សិប្បកម្ម​សូត្រ​ខ្មែរ​អាច​បាត់​បង់​បើ​គ្មាន​វិធានការណ៍​ជាក់​លាក់

ស្ត្រី⁣ម្នាក់⁣កំពុង⁣ត្បាញ​សូត្រ​

ជា​អាថ៌ សង្កាត់​កោះដាច់ ដែល​ល្បី​ថា ជា​កន្លែង​តម្បាញ​សូត្រ​ជាច្រើន​ទសវត្សរ៍​មក​ហើយ ​បច្ចុប្បន្ន បាន​ផ្លាស់ប្តូរ​ស្ទើរតែ​ទាំងស្រុង។
ភ្នំពេញ៖ ការ​ធ្លាក់ចុះ​ជា​លំដាប់​នៃ​ចំនួន​អ្នក​ដាំ​មន​ចិញ្ចឹម​ដង្កូវនាង​សម្រាប់​យក​សូត្រ​និង​អ្នក​តម្បាញ​សូត្រ​ខ្មែរ បាន​ក្លាយ​ជា​ការគំរាមកំហែង​គួរ​ឲ្យ​ព្រួយបារម្ភ​ដែល​អាច​បណ្តាល​ឲ្យ​ឈាន​ទៅ​រក​ការ​បាត់​បង់​សិប្បកម្ម​សូត្រ​ខ្មែរ។ សិប្បកម្ម​ប្រពៃណី​យ៍​នេះ​បាន​ផ្សា​ភ្ជាប់​នឹង​សង្គម​សេដ្ឋកិច្ច​និង​វប្បធម៌​ខ្មែរ​ជា​យូរ​មកហើយ។ ជា​អាថ៌ សង្កាត់​កោះដាច់ ដែល​ល្បី​ថា ជា​កន្លែង​តម្បាញ​សូត្រ​ជាច្រើន​ទសវត្សរ៍​មក​ហើយ ​បច្ចុប្បន្ន បាន​ផ្លាស់ប្តូរ​ស្ទើរតែ​ទាំងស្រុង។ សិប្បកម្ម​សូត្រ​នៅទីនេះ​ភាគច្រើន​ត្រូវ​បាន​បោះ​បង់​ចោល។
មាន​កី​តម្បាញ​ខ្លះ​បែរ​ជា​ត្រូវ​បាន​យក​ទៅ​ធ្វើជា​ស្នួរ​ហាល​ខោអាវ ឬក៏​គ្រែ​គេងទៅ​វិញ។ រីឯ​អ្នក​តម្បាញ​នាំគ្នា​ឈប់​ត្បាញ​សូត្រ តែ​បែរ​ជា​ត្បាញ​អំបោះ​ហុង​ធម្មតា​ជំនួស​វិញ សម្រេច​ចិត្ត​ប្តូរ​មុខរបរ​តែម្តង។
លោក យ​ន សុផល អាយុ​៤៨ឆ្នាំ ដែល​ជា​អ្នក​ស្រុក​ម្នាក់​លើ​កោះ​ បាន​និយាយថា លោក​ក៏​ធ្លាប់​ត្បាញ​សូត្រ​ដែរ តែ​បាន​បោះបង់ចោល​របរ​នេះ​ជាង​មួយឆ្នាំ​ហើយ ដោយសារ​តម្លៃ​អំបោះ​សូត្រ​កាន់តែ​ឡើងថ្លៃ ហើយ​ពេលខ្លះ​លក់​មិន​ដាច់ ដែល​នាំ​ឱ្យ​គាត់​ខាត​ទាំង​ប្រាក់ និង​កម្លាំង។
«ខ្ញុំ​ត្បាញ​យូរហើយ​តាំងពី​សូត្រ​នៅ​មួយ​កាលី៣០ ៤០ ឥឡូវ ១០០ តែ​ឱ្យ​តម្លៃ​អត់​ខ្ពស់​សោះ ឱ្យ​កាន់តែ​ទាប​ទៅៗ ផាត់​ទូទាត់​យក​សូត្រ​យក​មក​ចាក់​វា​ទៅ​ជា​ខាត​ទៅ​វិញ។ ពេលខ្លះ​ចំណេញ​បាន​តិចតួច​គ្រាន់តែ​យូរ​ខែ ហើយ​លក់​អត់​ចង់​ចេញ​ទៀត ផាត់​ទូទាត់​ទៅ​មិនកើត​ទេ។ មិន​រស់​ទេ។ ខ្ញុំ​ក៏​ឈប់​ទៅ។»
លោក យ​ន សុផល អាយុ​៤៨ឆ្នាំ
