កម្ពុជា​គាំទ្រ​អាស៊ាន​ក្នុង​ការ​បង្កើត​សន្ធិ​សញ្ញា​កម្មសិទ្ធិបញ្ញា​

ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​ក្នុង​ខេត្ត​សៀមរាប

កម្ពុជា​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការបង្កើត​ឲ្យ​មាន​សន្ធិ​សញ្ញា​ស្តីពី​កម្មសិទ្ធ​បញ្ញា​សម្រាប់​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ក្នុងការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ពិភពលោក។
ដោយ៖ វង់ ដារ៉ា
សៀមរាប៖ មន្ត្រី​ជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម ដែល​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៤៤​បាន​ថ្លែង​ថា ​កម្ពុជា​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការបង្កើត​ឲ្យ​មាន​សន្ធិ​សញ្ញា​ស្តីពី​កម្មសិទ្ធ​បញ្ញា​សម្រាប់​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ក្នុងការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ពិភពលោក។

អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ទទួល​បន្ទុក​កម្ម​សិទ្ធ​បញ្ញា លោក ឌិ​ត ទីណា ថ្លែង​ថា​ ក្រោយ​ពេល​បញ្ចប់​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ជាមួយ​អគ្គ​នាយក​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​ហៅ​កាត់​ថា​(WIPO)​កាល​ពី​ថ្ងៃ​អង្គារ ប្រទេស​ជា​សមាជិក​អាស៊ាន​ឯទៀត​ក៏បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​គំនិត​បង្កើត​ឲ្យ​មាន​កម្ម​សិទ្ធិ​បញ្ញា​នេះ​ដែរ។

«ឥឡូវ​កំពុង​រៀបចំ​នៅឡើយ​នៅ ហើយ​ប្រទេស​នីមួយៗ​យល់ព្រម​ចូលរួម​ឬទេ​គឺ​អាស្រ័យ​លើ​ការចរចា​រយៈពេល​១២​ខែ​ទៀត​ដើម្បី​បង្កើត​ច្បាប់​អន្តរជាតិ​នេះ​មួយ»។

លោក ហ្រ្វាស៊ីស ហ្គុរី (Fracis Gurry) អគ្គនាយក​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​បាន​ថ្លែង​ថា ការ​ដែល​ឲ្យ​បណ្តា​ប្រទេស​អាស៊ាន​ប្រើប្រាស់​កម្មសិទ្ធិ​បញ្ញា​គឺជា​ការជំរុញ​ឲ្យ​អាស៊ាន​មាន​លក្ខណៈ​ប្រកួតប្រជែង​ប្រកបដោយ​ប្រសិទ្ធភាព​នៅក្នុង​ទីផ្សារ​ពិភពលោក និង​ជា​យន្តការ​មួយ​ដើម្បី​ឲ្យម្ចាស់​កម្មសិទ្ធិ​ទទួល​បាន​ផលប្រយោជន៍​ពី​កម្មសិទ្ធិ​បញ្ញា​របស់ខ្លួន។

កាល​ពីពេល​កន្លង​មក អង្គការ​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌា​ធ្លាប់បាន​ប្រកាសថា​គេ​នឹងធ្វើ​ការ​កសាង​ប្រាសាទ​មួយ​នៅក្នុង​ប្រទេស​នោះ ឲ្យ​មាន​រូបរាង​ដូចជា​អង្គរវត្ត​របស់​កម្ពុជា​ដែរ តែ​គ្រោងការណ៍​នោះ​ត្រូវបាន​រាំងស្ទះ​ដោយសារតែ​មានការ​ជំទាស់​ពី​កម្ពុជា ដោយ​យល់ថា ការធ្វើ​ដូច្នោះ​វា​នឹង​នាំ​ឲ្យ​បាត់​តម្លៃ​ប្រាសាទ​អង្គរវត្ត​ដែលជា​ប្រាសាទ​បុរាណ មាន​អាយុកាល​រាប់​សតវត្សរ៍​ជា​ស្នាដៃរ​បុព្វបុរស​ខ្មែរ។

សូម​បញ្ជាក់ថា​ អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​គឺជា​វេទិកា​នាំមុខ​របស់​ពិភពលោក​សម្រាប់​ផ្សព្វផ្សាយ​កម្មសិទ្ធិបញ្ញានៃ​ការ​កែ​ច្នៃ ​និង​ការ​ច្នៃប្រឌិត ​ដើម្បី​សម្រេច​បានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​។ WIPO ​ជួយ​ជ្រោមជ្រែង​រដ្ឋ​ជា​សមាជិក​របស់​ខ្លួនក្នុង​ការ​អភិ​វ​ឌ្ឍ​ក្របខណ្ឌ​ស្របច្បាប់​ផ្នែក​កម្មសិទ្ធិបញ្ញា​អន្តរជាតិ​ឲ្យ​មាន​តុល្យភាព​ ដើម្បី​បំពេញ​សេច​ក្តី​ត្រូវការ​វិវត្តន៍​របស់​សង្គម។​

អង្គការ​នេះ​ផ្តល់​សេវា​អាជីវកម្ម​ដើម្បី​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​ នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ និង​ការ​ដោះស្រាយ​វិវាទ។​ អង្គការ​នេះ​ផ្តល់​កម្មវិធី​កសាង​សមត្ថភាព​ជួយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឲ្យ​ទទួល​បាន​ប្រយោជន៍​ពី​ការ​ប្រើ​កម្ម​សិទ្ធិ​បញ្ញានេះ៕