ចំនួន​ដំរីព្រៃ​នៅ​កម្ពុជា​ធ្លាក់​ចុះ​ដោយសារ​ការ​ប្រម៉ាញ់​ និង​អស់​ជម្រក​

សួនសត្វ​ភ្នំតាម៉ៅ​សង្គ្រោះ​ដំរី​៥ក្បាល​ពីជម្លោះ​រវាង​មនុស្ស​នឹង​ដំរី។​

ចំនួន​ដំរីព្រៃ​នៅ​កម្ពុជា​ក៏ដូចជា​នៅ​ប្រទេស​អាស៊ីអគ្នេយ៍ផ្សេង​ទៀត​បានធ្លាក់​ចុះខ្លាំង​ច្រើន​ទសវត្សរ៍​ថ្មីៗ​នេះ។ ​ពីមុន​ ការ​ប្រមាញ់​ជា​សត្រូវ​របស់​ដំរី​ ហើយ​ឥឡូវ​នេះ​ការ​បំផ្លាញ​ជម្រក​ដំរី​គឺ​ជា​សត្រូវ​ទី២។

ចំនួន​ដំរីរស់​នៅក្នុង​ព្រៃ​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ​ពី​ប្រហែល​២ពាន់​ក្បាល​ក្នុង​ឆ្នាំ​១៩៩៥​ មក​សល់មិន​ដល់​៤០០​ក្បាល​ទេ​បច្ចុប្បន្ន​នេះ។ ​បញ្ហា​នេះ​មិន​មែន​មាន​តែ​នៅ​កម្ពុជា​ទេ​គឺមាន​នៅ​មាន​ទូទាំង​អាស៊ី ​ដែល​សល់ដំរី​តែ​៤ម៉ឺន​ក្បាល​ប៉ុណ្ណោះ។​

អង្គការ​អភិរក្ស​ធម្មជាតិ ​International Union for Conversation of Nature​ចាត់​ទុកថា​ ដំរី​អាស៊ី​រងគ្រោះ​ជិតដាច់​ពូជ​ ហើយ​ចំនួន​ដំរីធ្លាក់​ចុះជាង​៥០%​បី​ជំនាន់​កន្លង​មក​នេះ។​ ពីមុន​ការប្រមាញ់​បាន​សម្លាប់​ដំរីច្រើន​បំផុត ​តែ​ឥឡូវ​ការ​បំផ្លាញ​ជំម្រក​ដំរី​និង​ជម្លោះ​រវាង​មនុស្ស​និង​ដំរី​បាន​គម្រាម​ផ្តាច់​ពូជដំរី។​

លោក​ Nick Marx ​ប្រធាន​កម្ម​វិធី​អភិរក្ស​ដំរី​នៅសួន​សត្វ​ភ្នំ​តាម៉ៅ។ ​គាត់ជា​អ្នក​អភិរក្ស​សត្វ។​

គាត់និយាយថា៖

«ដំរី​ជាសត្វ​អស្ចារ្យ​ ឆ្លាត។ វា​រស់​នៅ​ជា​សហគមន៍​ ជា​គ្រួសារ។ ដីរី​ចេះ​យំ​ ចេះ​កើត​ទុក្ខ ពេល​បាត់បង់​គ្នីគ្នា​ ជាទី​ស្រឡាញ់​របស់​វា។ ​យើង​មិនត្រូវ​គិត​ថា​ មនុស្ស​ជាសត្វ​លោក​តែ​មួយ​គត់ត្រូវ​រស់នៅ​ក្នុង​ពិភព​លោក​នេះ​ទេ។ បើ​គ្មាន​ដំរី ខ្លា ​និង​សត្វ​ផ្សេង​ទេ ​នោះ​ពិភព​លោក​នេះ​ជាកន្លែង​មិនល្អ។​ ខ្ញុំគិតថា​ គ្រប់ៗ​គ្នា​គិត​ដូច្នេះ»។​

ដោយសារ​អស់​ជម្រក​ ដំរីត្រូវ​មកស៊ី​ដំណាំ។​ ដូច្នេះ​ជម្លោះ​មនុស្ស​នឹង​ដំរី​កើតមាន​ឡើង ​ដែលនាំ​ឲ្យមាន​ការ​សម្លាប់​ដំរី។​

លោក​នៀង ធី​ជា​អ្នក​គ្រប់គ្រង​កម្មវិធី​អភិរក្ស​ដំរីនៃ​អង្គការ​Fauna & Flora ​អន្តរ​ជាតិ​នៅ​ភ្នំពេញ។​

គាត់និយាយថា៖​

«ជម្លោះ​មនុស្ស​និង​ដំរី​កើត​មាន​ច្រើន​ ដោយសារ​មនុស្ស​ច្រើន​ទៅរស់​នៅ​ជិត​ព្រៃ។​ គេដាំ​ដំណាំ ​ធ្វើ​កសិកម្ម​នៅ​ជិត​ជាយ​ព្រៃ​ តំបន់​ដំរី​រស់​នៅ។​ ដូច្នេះ​ ដំរី​មក​ស៊ី​ដំណាំ​ ហើយ​ទំនាស់​មនុស្ស ​និង​ដំរី​កើត​ឡើង។​ បើមិន​ដោះស្រាយ​បញ្ហា​នេះ​ទេ​ នោះ​អ្នកភូមិ​នឹង​សម្លាប់​ដំរី»។​