កោះដាច់​ត្រូវ​កាត់​ពី​ស្រុក​មុខកំពូល​មក​ចូល​ខណ្ឌឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​វិញ​កាលពីថ្មីៗនេះ។ សុផល មិន​មែនជា​បុគ្គល​តែ​ម្នាក់​ទេ​ដែល​ឈប់​ពីរ​បរ​នេះ។ អ្នកស្រុក​គាត់​ភាគច្រើន​ក៏​ឈប់​ដូចគ្នា​ដែរ។
«អូ អ្នក​ឈប់​ច្រើន​ណាស់ ទៅធ្វើ​សំណង់​ស្រុក​ខ្ញុំ ព្រលឹម​ឡើង​ជិះ​កង់​ព្រោង​ព្រាត ​ទាំងស្រី​ទាំងប្រុស។ អ្នកខ្លះ​គ្នា​យកលុយ​រដ្ឋ​មករក​ស៊ី​ត្បាញ​ហ្នឹង ប៉ុន្តែ​ពេល​វា​ចេះតែ​ថោកទៅៗ រឹតតែ​ជំពាក់​គេ រត់​ទៅធ្វើ​សំណង់​ហ្នឹង​យកលុយ​មក​សង​រដ្ឋ​វិញ។ សព្វថ្ងៃ​ច្រើន​អញ្ចឹ​ង។»
តម្លៃ​សូត្រ​កើន​ឡើងជា​លំដាប់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពោលគឺ​ឡើង​ពី៤០ទៅ៥០ដុល្លារ​នា​ប៉ុន្មាន​ឆ្នាំមុន មកទល់​ខែកញ្ញា ឆ្នាំ២០១២ តម្លៃ​កើន​រហូតដល់​៨៩​ដុល្លារ​សម្រាប់​សរសៃសូត្រ​លេខ​១ដែល​ត្រូវ​បាននាំ​ចូល​ពី​វៀតណាម និង១៣០ដុល្លារ​សម្រាប់​សូត្រ​មាស​លេខ​១​ដូចគ្នា​របស់​ខ្មែរ។
សូត្រ​ចេះតែ​ឡើង​ថ្លៃ​គឺ​ដោយសារ ការ​ផ្គត់ផ្គង់​សូត្រ​ក្នុងស្រុក​មានការ​ធ្លាក់ចុះ​ជា​លំដាប់ ព្រោះ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ដាំ​មន​ចិញ្ចឹម​ដង្កូវនាង​ភាគច្រើន​ឈប់​ប្រកប​របរ​នេះ ហើយ​យក​ដី​ដាំដំឡូង​មី​វិញ។ ចំណែក​អ្នក​ខ្លះទៀត​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ថៃ។ នេះ​បើ​យោងតាម​លោក កែ មុន្នី អគ្គលេខាធិការរង​នៃ​សមាគម​ភូមិ​សូត្រ​ខ្មែរ។
តាម​ការស្រាវជ្រាវ​មួយ​កាលពី​ឆ្នាំ២០១១​របស់លោកបណ្ឌិតមុី កល្យាណ ទីប្រឹក្សា⁣ជាន់ខ្ពស់នៃ⁣ ឧត្តមក្រុមប្រឹក្សា⁣សេដ្ឋកិច្ច⁣ជាតិ បាន​ឱ្យ​ដឹង​ថា កម្ពុជា​មានការ​ផ្គត់ផ្គង់​សរសៃសូត្រ​ក្នុងស្រុក​ប្រហែល​បួន​តោន​ប៉ុណ្ណោះ ហើយ​ចំនួន​នេះ​បន្ត​ធ្លាក់ចុះ​ជា​លំដាប់។ រីឯ​តម្រូវការ​វិញ​មាន​រហូតដល់​ជាង​៤០០​តោន​ក្នុង​មួយឆ្នាំ​ឯ​ណោះ។ កង្វះ​ខាត​នេះ តម្រូវ​ឱ្យ​មានការ​នាំចូល​សរសៃសូត្រ​ប្រហែល​ជាង​៩៩​ភាគរយ​ពី​បរទេស​ជាពិសេស​ពី​វៀតណាម​និង​ចិន ដែល​គិត​ជា​ទឹកប្រាក់​ជាង២០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។
