មន្រ្តីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកបានជួបជាមួយមន្ត្រីគណបក្សប្រឆាំងរបស់ប្រទេសកម្ពុជានៅថៃ្ងអង្គារនេះ ដើម្បីរិះរកមធ្បោបាយដ៏ប្រសើរមួយឆ្ពោះទៅរកការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ។
ជំនួបរវាងលោក Daniel B. Baer ឧបការីរងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការលទិ្ធប្រជាធិបតេយ្យ សិទិ្ធមនុស្ស និងការងារ និងក្រុមមន្រ្តីគណបក្សប្រឆាំងនេះ បានធើ្វឡើង បន្ទាប់ពីការឃោសនាបោះឆ្នោតព្រឹទ្ធសភាបានឈានចូលដល់ថ្ងៃទី៤ ដែលគណបក្សប្រឆាំងសម រង្ស៊ី និងគណបក្សប្រជាជនកម្ពុជាបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការទិញសន្លឹកឆ្នោត និងការបង្ខិតបង្ខំ។
ក្រោយពីជំនួប លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័តមាននៅស្ថានទូតអាមេរិកថា លោកបានលើកឡើងអំពីបញ្ហាបោះឆ្នោត អំពើពុករលួយ វិបត្តិដីធ្លី និងកំណែទម្រង់តុលាការ ជូនលោក Baer។
«អ្វីដែលយើងបានស្នើទៅសហរដ្ឋអាមេរិកគឺថា សុំឲ្យសហរដ្ឋអាមេរិកជួយធ្វើយ៉ាងម៉េចបញេ្ចញសំឡេងតែមួយ សំឡេងពិត សំឡេងយុតិ្តធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋខែ្មរ និងប្រទេសកម្ពុជាយើងឲ្យទទួលបាននូវលទិ្ធប្រជាធិបតេយ្យ និងការគោរពសិទិ្ធមនុស្សឲ្យបានត្រឹមត្រូវពិតប្រាកដ»។
ប្រទេសកម្ពុជាគ្រោងនឹងធើ្វការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅខែមិថុនា ឆ្នាំ២០១២ និងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានៅឆ្នាំ២០១៣។
ក្រោយពីជំនួបជាមួយលោក Baer លោកកឹម សុខា ប្រធានគណបក្សសិទិ្ធមនុស្ស បានថ្លែងថា លោក Baer ចង់ដឹងអំពីផែនការយុទ្ធសាស្រ្ត និងឧបសគ្គរបស់គណបក្សប្រឆាំងសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតជាតិខាងមុខនេះ។
លោកកឹម សុខា បានលើកឡើងថា លោកបានសំណូមពរឲ្យសហរដ្ឋអាមេរិកផ្តល់ថវិកាដល់ប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា ដូចជាអង្គការ IRI និង NDI ដើម្បីឲ្យគេអាចធើ្វការជួយដល់គណបក្សប្រឆាំងដំណើរការទៅបាន។
«យើងលើកឡើងទីមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឥតឯករាជ្យ ឥតយុតិ្តធម៌។ទីពីរ ព័ន្ធផ្សព្វផ្សាយឥតស្មើភាពដែលត្រួតត្រាដោយគណបក្សកាន់អំណាច ដូច្នេះវាអត់អាចបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ។ ទីបី បញ្ហាអាជ្ញាធរមូលដ្ឋានរើសអើងលម្អៀងទៅរកគណបក្សកាន់អំណាច ដែលយើងពិបាកធើ្វសកម្មភាព និងទីបួន បញ្ហាអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋទៅបោះឆ្នោត»។
លោកកឹម សុខាបានថ្លែងថា លោក Baer បានបញ្ជាក់ថា សហរដ្ឋអាមេរិកមិនបោះបង់ចោលគណបក្សប្រឆាំង និងលទិ្ធប្រជាធិបតេយ្យនៅកម្ពុជាទេ ហើយលោកនឹងលើកយកអី្វដែលជាកង្វល់របស់គណបក្សប្រឆាំងទៅពិភាក្សាជាមួយមន្រ្តីរដ្ឋាភិបាល និងដាក់ជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោក Sean McIntiosh អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ បានបញ្ជាក់ថា លោក Daniel Baer ពិតជាបានជួបសន្ទនាជាមួយក្រុមមន្រ្តីរដ្ឋាភិបាល និងគណបក្សប្រឆាំងនៃប្រទេសកម្ពុជាមែន ប៉ុន្តែលោកមិនបានផ្តល់សេចក្តីលម្អិតនៃកិច្ចសន្ទនា និងរយៈពេលទស្សនកិច្ចរបស់លោក Baer នៅកម្ពុជាទេ៕