យ៉ាងតិចមានរោងចក្រចំនួន១៣នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀងត្រូវបានផ្អាកមិនឲ្យដំណើរការជាបណ្តោះអាសន្នបន្ទាប់ពីមានកម្មការិនីចំនួនបីនាក់ត្រូវបានបាញ់ឲ្យរងរបួស។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រីអាជ្ញាធរខេត្ត។
កាលពីថ្ងៃច័ន្ទនេះមានកម្មការិនីនៃរោងចក្រផលិតស្បែកជើងចំនួនបីនាក់ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់មុខ បាញ់ឲ្យរងរបួសនៅក្នុងខណៈពេល ដែលមានក្រុមកម្មករជាច្រើននាក់បានធ្វើបាតុកម្មតវ៉ាដោយសន្តិវិធីដើម្បីឲ្យថៅកែរោងចក្រ ផ្តល់ប្រាក់បៀវត្សរ៍ និងលក្ខខណ្ឌការងារឲ្យបានសមរម្យដល់ពួកគេ។
លោក ជៀង អំ អភិបាលខេត្តស្វាយរៀង បានថ្លែងប្រាប់វីអូអេតាមរយៈទូរស័ព្ទមកថា ក្រសួងការងារ និងក្រសួងមហាផ្ទៃ ព្រមទាំងតំណាងរោងចក្រ បានកោះប្រជុំជាបន្ទាន់ បន្ទាប់ពីព្រឹត្តិការណ៍បាញ់ប្រហារកាលពីថ្ងៃច័ន្ទ។ លោកបានមានប្រសាសន៍ថា តំណាងរោងចក្រ បានឯកភាពជាគោលការណ៍មួយចំនួនដោយសន្យាថានឹងផ្តល់ថ្លៃធ្វើដំណើរប្រចាំខែ១០ដុល្លារនៅក្នុងមា្នក់ៗ និងផ្តល់ប្រាក់ទទួលទានអាហារថ្ងៃត្រង់ចំនួន២.០០០រៀល នៅក្នុងមួយថ្ងៃសម្រាប់មនុស្សម្នាក់ៗ។
«បើធ្វើការនៅថ្ងៃអាទិត្យ ឬថ្ងៃបុណ្យ ក្រុមហ៊ុននឹងរៀបចំឡានដឹកជញ្ជូនទៅមក។ ប៉ុន្តែបើគ្មានឡានដឹកជញ្ជូនទេ ក្រុមហ៊ុននឹងផ្តល់ប្រាក់សម្រាប់ធ្វើដំណើរនៅក្នុងម្នាក់ចំនួនពីរដុល្លារ។ ចំពោះប្រាក់ឈ្នួលថ្ងៃទី២១ ២២ ២៣ ខែកុម្ភៈនេះ ដែលកម្មករនិយោជិកទាំងអស់នេះ បានឈប់សម្រាកមិនធ្វើការនេះ គឺក្រុមហ៊ុននៅរក្សាផ្តល់ជូនដដែល។ គេឥតកាត់ទេ!»។
ការកោះប្រជុំចម្រុះអន្តរក្រសួង មិនបានលើកពីប្រធានបទ នៃការបាញ់ប្រហារកម្មករចំនួនបីនាក់ឲ្យរងរបួសយកមកពិភាក្សាលម្អិតទេ។ ហើយជនដៃដល់ ក៏មិនទាន់បានសហការពីតំណាងរោងចក្រ ដើម្បីធ្វើការឃាត់ខ្លួនភ្លាមៗដែរ រហូតមកដល់ថ្ងៃអង្គារនេះ។
សហជីពសេរីកម្មករ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការសិទ្ធិមនុស្សលីកាដូ និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានចេញសេចក្តីថ្លែងការណ៍ផ្សេងៗពីគ្នា ដោយបានធ្វើការថ្កោលទោសចំពោះព្រឹត្តិការណ៍បាញ់ប្រហារកាលពីថ្ងៃច័ន្ទ។ អង្គការទាំងនោះ បានប្រាថ្នាឲ្យនាំខ្លួនជនដៃដល់ទៅផ្តន្ទាទោសតាមច្បាប់ ដើម្បីបញ្ចប់និទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា។
លោក សាន់ សំអាត ស្នងការប៉ូលិសស្តីទីខេត្តស្វាយរៀងមិនអាចស្នើសុំដើម្បីទំនាក់ទំនងបានទេ។ រីឯលោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយថាកំពុងជាប់រវល់ប្រជុំ។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា យើងមិនចង់ឃើញការដោះស្រាយវិវាទរវាងថៅកែរោងចក្រ និងកម្មករដោយកាណុងកាំភ្លើងទេ។ លោកបានសង្ស័យថា សមត្ថកិច្ចជាអ្នកបាញ់មកលើកម្មករ មិនមែនសន្តិសុខរបស់ក្រុមហ៊ុនទេ។
«ខ្ញុំគិតថាសមត្ថកិច្ចតែម្តង ដោយយើងសំអាងថាសន្តិសុខ ដែលយាមនៅតាមក្រុមហ៊ុននីមួយៗ ហ្នឹង ខ្ញុំជួបគាត់ហើយគាត់ឥតមានកាំភ្លើង គាត់ឥតមានអីទេ គាត់មានតែដំបង ហើយនឹងខ្នោះទេ។ គាត់បាននិយាយថា ពួកគាត់ឥតមានអាវុធទេ។ អញ្ចឹងអ្នកមានអាវុធហ្នឹង គឺអ្នកមកពីខាងក្រៅទេ ដែលមកបាញ់ហ្នឹង»។
លោក ចាន់ សាវ៉េត មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់សមាគមសិទ្ធិមនុស្សអាដហុក បាននិយាយថា ការបាញ់ប្រហារនេះគឺជាការប៉ុនប៉ងមនុស្សឃាត ហើយជនដៃដល់គួរតែត្រូវបានផ្តន្ទាទោស។
«ស្នើសុំឲ្យមានការស៊ើបអង្កេតជាប្រញ៉ាប់ ហើយនឹងបង្ហាញព័ត៌មាននេះជូនយើងឲ្យបានដឹង ដើម្បីដឹងថាអ្នកហ្នឹង ជានរណាឲ្យពិតប្រាកដកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីបញ្ជៀសកន្លែងផ្សេងប្រើប្រាស់រូបភាពបែបហ្នឹងទៀត»។
លោក ចាន់ សាវ៉េត បានមានប្រសាសន៍ទៀតថា អ្នកស្រី ប៊ុន ចាន់ថា ជនរងគ្រោះមួយរូបនៅក្នុងចំណោមជនរងគ្រោះទាំងបីរូប ដែលត្រូវបានបាញ់ចំដើមទ្រូងកំពុងតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។ ចំណែកឯជនរងគ្រោះពីររូបផ្សេងទៀតមានអាការៈល្អប្រសើរច្រើនហើយ៕