មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានរិះគន់ថាប្រព័ន្ធតុលាការខ្មែរមិនឯករាជ្យនិងស្ថិតនៅក្រោមឥទ្ធិពលអ្នកមានអំណាច។
រយៈពេលជាង៩ខែបន្ទាប់ពីមានករណីបាញ់កម្មការិនីចំនួនបីនាក់ឱ្យរងរបួសនៅខេត្តស្វាយរៀងបង្កឡើងដោយលោកឈូកបណ្ឌិតអតីតអភិបាលក្រុងបាវិតមកសំណុំរឿងដ៏ល្បីខ្ទរខ្ទារក្នុងប្រទេសកម្ពុជាមួយនេះមិនទាន់បានដឹងថាតុលាការនឹងបើកសវនាការជំនុំជម្រះនៅពេលណាទេ។ មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានរិះគន់ថាប្រព័ន្ធតុលាការខ្មែរមិនឯករាជ្យនិងស្ថិតនៅក្រោមឥទ្ធិពលអ្នកមានអំណាច។
កាលពីខែកុម្ភៈលោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតបានប្រើប្រាស់កាំភ្លើងខ្លីរបស់លោកបើកការបាញ់ប្រហារដោយមិនញញើតដៃទៅលើក្រុមកម្មកររោងចក្រមួយនៅតំបន់សេដ្ឋកិច្ចពិសេសនៃក្រុងបាវិតខេត្តស្វាយរៀងក្នុងខណៈពេលដែលមានបាតុកម្មដ៏រំជើបរំជួលមួយដើម្បីទាមទារលក្ខខណ្ឌការងារល្អប្រសើរ។នេះបើតាមការបញ្ជាក់ពីសាក្សីឃើញផ្ទាល់ភ្នែក។
យ៉ាងតិចមានកម្មការិនីចំនួនបីនាក់គឺអ្នកស្រី កែវ នា អ្នកស្រីប៊ុន ចិន្តានិងអ្នកស្រីនុត សាខនបានទទួលរងរបួសដោយសារគ្រាប់កាំភ្លើងក្នុងពេលដែលពួកគេកំពុងតវ៉ា។
លោកឈូក បណ្ឌិតត្រូវបានក្រុមអាជ្ញាធរមានសមត្ថកិច្ចចោទប្រកាន់ថាជាជនដៃដល់ដែលបានបើកការបាញ់ប្រហារទៅលើក្រុមកម្មករ។ក្រោយមកតុលាការបានចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនាតែប៉ុណ្ណោះ។
សំណុំរឿងបាញ់កម្មករឱ្យរងរបួសនេះបានអូសបន្លាយអស់រយៈពេលជិតមួយឆ្នាំតែតុលាការកំពុងដំណើរការនីតិវិធីដ៏យឺតយ៉ាវរបស់ខ្លួននៅឡើយ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្ស។
លោកអំ សំអាតមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូបាននិយាយថាសំណុំរឿងនេះហាក់បីដូចជាមានការអាថ៌កំបាំងហើយតុលាការធ្វើការមិនឯករាជ្យដោយសារមានសម្ពាធនយោបាយនិងបក្សពួកនិយម។
លោកបានធ្វើការប្រៀបធៀបសំណុំរឿងចាប់អ្នកតវ៉ាដីធ្លីនៅតំបន់បឹងកក់និងបូរីកីឡាពីរនាក់ដាក់ពន្ធនាគារគ្រាន់តែតវ៉ាទាមទារដីធ្លីតែប៉ុណ្ណោះតែតុលាការចាត់វិធានការភ្លាមៗ។ ចំណែកឯរឿងលោកឈូក បណ្ឌិតបានប្រព្រឹត្តអំពើមនុស្សឃាតតែតុលាការបែរជាមានភាពយឺតយ៉ាវទៅវិញ។
«ករណីនេះបង្ហាញមួយអំពីនិទណ្ឌភាពសម្រាប់តុលាការឬក៏យើងគិតថាប្រព័ន្ធតុលាការយើងនេះស្ថិតនៅក្រោមអ្នកមានអំណាចនិងអ្នកនយោបាយ»។
លោកប៉ិច ឈឿត ប្រធានតុលាការខេត្តនិងជាចៅក្រមស៊ើបអង្កេតចំពោះសំណុំរឿងនេះមិនបានធ្វើអត្ថាធិប្បាយទេដោយលោកលើកហេតុផលថាជាថ្ងៃឈប់សម្រាក។
«ថ្ងៃនេះខ្ញុំរវល់បុណ្យកឋិនបន្តិចចាំសួរនៅថ្ងៃធ្វើការទៅ»។
លោកជិន លីដាមេធាវីការពារក្តីជនរងគ្រោះបាននិយាយថាការពន្យាពេលជាកិច្ចការរបស់តុលាការក៏ប៉ុន្តែលោកចង់ឱ្យតុលាការពន្លឿនចំណាត់ការចំពោះករណីនេះ។
«ចំពោះខ្ញុំមេធាវីចង់ឱ្យសវនាការបានលឿនហើយដើម្បីឱ្យរកយុត្តិធម៌ឱ្យគាត់ហើយការសម្រេចគាត់ទទួលយកបានឬមិនបានគាត់គឺគាត់ប្តឹងបន្តទៅសាលាឧទ្ធរណ៍ទៅ»។
លោកជិន លីដាបានបញ្ជាក់ទៀតថាសំណុំរឿងនេះកំពុងនៅក្នុងដៃរបស់ចៅក្រមស៊ើបសួរនៅឡើយបន្ទាប់ពីលោកព្រះរាជអាជ្ញាបានបញ្ជូនទៅឱ្យចៅក្រមស៊ើបសួរ។
លោកបាននិយាយថាចៅក្រមស៊ើបសួរមានអំណាចក្នុងការបញ្ជូនទៅជំនុំជម្រះឬក៏លើកលែងការចោទប្រកាន់បាន។
លោកហ៊ីង ប៊ុនជាព្រះរាជអាជ្ញារងនៃតុលាការខេត្តស្វាយរៀងមិនអាចស្នើសុំទំនាក់ទំនងបានទេនៅថ្ងៃអង្គារនេះ។
លោក ឈូក បណ្ឌិត អភិបាលក្រុងបាវិតខាងកូតាគណបក្សប្រជាជនកម្ពុជា កន្លងមកត្រូវបានអង្គការសង្គមស៊ីវិលរិះគន់ថា អាជ្ញាធរមិនហ៊ានចាប់ខ្លួនជនសង្ស័យទៅផ្តន្ទាទោសភ្លាមៗទេ ដោយសារតែខ្លាចបក្សពួកនិយម និងមានមន្រ្តីមួយចំនួននៅពីក្រោយខ្នងជួយការពារលោក ឈូក បណ្ឌិត៕