ​ផ្សែង​ផលិត​ផល​ថ្នាំ​ជក់​នៅ​កន្លែង​ធ្វើ​ការ​ ឬ​កន្លែង​សាធារណៈ» ​ដែល​ចូល​ជា​ធរមាន​កាល​ពី​ខែ​មីនា​កន្លង​មក​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ការពារ​សុខុមាលភាព​របស់​ប្រជាជន​ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំ​ជក់​នៅ​កម្ពុជា។

ថ្ងៃ​ទី​៣១​ ខែ​ឧសភា​ ជា​រៀងរាល់​ឆ្នាំ​ គឺ​ជា​ទិវា​ពិភពលោក​គ្មាន​ផ្សែង​បារី។ ទន្ទឹម​នឹង​នេះ​ដែរ​ រដ្ឋាភិបាល​ សង្គម​ស៊ីវិល​ និង​ភាគី​ពាក់ព័ន្ធ​កំពុង​ផ្តោត​ការ​ចាប់​អារម្មណ៍​ចំពោះ​ការ​អប់រំ​ និង​ផ្សព្វផ្សាយ​អំពី​ការ​ហាម​ប្រាម​ការ​ជក់ ឬ​បង្ហុយ​ផលិតផល​ថ្នាំ​ជក់​នៅ​កន្លែង​សាធារណៈ ដែល​នឹង​មាន​ការ​ផាក​ពិន័យ​នា​ខែ​កញ្ញា​ខាង​មុខ​នេះ។​

រយៈពេល​ជាង​២ខែ​ក្រោយ​រដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការ​ហាម​ការ​ជក់បារី ឬ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់​នៅ​កន្លែង​សាធារណៈ​នោះ រដ្ឋាភិបាល​កម្ពុជា​ និង​ភាគី​ពាក់ព័ន្ធ នៅ​ពេល​នេះ​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការ​អប់រំ​ផ្សព្វផ្សាយ​មុន​ការ​ផាក​ពិន័យ​ចាប់ផ្តើម។​

អនុក្រឹត្យ​ស្តីពី​«វិធាន​ការ​ហាម​ការ​ជក់​ឬ​ការ​បង្ហុយ​ផ្សែង​ផលិត​ផល​ថ្នាំ​ជក់​នៅ​កន្លែង​ធ្វើ​ការ​ ឬ​កន្លែង​សាធារណៈ» ​ដែល​ចូល​ជា​ធរមាន​កាល​ពី​ខែ​មីនា​កន្លង​មក​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ការពារ​សុខុមាលភាព​របស់​ប្រជាជន​ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំ​ជក់​នៅ​កម្ពុជា។

អនុក្រឹត្យ​នេះ​នឹង​ធ្វើ​ការ​ផាក​ពិន័យ​ចន្លោះ​ពី​២០.០០០​(២ម៉ឺន)​រៀល​ ដល់​៥០.០០០​(៥ម៉ឺន)​រៀល ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​ជក់​បារី​ ឬ​ផលិតផល​ថ្នាំ​ជក់​នៅ​ទី​សាធារណៈ ​និង​ម្ចាស់​កន្លែង​សាធារណៈ​ណា​ ដែល​មិន​បាន​រៀបចំ​ដាក់​ស្លាក​ហាម​ប្រាម​ការ​ជក់បារី។ ​កន្លែង​សាធារណៈ​នេះ​សំដៅ​ដល់​ភោជនីយដ្ឋាន ​កន្លែង​ធ្វើការ​ គ្រឹះស្ថាន​សាធារណៈ​ មន្ទីរពេទ្យ​ សាលារៀន​ និង​សួនច្បារ​សាធារណៈ​ជាដើម។ ហើយ​ការ​ផាក​ពិន័យ​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្តាល​ខែ​កញ្ញា​ខាង​មុខ​ ពោល​គឺ​៦ខែ​បន្ទាប់ពី​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន។​

លោកស្រី​បណ្ឌិត ឈា ឆដាភា នាយិកា​នៃមជ្ឈមណ្ឌល​ជាតិ​លើក​កម្ពស់​សុខភាព បញ្ជាក់​ប្រាប់ VOA ថា រដ្ឋាភិបាល​កម្ពុជា​ជា​រឿយៗ​តែងតែ​មាន​វិធានការ​អប់រំ​ណែនាំ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ការ​ជក់បារី ឬ​ប្រើប្រាស់ថ្នាំ​ជក់​នេះ​ គ្រាន់​តែ​កាល​ពី​មុន​មិនទាន់​មាន​ការ​ផាក​ពិន័យ​ប៉ុណ្ណោះ។

