បណ្តាញភ្ជាប់អាស៊ាន ជាគន្លឹះរបស់កម្ពុជាក្នុងការគៀងគរវិនិយោទុន និងការកាត់បន្ថយគម្លាតអភិវឌ្ឍរបស់ខ្លួនជាមួយបណ្តាប្រទេសអភិវឌ្ឍដទៃទៀតក្នុងអាស៊ាន។
ភ្នំពេញ៖ ក្រុមសេដ្ឋកិច្ចវិទូនិយាយថា កម្ពុជាមានលទ្ធភាពស្រូបផលប្រយោជន៍សេដ្ឋកិច្ចពីបណ្តាញហេដ្ឋារចនាសម្ព័ន្ធភ្ជាប់សមាជិកនៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។
សមាគមអាស៊ានដែលមានដប់ប្រទេសជាសមាជិករួមមានកម្ពុជា ឡាវ វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ៊្វីលីពីនប្រ៊ុយណេ ភូមា និងប្រទេសសិង្ហបុរីបានដាក់ផែនការសម្រាប់ភ្ជាប់ផ្លូវគោក ផ្លូវអាកាសនិងផ្លូវទឹករួមគ្នាសម្រាប់សមាហរណកម្មសេដ្ឋកិច្ចដែលនឹងចូលជាធរមាននៅឆ្នាំ២០១៥។
លោកបណ្ឌិត សុខ ស៊ីផាណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា បណ្តាញភ្ជាប់អាស៊ាន ជាគន្លឹះរបស់កម្ពុជាក្នុងការគៀងគរវិនិយោទុន និងការកាត់បន្ថយគម្លាតអភិវឌ្ឍរបស់ខ្លួនជាមួយបណ្តាប្រទេសអភិវឌ្ឍដទៃទៀតក្នុងអាស៊ាន។
«ពេលទីផ្សារយើងតូច អ្នកវិនិយោគគេអត់មកទេ អញ្ចឹងពេលទីផ្សារវាបើកទូលាយទៅគេអាចជ្រើសរើសកន្លែងណាដែលគេអាចដំឡើងរោងចក្របាន។ គេដំឡើងនៅប្រទេសយើងដោយសារ មានផលប្រយោជន៍វិនិយោគ និងតម្លៃពលកម្មយើងនៅទាបដែរ។ ដូច្នេះពេលមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តហើយគឺលែងមានបញ្ហាហើយ ដំឡើងរោងចក្រនៅថៃកម្ពុជាវៀតណាម គឺដូចគ្នា ប៉ុន្តែបើតំឡើងនៅខ្មែរតម្លៃកម្លាំងពលកម្មយើងនៅទាប។ ដូច្នេះគាត់មានលទ្ធភាពផលិតនៅទីនេះ ដឹកទៅលក់នៅទីផ្សារវៀតណាមឬថៃក៏បានដែរ។»
លោកបណ្ឌិត សុខ ស៊ីផាន់ណា ថ្លែងយ៉ាងដូច្នេះក្នុងឱកាសនៃសន្និសីទស្តីអំពី «ការសម្រេចឱ្យបាននូវសហគមន៍អាស៊ានមួយដែលកាន់តែមានសមាហរណកម្ម ភាពប្រកួតប្រជែង សមធម៌ និងកាន់តែរឹងមាំ»។ សន្និសីទនេះមានរយៈពេលពីរថ្ងៃក្នុងទីក្រុងភ្នំពេញដែលបានបញ្ចប់កាលពីថ្ងៃពុធនេះ។
លោកសាស្ត្រាចារ្យ ហ្វូគូណារី គីមូរ៉ា (Fukunari Kimura) ប្រធានសេដ្ឋវិទូរបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ី(ERIA) មានប្រសាសន៍ថា កម្ពុជាមានអំណោយផលខាងផ្នែកភូមិសាស្ត្រក្នុងការទាញយកប្រយោជន៍ពីបណ្តាញភ្ជាប់អាស៊ាននេះ។
«ដូចក្នុងករណីកម្ពុជា កម្ពុជាស្ថិតនៅជិតតំបន់សេដ្ឋកិច្ចសំខាន់ៗនៃដងទន្លេមេគង្គ ដូចជាទីក្រុងហូជីម៉ិញជាដើម ដូច្នេះសក្តានុពលនៅត្រង់ថា កម្ពុជាអាចជាផ្នែកមួយនៃបណ្តាញផលិតកម្មដោយទទួលកិច្ចការ ឬផ្នែកខ្លះពីប្រទេសឧស្សាហកម្មទាំងនោះ ប៉ុន្តែដើម្បីធ្វើដូច្នោះបាន កម្ពុជាត្រូវមានបណ្តាញតភ្ជាប់ល្អ ដូចជាប្រព័ន្ធផ្លូវថ្នល់ល្អជាដើម។»
ការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធថ្នាក់តំបន់នេះ ជាកិច្ចការស្នូលសម្រាប់សម្រួលលំហូរវិនិយោគ ទំនិញ សេវាកម្ម និងពលករ រវាងប្រទេសសមាជិកអាស៊ាននានា ប្រកបដោយភាពរហ័ស និងសន្សំសំចៃ ដែលគ្រោងនឹងអនុវត្តជាផ្លូវការនៅឆ្នាំ២០១៥ខាងមុខនេះ។ ក្នុងនោះកម្ពុជាក៏នឹងអាចពង្រីកទីផ្សារខ្លួនចូលក្នុងទីផ្សារអាស៊ានទាំងមូលដែលមានប្រជាជនសរុបជាង៦០០លាននាក់ជាមួយនឹងផលិតផលក្នុងស្រុកសរុបឬGDP១,៥លានលានដុល្លារ និងបណ្តូរពាណិជ្ជកម្មសរុប១,៧លានលានដុល្លារអាមេរិកនៅឆ្នាំ២០១២។
ទោះជាយ៉ាងនេះក្តី ការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតំបន់នៅមានការយឺតយ៉ាវ។ ជាអាថ៌ គេហទំព័ររបស់លេខាធិការដ្ឋានអាស៊ានបង្ហាញថា ត្រឹមឆ្នាំ២០១០ កម្ពុជា និងឡាវ មានផ្លូវសម្រាប់ភ្ជាប់ តិចជាង១០ភាគរយដែលបានស្តាររួច។ ជាមួយគ្នានោះ មានផ្លូវគោកប្រវែង៤.០៦៩គ.ម ទៀត ត្រូវការកសាងនិងស្តារឡើងវិញជាពិសេសក្នុងប្រទេសកម្ពុជា ឡាវ ភូមា និងវៀតណាម ដើម្បីភ្ជាប់ប្រទេសដែលជាសមាជិកអាស៊ានដទៃទៀត។ ចំណែកឯផ្លូវទឹកវិញ តំបន់អាស៊ានមានផ្លូវទឹកក្នុងប្រវែង៥១.០០០គ.ម ប៉ុន្តែនៅមិនទាន់អាចប្រើប្រាស់ឱ្យអស់សក្តានុពលនៅឡើយ ដោយសារប្រព័ន្ធផ្លូវទឹកពុំទាន់មានការស្តារនិងគោរពតាមបទដ្ឋា និងកង្វះកំពង់ផែជាដើម។ នេះបើយោងតាមរបាយការណ៍គម្រោងមេស្តីពីបណ្តាញភ្ជាប់អាស៊ាន (Master Plan for ASEAN Connectivity) នៅឆ្នាំ២០១០។
តាមការប៉ាន់ស្មានរបស់ធនាគារអភិវឌ្ឍអាស៊ី (ADB) នៅឆ្នាំ២០០៨ ដើម្បីសម្រេចបានបណ្តាញភ្ជាប់អាស៊ាននៅឆ្នាំ២០១៥ សមាជិកខ្លួនទាំងអស់នឹងត្រូវការការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធសរុបចំនួន៥៩៦ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង៦០ពាន់លានដុល្លារក្នុងមួយឆ្នាំ ពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៥។ ។ ប៉ុន្តែត្រឹមខែកញ្ញាឆ្នាំ២០១២ អាស៊ានទើបអាចគៀងគរថវិកាពីសមាជិកខ្លួនបាន៤៨៥លានដុល្លារប៉ុណ្ណោះ ក្រោមមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (ASEAN Infrastructure Fund) របស់ខ្លួន។ មកទល់ពេលនេះ ក្នុងចំណោមប្រទេសដៃគូពិភាក្សារបស់អាស៊ានទាំងអស់ មានតែប្រទេសជប៉ុនប៉ុណ្ណោះបានដាក់ផែនការវិនិយោគជាក់លាក់ក្នុងទឹកប្រាក់២៥ពាន់លានដុល្លារ ដើម្បីពង្រឹងបណ្តាញភ្ជាប់អាស៊ាន។
ថ្មីៗនេះ អគ្គលេខាធិការអាស៊ាន លោក សូរិន្ទ ពិតសុវណ្ណ (Surin Pitsuwan) បាននិយាយថា បណ្តាញភ្ជាប់អាស៊ាននឹងមិនអាចលេចចេញជាផ្លែផ្កាទាំងស្រុងទេ ប្រសិនបើអាស៊ានពឹងផ្អែកតែលើកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ដោយគ្មានការចូលរួមពីភាគីឯកជន ព្រោះអ្នកវិនិយោគឯកជនជាមូលដ្ឋានហិរញ្ញវត្ថុដ៏មានសក្តានុពលសម្រាប់ការវិនិយោគលើគម្រោងធំៗទាំងនោះ។ ទោះបីជាខ្វះថវិកាក្តី ក៏លោកបណ្ឌិត សុខ ស៊ីផាណា នៅតែសម្តែងសុទិដ្ឋិនិយមរបស់លោកចំពោះកិច្ចប្រឹងប្រែងរបស់អាស៊ាននេះដែរ៕