ប្រទេសក្នុងតំបន់មួយចំនួនថ្មីៗនេះបានងាកបែរពីការធ្វើទំនាក់ទំនងជិតដិត ជាមួយប្រទេសចិនកុម្មុយនីស្តទៅរកទំនាក់ទំនងជាមួយប្រទេសកាន់លទ្ធិប្រជាធិបតេយ្យក្នុងពិភពលោកដូចជាសហរដ្ឋអាមេរិក។ តែកម្ពុជាបច្ចុប្បន្ននេះរិតតែបង្កើនទំនាក់ទំនងជាមួយប្រទេសចិនទៅវិញ។ ក្រុមអ្នកវិភាគមួយចំនួនក្នុងសហរដ្ឋអាមេរិក បាននិយាយថា កម្ពុជាត្រូវការពឹងអាងធនធានសេដ្ឋកិច្ចចិននិងនយោបាយមហាអំណាចចិនដើម្បីរស់រានហើយនឹងទប់ទល់ឥទ្ធិពលប្រទេសវៀតណាម។
លោក រីឆាដ សូឡូម៉ុង (Richard Solomon) អតីតអនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក បានលើកយកប្រទេសភូមាដែលធ្លាប់ជិតដិតជាមួយចិនតែបានងាកបែរទៅរកសហរដ្ឋអាមេរិកនៅសប្តាហ៍ថ្មីៗនេះ ហើយកូរ៉េខាងជើងបានបើកចំហរខ្លាំងជាងមុនក្នុងទំនាក់ទំនងជាអន្តរជាតិ។ លោកបានដាក់សំណួរពីការសម្រេចចិត្តនៃប្រទេសកម្ពុជា។
«ដូច្នេះតើរដ្ឋាភិបាលលោកហ៊ុន សែននឹងធ្វើអ្វី? កម្ពុជាពឹងផ្អែកជាសំខាន់លើទំនាក់ទំនងជាមួយចិនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ហើយនឹងការការពារប្រឆាំង នឹងសម្ពាធរបស់វៀតណាមផងដែរបើតាមខ្ញុំសន្និដ្ឋាន»។
ថ្លែងទៅកាន់កិច្ចប្រជុំពិភាក្សានៅក្នុងសាកលវិទ្យាល័យ ប៊ឺកលី រដ្ឋកាលីហ្វ័រញ៉ា ប៉ុន្មានថ្ងៃថ្មីៗនេះអំពីបញ្ហា២០ឆ្នាំក្រោយសន្ធិសញ្ញាទីក្រុងប៉ារីស លោក Solomon បានបន្ថែមថា៖
«ប្រទេសកម្ពុជាជាច្រើនសតវត្សរ៍ហើយបានព្យាយាមរក្សាឯករាជ្យភាពនិងភាពរស់រានដោយការព្យាយាមតស៊ូក្នុងបរិយាកាសអន្តរជាតិដ៏មហាស្មុគស្មាញនេះ»។
ប្រទេសកម្ពុជាទទួលរងឥទ្ធិពលពីវៀតណាមនិងចិនយ៉ាងខ្លាំងចុងក្រោយក្នុង ពេលដែលប្រទេសទាំងពីរចិន និងវៀតណាមកំពុងមានវិវាទរវាងគ្នារឿងព្រំដែនទឹក។ វៀតណាមធ្លាប់ឈ្លានពានកម្ពុជាដើម្បីបណ្តេញកងទ័ពខ្មែរក្រហមក្នុងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក៏ប៉ុន្តែវៀតណាមទទួលរងការរិះគន់ពីការរំលោភយកទឹកដីកម្ពុជាហើយធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនធំបង្ហាញការមិនពេញចិត្តនិងភ្លេចពីការជួយរបស់វៀតណាម ទោះបីជាវៀតណាមបានបដិសេធពីការមិនបានប៉ះពាល់ទឹកដីកម្ពុជាយ៉ាងណាក្តី។ វៀតណាមរងការចោទប្រកាន់ផងដែរអំពីឥទ្ធិពលរបស់ខ្លួនលើក្រុមមន្ត្រីកម្ពុជាបច្ចុប្បន្នដែលអ្នកវិភាគចាត់ទុកថានោះក៏ជាបញ្ហាដែរ។ ចំណែកឯប្រទេសចិនដែលធ្លាប់គាំទ្ររបបខ្មែរក្រហម ដែលជារបបកាប់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ជិត២លាននាក់នោះ បានក្លាយជាប្រទេសផ្តល់ ជំនួយធំជាងគេនៅឆ្នាំចុងក្រោយនេះដោយបានផ្តល់ជំនួយដល់កម្ពុជាជាង ១,០០០ លានដុល្លារគឺស្មើឬច្រើនជាងជំនួយប្រទេសផ្តល់ជំនួយផ្សេងៗសម្រាប់ កម្ពុជា។
លោកសាស្ត្រាចារ្យ ចូអែល ប្រីងលី (Joel Brinkley) នៃសាកលវិទ្យាល័យ Stanford ក្នុងរដ្ឋកាលីហ្វ័រញ៉ាបានថ្លែងថាពលរដ្ឋកម្ពុជាពិតជាមានការរីករាយនឹងការផ្តល់ជំនួយចិនរាប់ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍប្រទេសដូចជាការកសាងផ្លូវ ស្ពានតែលោកប្រមើលមើលឃើញថាកម្ពុជានឹងត្រូវសងចិនវិញ។
«ប៉ុន្តែប្រទេសចិនមិនមែនផ្តល់ជំនួយទៅកម្ពុជាក្នុងនាមជាអង្គការសប្បុរសធម៌ដ៏ធំនោះទេ។ ចិនចង់បានអ្វីត្រឡប់មកវិញដែរ»។
លោកសាស្ត្រាចារ្យ Joel Brinkley បានអះអាងថាអ្វីដែលចិនចង់បាននោះគឺទំនងជាធនធានធម្មជាតិកម្ពុជាជាច្រើនដូចជាប្រេងក្នុងឈូងសមុទ្រ រ៉ែជាច្រើនប្រភេទ ដែលចិននឹងប្រាប់កម្ពុជា។
លោក ប្រែដ អាដាម (Brad Adams) នាយកអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ីនិយាយថាកំណើនឥទ្ធិពលចិនទាំងសេដ្ឋកិច្ចនិងនយោបាយមកលើកម្ពុជាជាបញ្ហាដោយសារការផ្តល់ជំនួយចិនមិនគិតពីលក្ខខណ្ឌនៃការធ្វើឲ្យប្រសើរឡើងនៃសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអនុវត្តច្បាប់នានា។ លោក Brad Adamsបានអះអាងថានេះហើយជាការលំបាកសម្រាប់ក្រុមប្រទេសអ្នកផ្តល់ជំនួយដទៃទៀតក្នុងការមានឥទ្ធិពលហើយនឹងចង់កែទម្រង់លើវិស័យនានាជាវិជ្ជមានសម្រាប់កម្ពុជា។
«ប៉ុន្តែខ្ញុំជឿថារដ្ឋាភិបាលកម្ពុជាមិនចង់ពឹងពាក់លើប្រទេសចិនតែមួយ។ ប្រជា ពលរដ្ឋកម្ពុជាមិនចង់បានរឿងដូច្នោះ។ ប្រជាពលរដ្ឋមិនចង់បាន ប្រទេសតែមួយ ដែលគេត្រូវពឹងពាក់នោះទេ»។
ថ្លែងមកកាន់វីអូអេផ្នែកខេមរភាសាក្នុងកិច្ចសម្ភាសមួយតាមរយៈទូរស័ព្ទ លោក ងួន ញ៉ិលអនុប្រធានទីមួយនៃរដ្ឋសភាប្រទេសកម្ពុជាពុំបានឆ្លើយបដិសេធ ឬទទួលយកពីការដែលកម្ពុជាជាប្រទេសពឹងពាក់ឬជិតដិតនឹងចិនតែមួយ នោះទេ។ តែលោកបានចោទជាសំណួរតបវិញថាប្រទេសជាច្រើនដែលជួយ កម្ពុជានោះមិនមែនបង្ហាញពីការជិតដិតនឹងប្រទេសទាំងនោះដែរឬ?
