ភ្នំពេញ — ក្តីសង្ឃឹមរបស់អាជីវករត្រូវបាត់បង់ បន្ទាប់ពីចរាចរណ៍នៅរាជធានីភ្នំពេញចាប់ផ្តើមស្ងប់ស្ងាត់ជាថ្មី ដោយសារការឆ្លងជំងឺកូវីដ១៩ ទ្រង់ទ្រាយធំក្នុងសហគមន៍ជាលើកទី ៣ កាលពីថ្ងៃទី២០ ខែកុម្ភៈ។
ការឆ្លងក្នុងសហគមន៍ជាថ្មីនេះកើតឡើង ស្របពេលកម្ពុជាកំពុងបន្តការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ដែលទើបទទួលបានចំនួន ៦០ ម៉ឺនដូស ពីរដ្ឋាភិបាលចិន។ ការណ៍នេះធ្វើឲ្យអ្នកស្រី ឈាវ សុភា ហាក់អស់សង្ឃឹមក្នុងការប្រកបមុខរបរ និងស្ទើរតែមិនជឿថា ស្ថានភាពជំងឺកូវីដ១៩ ដែលបានស្ងប់ស្ងាត់មួយរយៈធំនោះ ត្រូវឆ្លងឡើងវិញបែបនេះ។
កំពុងអង្គុយជជែកគ្នាជាមួយអ្នកលក់ចំណីអាហារតាមចិញ្ចើមផ្លូវមួយ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញអ្នកស្រី ឈាវ សុភា អ្នកលក់មីស៊ុបក្នុងសាលាឯកជនមួយ និយាយថា អ្នកស្រីមិនគិតថា កម្ពុជាត្រូវឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ជាថ្មីទៀតនោះទេ។
«មួយវឹកដែលមុននឹងផ្ទុះហ្នឹង គឺមានគេចាក់វ៉ាក់សាំងចាក់អីអ៊ីចឹង ខ្ញុំគិតថា វាមិនមានទៀតទេ។ បើសិនជាមាន ក៏មានអ្នកទប់ស្កាត់ជាប់។ អ៊ីចឹងយើងអត់នឹកស្មានថា វាផ្ទុះជាលើកទី ៣»។
ជាថ្មីម្តងទៀត អ្នកស្រី សុភា បានផ្អាកមុខរបរលក់មីស៊ុបដែលអាចរកចំណូលបាន ៦០ ម៉ឺនរៀលក្នុងមួយថ្ងៃ ក្រោយសាលារៀនប្រកាសបិទនៅថ្ងៃទី ២៣ ខែកុម្ភៈ ដោយសារការឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ។
«អ្នករកស៊ីគេបិទយូរហើយ! បិទតាំងពីខែបី មកដល់ឥឡូវ។ ខ្ញុំគិតថា ខ្ញុំកំពុងរកបានជិតមួយខែ វាផ្ទុះមួយសារទៀត ធ្វើឲ្យខ្ញុំពិបាក។ ហើយណាមួយ ខ្ញុំអត់ដឹងថា វាបិទត្រឹមតែពីរអាទិត្យហ្នឹង ឬក៏វាលើសហ្នឹង»។
រដ្ឋាភិបាលប្រកាសថា ចង្កោមឆ្លងធំបំផុតក្នុងសហគមន៍លើកនេះកើតចេញពីក្លឹបកម្សាន្ត N8 ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយថា ការឆ្លងមានកំណត់ត្រាខ្ពស់បំផុតនេះភាគច្រើន ទាក់ទងនឹងជនជាតិចិន ដែលក្នុងនោះក៏មានអ្នកដំណើរជនជាតិចិនសូកប៉ាន់សន្ដិសុខសណ្ឋាគារធ្វើចត្តាឡីស័ក ដើម្បីចេញដើរទៅក្រៅផងដែរ។
ស្រ្តីអ្នកលក់មីស៊ុប វ័យ ៣៤ ឆ្នាំរូបនេះ បន្ថែមថា អ្នកស្រីចង់ឲ្យរដ្ឋាភិបាលបង្កើនការរឹតបន្តឹងលើការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ នេះ ដើម្បីបញ្ឈប់ការឆ្លងរាលដាលឲ្យបានឆាប់ៗ និងកុំឲ្យផ្ទុះជាថ្មី។
