កម្ពុជា​បណ្តេញ​ចិន​តៃវ៉ាន់​១១​នាក់​ទៅ​ប្រទេស​ចិន

បុរស​ម្នាក់​ប្រើកុំព្យូទ័រ​នៅ​ហាង​អ៊ីនធើណិតកាហ្វេ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេសចិន។ (រូបភាព​ឯកសារ)

ដោយ៖ ស៊ុយ ហ៊ា​ម​ខេមរា
ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​បញ្ជូន​ជនជាតិ​ចិន​តៃវ៉ាន់​ចំនួន ១១ នាក់​ទៅ​ឲ្យ​ប្រទេស​ចិន​វិញ បន្ទាប់ពី​បាន​ពន្យា​ពេល​ការចេញ​ដំណើរ​បស់​ពួកគេ​អស់​រយៈពេល​ពីរ​សប្តាហ៍។

នេះ​បើ​ផ្អែក​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ឧត្តម​សេនីយ៍​គាត ច័ន្ទ​ថា​រិ​ទ្ធ ​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ខៀវ សុភ័គ ​អ្នកនាំពាក្យ​របស់​ក្រសួង​មហាផ្ទៃ។
ជនជាតិ​ចិន​តៃវ៉ាន់​ទាំងនេះ​ស្ថិត​ក្នុង​ចំណោម​ជនជាប់​សង្ស័យ​ថា ​ជា​ឧក្រិដ្ឋជន​ឆ្លងដែន​សរុប​ចំនួន​១៥ ​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៨ ខែ​សីហា ​ក្នុង​ខេត្តកំពង់ស្ពឺ។ បួន​នាក់​ក្នុង​ចំណោម​នោះ​ដែល​ជា​ជនជាតិ​ចិនដី​គោក​ត្រូវ​បាន​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​កាលពី​ពាក់កណ្តាល​ខែសីហា។ ជនជាប់​សង្ស័យ​ទាំង១៥ នាក់​ត្រូវ​អាជ្ញាធរ​ជឿថា​ជា​ឧក្រិដ្ឋជន​ឆ្លងដែន​ដោយ​យក​ប្រទេស​កម្ពុជា​ធ្វើជា​ទីតាំង​ជម្រិត​ទារប្រាក់​ជនរងគ្រោះ​នៅក្រៅ​ប្រទេស​តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ទំនើប​ដែល​ហៅ​កាត់​ថា VoIP។

លោក ឧ​ត្ត​ម​សេនីយ៍​ឯក ខៀវ សុភ័គ ​បញ្ជាក់​ថាជន​ត្រូវ​ចាប់ខ្លួន​ក្រុម​ចុងក្រោយ​ត្រូវ​បញ្ជូន​ខ្លួន​ចេញពី​ទីក្រុង​ភ្នំពេញ​កាលពី​ម៉ោង ១២ ព្រឹក​ថ្ងៃ​សៅរ៍។

«សមត្ថកិច្ច​របស់​យើង ​នាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ចាត់ចែង​អ្នក​ទាំង​អស់ហ្នឹង​ទាំង១១ នាក់​ហ្នឹង​ឱ្យ​ចេញ​ផុតពី​ប្រទេស​កម្ពុជា​យើង​នៅពេល​ថ្ងៃត្រង់​ទី៣១ ​ខែសីហា​ហ្នឹង»។

ប្រទេស​កម្ពុជា​បានបង្ហាញ​ជំហ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ថា​ ខ្លួន​ទទួលស្គាល់​ចិន​តែមួយ​គឺ​មាន​ន័យ​ថា ខ្លួន​មិនមាន​ជំហ​ទៅរក​អាជ្ញាធរ​កោះ​តៃវ៉ាន់​ដែល​ព្យាយាម​ផ្តាច់ខ្លួន​ជា​ប្រទេស​ឯករាជ្យ​មួយ​នោះទេ។កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​សម្រេច​បញ្ជូន​ជនជាតិ​តៃវ៉ាន់១១ នាក់​ក្នុងចំណោម​ជន​ល្មើស​ទាំង១៥ នាក់​ទៅ​ឲ្យ​អា​ជ្ញា​ធរ​ក្រុង​ប៉េកាំង។

លោក​ឧ​ត្ត​ម​សេនីយ៍​ខៀវ សុភ័គ ​បញ្ជាក់​ថា ​ការចាប់ខ្លួន​ជនជាតិ​តៃវ៉ាន់​ទាំងនេះ​បាន​ដោយ​មាន​ការសហការ​ពី​អាជ្ញាធរ​ប្រទេស​ចិន។

«យើង​បានទទួល​ព័ត៌​មាន​ពី​ភា​គី សហ​ការ​របស់​យើង ​គឺ​ចិន ​ហើយ​អ្នករងគ្រោះ​គឺ​នៅ​ប្រទេស​ចិន។ បើ​យើង​កាត់ទោស​នៅទីនេះ​ក៏​មិន​អី ​ប៉ុន្តែ​ច្បាប់​កម្ពុជា​យើង ​យើង​អាច​បណ្តេញ​ចេញ​បាន។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក​មាន​សិទ្ធិ​បណ្តេញចេញ ​ពីព្រោះ​ពួក​ហ្នឹង​វា​មក​អុកឡុក ​ក្នុង​ប្រទេស​កម្ពុជា​យើង»។

កាលពី​ខែមិថុនា ឆ្នាំ២០១២ ​ប្រទេស​កម្ពុជា​បាន​ចាប់បញ្ជូន ​ជនជាតិ​ចិនតៃវ៉ាន់ ​ប្រមាណ១២០ ​នាក់ ទៅ​ឱ្យ​ប្រទេស​ចិន ​ក្រោម​ការចោទ​ប្រកាន់​ពី​ការពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ចាប់ជំរិត​ដូចគ្នា​នេះ​ដែរ។

លោក ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ ​បាន​បញ្ជាក់​ថា អាជ្ញាធរ​ប៉ូលិស​កម្ពុជា​នៅ​បន្ត​ស្វែងរក​បណ្តាញ​របស់​ជន​ជាប់​សង្ស័យ​ទាំង១៥ ​នាក់​ខាងលើ​ជា​បន្តទៀត​នៅឡើយ៕