ចិន​ផ្តល់​ជំនួយ​ឯកសណ្ឋាន​យោធា​ដល់​កង​ទ័ព​កម្ពុជា

អំណោយ​នេះ​​មាន​ឡើង​នៅ​ក្រោយ​ពី​អំណោយ​​​ជា​​រថយន្ត​យោធា​​២៥៧គ្រឿង​និង​​សម្លៀកបំពាក់​​៥ម៉ឺន​សម្រាប់​ដល់​យោធា​កម្ពុជា​នៅក្នុង​ខែ​មិថុនា​ឆ្នាំ២០១០ ។

ប្រទេស​ចិន​បាន​ផ្តល់​អំណោយ​ឯកសណ្ឋាន​យោធា​ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក ស្សាង ជានលីន (Zhang Jianlin) មន្ត្រី​អនុព័ន្ធ​យោធាចិន​អម​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ បាន​ប្រគល់​អំណោយ​ទាំង​នេះ​ដល់​លោក​ឧត្តមសេនីយ៍​ឯក ស៊ុន សំណាង​ អគ្គនាយក​នៃ​នាយកដ្ឋាន​ភ័ស្តុភារ​ និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ក្រោម​អធិបតីភាព​របស់​លោក​ឧត្តមសេនីយ៍​ផ្កាយ​មាសបួន​ ម៉ឹង សំផន​ រដ្ឋ​លេខាធិការ​ក្រសួង​ការពារជាតិ​កម្ពុជា​នៅ​អាកាស​យានដ្ឋាន​យោធា​ទីក្រុង​ភ្នំពេញ។ លោក​ស្សាង ជានលីន បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ក្រសួង​ការពារ​ប្រទេស​ចិន​បាន​ផ្តល់​អំណោយ​ជា​សម្លៀកបំពាក់​ចំនួន​៥០.០០០សម្រាប់​ ស្បែកជើង​ចំនួន​៥ម៉ឺនគូ មួក​៥ម៉ឺន ​ខ្សែក្រវ៉ាត់​ចំនួន​៥ម៉ឺន​ និង​សាំង​តែរ៉ុង(ខ្សែពាក់ឈៀង)​ចំនួន​៥០.០០០​ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា។

ប្រទេស​ចិន​បាន​ផ្តល់​អំណោយ​ជា​រថយន្ត​យោធា​ចំនួន​២៥៧គ្រឿង និងសម្លៀកបំពាក់​ចំនួន​៥ម៉ឺន​សម្រាប់​ដល់​កងទ័ព​កម្ពុជា​នៅក្នុង​ខែ​មិថុនា​ឆ្នាំ២០១០។ ការផ្តល់​អំណោយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​ការ​សន្យា​របស់​លោក​ ហ៊ូ ជីនតាវ (Hu Jintao) ​ប្រធានាធិបតី​ចិន។

លោក ស្សាង ជានលីន បាន​ថ្លែងថា ក្រសួង​ការពារ​ប្រទេស​ចិន ​សង្ឃឹមថា​ អំណោយ​ឯកសណ្ឋាន​ទាំងនេះ​នឹង​ជួយសម្រាល​ដល់​ការខ្វះខាត​របស់​កងទ័ព​កម្ពុជា​ ហើយ​អំណោយ​នេះ​ក៏បាន​ឆ្លុះបញ្ចាំង​ពី​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ស្មោះ​ត្រង់ ​និង​ដ៏​ល្អ​រវាង​កងទ័ព​កម្ពុជា​ និង​កងទ័ព​ចិន។ លោក ស្សាង ជានលីន បាន​បន្ថែម​ថា​ប្រទេស​ចិន​រីករាយ​នឹង​ជួយ​កងទ័ព​កម្ពុជា​ដើម្បី​រិត​ចំណង​កិច្ច​សហប្រតិបត្តិការរវាង​ប្រទេស​ជាតិ​ទាំង​ពីរ។

លោក​ ម៉ឹង សំផន ​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​ បាន​ថ្លែង​ថា​ អំណោយ​សម្លៀកបំពាក់​យោធា​នេះ​គឺ​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​ខ្វះខាត​សម្ភារៈ​យោធា​នេះ​ ហើយ​ប្រទេស​កម្ពុជា​សង្ឃឹម​ថា​ ប្រទេស​ចិន​នឹង​បន្ត​ជួយ​ដល់​កងទ័ព​កម្ពុជា​បន្ថែម​ទៀត។ លោក​សំផន​បញ្ជាក់ថា៖

«ការ​ខ្វះខាត​របស់​យើង​មិន​ជា​ខ្វះអ្វី​ទេ ប៉ុន្តែ​យើង​ត្រូវ​រក​បំពេញ​បន្ថែម​ ដើម្បី​ឱ្យ​កងទ័ព​របស់​យើង​ប្រើ​ប្រាស់​បាន​ទូលំទូលាយ​បន្តិច»។

លោក ផាន ហ្គ័ងស្ស៊ូ (Pan Guangxue) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ផ្តល់​អំណោយ​សៀវភៅ​ជា​ភាសាចិន​ចំនួន​ជាង​២០០​ក្បាល​ដល់​រាជ​បណ្ឌិត​សភា​កម្ពុជា​កាលពី​ថ្ងៃពុធ។ សៀវភៅ​ទាំងនេះ​រួមមាន​វចនានុក្រម​ សៀវភៅ​វប្បធម៌​ សៀវភៅ​ប្រពៃណី​ សៀវភៅ​សេដ្ឋកិច្ច​ សៀវភៅ​នយោបាយ​ សៀវភៅ​រឿ​ង សៀវភៅ​វិទ្យាសាស្ត្រ​ និង​សៀវភៅ​កំណាព្យ​ជាដើម។

លោក​ឯកអគ្គរដ្ឋទូត​ចិន ​សង្ឃឹមថា សៀវភៅ​ទាំងនេះ​នឹង​ជួយ​និស្សិត​ និង​អ្នក​ស្រាវជ្រាវ​កម្ពុជា​ ឲ្យ​យល់​ដឹង​ទូលំ​ទូលាយ​អំពី​ប្រទេស​ចិន។

លោក​ ចម ប្រសិទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ​និងលោក ​វ៉ាន ជីហ្វេ​ (Wan Jifei) ប្រធាន​សភា​ពាណិជ្ជកម្ម​អន្តរជាតិ​ចិន​បាន​ចុះ​ហត្ថលេខា​ លើ​អនុស្សារណៈ​យោគយល់​ស្តីពី​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​ទ្វេភាគី​កាល​ពី​ថ្ងៃអង្គារ​សំដៅ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជាតិ​ទាំងពីរ។

លោក ​វ៉ាន ជីហ្វេ ជឿ​ថា កម្ពុជា​និង​ចិន​នឹង​អាច​សម្រេច​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន​២ម៉ឺន៥ពាន់​លាន​ដុល្លារអាមេរិក​នៅក្នុង​ឆ្នាំ២០១២៕