«ប៉ុន្តែយើងសួរថា ចុះចិនឲ្យសហគមន៍អឺរ៉ុបឬមួយក៏សហរដ្ឋអាមេរិកខ្ចីលុយជាច្រើននោះ តើចិនជិតស្និទ្ធនឹងអាមេរិកដែរឬអត់? ទាល់តែឆ្លើយ នឹងសំណួរខ្ញុំអាហ្នឹងបានខ្ញុំនិយាយទៅរួច»។
ទោះជាយ៉ាងណាក៏ដោយលោក ងួន ញ៉ិលបានអះអាងថាកម្ពុជាធ្វើសមាហរណកម្មសាកលនិងក្នុងតំបន់ហើយកម្ពុជាជាសមាជិកមួយនៃអ.ស.ប។
លោក Solomon បច្ចុប្បន្នជានាយកវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក (USIP)បានទទួលស្គាល់ថាចិនមានទំនាក់ទំនងកាន់តែជិតដិតជាងគេ ជាពិសេសជាងវៀតណាម ជាប្រទេសជិតខាងកម្ពុជាដែលមានទំនាក់ទំនងអាក្រក់ជាយូរហើយនោះ។ លោកថ្លែងថា ចិនក្លាយជាប្រទេសមានឥទ្ធិពលនិងកម្លាំងខ្លាំងអាចគាបសង្កត់លើប្រទេសវៀតណាមបើពលរដ្ឋកម្ពុជាមិនពេញចិត្តពីទង្វើអ្វីមួយ របស់វៀតណាមបច្ចុប្បន្ននេះ។
«ប្រទេសទាំងឡាយដែលអាចដាក់សម្ពាធលើវៀតណាមសព្វថ្ងៃនេះ ហើយ គាំទ្ររដ្ឋាភិបាលកម្ពុជារបស់លោក ហ៊ុន សែន គឺប្រទេសចិន»។
នៅពេលគេសួរថាតើលោកនាយករដ្ឋមន្ត្រីហ៊ុន សែនគ្រប់គ្រងដោយវៀតណាម លោក Solomon បានថ្លែងដោយពាក្យកំប្លែងថាលោក ហ៊ុន សែនគ្រប់គ្រង លោកហ៊ុន សែនខ្លួនគាត់។
ប្រទេសកម្ពុជាត្រូវគេចាត់ទុកថាជាប្រទេសក្រីក្រមួយក្នុងពិភពលោកហើយ មានពលរដ្ឋប្រមាណជិត៣០ភាគរយរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ កម្ពុជាពឹងផ្នែកជំនួយបរទេសច្រើនជាង១.០០០លានដុល្លារក្នុងមួយឆ្នាំៗ។
ក្រុមអ្នកវិភាគខ្លះទៀតបាននិយាយដែរថាការងាកបែរចេញពីចិននៃបណ្តា ប្រទេសអន់ថយទាំងសេដ្ឋកិច្ច ទាំងនយោបាយមួយចំនួនគឺដើម្បីការទទួលស្គាល់ជាអន្តរជាតិ។ ប្រទេសភូមានិងកូរ៉េខាងជើងដែលល្បីឈ្មោះអាក្រក់លើ ពិភពលោក ផ្នែករំលោភសិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងការបិទសិទ្ធិសេរីភាព ពលរដ្ឋគ្រប់បែបយ៉ាងចង់បានការទទួលស្គាល់ជាអន្តរជាតិឡើងវិញពីប្រទេស លោកខាងលិចជាពិសេសសហរដ្ឋអាមេរិកក្រៅពីប្រាថ្នាចង់រួចផុតពីទណ្ឌកម្មនានាពីសហគមន៍អន្តរជាតិ៕