តុលាការ​ខេត្ត​ស្វាយរៀង​កោះហៅ​ជនរងគ្រោះ​នៃ​ការ​បាញ់​ប្រហារ​ចូល​បំភ្លឺ​

ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម​បី​នាក់​បាន​រងរបួស​នៅ​ក្នុង​ខណៈ​ដែល​ពួក​គេ​បាន​ចូលរួម​តវ៉ា​ជាមួយ​នឹង​ក្រុម​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ។

តុលាការ​ខេត្ត​ស្វាយរៀង​បាន​កោះហៅ​ជន​រងគ្រោះ​ចំនួន​បី​រូប​ឲ្យ​ចូល​មក​បំភ្លឺ​នៅ​ក្នុង​តុលាការ​នៅ​ថ្ងៃ​ទី​១៨ ​ខាង​មុខ​នេះ​ពាក់ព័ន្ធ​នឹង​រឿង​ក្តីក្តាំ​មួយ​ជាមួយ​នឹង​លោក​ឈូក ​បណ្ឌិត ​អតីត​អភិបាល​ក្រុង​បាវិត។

លោក​ឈូក ​បណ្ឌិត​ គឺ​ជា​ជន​សង្ស័យ​មួយ​រូប​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​កាំភ្លើង​ខ្លី​របស់​លោក​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​កម្មករ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ ​ដែល​បណ្តាល​ឲ្យ​កម្មករ​ចំនួន​បី​រូប​បាន​ទទួល​រង​របួស។

ជនរងគ្រោះ​ទាំង​បី​រូប​ឈ្មោះ ​ប៊ុន ​ចិន្តា ​កញ្ញា​នុត ​សាខន ​និង​អ្នកស្រី ​កែ ​ណា ​បាន​រងរបួស​នៅ​ក្នុង​ខណៈ​ដែល​ពួក​គេ​បាន​ចូលរួម​តវ៉ា​ជាមួយ​នឹង​ក្រុម​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ។

តុលាការ​ខេត្ត​ស្វាយរៀង​បាន​ចោទប្រកាន់​លោក​ឈូក ​បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់ប្រហារ​នេះ​ពី​បទ​បង្ក​របួសស្នាម​ដោយ​អចេតនា​ ហើយ​លោក​កំពុង​តែ​រស់នៅ​យ៉ាង​មាន​សេរីភាព​ បន្ទាប់​ពី​បាន​បាន​បាញ់​ប្រហារ​មក​លើ​កម្មករ​បី​នាក់​ឲ្យ​រង​របួស​រួច​មក។

លោក​ ហ៊ីង ​ប៊ុនជា​ ព្រះរាជអាជ្ញារង​បាន​មាន​ប្រសាសន៍​ថា​កម្មករ​រងរបួស​ទាំង​បី​នាក់​ត្រូវ​បាន​លោក​ប៉ិច ​ឈឿន ​ចៅក្រម​ស៊ើបសួរ​បាន​កោះអញ្ជើញ​ឲ្យ​ចូល​មក​បំភ្លឺ​នៅ​ក្នុង​តុលាការ​នៅ​ថ្ងៃ​សុក្រ​ខាង​មុន។

«ហៅចូល​មក​បំភ្លឺ។ ​ខាង​ចៅក្រម​គេ​ជា​អ្នក​ចាត់​ការ»។

លោក​ប៉ិច ​ឈឿន ​ចៅក្រម​ស៊ើបសួរ ​និង​ជា​ប្រធាន​តុលាការ​ខេត្ត​ស្វាយរៀង​មិន​អាច​ស្នើសុំ​ដើម្បី​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ នៅ​ពេល​ដែល​ទាក់ទង​សួរ​លោក​តាម​ទូរសព្ទ​ ត្រូវ​បាន​ភរិយា​របស់​លោក​និយាយ​ថា​ស្វាមី​របស់​លោកស្រី​បាន​ភ្លេច​ទូរសព្ទ​នៅ​ផ្ទះ។

លោក ​ជិន​ លីដា ​មេធាវី​ការពារ​ជន​រងគ្រោះ​ទាំង​បី​នាក់​បាន​និយាយ​ថា លោក​បាន​ទទួល​ដីកា​កោះ​អញ្ជើញ​របស់​តុលាការ​រួច​ហើយៗ​កូនក្តី​របស់​លោក​នឹង​ត្រៀម​ខ្លួន​ចូល​បំភ្លឺ​តាម​ការ​កំណត់។

«គេ​ហៅ​ទៅ​សួរ​ហ្នឹង​ គេ​សួរ​ទៅ​លើ​រឿង​ព្រះរាជអាជ្ញា​ចោទ​ទៅ​លើ​ជន​សង្ស័យ។​ ជា​រឿង​បង្ក​របួស​ស្នាម​ដោយ​អចេតនា។ ​អញ្ចឹង​ចៅក្រម​ស៊ើបសួរ ​គេ​ហៅ​ទៅ​សួរ​ពី​រឿង​ហ្នឹង»។

លោក ​មឿន តុលា ​ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍​ បាន​មាន​ប្រសាសន៍​ថា លោក​ឈូក ​បណ្ឌិត​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់ប្រហារ​នេះ​មិន​ទាន់​ត្រូវ​បាន​ឃាត់​ខ្លួន​ទេ។ ​លោក​បាន​មាន​ប្រសាសន៍​ថា ការ​ខក​ខាន​នៃ​ការ​ចាប់​ខ្លួន​ជន​សង្ស័យ អាច​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​ជន​រងគ្រោះ។

«ជន​សង្ស័យ​ហ្នឹង​នៅ​មាន​សេរីភាព​នៅ​ឡើយ ​ហើយ​ពួក​ខ្ញុំ​បាន​ជួប​ជាមួយ​នឹង​ជន​រងគ្រោះ ​ក៏ដូចជា​សាក្សី​មួយ​ចំនួន​កាល​ពី​សប្តាហ៍​មុន​នេះ។ យើង​ឃើញ​ថា ពួក​គាត់​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​គាត់​ដោយសារ​តែ​ជន​សង្ស័យ​ហ្នឹង​ អ្នក​ដែល​មាន​អំណាច​មួយ​នៅ​ក្នុង​តំបន់​ហ្នឹង​ ហើយ​គាត់​បារម្ភ​ខ្លាច​ពី​សុវត្ថិភាព​របស់​គាត់»។

កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ នៅ​ក្នុង​ខណៈពេល​ដែល​មាន​កម្មករ​ច្រើន​រាប់ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ខេត្ត​ស្វាយរៀង​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ។ យ៉ាង​តិច​មាន​កម្មករ​បី​នាក់​បាន​ទទួល​រងរបួស​ភ្លាមៗ​កាល​ពី​ពេល​នោះ។

លោក​ឈូក ​បណ្ឌិត ​ត្រូវ​បាន​លោក​ឧនាយករដ្ឋមន្ត្រី​ ស ​ខេង ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ចោទ​ប្រកាន់​ថា ជា​ជន​សង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​នេះ។ ក៏ន្តែ​លោក​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ទេ​រហូត​មក​ដល់​ពេល​នេះ៕