រូបឯកសារ៖ កញ្ចប់​បារី​ច្រើន​ប្រភេទ​ដាក់តាំង​នៅ​ក្នុង​ហាង​លក់​ថ្នាំជក់​មួយ​កន្លែង​នៅ​ប្រទេស​បារាំង កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥។

លោកស្រី​ពន្យល់​ថា៖ «វិធានការ​ថ្នាំជក់​ ក៏​យើង​មាន​ដែរ​ពី​មុន​នោះ ​មិន​មែន​ទើប​តែ​មាន​ពេល​នេះ​ទេ។ ពីមុន​យើង​មិន​ទាន់​មាន​អនុក្រឹត្យ​ មិន​ទាន់​មាន​ការ​ផាក​ពិន័យ​ តែ​យើង​មាន​វិធានការ​អប់រំ​ច្រើន​ណាស់។ ដោយសារ​វិធានការ​អប់រំ[របស់]​យើង ទើប​អត្រា​ប្រើប្រាស់​ថ្នាំ​ជក់​យើង​មាន​ការ​ថយ​ចុះ​ជា​បន្តបន្ទាប់​ ឆ្នាំ​២០១០​ ឆ្នាំ​២០១៤​ បន្ត​ធ្លាក់​ចុះ​ ៥%​ ឬ​៦%​រហូត»។

​កាលពី​ថ្ងៃទី​២៦​ ខែ​ឧសភា​កន្លង​ទៅ​ ក្រសួង​សុខាភិបាល​ និង​សង្គម​ស៊ីវិល​បាន​ប្រារព្ធ​ទិវា​ពិភពលោក​គ្មាន​ផ្សែង​បារី​រួច​មក​ហើយ ​ក្រោម​ប្រធានបទ​ការ​ដាក់​សារ​ព្រមាន​សុខភាពនៅ​លើ​កញ្ចប់​ផលិតផល​ថ្នាំ​ជក់។ ការ​ធ្វើ​បែប​នេះ​ គឺជា​ការ​ក្រើន​រំឭក​អំពី​ផលវិបាក​ និង​ជំងឺ​ដែល​បង្ក​ឡើង​ពី​ការ​ជក់​ផលិតផល​ថ្នាំជក់​ និង​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ជក់​ផលិតផល​ថ្នាំ​ជក់​បោះបង់​ ឬ​កាត់​បន្ថយ​ទម្លាប់​ជក់​របស់​ពួក​គេ។

លោក​វេជ្ជបណ្ឌិត​ យ៉ិល ដារ៉ាវុធ​ មន្ត្រី​ទទួល​បន្ទុក​ការងារ​ទិស​លុបបំបាត់​ថ្នាំ​ជក់ គ្រឿង​ស្រវឹង​និង​ការងារ​សុខ​ភាព​ផ្លូវ​ចិត្ត​នៃ​អង្គការ​សុខភាព​ពិភព​លោក​ WHO​ ប្រចាំ​កម្ពុជា ថ្លែង​ប្រាប់​ VOA ថា ​មាន​ការ​អប់រំ​ផ្សព្វផ្សាយ​ និង​វិធានការ​ជា​ច្រើន​ដែល​កំពុង​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​៦ខែ​ មុន​មាន​ការ​ផាក​ពិន័យ។​ វិធាន​ការ​ទាំង​នោះ​មាន​ជា​អាទិ៍ ការ​ហាមឃាត់​ការ​បង្ហុយ​ផ្សែង​បារី​នៅ​កន្លែង​សាធារណៈ​ ការ​ហាម​ឃាត់​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​ថ្នាំ​ជក់ ​ការ​ដំឡើង​ពន្ធ​នាំ​ចូល​ថ្នាំ​ជក់ និង​ការ​ដាក់​សារ​ជា​រូបភាព​លើ​កញ្ចប់​បារី​ជាដើម។

លោក​វេជ្ជបណ្ឌិត​ យ៉ិល ដារ៉ាវុធ​ ថ្លែង​ថា៖«អនុក្រឹត្យ​នេះ​កំពុង​តែ​ផ្សព្វផ្សាយ​ជា​បន្ត​បន្ទាប់។ គេ​ទុក​រយៈពេល​៦ខែ​ដែរ​ឲ្យ​ស្ថាប័ន​ក្រុមហ៊ុន​អី​ ឬ​ក៏​ភោជនីយដ្ឋាន​អី​ត្រៀម​ខ្លួន។ ហើយ​ក្រោយ​៦​ខែ​ ក្រុម​អធិការកិច្ច​នៃ​ក្រសួង​សុខាភិបាល​នឹង​ចុះ​តាម​ដាន​ ចុះ​មើល​តាម​ហាង​ តាម​អី​ថា​មាន​បិទ​ផ្លាក​អត់»។​