«ចង់ឲ្យរដ្ឋាភិបាលគាត់ទប់ស្កាត់ខ្លាំងជាងហ្នឹងបន្តិច កុំប្រហែសពេក អ៊ីចឹងព្រោះអត់ចង់ឲ្យបញ្ហាទាល់តែធ្លាយធំ បានចាប់ផ្តើមប្រយ័ត្នទេ។ ចង់ឲ្យប្រយ័ត្នពីតូចៗទៅ ព្រោះដោយសារកុំឲ្យពិបាក។ ប្រជាជនគ្នាពិបាកណាស់»។
មិនមែនមានតែអ្នកស្រី ឈាវ សុភា នោះទេដែលមិនគិតថា កម្ពុជាអាចមានករណីឆ្លងជំងឺនេះក្នុងសហគមន៍ជាលើកទី ៣ បន្ទាប់ពីទទួលបានវ៉ាក់សាំងចិននោះ។ លោក ភិន ផល្លា អ្នករត់ម៉ូតូកង់បីដែលកំពុងអង្គុយចាំភ្ញៀវ និយាយថា ការឆ្លងជំងឺក្នុងសហគមន៍ជាលើកទី ៣ នេះ នាំឲ្យលោកព្រួយបារម្ភជាងការឆ្លងជំងឺលើកទី ១ និងលើកទី ២។
«និយាយរួមខុសគ្នាខ្លាំងតែម្តងអាម្តងហ្នឹង។ វាលក្ខណៈថា មនុស្សខ្លាចមនុស្សលែងហ៊ានដើរហើយ។ ខ្ញុំរកនៅក្នុងបុរីសុទ្ធតែអ្នកមានៗ។ ធ្លាប់តែផ្ទុះលើកទី ១ ទី ២ គេហ៊ានដើរបន្តិច ដល់មកនេះគេលែងហ៊ានដើរ»។
បុរសវ័យ ៣៥ ឆ្នាំរូបនេះបន្ថែមថា ចាប់តាំងពីមានករណីឆ្លងជំងឺក្នុងសហគមន៍ កាលពីថ្ងៃទី ២០ ខែកុម្ភៈម កចំណូលរបស់លោកធ្លាក់ចុះសារជាថ្មី។
«បើខាងធនាគារគេមិនពន្យារឲ្យទេ មានតែលក់កង់បី លក់ឡាយឡុងឲ្យគេទៅ។ រកអីទៀតបើរកអត់បាន! ចប់ពីហ្នឹង យើងគិតទៀតដើរធ្វើសំណង់ធ្វើអី»។
មុខពាក់ម៉ាសហើយដៃកាន់ទូរស័ព្ទបើកហ្វេសប៊ុកផងនោះ លោកនិយាយថា បន្ទាប់ពីឃើញថា កម្ពុជាទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ លោកបានគិតថា នឹងមិនមានករណីឆ្លងជំងឺជាថ្មីបែបនេះទេ។
«លក្ខណៈឆ្លងនេះមិនមែនក្នុងស្រុកទេ លក្ខណៈពីក្រៅស្រុក។ ចូលមកហើយ យើងអត់ប្រយ័ត្ន។ យើងលក្ខណៈថា យើងធ្វើធម្មតាៗហីអើៗ...ថាវាជាហើយលែងអីៗហើយនោះ ដល់មិននឹកស្មានថាអ៊ីចឹងឯណា! ឥឡូវចប់ហើយផ្ទុះលើកនេះ! បង់ថ្លៃសាលាកូន បង់បានតែពីរអាទិត្យ លែងបានរៀនទៀត»។
ទោះជាជំងឺកូវីដ១៩ កើតឡើងជាថ្មីនិងមានស្ថានភាពធ្ងន់ធ្ងរជាងមុន ហើយលោកបារម្ភខ្លាចឆ្លងជំងឺពីភ្ញៀវ ដែលលោកដឹកជារៀងរាល់ថ្ងៃក្តី ក៏អ្នករត់ម៉ូតូកង់បីដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែងរូបនេះ នៅតែបន្តប្រកបរបររបស់គាត់ ដើម្បីជីវភាព។
