មន្ដ្រីជាន់ខ្ពស់អង្គការសហប្រជាជាតិកត់សម្គាល់ថា គ្រាប់មីនប្រឆាំងមនុស្សនៅតែបន្ដជាឧបសគ្គយ៉ាងសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ស្របពេលដែលលោកនាយករដ្ឋមន្ដ្រីខ្មែរ ហ៊ុន សែន ប្រាថ្នាចង់ឲ្យមានប្រទេសកាន់តែច្រើនទៀតក្នុងពិភពលោកចូលរួមក្នុងចលនាលុបបំបាត់គ្រាប់មីនប្រភេទនេះ។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំលើកទី១១នៃរដ្ឋហត្ថលេខីក្នុងសន្ធិសញ្ញាស្ដីពីការហាមឃាត់គ្រាប់មីនប្រឆាំងមនុស្ស ឬសន្ធិសញ្ញាក្រុងអូតាវ៉ាកាលពីយប់ថ្ងៃអាទិត្យក្នុងទីក្រុងភ្នំពេញ លោកស្រីហេឡិន ក្លាក (Helen Clark) ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) បានគូសបញ្ជាក់ថា គ្រាប់មីនទាំងនេះគឺជាឧបសគ្គសម្រាប់សេវាសង្គ្រោះនានាសម្រាប់ប្រទេសដែលទើបតែងើបពីជម្លោះប្រដាប់អាវុធ។មីនគឺជាឧបសគ្គចំពោះការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ និងរាំងស្ទះទៅដល់ការប្រកបមុខរបរ និងការអភិវឌ្ឍរបស់ប្រជាជន។កិច្ចប្រជុំនៃសន្ធិសញ្ញាក្រុងអូតាវ៉ា នឹងបន្តរហូតរហូតដល់ថ្ងៃទី២ ខែធ្នូ ដោយរាប់ចាប់តាំងពីថ្ងៃអាទិត្យ។ មានប្រទេសសរុបចំនួនជាង១០០ចូលរួម។
លោកហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ក៏បានបញ្ជាក់ក្នុងពិធីបើកកិច្ចប្រជុំនេះដែរថា គ្រាប់មីនបានក្លាយជាឧបសគ្គយ៉ាងសំខាន់សម្រាប់កម្ពុជាក្នុងការអភិវឌ្ឍ។
យោងតាមរបាយការណ៍ផ្លូវការបង្ហាញថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានបណ្ដាលឲ្យប្រជាពលរដ្ឋកម្ពុជារងគ្រោះចំនួន៤៣២០នាក់ នៅឆ្នាំ១៩៩៦ ក៏ប៉ុន្ដែចំនួនជនរងគ្រោះបានធ្លាក់ចុះរហូតមកដល់ក្រោម៣០០នាក់ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ លោកស្រីហេឡិន ក្លាកលើកឡើងថា មានប្រជាជនកម្ពុជាស្លាប់ និងរបួសដោយសារគ្រាប់មីនសរុបចំនួនជាង៦៣៩០០នាក់ ក្នុងរយៈពេលជាងបីទសវត្សកន្លងមក។ ដោយឡែកក្នុងរយៈពេលដូចគ្នានេះមានជនរងគ្រោះស្លាប់និងពិការដោយសារគ្រាប់មីនចំនួនជាងមួយលាននាក់ នៅទូទាំងពិភពលោក។
មានប្រទេសហត្ថលេខីនៃសន្ធិសញ្ញាក្រុងអូតាវ៉ានេះសរុបចំនួន១៥៨ បន្ទាប់ពីសន្ធិសញ្ញានេះបានចូលជាធរមាននៅឆ្នាំ១៩៩៩។ ក្នុងនោះប្រទេសចំនួន១៥៣បានសម្រេចរំលាយស្ដុកគ្រាប់មីនប្រឆាំងមនុស្សចោល។ ប្រទេសកម្ពុជានឹងធ្វើជាប្រធានកិច្ចប្រជុំនេះពេញមួយឆ្នាំ២០១២ ដើម្បីតាមដានពិនិត្យមើលការអនុវត្តសេចក្ដីសម្រេចពីកិច្ចប្រជុំ។
លោកនាយករដ្ឋមន្ដ្រីហ៊ុន សែនប្រាថ្នាចង់ឃើញប្រទេសជាសមាជិកនៃសន្ធិសញ្ញានេះ មានចំនួនកាន់តែច្រើនថែមទៀត។
«ប្រសិនបើយើងមិននាំគ្នាបង្កើនល្បឿននឹងប្រសិទ្ធិភាពនៃការដោះស្រាយបញ្ហា ដែលយើងបានប្រកាន់យកកន្លងមកនោះទេ យើងនឹងមិនងាយទៅដល់គោលដៅចុងក្រោយរបស់យើង ដែលចង់បានពិភពលោកមួយ ដែលគ្មានគ្រាប់មីននោះទេ។ ខ្ញុំសង្ឃឹមថា មិត្តភក្តិផ្សេងទៀត ដែលនៅមិនទាន់បានចូលជាសមាជិកនៃអនុសញ្ញានឹងបន្តរួបរួមជាមួយយើងទាំងអស់គ្នា ដើម្បីសម្រេចនូវគោលដៅនេះ»។
មានប្រទេសដែលមិនមែនជាភាគីហត្ថលេខីនៃសន្ធិសញ្ញាហាមឃាត់គ្រាប់មីនប្រឆាំងមនុស្ស ឬសន្ធិសញ្ញាក្រុងអូតាវ៉ាចំនួនដប់បានចូលរួមជាអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំលើកនេះ។ ក្នុងនោះមានទាំងប្រទេស ដែលផលិតសព្វាវុធ និងគ្រាប់មីនក្នុងពិភពលោក ដូចជាសហរដ្ឋអាមេរិក និងប្រទេសចិនជាដើម។ តំណាងប្រទេសចិននឹងធ្វើសេចក្តីថ្ងៃងការណ៍ក្នុងកិច្ចប្រជុំនេះនៅថ្ងៃនេះ៕