កម្ពុជា​រកវិធី​ជួយ​អ្នក​ជំងឺ​អេដស៍​ឲ្យ​ចាកផុត​ពី​ភាព​ក្រី​ក្រ

ក្នុង​មួយ​ឆ្នាំ កម្ពុជា​​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៥៨​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការងារ​មេរោគ​អេដស៍​នេះ​ដូច​ជា​ការ​ថែទាំ​ ការ​ការពារ​ និងការ​ផ្តល់​ថ្នាំ​ពន្យា​ជា​ដើម។

ជំងឺ​អេដស៍​បណ្តាល​ឲ្យ​ជីវភាព​គ្រួសារ​ធ្លាក់​ដុនដាប។ ក្រុម​គ្រួសារ​ដែល​មាន​សមាជិក​ឆ្លង​មេរោគ​ប្រល័យ​នេះ​សុទ្ធ​តែ​បាន​ត្អូញ​ត្អែរ​ដូចៗ​បន្ទាប់​ពី​ពួក​គេ​បាន​តស៊ូ​ទប់​ទល់​នឹង​ជំងឺ​នេះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក។

អ្នក​ស្រី​ ចាន់​ សុខុម ដែល​មាន​អាយុ​៤៧​ឆ្នាំ ​និង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ​ បាន​កើត​ជំងឺ​អេដស៍​ចាប់​តាំង​ពី​ឆ្នាំ​២០០៤​មក​ម្លេះ​ដោយ​ឆ្លង​ពី​ប្ដី​របស់​គាត់។ ស្រី្ដ​កូន​បី​រូប​នេះ​បាន​រៀប​រាប់​ថា​ គាត់​ធ្លាប់​មាន​ជីវភាព​សមរម្យ​ មាន​ផ្ទះ​សម្រាប់​ជ្រក​ មាន​ដី​សម្រាប់​ធ្វើ​ស្រែ​ ហើយ​កូនៗ​របស់​គាត់​មាន​ឱកាស​ចូល​សាលារៀន​បាន​ទៀងទាត់។​ ក៏ប៉ុន្ដែ នៅ​ពេល​ដែល​អ្នក​ស្រី​ធ្លាក់​ខ្លួន​ឈឺ ​អ្នក​ស្រី​បាន​លក់​ទ្រព្យសម្បត្តិ​ទាំង​នោះ​អស់​សម្រាប់​ព្យាបាល​ខ្លួន​ដោយសារ​តែ​ប្រាក់​ចំណូល​ ក៏​ថយ​ចុះ​ ហើយ​សេវា​ព្យាបាល​ខ្លួន​កាន់​តែ​កើន​ឡើង។​ ជាពិសេស​ទាំង​អ្នក​ស្រី​ ទាំង​ប្ដី​របស់​អ្នក​ស្រី​សុទ្ធ​តែ​ត្រូវ​ការ​ការ​ព្យាបាល។

អ្នក​ស្រី​ ចាន់ ​សុខុម ​កាល​ពី​មុន​ប្រកប​របរ​ធ្វើ​ស្រែ​ និង​របរ​នេសាទ​បន្ដិច​បន្ដួច។​ នៅ​ពេល​ដែល​អ្នក​ស្រី​បាត់បង់​ទ្រព្យ​សម្បត្តិ​អស់​ អ្នក​ស្រី​ និង​ប្ដី​រួម​ទាំង​កូន​បី​នាក់​ បាន​ឡើង​មក​ទី​ក្រុង​ភ្នំពេញដើម្បី​បន្ដ​ជីវិត​ចុង​ក្រោយ​ដោយ​ស៊ី​ឈ្នួល​បោក​ខោអាវ​ ស៊ី​ឈ្នួល​បេះ​ត្រកួន​ និង​លក់​នំ​កំប៉ិកំប៉ុក​ ដែល​អាច​រក​ចំណូល​ចន្លោះ​ពី​៥.០០០ ​ទៅ​៧.០០០​រៀល​ក្នុង​មួយ​ថ្ងៃ។