ការឆ្លងជំងឺក្នុងសហគមន៍លើកទី ៣ ក្នុងរយៈពេលជាង ១០ ថ្ងៃនេះធ្វើឲ្យហាងលក់ម្ហូបអាហារមួយចំនួន ចាប់ផ្តើមបិទទ្វារជាបន្តបន្ទាប់។ ប្រជាពលរដ្ឋលែងសូវធ្វើដំណើរដូចមុនចំណែក អ្នកប្រកបរបរក្រៅប្រព័ន្ធជាច្រើនតែងរអ៊ូរទាំអំពីរឿងមិនអាចរកចំណូលបាន ដោយសារមិនមានអតិថិជនទិញទំនិញ ឬប្រើប្រាស់សេវាកម្ម។
ពេលស្រែកហៅឲ្យអ្នកដំណើរជួយទិញផ្កានិងធូបនៅម្តុំព្រះអង្គដងកើរ តាមបណ្តោយមាត់ទន្លេរាជធានីភ្នំពេញ អ្នកស្រី ចាន់ គួន ត្អូញត្អែរថា ការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ជាលើកទី ៣ នេះធ្វើឲ្យអ្នកស្រីនិងស្វាមី ដែលជាអ្នករត់ម៉ូតូឌុប ប្រឈមនឹងបញ្ហាជីវភាពយ៉ាងធ្ងន់ធ្ងរ ដោយសារចំណូលពួកគាត់ធ្លាក់ចុះយ៉ាងគំហុក។
«គ្មាននឹកស្មានទេ! គិតថា សាបរលាបហើយ។ លេងស្រាប់តែផ្ទុះមួយភ្លែត ផ្អើលភ័យភិត។ ប៉ុន្តែចេះតែតស៊ូមកទៅក្រែងបាន ១ ម៉ឺន ២ ម៉ឺនថ្លៃម្ហូបណា៎អូន។ យើងអត់! បើយើងមកលក់អ៊ីចឹងទៅ បានរួចថ្លៃម្ហូប»។
ស្រ្តីវ័យ ៥៣ ឆ្នាំរូបនេះ ដែលមានកូនប្រុសបីនាក់ក្នុងបន្ទុក បានបន្ថែមថា៖«មុនៗចេះតែមានលុយទិញ! ដល់សារក្រោយនេះ អត់ប្រយ័ត្នសោះ ថាស្ងាត់ស្ងៀមហើយនោះ។ មុនៗចេះទិញអង្ករ ទិញអំបិលអីទុក ដល់ឥឡូវកើតអ៊ីចឹងលេងអស់លុយពីខ្លួន ហើយចេះតែភ័យ។ ឲ្យតែមិនស្រួលលេងញ័រដៃញ័រជើង»។
រាប់ចាប់តាំងពីការឆ្លងជំងឺក្នុងសហគមន៍ជាលើកទី ៣ កាលពីថ្ងៃទី ២០ ខែកុម្ភៈមក កម្ពុជារកឃើញអ្នកឆ្លងជំងឺនេះចំនួន ៤២៥ នាក់ ដែលភាគច្រើនជាជនជាតិចិន ក្នុងរយៈពេលជាង ១០ ថ្ងៃចុងក្រោយនេះ។
ក្នុងចំណោមករណីវិជ្ជមានថ្មី ដែលត្រូវបានរកឃើញនោះ មាន ៣ ករណីជាវីរុសកូរ៉ូណាវ៉ារ្យ៉ង់ (Variant) ថ្មី ដែលរកឃើញដំបូងនៅចក្រភពអង់គ្លេស ហើយជាប្រភេទវីរុសបម្លែងខ្លួន ដែលមានលទ្ធភាពឆ្លងរហ័សនិងពិបាកព្យាបាល។ នេះបើតាមការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។
គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២១ នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩៣២ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៩ នាក់ និងអ្នកជំងឺចំនួន ៤៤២ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រសួងអប់រំបានប្រកាសវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ដែលមានកំណត់ត្រាខ្ពស់បំផុតលើកនេះ ដោយបិទសាលារៀននៅទូទាំងរាជធានីភ្នំពេញ និងខេត្តកណ្ដាលរយៈពេលពីរសប្ដាហ៍។ ចំណែកក្រសួងវប្បធម៌ក៏បានប្រកាសបិទសារមន្ទីរ រោងភាពយន្ត រោងល្ខោននៅភ្នំពេញ និងខេត្តកណ្ដាល រយៈពេលពីរសប្ដាហ៍ដូចគ្នា។
