កម្ពុជា​ធ្លាក់​ចំណាត់​ថ្នាក់​ក្នុង​សន្ទស្សន៍​ពុករលួយ​អន្តរជាតិ

ប្រទេស​​កម្ពុជា​បាន​ធ្លាក់​ចំនួន​១០​លេខ ពី​លេខរៀង​ទី​១៥៦​នៅ​ឆ្នាំ​២០១០ មក​ទី​១៦៤​នៅ​ឆ្នាំ​២០១១​នេះ។

អង្គការ​តម្លាភាព​អន្តរជាតិ ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ កម្ពុជា​បាន​ជាប់​លំដាប់​ថ្នាក់​ទី​១៦៤​ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨៣​ ចំពោះ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ពាក់ព័ន្ធ​នឹង​ការ​សូកប៉ាន់​ដល់​មន្ត្រី​សាធារណៈ ​ការ​ឱ្យ​ប្រាក់​ជា​សាគុណ​ក្នុង​លទ្ធកម្ម​សាធារណៈ ​និង​ការ​លួច​បន្លំ​យក​មូលនិធិ​សាធារណៈ។

សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​នេះ​ បាន​ធ្វើ​ឡើង​រវាង​ខែ​ធ្នូ ​ឆ្នាំ​២០០៩ ​និង​ខែ​កញ្ញា ​ឆ្នាំ​២០១១​ ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​នេះ​ បង្ហាញ​ថា​រដ្ឋាភិបាល​មួយ​ចំនួន​បរាជ័យ​ក្នុង​ការ​ការពារ​ប្រជាពលរដ្ឋ​ពី​អំពើ​ពុក​រលួយ​ដោយ​រូបភាព​រំលោភ​បំពាន​លើ​ធនធាន​សាធារណៈ​ ការ​សូកប៉ាន់​ ឬ ​ការ​ធ្វើ​សេចក្តី​សម្រេច​ដោយ​សម្ងាត់ ​ព្រមទាំង​ក្នុង​ផ្នែក​រដ្ឋបាល ​និង​នយោបាយ។

សន្ទស្សន៍​នេះ​បាន​ដាក់​ពិន្ទុ​ឱ្យ​ប្រទេស​ចំនួន​១៨៣​ពី​លេខ​០ (ពុករលួយ​ខ្លាំង) ទៅ​ដល់​លេខ​១០ ​(ស្អាតស្អំ​ខ្លាំង) ដោយ​ផ្អែក​លើ​កម្រិត​យល់​ឃើញ​នៃ​អំពើ​ពុករលួយ​ក្នុង​វិស័យ​សាធារណៈ ​និង​ប្រើប្រាស់​ទិន្នន័យ​ពី​ការ​ស្ទង់​មតិ​ចំនួន​១៧​ ដែល​ពិនិត្យ​មើល​កត្តា​ដូចជា​ ការ​ពង្រឹង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ​ការ​ទទួល​បាន​ព័ត៌មាន​ និង​ទំនាស់​ផលប្រយោជន៍។

អង្គការ​តម្លាភាព​អន្តរជាតិ​បាន​បញ្ជាក់​ក្នុង​តារាង​ផ្តល់​ពិន្ទុ​ថា​ កម្ពុជា​ទទួល​បាន​ពិន្ទុ​២,១​ ក្នុង​លំដាប់​ថ្នាក់​ពុករលួយ​លេខ​បួន​រាប់​ពី​បាតតារាង​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​និង​គ្រាន់​បើ​ជាង​ប្រទេស​កូរ៉េខាងជើង​ដែល​បាន​ពិន្ទុ​១,០ ​ប្រទេស​មីយ៉ានម៉ា ​និង​អាហ្គានីស្ថាន​ពិន្ទុ​១,៥។

លោក​ ព្រាប ​កុល ​តំណាង​អង្គការ​តម្លាភាព​អន្តរជាតិ​ប្រចាំ​កម្ពុជា​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​សណ្ឋាគារ​ សាន់វ៉េ ថា​លេខរៀង​របស់​កម្ពុជា​បាន​ធ្លាក់ចុះ ​ប៉ុន្តែ​ពិន្ទុ​រក្សា​បាន​២,១​ដដែល​ ដូច​ឆ្នាំ​២០១០​ដែរ។ លេខរៀង​របស់​កម្ពុជា​ឆ្នាំ​២០១០​ គឺ​ទី​១៥៤ ​ប៉ុន្តែ​ឥឡូវ​នេះ ​ទី​១៦៤។

«នៅ​ប្រទេស​កម្ពុជា​យើង ​ស្ថាប័ន​ដែល​គេ​យល់​ឃើញ​ថា​ ពុករលួយ​ជាង​គេ​ យោង​តាម​ការ​វាស់ស្ទង់ គឺ​ស្ថាប័ន​ផ្នែក​តុលាការ​ខ្លាំង​ជាង​គេ ​បន្ទាប់​មក​នគរបាល ​និង​វិស័យ​សាធារណៈ ​មានន័យ​ថា​មន្ត្រីរាជការ​សាធារណៈ»។