«ខ្ញុំ​មាន​ដី​ដែរ ប៉ុន្តែ​លក់​អស់​ហើយ។ លក់​ទាំង​ដី​ លក់​ទាំង​ផ្ទះ អស់​រលីង​តែ​ម្តង។ ​អត់​មាន​សល់​អី​ទេ។ ឈឺ​ចេះ​តែ​លក់​មើល​ខ្លួន​ទៅ។​ កាល​ពី​មុន​ខ្ញុំ​មិន​អត់​មិន​ឃ្លាន​អញ្ចឹង​ទេ។ ជីវភាព​របស់​ខ្ញុំ​មាន​ហូប​មាន​អី​បរិបូណ៌​គ្រប់គ្រាន់​ឥឡូវ​នេះ​ ខ្ញុំ​ អត់​មាន​អី​ទេ​ដោយ​ឈឺ​ទាំង​ប្តី​ទាំង​ប្រពន្ធ។ ពី​មុន​មក​យើង​មាន​កម្លាំង។ ពេល​ដែរ​យើង​មាន​ជំងឺ​យើង​អត់​សូវ​ មាន​កម្លាំង​ទេ​ដូច​ថា​ខ្សោយ​អញ្ចឹង​មិន​ទាន់​មាន​ជំងឺ​ដូចជា​ធ្វើ​ការ​ច្រូត​ស្រូវ​ស្ទូង​ស្រូវ​រហូត​ដល់​ល្ងាច​អត់​ចេះ​ចុក​ចង្កេះ​អត់​ចេះ​ហត់​ហេវ​ទេ​តែ​បើ​ឥឡូវ​ យើង​ចុះ​ធ្វើ​អញ្ចឹង​ដឹង​តែ​ហត់​ហេវ​ហើយ​យើង​អត់​មាន​អី​ហូប​គ្រប់គ្រាន់​ទៀត»។

មាន​រូបរាង​ស្គម​ស្គាំង​និយាយ​ដោយ​អាការៈ​ហត់ហេវ​ នៅ​ពេល​នេះ អ្នក​ស្រី​ចាន់​ សុខុម​ រស់​នៅ​ក្នុង​កូន​ខ្ទម​តូច​មួយ​មាន​ទំហំ​ប្រមាណ​ជា​បួន​ម៉ែត្រ​បួន​ជ្រុង​ដែល​ស្ថិត​នៅ​លើ​មាត់​ប្រឡាយ​ទឹក​ស្អុយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សាលា​បឹងត្របែក។ ជាង​មួយ​ឆ្នាំ​មក​ហើយ​ប្ដី​របស់​អ្នក​ស្រី​ចាន់​ សុខុម ​ដែល​មាន​អាយុ​ប្អូន​គាត់​មួយ​ឆ្នាំ​មិន​អាច​ធ្វើ​ការងារ​អ្វី​សម្រាប់​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ទេ។ ​ដូច្នេះ​ បន្ទុក​គ្រួសារ​ទាំង​មូល​គឺ​ជា​អម្រែក​របស់​អ្នកស្រី។ ​ផលវិបាក​នេះ​បាន​ប៉ះពាល់​ដល់​កូន​របស់​អ្នកស្រី​ចំនួន​ពីរ​នាក់​ដែល​មាន​អាយុ​១៧​ឆ្នាំ ​និង​១៩ឆ្នាំ​មិន​មាន​ឱកាស​រៀន​ទៀង​ទាត់​ដោយ​ត្រូវ​ជួយ​រក​ធ្វើ​ការងារ​ផ្សេង​ដើម្បី​ជួយ​បន្ធូរ​បន្ទុក​ក្នុង​គ្រួសារ។

លោក​ ឈៀង ​រ៉ា ​អ្នក​កើត​ជំងឺ​អេដស៍​ម្នាក់​ទៀត​ក្នុង​ទី​ក្រុង​ភ្នំពេញ​បាន​ជួប​បញ្ហា​ដូចគ្នា​នេះ​ដែរ។​ រាងកាយ​មិន​សូវ​មាំទាំ​ ស្បែក​ឡើង​ជ្រួញ​ សាច់​ឡើង​ស្រអាប់​ ដែល​ធ្វើ​ឲ្យ​គាត់​មាន​វ័យ​ហាក់​ដូចជា​ចាស់​ជាង​អាយុ​៤៧​ឆ្នាំ ​ដែល​ជា​វ័យ​ពិត​ប្រាកដ​របស់​គាត់។ លោក ​ឈៀង ​រ៉ា​មាន​កូន​ប្រុស​ ២​នាក់​ ដែល​បាន​ឈប់​រៀន​បន្ទាប់​ពី​លោក​ និង​ប្រពន្ធ​បាន​ដឹង​ថា​ ខ្លួន​មាន​ជំងឺ​អេដេស៍​កាល​ពី​ឆ្នាំ​២០០៩។​ គាត់​ក៏​បាន​ចម្លង​ជំងឺ​នេះ​ទៅ​កាន់​ប្រពន្ធ​របស់​គាត់​ដែរ។​ លោក​ ឈៀង​ រ៉ា​ មាន​ជំងឺ​ជា​ច្រើន​ប្រភេទ​ដូចជា​របេង​ និង​ផ្សិត​ក្នុង​ខួរក្បាល​ជា​ដើម​ដែល​ជំងឺ​ទាំង​នេះ​ធ្វើ​ឲ្យ​សុខភាព​របស់​គាត់​ចុះ​ខ្សោយ​ជា​ខ្លាំង។