តាម​ការ​សង្កេត​របស់​លោក​វេជ្ជបណ្ឌិត ​យ៉ិល ដារ៉ាវុធ​ និន្នាការ​នៃ​ការ​ជក់​បារី​និង​ប្រើប្រាស់​ថ្នាំ​ជក់​នៅ​កម្ពុជា​មាន​ការ​ថយ​ចុះ។ ដោយ​ឡែក​ចំនួន​អ្នក​ជក់​បារី​ និង​ប្រើប្រាស់​ថ្នាំ​ជក់​នៅ​មានប្រមាណ​២លាន​នាក់ ពោល​គឺ​មិន​ទាន់​មាន​ការ​ថយ​ចុះ​នោះ​ទេ។

លោក​បន្ថែម​ថា៖«ធ្វើ​ចឹង​ឲ្យ​គាត់​មាន​ការ​លំបាក​ក្នុង​ការ​ជក់​ដែរ។ ដល់​មាន​ការ​លំបាក​យូរៗ​គាត់​កាត់​បន្ថយ​ចំនួន​ដែរ។ ឧទាហរណ៍​ គាត់​ជក់​ម្ង៉ៃ​២០ដើម​ ទម្រាំ​គាត់​បាន​ចេញ​ទៅ​ជក់​ម្តង​២​ឬ៣​ដើម​ចឹង​ គាត់​អាច​បន្ថយ​មក​ជក់​ត្រឹម​កន្លះ​កញ្ចប់​អី​ដែរ។​ ចឹង​ វិធាន​ការ​ហាម​ជក់បារី​នៅ​កន្លែង​ធ្វើការ​ កន្លែង​ហាម​ឃាត់​សាធារណៈ​មួយ​ចំនួន​ដែល​បាន​ចែង​ក្នុង​អនុក្រឹត្យ​ វា​អាច​លើក​ទឹកចិត្ត​ឲ្យ​អ្នក​ជក់​កាត់​បន្ថយ​ចំនួន​បារី និង​ឆ្ពោះ​ទៅ​ដល់​លះបង់​ទម្លាប់​ជក់បារី​ដែរ»។

រូបឯកសារ៖ លោក​ ហ៊ុន ​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា កំពុង​ជក់បារី។

យោង​តាម​របាយការណ៍​ពី​ក្រសួង​ផែនការ​ក្នុង​ឆ្នាំ​២០១៤​បង្ហាញ​ថា អ្នក​មិន​ជក់​បារី​៦០% កំពុង​ស្រូប​ផ្សែង​បារី​ពី​គេ។​ ទីកន្លែង​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ស្រូប​ផ្សែង​បារី​ខ្ពស់​ជាង​គេ គឺ​នៅ​ភោជនីយដ្ឋាន ឬ​អាហារដ្ឋាន ដែល​មាន​អត្រា​ខ្ពស់​ដល់​ទៅ​៧៦% ​នៅ​ក្នុង​អគារ​ធ្វើ​ការ​របស់​រដ្ឋ (៤៩%) និង​នៅ​ពេល​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ (៣៤%)។ ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​អត្រា​ស្រូប​ផ្សែង​បារី​ខ្ពស់​ជាង​គេ​នៅ​ភោជនីយដ្ឋាន​ក្នុង​តំបន់​អាស៊ាន ហើយ​អ្នក​ជក់​បារី​នៅ​កម្ពុជា​ភាគ​ច្រើន​គឺ​ជា​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​ និង​មាន​វ័យ​ចំណាស់។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ចុង​ខែ​មករា​ដើម​ឆ្នាំ​២០១៦​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ លោក​បាន​ផ្តាច់​ការ​ជក់បារី​ដោយ​ជោគជ័យ​ហើយ។​ លោក ​ហ៊ុន សែន​ ដែល​បាន​ចាប់​ផ្តើម​ជក់​បារី​តាំង​ពី​ទសវត្សរ៍​១៩៧០ ពេល​ដែល​លោក​ធ្វើ​ការ​តស៊ូ​នៅ​ក្នុង​ព្រៃ​ជាមួយ​ពួក​ខ្មែរក្រហម ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា​បោះ​បង់​ការ​ជក់​បារី​ផង​ដែរ៕