អ្នកស្រី សំ ឈូក អាយុ២៤ឆ្នាំ ដែល​ជា​អ្នក​ដាំ​មន និង​ចិញ្ចឹម​ដង្កូវនាង​លើ​ផ្ទៃដី​ប្រហែល​២.០០០​ម៉ែត្រ​ក្រឡា​នៅ​ក្នុង​ស្រុក​ភ្នំ​ស្រុក ខេត្ត​ឧត្តរ​មានជ័យ។ គាត់​គឺជា​អ្នក​ផលិត​សូត្រ​ម្នាក់​ក្នុងចំណោម​អ្នក​ដែល​នៅ​សេសសល់​ដ៏​តិចតួច​បំផុត​ក្នុងស្រុក​របស់គាត់។
ស្ត្រី​ជា​ម្តាយ​វ័យក្មេង​នេះ​មាន​ប្រសាសន៍​ថា ក្នុង​មួយ​វដ្ត​ដង្កូវនាង​ដែលមាន​រយៈពេល​មួយខែ​កន្លះ អ្នកស្រី​អាច​ប្រមូល​ផល​សំបុក​ដង្កូវនាង​បាន៣០​ចង្អេរ បន្ទាប់ពី​ស្រាវ​រួច​បាន​សរសៃ​សូត្រ​ជាង​បួន​គីឡូក្រាមគឺ​ស្មើនឹង​ទឹកប្រាក់​ជាង១​លាន​រៀល (ជាង២៥០ដុល្លារ​អាមេរិក)។ ជាមួយ​គ្នា​នេះ​ដែរ​អ្នក​ស្រី​សល់​ដង្កូវ​ឌឹកឌឺ​ឬ​ង្កូ​វ​នាង​ក្រោយពី​ស្រាវ​យក​សូត្រ​រួច​ប្រហែល​៤០​កំប៉ុង ដែល​អាច​ផ្តល់​ចំណូល​បាន​ជាង​១០០.០០០រៀល​ឬ​ជាង២៥ដុល្លារ​អាមេរិក។
ដោយឡែក​អ្នកស្រី ទេ​ត ម៉ៅ អាយុ៥០ឆ្នាំ​នៅក្នុង​ស្រុក​ជាមួយគ្នា បាន​ប្រាប់​ឱ្យដឹងថា​អ្នកស្រី​បាន​បោះបង់​ចោល​របរ​នេះ​ប្រហែល​បី​ឆ្នាំ​ហើយ ដោយសារ​ភាគច្រើន​ដង្កូវនាង​ដែល​អ្នកស្រី​ចិញ្ចឹម​បាន​ស្លាប់​ដោយសារ​ជំងឺ។
«ពេល​វា​ជិត​ឡើង​សំបុក​ហើយ​ណា តែ​វា​ទន់​ខ្លួន​ទៅ​ងាប់​អស់​ម៉ា២០ចង្អេរ​នៅសល់តែ​ពីរ​ចង្អេរ​អី​ទេ អា​ពីរ​ចង្អេរ​ហ្នឹង​ពេល​កើតជា​កូន​នាង​ហើយ​អត់​ឡើង​ទៀត​ខូច​អស់។ ខ្ញុំ​ខូចបួន​ទៅប្រាំ​ដង​ហើយ។ ដាក់​មិនដែល​កើត​ខ្ញុំ​ឈប់​ទៅ។»
អ្នកស្រី ទេត ម៉ៅ សព្វថ្ងៃនេះ​បាន​ងាក​ទៅ​ដាំដំឡូង​មី​វិញ។
«សព្វថ្ងៃ​សល់​បួនដប់​នាក់​ប៉ុណ្ណឹង​ឯង សម្បូរ​តែ​អ្នក​ដាំ​ដំឡូង ហើយ​ទៅ​ថៃ​វិញ​ច្រើន​ណាស់។ ខ្លះទៅ​ទាំង​គ្រួសារ​តែម្តង។ ទៅ​ច្រើនណាស់​ពូ។ ហើយ​ទៅ​ឡើង​ស្ងាត់​ស្រុក​ហើយ»។​