លោក​ បាន​ឲ្យ​ដឹង​ថា​ កាល​ពី​មិន​ទាន់​មាន​ជំងឺ​នេះ​លោក​ជា​ជាង​ជួសជុល​ម៉ាញ៉េ ​ទូរទស្សន៍ ​វិទ្យុ ​និង​កង្ហារ​ជា​ដើម។ ក្នុង​មួយ​ខែ​ ផាត់​ការ​ចាយ​វាយ​ហើយ​នៅ​សល់​យ៉ាង​តិច​១០០​ដុល្លារ​ ដែរ​ហើយ​គួប​ផ្សំ​ប្រពន្ធ​របស់​គាត់​លក់​បន្លែ​នៅ​ក្នុង​ផ្សារ​ទៀត​នោះ​ជីវភាព​របស់​គាត់​ពុំ​មាន​អ្វី​ចោទ​ជា​បញ្ហា​នោះ​ទេ។

«ជីវភាព​របស់​ខ្ញុំ​ធូរធារ​គួរសម​ដែរ ដល់​ពេល​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ​ទៅ​អត់​បាន​រក​អី​សោះ​១​ឆ្នាំ​ជាង​នេះ។​ មេរោគ​មិន​សូវ​ធ្វើ​ទុក្ខ​អី​ប៉ុន្មាន​ទេ​ ប៉ុន្តែ​ថ្នាំ​ដែល​លេប​ទៅ​មាន​ផលប៉ះពាល់។ ពេល​ដែល​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ​តែមួយ​រៀល​ មិន​ដែល​រក​បាន​ទេ។ មាន​គេ​យក​របស់​មក​ឲ្យ​ធ្វើ​ដែរ​តែ​ធ្វើ​អត់​កើត​ឈឺក្បាល ​ពេល​មុន​មិន​ដូច​អញ្ចឹង​ទេ​។ កើត​ជំងឺ​នេះ​ដូច​វា​បំផ្លាញ​រាង​កាយ​ កាល​ណា​យើង​ធ្វើ​អញ្ជឹង​ធ្វើ​ឲ្យ​ខួរក្បាល​យើង​ក្តៅ​វិល​មុខ​មួយ​រំពេច​ ដួល​នៅ​នឹង​មួយ​កន្លែង​ ធ្វើ​មិន​កើត​ ពី​ព្រោះ​រយៈកាល​នេះ​ ខ្ញុំ​កំពុង​នៅ​លេប​ថ្នាំ​ច្រើន​មុខ​ណាស់។ មិន​មែន​តែ​ថ្នាំ​ពន្យា​តែ​មួយ​មុខ​នោះ​ទេ​មាន​ថ្នាំ​របេង​ផង​ថ្នាំ​ផ្សិត​ក្បាល​ផង»។

ដូច្នេះ​ ការ​ចំណាយ​គ្រប់​យ៉ាង​ដែល​មាន​ម្តាយ​ចាស់​ជរា​ផង​នោះ​ បន្ទុក​ត្រូវ​ធ្លាក់​ទៅ​លើ​ប្រពន្ធ​គាត់​ ដែល​ប្រឹង​រក​លុយ​យ៉ាង​ត្រដាប​ត្រដួស​ជា​មួយ​នឹង​មុខ​របរ​តូច​តាច​នេះ។

ទាំង​លោក ​លោក​ ឈៀង​ រ៉ា​ ទាំង​អ្នក​ស្រី​ ចាន់​ សុខុម ​សុទ្ធ​តែ​បាន​ទទួល​ថ្នាំ​ពន្យារ​ពី​មន្ទីរ​ពេទ្យ​រដ្ឋ​ក្នុង​ក្រុង​ភ្នំពេញ​ ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អង្គការ​ខាណា​ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​មាន​បេសកកម្ម​មួយ​ផ្នែក​ទាក់​ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ​អេដស៍។

