តុលាការ​កំពូល​ច្រានចោល​ការសម្រេច​បំបែក​សំណុំ​រឿង​០០២

អតីតមេដឹកនាំ⁣ជាន់ខ្ពស់ខ្មែរក្រហមនួន ជា អៀង សារី និងខៀវសំផន។

ភ្នំពេញ៖ អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​ហៅ​ការ​បំបែក​ដំណើរការ​នីតិ​វិធី​ក្នុង​សំណុំ​រឿង​០០២​ដើម្បី​កាត់ក្តី​ផ្តោតលើ​វគ្គ​តូចៗ​ថា​មាន​ភាពមិនច្បាស់លាស់​និង​ខ្វះ​មូលហេតុ​សំអាង​គ្រប់គ្រាន់​ហើយ​បានស្នើ​ឲ្យ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​ពិចារណា​លើ​ការសម្រេច​របស់​ខ្លួន​ឡើងវិញ។

ក្នុង​សេចក្តី​សម្រេច​របស់​ខ្លួន​ដែល​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​យប់​ថ្ងៃ​ច័ន្ទ​ទី១១​ខែកុម្ភៈ​ ប្រធាន​ចៅក្រម​តុលាការ​ជាន់ខ្ពស់​នេះ​លោក​គង់ ស្រ៊ី​ម ​លើកឡើង​ថា«ការ​បំបែក​កិច្ចដំណើរការ​នីតិ​វិធី​និង​ការកំណត់​វិសាលភាព​នៃ​សំណុំរឿង​០០២/១​មិនបាន​ផ្តល់ឱកាស​គ្រប់គ្រាន់​ដល់​ភាគី​នានា​បានដាក់​សារ​ណា​នោះទេ»។

សេចក្តី​សម្រេច​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​បណ្តឹង​របស់​ការិយាល័យ​សហ​ព្រះរាជ​អា​ជ្ញា​ដែល​បាន​ទាមទារ​ឲ្យ​ពង្រីក​វិសាលភាព​នៃ​ទីតាំង​ឧក្រិដ្ឋកម្ម​និង​មន្ទីរ​ស ២១​ចូលក្នុង​ការកាត់ក្តី​ក្នុង​សំណុំ​រឿង​០០២​វគ្គ​ទី១។

អង្គជំនុំ​ជម្រះ​សាលា​ដំបូង​បានចាប់ផ្តើម​បើក​សវនាការ​ក្នុង​សំណុំរឿង​០០២​ចាប់​តាំងពី​ខែ​មិនា​ឆ្នាំ២០១១​មក​ម្ល៉េះ​ហើយ​បានសម្រេច​បំបែក​នីតិ​វិធី​សំណុំ​រឿងនេះ​ជា​បី​ផ្នែក​គឺ​សំណុំរឿង​០០២/១​ដែល​ទាក់ទង​នឹង​ការជម្លៀស​ដោយ​បង្ខំ ​សំណុំរឿង​០០២/ ២ ​ទាក់ទង​នឹង​បទ​ចោទ​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​សំណុំរឿង​០០២/៣​ទាក់ទង​នឹង​បទ​ចោទ​អំពី​អំពើ​ប្រឆាំង​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ចាម​និង​វៀតណាម។

អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​ទាត់ចោល​សេចក្តី​សម្រេច​ទាំងនេះ​ប៉ុន្តែ​មិនបាន​បង្គាប់​ឲ្យ​លុបចោល​នូវ​ដំណើរការ​នីតិ​វិធី​នៃ​ការ​បំបែក​សំណុំរឿង​ក្តី​នោះ​ទេ​គឺ​គ្រាន់តែ​បង្គាប់​ឲ្យ​សាលាដំបូង«វាយតម្លៃ​ឡើងវិញ​នូវ​វិធីសាស្ត្រ​ក្នុងការ​បំបែកសំណុំរឿង»នេះ​ដោយ​អញ្ជើញ​ភាគី​នានា​ដែល​ជាប់​ពាក់​ព័ន្ធ​ឲ្យ​ដាក់​សារ​ណា​ហើយ​សាលាដំបូង​ត្រូវ​ពិចារណា​ឲ្យ​បាន​គ្រប់​កត្តា​និង​ផ្តល់​ផលប្រយោជន៍​ស្របច្បាប់​ដល់​គ្រប់ភាគី។