ជាមួយ​នឹង​ការបាត់បង់​សិប្បកម្ម​សូត្រ​ជា​លក្ខណៈ​គ្រួសារ សមាគម អង្គការ និង​សហគ្រាស​ឯកជន​បាន​ស្ថិតនៅ​ចលករ​សំខាន់​ក្នុងការ​ទ្រទ្រង់​សូត្រ​ខ្មែរ។ តួយ៉ាង​សមាគម​សិប្បករ​កម្ពុជា មាន​សិប្បករ​តម្បាញ​ជាង២.០០០នាក់ ក្រុមហ៊ុនចម្រុះ​សិប្បករ​អង្គរ មាន​អ្នក​ដាំ​មន ចិញ្ចឹម​ដង្កូវនាង និង​តម្បាញ​សរុប​ជាង​៥០០នាក់។
លោក ម៉ែន ស៊ី​នឿន នាយក​ប្រតិបត្តិ​នៃ​សមាគម​សិប្បករ​កម្ពុជា បារម្ភ​ថា​សិប្បកម្ម​សូត្រ​ខ្មែរ​អាច​បាត់បង់​បើ​គ្មាន​វិធាការណ៍​ជាក់លាក់​ណាមួយ​ទាន់ពេលវេលា​នោះទេ។
«ឥឡូវនេះ​វា​កំពុង​ធ្វើ​ទៅហើយ សូត្រ​មាន​ខ្មែរ​យើង​កំពុងតែ​ធ្វើដំណើរ​ទៅហើយ ប្រសិនបើ​យើង​បណ្តោយ​វា​ហ្នឹង​បាត់​ហើយ​ប្រទេស​ផ្សេង​អាច​ទាមទារ​ថា ហ្នឹង​ជា​របស់គេ។ អានេះ​ជា​វប្បធម៌​មរតក​ពី​ដូនតា​មក​ដែល​យើង​ត្រូវ​រក្សាទុក។ ប៉ុន្តែ​ការយកចិត្តទុកដាក់​នៅ​ទាប នៅ​ទាប​អញ្ចឹង​វា​អាច​នឹង​បាត់បង់។»
អ្នកស្រី ឃីម ស្រី​នាង ដែល​ជា​អ្នក​តម្បាញ​ និង​លក់​សូត្រ​ម្នាក់​នៅ​ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល សង្កេត​ឃើញ​ថា​ការនិយម​វប្បធម៌ និង​សម្លៀកបំពាក់​បរទេស​ក៏​ជា​គ្រោះថ្នាក់​នៃ​ការផលិត​សូត្រ​ខ្មែរ​ដែរ។
«ថ្ងៃ​ក្រោយ​ខ្ញុំ​គិតថា វា​នឹង​បាត់បង់ ដោយសារ​វប្បធម៌​បរទេស​ហូរ​ចូល​ច្រើន ក្មេង​ជំនាន់​ក្រោយ​សម្លៀក​បំពាក់ វា​ទៅ​អឺរ៉ុប​អស់ហើយ។ ឥឡូវ​ថៃ​ចេញមក​ពេញ​ទឹក​ពេញ​ដី ដោយសារ​វា​បោក​ទឹកបាន របស់​ខ្មែរ​យើង​បោក​ទឹក​អត់​បានទេ។»
អ្នកស្រី ឃីម ស្រី​នាង ចំណាយពេល​រហូតដល់​មួយ​សប្តាហ៍​ទើប​រកប្រាក់​កម្រៃ​បាន២០.០០០ រៀល​គឺ​ស្មើ​នឹង​ប្រាំ​ដុល្លារ​អាមេរិក។ ទោះបីជា​បាន​កម្រៃ​ស្តួចស្តើង​ហើយ​អ្នកភូមិ​ស្រុក​ជាច្រើន​បោះ​បង់​ចោល​ការងារ​នេះ​ក្តី ក៏​អ្នកស្រី ឃីម ស្រី​នាង បន្ត​ថា​នៅតែ​មិនអាច​មានលទ្ធភាព​ធ្វើ​អ្វី​ផ្សេង​នោះទេ ដោយសារ​គ្មាន​ដី​ដាំ​ដំណាំ និង​បុព្វហេតុ​ដើម្បី​ការពារ​របរ​មរតក​ពី​ដូនតា​របស់​អ្នកស្រី៕