ប្រទេសកម្ពុជានិងថៃបានបញ្ចប់កិច្ចចរចាព្រំដែនរយៈពេលពីរថ្ងៃនៅថ្ងៃអង្គារនេះដោយបញ្ជាក់ពីភាពជោគជ័យក្នុងការចាប់ផ្តើមបន្តរុករកនិងបោះបង្គោលព្រំដែន ជាមួយគ្នា នៅថ្ងៃទី៥ខែមិនា ក្រោយពីខកខានមួយរយៈពេលដោយសារជម្លោះ ព្រំដែន។ នេះបើតាមការ អះអាងរបស់លោកទេសរដ្ឋមន្ត្រីវ៉ា គឹមហុង ប្រធាន គណៈកម្មការព្រំដែនកម្ពុជាដែលបានដឹកនាំគណៈប្រតិភូ ទៅចរចាក្នុងប្រទេស ថៃហើយបានថ្លែងប្រាប់វីអូអេតាមទូរស័ព្ទក្រោយពេលបញ្ចប់កិច្ចចរចា។
«អ្វីដែលមានជាឧបសគ្គពីមុនៗមកលែងមានទៀតហើយ»។
លោកថ្លែងយ៉ាងដូច្នេះដោយយោងថាច្បាប់រដ្ឋធម្មនុញ្ញប្រទេសថៃដែលរារាំង ក្រុមអ្នកបច្ចេកទេសក្នុងការបន្តចរចារឿងព្រំដែននោះលែងជាបញ្ហាហើយ។
លោក វ៉ា គឹមហុងបានអះអាងថាក្រុមបច្ចេកទេសនៃប្រទេសទាំងពីរ បានព្រម ព្រៀងគ្នាជាច្រើនចំណុចដូចជាត្រូវនឹងចុះវាស់វែងរុករកបង្គោលព្រំដែនជាមួយ គ្នាពីបង្គោលលេខ ១ ដល់ ២៣ក្នុងតំបន់អន្លង់វែង ខេត្តឧត្តរមានជ័យ បន្ត បោះបង្គោលជាមួយគ្នា ហើយនឹងចុះសិក្សារួមគ្នាពីការបើកច្រកទ្វារអចិន្ត្រៃយ៍ នៅតំបន់ស្ទឹងបទខេត្តបន្ទាយមានជ័យនិងការថតរូបផែនទីពីលើអាកាស ផងដែរ។
ប្រទេសកម្ពុជានិងថៃខកខានក្នុងការបោះបង្គោលព្រំដែនជាច្រើនឆ្នាំហើយ តាំងពីកម្ពុជានិងថៃមានជម្លោះព្រំដែនជាមួយគ្នាដែលឈានដល់ការផ្ទុះអាវុធ ផ្តាច់ផ្តិលជីវិតមនុស្ស ក្រោយពេលដែលកម្ពុជាបានដាក់បា្រសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីខែកក្កដាឆ្នាំ២០០៨។ ក្រុមបច្ចេកទេសកម្ពុជានិងថៃពុំបានជជែកគ្នាពីបញ្ហាជម្លោះនៅតំបន់ប្រាសាទ ព្រះវិហារទេដោយចាត់ទុកថានោះគឺជាយុត្តាធិការរបស់តុលាការអន្តរជាតិ។
ទោះជាយ៉ាងណាក៏ដោយនៅក្នុងកិច្ចចរចាគ្នាជាមួយលោក Bundit Sotiplarit ប្រធានគណៈកម្មាធិការព្រំដែនចម្រុះថៃ លោក វ៉ា គឹមហុងបានបន្ថែមថាភាគីថៃបានចាត់ទុកថាត្រូវដាក់បញ្ហានយោបាយឲ្យស្ថិតនៅឆ្ងាយពីបញ្ហាបច្ចេកទេសហើយខិតខំទប់ស្កាត់ទំនាស់ប្រដាប់អាវុធតាមព្រំដែនដូចដែលមានចែងក្នុងអនុសារណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងកំណត់ហេតុចរចាផ្សេងៗទៀត។
«ក្នុងនោះយើងនិយាយច្បាស់ណាស់ថារាល់បាតុភាពទាំងឡាយតាមបណ្តោយ ព្រំដែនយើងត្រូវដោះស្រាយរវាងភាគីទាំងពីរតាមការចរចាដោយសន្តិវិធី។ ហើយត្រូវជៀសវាងការប្រើកម្លាំងដើម្បីនឹងដោះស្រាយដែលកើតមាន ដែល អាចកើតឡើងនៅតាមបណ្តោយព្រំដែន។ ដូច្នេះគាត់មានឆន្ទៈដោះស្រាយ ទៅតាមហ្នឹង»។
កម្ពុជានិងថៃបានរកឃើញបង្គោលតែ៤៨ទេក្នុងចំណោមបង្គោលទាំង៧៣។ ការបន្តជជែកគ្នាលើទីតាំងបង្គោលដែលរកឃើញថ្មីៗឬបានរកឃើញនៅក្នុង តំបន់ប្រទាញប្រទង់គ្នាមួយចំនួននិងការប្រើប្រាស់ផែនទីកំណត់ភូមិសាស្ត្រស្ថិត នៅជាបញ្ហាក្តៅនិងបញ្ហាពិបាកដោះស្រាយនៃក្រុមបច្ចេកទេសនៃប្រទេសទាំងពីរ។
អ្នកវិភាគក្នុងប្រទេសកម្ពុជាខ្លះបាននិយាយថាបញ្ហាព្រំដែនអាចដោះស្រាយបណ្តើរៗបានតែក្នុងពេលដែលគណបក្សPheu Thai របស់រាជរដ្ឋាភិបាលអ្នកស្រី Yingluck Shinawatra បច្ចុប្បន្នស្ថិតនៅក្នុងអំណាចតែប៉ុណ្ណោះ៕