ការផ្ទុះឆ្លងក្នុងសហគមន៍ជាថ្មីនេះកើតមានឡើង ស្របពេលកម្ពុជាកំពុងបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ដែលកម្ពុជាទើបទទួលបាន ៦០ ម៉ឺនដូសពីរដ្ឋាភិបាលចិន។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ២៣ ខែកុម្ភៈថា មិនទាន់មានទិន្នន័យស្រាវជ្រាវវេជ្ជសាស្ត្រច្បាស់នៅឡើយ ថាតើវ៉ាក់សាំងទាំងអស់ ទាំង Sinopharm និងវ៉ាក់សាំងដទៃទៀត មានប្រសិទ្ធភាពទប់ទល់នឹងវីរុសកូវីដ១៩ បម្លែងថ្មីនេះបានប៉ុន្មានភាគរយនោះទេ។
លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោ ដែលបានចូលរួមក្នុងសន្និសីទនោះដែរ ក៏បានបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំង Sinopharm នៅកម្ពុជាជាប្រការ «ជំរុញទឹកចិត្ត» ហើយថា វ៉ាក់សាំងជំនួយសម្រាប់កម្ពុជា គឺវ៉ាក់សាំង AstraZeneca ដែលធានាដោយអង្គការសុខភាពពិភពលោក។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លើកឡើងថា អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នកលក់ដូរតាមដងផ្លូវ អ្នករត់ម៉ូតូឌុប និងអ្នករត់ម៉ូតូកង់បីជាដើម កំពុងប្រឈមនឹងបញ្ហាជីវភាពកាន់តែខ្លាំង បន្ទាប់ពីការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ជាលើកទី ៣។ លោកបន្តថា ការបាត់បង់ចំណូលធ្ងន់ធ្ងរក៏ធ្វើឲ្យពួកគាត់ត្រូវប្រឈមនឹងការឆ្លងកាន់តែច្រើន ដោយសារពួកគេត្រូវបន្តធ្វើការ និងរកស៊ី ទោះជាជំងឺផ្លូវដង្ហើមមួយនេះរាលដាលកាន់តែខ្លាំងយ៉ាងណាក៏ដោយ។
«ការប្រឈមរបស់គាត់ គឺបាត់បង់ប្រាក់ចំណូល។ អត់មានលុយចាយវាយប្រចាំថ្ងៃ ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយទំនិញបែរជាឡើងថ្លៃខ្ពស់ ថ្លៃសាំងថ្លៃហ្គាសក៏ឡើងថ្លៃ គឺបាត់បង់ប្រាក់ចំណូលហើយប្រាក់ចំណូលអត់មានតុល្យភាពនឹងទំនិញទីផ្សារថែមទៀត។ អាហ្នឹងធ្វើឲ្យគាត់រឹតតែលំបាកវេទនាសម្រាប់ជីវភាពប្រចាំថ្ងៃ ក៏ដូចជាការជំពាក់ប្រាក់ធនាគារការជំពាក់លុយឯកជនអីជាដើម»។
លោកបន្ថែមថា រដ្ឋាភិបាលត្រូវតែមានវិធានការបន្ទាន់ ក្នុងការផ្តល់ជំនួយដល់ពួកគេ ឬរៀបចំគម្រោងកសិកម្មណាមួយ ដើម្បីឲ្យពួកគាត់អាចត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីទប់ស្កាត់បញ្ហាជីវភាពខ្វះខាត។