លោក ​សុន ​ឆ័យ ​តំណាងរាស្ត្រ​គណបក្ស​សម​ រង្សី​ បាន​ថ្លែង​ថា​ពិន្ទុ​នេះ​ បាន​បង្ហាញ​ពី​អំពើ​ពុករលួយ​នៅ​កម្ពុជា​គ្មាន​ការប្រែប្រួល ​ហើយ​សកម្មភាព​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់បន្ថយ​អំពើ​ពុករលួយ។

«អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​បាន​ធ្វើអ្វី​ឱ្យ​មាន​ការផ្លាស់ប្តូរ​ ក្នុង​សង្គម​របស់​យើង​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​នោះ​ទេ។ យើង​មាន​ការព្រួយបារម្ភ ​បើ​ទោះបី​ជា​ពិន្ទុ​របស់​យើង ​នៅ​ដដែល​ ប៉ុន្តែ​លំដាប់​លេខ​របស់​យើង​ធ្លាក់​ក្នុង​ចំណោម​ប្រទេស​នានា​ក្នុង​ពិភពលោក»។

លោក ​ស ​សម្បត្តិ ​ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បាន​លើក​ឡើង​ជំទាស់​នឹង​ការ​ដាក់​ពិន្ទុ​អំពើ​ពុករលួយ​ដល់​កម្ពុជា​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​នេះ។

«ខ្ញុំ​យល់​ថា​ការ​ដាក់​ពិន្ទុ​នេះ​មិន​ជា​ត្រឹមត្រូវ​ទេ ​ដោយសារ​មូលហេតុ​អ្វី​ដែល​យើង​ខំ​ប្រឹងប្រែង​កន្លង​ទៅ​ហ្នឹង​ គេ​ហាក់​ដូច​ជា​មិន​បាន​ឃើញ ​មិន​បាន​ដឹង ​ឬ​មិន​បាន​យល់ ​ហើយ​កន្លង​ទៅ ​អង្គការ​តម្លាភាព​អន្តរជាតិ​នេះ​ មិន​បាន​មក​ស៊ើបសួរ ​ឬ​ក៏​ទាក់ទង ​ដើម្បី​ស្វែងយល់​អំពី​បញ្ហា​នេះ​ទេ។​ ប៉ុន្តែ​អង្គភាព​យើង​ខ្ញុំ​ចេះ​តែ​ដំណើរការ​ទៅ​មុខ​រហូត​ហើយ។ យើង​ខ្ញុំ​ក៏​មិន​ខ្វល់​ឈឺ​ក្បាល​ថា​ គេ​ដាក់​លេខ​ប៉ុន្មាន​ទេ ​ពីព្រោះ​អ្វីៗ​ផ្ទៃ​ក្នុង​ យើង​ខ្ញុំ​បាន​ដំណើរការ​ដោយ​រលូន»។

លោក​ ផៃ ​ស៊ីផាន អ្នកនាំ​ពាក្យ​ប្រចាំ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​បាន​ថ្លែង​ថា​ ការ​វាយតម្លៃ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​គ្មាន​លក្ខណៈ​វិទ្យសាស្ត្រ​គ្រប់គ្រាន់​ដើម្បី​ធានា​លទ្ធផល​ត្រឹមត្រូវ​នោះ​ទេ​ ពីព្រោះ​អំពើ​ពុករលួយ​គឺ​ជា​ការ​សម្ងាត់​បំផុត។

«យើង​មិនជឿ​នូវ​ការ​វាយតម្លៃ​របស់​អង្គការ​នោះ ​ពីព្រោះ​គ្មាន​វិទ្យាសាស្ត្រ​ធ្វើ​ឱ្យ​យើង​ជឿ​ទេ។ ការ​ធ្វើ​របាយការណ៍ ​ឬ​ការស្រាវជ្រាវ​នេះ​មិន​ជា​សត្យ​ទេ។ ​យើង​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ។​ យើង​មាន​ច្បាប់​ប្រឆាំង​នឹង​ចៅក្រម​ ឬ​មន្ត្រី​ណាមួយ​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ»។

កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ តុលាការ​ខេត្ត​បន្ទាយមានជ័យ​បាន​កាត់ទោស​អតីត​មន្ត្រី​នគរបាល​ប្រាំ​នាក់​រួម​មាន​ ហ៊ុន ​ហ៊ាន​ អតីត​ស្នងការ​នគរបាល​ខេត្ត​ឱ្យ​ជាប់​ពន្ធនាគារ​រវាង​ពី​បី​ទៅ​បួន​ឆ្នាំ​ក្នុង​ម្នាក់ៗ អំពី​បទ​ទទួល​សំណូក​ពី​ពួក​ជួញដូរ​គ្រឿង​ញៀន។ តុលាការ​ខេត្ត​នេះ​ក៏​កំពុង​ដំណើរការ​ការ​កាត់ទោស​លោក​ មឹក​ ដារា អតីត ​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន ​និង​លោក​ ជា ​ឡេង ​អតីត​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ​អំពី​អំពើ​ពុករលួយ ​និង​ការ​ជួញដូរ​គ្រឿងញៀន៕