ជម្រក​ដំរី​ជាច្រើន​ត្រូវ​បាត់​បង់​ដោយសារ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​និង​ការ​កាប់ឈើ​ខុស​ច្បាប់​ នាពេល​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ​ ហើយ​បញ្ហានេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ។​ ដូច្នេះ​ទំនាស់​មនុស្ស​និង​ដំរី​មិនអាច​ចៀសរួច​ទេ។​

ដំរី​បំផ្លាញ​ដំណាំ ​ផ្ទះ​សម្បែង​ និង​សម្លាប់​មនុស្ស​ ពេលវា​ត្រូវ​គំរាម​កំហែង។ ​ដូច្នេះ​ មនុស្ស​យើង​សម្លាប់​ដំរី ​ដែល​បំផ្លាញ​ដំណាំ។​

Nick Marx ​និយាយ​ថា៖

«តាម​ពិត ​មនុស្ស​បង្ក​ជម្លោះ​ ដោយ​ចូល​ក្នុង​ព្រៃ​បំផ្លាញ​ជម្រក​ដំរី ​ធ្វើឲ្យ​ដំរី​គ្មាន​កន្លែង​រស់ ​ហើយ​ទំនាស់​ក៏​កើន​ឡើង។ ​បើមិន​រក​ដំណោះ​ស្រាយ​ទេ ​ជា​លទ្ធផល​គឺដំរី​នឹង​ត្រូវ​មនុស្ស​ចាប់​ឬ​សម្លាប់។ ​យើង​ត្រូវ​ចាប់​សង្គ្រោះ​ដំរី​ ដែល​អាច​រងគ្រោះ​ដោយសារ​ស្ថាន​ការណ៍​នេះ។ ​នេះជា​វិធានការ​អវិជ្ជមាន​ តែជា​ការ​ចំបាច់​ដើម្បីកុំ​ឲ្យ​គេ​សម្លាប់​វា»។​

សួនសត្វ​ភ្នំតាម៉ៅ​សង្គ្រោះ​ដំរី​៥ក្បាល​ពីជម្លោះ​រវាង​មនុស្ស​នឹង​ដំរី។​

ដំរីនេះ​ឈ្មោះ​ឈូក។​វាអាយុ៦ឆ្នាំ។​ គេចាប់​វា ព្រោះ​វាអាច​មាន​ប្រទុសរាយ​ជា​មួយ​មនុស្ស។​ ដូច្នេះ​មន្ត្រី​ត្រូវ​ចាប់វា​ទុក​ដើម្បី​សង្គ្រោះ។ ​ឈូក​ពិការ​ជើង ​ដោយ​សារ​ជាប់​អន្ទាក់។ ឥឡូវ​វា​អាចដើរ​បាន​ដោយសារ​ជើង​សិប្បនិមិត្ត។​

Marx ​និយាយថា​ ដំរីនៅ​កម្ពុជា ​និង​នៅ​ប្រទេស​អាស៊ី​អាគ្នេយ៍​អាច​គង់វង្ស​បាន​អាស្រ័យ​លើ​វិធាន​ការ​របស់​រដ្ឋាភិបាល​ក្នុងការ​ការពារ​ជម្រក​វា។​

«អនាគត​របស់​ដំរី​នៅ​កម្ពុជា ​និង​នៅ​អាស៊ី​អាគ្នេយ៍​កំពុង​នៅ​ក្នុង​ដំណាក់​កាល​ចាំបាច់។​ ខ្ញុំមើល​ឃើញ​ថា ​បើ​មនុស្ស​មាន​ឆន្ទៈ​អភិរក្ស​ព្រៃ​ និងដំរី ​ នោះដំរី​អាច​រស់​បាន។ ​បើរដ្ឋាភិបាល​មិនមាន​ឆន្ទៈ​នេះ​ទេ ​ដំរីមិន​អាច​រស់បាន​ទេ»។​

ដោយសារ​ចំនួន​មនុស្ស​កើនឡើង​ ​ហើយ​ព្រៃ​ហិនហោច​ទៅៗ​ ដូច្នេះ​ចំនួន​ដំរីព្រៃ​នឹង​បន្តធ្លាក់​ចុះ ​មិន​អាច​ទប់ស្កាត់​បាន៕​

ដោយសារ​ចំនួន​មនុស្ស​ច្រើន​ឡើងៗ​ ហើយ​ព្រៃ​ហិនហោច​ទៅៗ ហេតុនេះ​ចំនួន​ដំរីព្រៃ​នឹង​បន្ត​ធ្លាក់ចុះ​ បើមិន​មានការ​ទប់ស្កាត់។​