«មានកញ្ចប់ថវិកាណាមួយជួយផ្គត់ផ្គង់ជាគ្រឿងអាហារហូបចុកប្រចាំថ្ងៃ ឬក៏អន្តរាគមន៍ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនទាំងអស់ ត្រូវតែអន្តរាគមន៍ជាលើកទី ២ ទៀត ដើម្បីឲ្យពួកគាត់ពន្យារបង់ទាំងការ ទាំងដើមតែម្តង។ អានេះខ្ញុំគិតថា វាជាចំណុចមួយដែលរដ្ឋត្រូវតែធ្វើ»។
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមនៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រាប់ VOA តាមបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ថា រដ្ឋាភិបាលមិនមានគោលការណ៍ក្នុងការគាំទ្រដល់អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធជាទូទៅនោះទេ។ លោកថា អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹ ងអាចទទួលបានការគាំទ្រពីរដ្ឋាភិបាល លុះត្រាតែពួកគេស្ថិតក្នុងស្ថានភាពដែលទទួលបានបណ្ណក្រីក្រ។
លោកបន្ថែមថា រដ្ឋាភិបាលបាននិងកំពុងបន្តផ្តល់ការគាំទ្រជាទឹកប្រាក់ដល់អ្នកក្រីក្រ ក្នុងអំឡុងកើតមានជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី ២៤ ខែមេសា ហើយបន្ទាប់ពីនោះការបន្តផ្តល់ការគាំទ្រឬអត់ នឹងត្រូវសម្រេចលើរដ្ឋាភិបាលនាពេលខាងមុខ។
«យើងរង់ចាំការសម្រេចពីក្រុមសហជីពគាំពារសង្គម ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ក្នុងការសម្រេចថាតើត្រូវបន្តឬយ៉ាងណា។ ក៏ប៉ុន្តែ ជាសុឆន្ទៈរបស់រដ្ឋាភិបាល យើងនឹងនៅតែរក្សាឲ្យបាននូវការជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋ ប្រសិនបើកូវីដនៅតែបន្តនៅស្ថានភាពបែបនេះ»។
សេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ចស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ សម្រាប់ជុំទី ៤ លើកទី ១ បញ្ជាក់ថា ចាប់ពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ រដ្ឋាភិបាលចំណាយថវិការដ្ឋចំនួនប្រមាណជា ២៣០ លានដុល្លារ និងជួយប្រជាជនចំនួន ៦៨៨.៥៣៩ គ្រួសារ។
ខណៈវីរុសជំងឺកូវីដ១៩ បន្តបម្លែងខ្លួនរាលដាលដល់សហគមន៍ និងធ្វើឲ្យប្រជាជនមិនសូវធ្វើដំណើរចេញក្រៅនោះ ក្តីសង្ឃឹមរបស់អាជីវករដូចជាអ្នកស្រី ឈាវ សុភា ដែលទន្ទឹងរង់ចាំអតិថិជននោះ នៅតែមិនទាន់មានពន្លឺ៕