លោក​នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ឲ្យ​ដឹងថា​សាលា​ដំបូង​នឹង​បើកសវនាការ​អំពី​បញ្ហា​នេះ​នៅ​សប្តាហ៍​ក្រោយ។

«អង្គជំនុំ​ជម្រះ​សាលាដំបូង​បានរៀបចំ​និង​ជូនដំណឹង​ដល់​គ្រប់ភាគី​ក្នុង​សំណុំរឿង​០០២​ថា​គ្រោង​នឹង​បើកសវនាការ​នៅ​ថ្ងៃទី១៨​និង​១៩​ខែកុម្ភៈ​ដើម្បី​ស្តាប់​មតិយោបល់​ភាគី​ផ្សេង​ទាក់ទង​នឹង​ការសម្រេច​របស់​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​មុននឹង​ធ្វើ​សេចក្តី​សម្រេច​មួយ​ដើម្បី​រៀបចំ​ពិនិត្យ​អំពី​ដំណើរការ​នីតិ​វិធី»។

លោក​ហុង គឹម​សួន ​មេធាវី​មួយរូប​តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​លើកឡើង​ថា​អង្គជំនុំ​ជម្រះ​សាលាដំបូង​មិនបាន​បញ្ចូល​គ្រប់គ្រាន់​នូវ​ផលប្រយោជន៍​គ្រប់ភាគី​ជាពិសេស​សម្រាប់​ជនរងគ្រោះ​ដែល​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​រឿង​ហេតុ​ដែល​ទាក់ទង​នឹង​ការរំលោភ​ផ្លូវភេទ ​ការរៀប​ការ​ដោយ​បង្ខំ និង​ជម្លៀស​លើក​ទី​បី​មិន​ត្រូវបាន​យកមក​ពិចារណា​ក្នុង​សេចក្តីសម្រេច​របស់​អង្គជំនុំជម្រះ​សាលា​ដំបូង​ទេ។

សូម​បញ្ជាក់​ថា​អង្គជំនុំ​ជម្រះ​សាលាដំបូង​ធ្លាប់បាន​បង្ហាញ​ហេតុផល​ថា​ការ​បំបែក​ដំណើរការ​ក្តី​សម្រាប់​ការកាត់ទោស​តាម​វគ្គ​នៃ​អង្គហេតុ​គឺ​ដើម្បី​ឲ្យ​ជនរងគ្រោះ​ឆាប់​ទទួលបាន​យុត្តិធម៌​និង​ដោយសារ​ភាពចាស់​ជរា​នៃ​ជនជាប់ចោទ​ទាំង​បួន​នាក់​ក្នុង​សំណុំរឿង​០០២គឺ​នួន ជា ​ខៀវ សំផន ​អៀង សារី ​និង​អៀង ធីរិទ្ធ។ ប៉ុន្តែ​អៀង ធី​រិ​ទ្ធ ​ត្រូវ​ដោះលែង​កាលពីពេល​ថ្មីៗ​នេះ​ដោយសារ​បញ្ហា​សុខភាព។
ដោយឡែក​ក្នុង​សេចក្តីសម្រេច​ច្រានចោល​ការសម្រេច​របស់​អង្គជំនុំជម្រះ​សាលា​ដំបូង​តុលាការ​កំពូល​ក៏បាន​បង្ហាញ​កង្វល់​ពី​ការ​យឺតយូរ​និង​វ័យចាស់​ជរា​របស់​ជន​ជាប់ចោទ​ដែរ៕