ហេង រស្មី ភ្នំពេញ
ក្រុមសមត្ថកិច្ចខេត្តកំពង់ចាមនៅថ្ងៃព្រហស្បតិ៍នេះបានចាប់ខ្លួនជនសង្ស័យចំនួន៦នាក់ បន្ទាប់ពីបានរៀបចំគម្រោងប្លន់ប្រាក់ពីធនាគារអេស៊ីលីដា សាខានៅស្រុកស្ទឹងត្រង់។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ច។
ជនសង្ស័យទាំង៦នាក់ត្រូវបានបង្ហាញមុខជាសាធារណៈនៅស្នងការប៉ូលិសខេត្ត។ មានជនសង្ស័យខ្លះអត់អាវ ស្លៀកតែខោខ្លី និងមានស្នាមវាយដំជាំមុខដែលសង្ស័យថា ក្រុមសមត្ថកិច្ចវាយដើម្បីសួរចម្លើយ។
ព័ត៌មានដំបូងដែលបានបង្ហាញពីក្រុមសមត្ថកិច្ចកាលពីថ្ងៃពុធ បានឲ្យដឹងថា ក្រុមជនល្មើស ដែលមានគ្នាចំនួនពីរនាក់ បានប្រើប្រាស់អាវុធខ្លីមួយដើម បានចាប់ជម្រិតបុគ្គលិកធនាគារអេស៊ីលីដាធ្វើជាចំណាប់ខ្មាំងដើម្បីជម្រិតទារថ្នាំញៀន។
បើតាមការបញ្ជាក់ពីលោកវរៈសេនីយ៍ឯកជឹម គឹមហុង ស្នងការរងប៉ូលិសខេត្ត បានថ្លែងប្រាប់អង្គសន្និសីទការសែតនៅថ្ងៃព្រហស្បតិ៍នេះថា តាមការណ៍ពិតមិនមែនជាសកម្មភាពចាប់ជម្រិតទារប្រាក់ទេ ប៉ុន្តែផ្ទុយទៅវិញជាការរៀបចំគម្រោងប្លន់លុយធនាគារអេស៊ីលីដាតែប៉ុណ្ណោះ។
លោកបាននិយាយថា ជនសង្ស័យចំនួន៥នាក់ក្នុងចំណោម៦នាក់ជាបុគ្គលិកធនាគារអេស៊ីលីដាផ្ទាល់តែម្តង ហើយក្នុងនោះជនសង្ស័យឈ្មោះស៊ឹមគឹមថាន អាយុ៣៥ឆ្នាំជាប្រធានបេឡាធនាគារអេស៊ីលីដាស្រុកស្ទឹងត្រង់គឺជាមេគំនិតនៅក្នុងការរៀបចំសកម្មភាពប្លន់ប្រាក់ពីធនាគារ។
លោកមានប្រសាសន៍ថា មូលហេតុដែលនាំឲ្យស៊ឹម គឹមថានរៀបចំគម្រោងប្លន់លុយពីធនាគារគឺដោយសារតែជំពាក់ប្រាក់គេច្រើនពេក និងបានយកប្រាក់ចំនួន២ម៉ឺនដុល្លារពីធនាគារយកទៅចាយវាយ។
«នៅពេលដែលរៀបចំសកម្មភាព ស៊ឹម គឹមថា ដែលជាបុគ្គលិកបេឡានោះគឺជាមនុស្សដែលជំពាក់លុយគេច្រើន។ ទីមួយគាត់ជាប់ធ្វើផ្ទះថ្មី។ ទីពីរគាត់ម៉ៅចម្ការស្វាយចន្ទីគេ។ គាត់ខាតលុយច្រើន។ ទីបីប្រពន្ធគាត់លេងតុងទីន»។
បុគ្គលិកធនាគារអេស៊ីលីដា ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពប្លន់ប្រាក់ពីធនាគារ រួមមានឈ្មោះស៊ឹម គឹមថាន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិព្រែកបារាំង ស្រុកស្ទឹងត្រង់ ជាប្រធានបេឡា និងជាមេខ្លោងក្នុងរឿងនេះ។ ស៊ឹម តុលា ហៅជែម អាយុ២៨ឆ្នាំមកពីភ្នំពេញ ជាម្ចាស់អាវុធខ្លីម៉ាកកា៥៤ រស់នៅខេត្តកំពត។ ស៊យ លីណា អាយុ២០ឆ្នាំ ជាប្រធានបេឡាស្តីទី។ អាន ម៉ាត់លី អាយុ២៤ឆ្នាំ ជាបុគ្គលិកធនាគារ ដែលរត់រួចកាលពីម្សិលម៉ិញ ដោយបាននាំយកលុយចំនួន៥៧លានរៀល។ ទីន គុយហេង ភេទប្រុស អាយុ២៩ឆ្នាំ ជាបុគ្គលិកធនាគារ ស្នាក់នៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ និងរឿន សុជាតិ អាយុ២៩ឆ្នាំ ជាបុគ្គលិកធនាគារអេស៊ីលីដា។
លោកអ៊ីន ចាន់នី អគ្គនាយកធនាគារអេស៊ីលីដាប្រចាំក្រុងភ្នំពេញ បានទទួលស្គាល់ថា ពិតជាបុគ្គលិករបស់ធានាគារអេស៊ីលីដាពិតប្រាកដមែនដែលបានរៀបចំគម្រោងប្លន់ប្រាក់ពីធនាគារ។
លោកបាននិយាយថា បុគ្គលិកដែលជាប់ពាក់ព័ន្ធទាំងនោះនឹងត្រូវបញ្ឈប់ពីការងារហើយ។ ហើយលោកកំពុងរៀបចំដាក់ពាក្យបណ្តឹងទៅតុលាការ។
«បុគ្គលិកដែលពាក់ព័ន្ធគាត់រំលោភអនុសញ្ញារួម ស្តីពីការងារ។ យើងបញ្ជប់គាត់ ហើយយើងនឹងប្តឹងទៅតុលាការដើម្បីចោទប្រកាន់ពីបទបោកប្រាស់ ពីបទបន្លំ ពីបទបំពានដើម្បីកេងយកលុយកាក់»។
លោកអ៊ីន ចាន់នីបាននិយាយថា លោកមិនទាន់ដឹងថា ទឹកប្រាក់ប៉ុន្មានដែលត្រូវបាត់បង់ទេ ដោយសារតែកំពុងធ្វើសវនាកម្មនៅឡើយ។ លោកបានបញ្ជាក់ថា នៅតាមប៉ុស្តិ៍សាខារបស់ធនាគារនិមួយៗមានទឹកប្រាក់ប្រមាណ៧ម៉ឺនដុល្លារតែប៉ុណ្ណោះ៕