បាយការណ៍​ជាតិ​ស្ដី​អំពី​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​សង្គម​នៃ​មេរោគ​អេដស៍​មក​លើ​គ្រួសារ​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​កាល​ពី​ចុង​ខែ​សីហា ​ក្នុង​ទី​ក្រុង​ភ្នំពេញ ​បាន​បង្ហាញ​ថា​ គ្រួសារ​ដែល​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​មាន​ការ​ថយ​ចុះ​ប្រាក់​ចំណូល ​ហើយ​ការ​ចំណាយ​មាន​ការ​កើន​ឡើង​សម្រាប់​ការ​ព្យាបាល​ ហើយ​១ភាគ​៣​នៃ​ក្រុម​គ្រួសារ​ អ្នក​ផ្ទុក​មេរោគ​អេដស៍​មាន​ កុមារ​ដែល​កំព្រា​ដោយសារ​មេរោគ​អេដស៍។

របាយការណ៍​ដែល​ធ្វើ​ឡើង​រួម​គ្នា​រវាង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជា​ជាតិ​ (UNDP) ប្រចាំ​នៅ​កម្ពុជា​បន្ថែម​ទៀត​ថា​ ប្រាក់​សន្សំ​របស់​គ្រួសារ​ ដែល​មាន​អ្នក​ផ្ទុក​ជំងឺ​អេដស៍​ជួប​ប្រទះ​កំណើន​ប្រាក់​បំណុល​ដែល​ជា​កត្តា​ប៉ះពាល់​ជា​អវិជ្ជមាន​លើ​សន្តិសុខ​ស្បៀង​អាហារ​ និង​សុខុមាលភាព​ចិត្ត​សង្គម​ក៏​ដូចជា​ស្ថានភាព​ស្រ្តី និង​ការ​អប់រំ​របស់​កុមារ​ផង​ដែរ។

លោក ​ទិត​ ឃីមុយ​ ជា​នាយក​រង​នៃ​អង្គការ​ខាណា​ បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា​គ្រួសារ​មួយ​មាន​អ្នក​កើត​ជំងឺ​អេដស៍​ហើយ​នោះ ជីវភាព​គ្រួសារ​នោះ​ច្បាស់​ជា​មាន​ការ​ប៉ះពាល់​ជា​មិន​ខាន ទោះ​បី​ជា​ គ្រួសារ​នោះ​មាន​ជីវភាព​ធូរធារ​ក៏​ដោយ ពី​ព្រោះ​អ្នក​ដែល​មាន​ជំងឺ​នេះ​មាន​កម្លាំង​ចុះ​ខ្សោយ​ហើយ​ផ្នែក​ប្រព័ន្ធ​ប្រសាទ​ ក៏​មាន​ភាព​មិន​ប្រក្រតី​ដូចជា​មនុស្ស​ដែល​គ្មាន​ជំងឺ​នោះ​ដែរ។

ជំងឺ​អេដស៍​មាន​ផលប៉ះពាល់​ដល់​ការ​ប្រកប​របរ និង​ការងារ​ផ្សេងៗយ៉ាង​ខ្លាំង។ អ្នក​ជំងឺ​អេដស៍​ដែល​មាន​ជីវភាព​ធូរធារ​ខ្លះ​មិន​បាន​ទៅ​បើក​ថ្នាំ ឬរក​សេវា​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​ដោយ​ឥត​គិត​ប្រាក់​នោះ​ទេ​គឺ​ពួក​គាត់​បាន​លាក់​បាំង​ទៅ​រក​សេវា​ខាង​ក្រៅ​ដោយ​ក្នុង​ម្នាក់​ចំណាយ​ទៅ​លើ​ថ្នាំ និង​ការ​ព្យាបាល​ផ្សេង​ៗ​ជា​មធ្យម​ចន្លោះ​ពី​៥០០​ទៅ​១.៥០០​ដុល្លារ​អាមេរិក​ក្នុង​១​ខែ​ ដែល​ធ្វើ​ឲ្យ​ការ​ចំណាយ​ក្នុង​គ្រួសារ​ត្រូវ​មាន​ការ​កើន​ឡើង។

«ទាំង​ផ្នែក​ទឹក​ចិត្ត​ក៏​វា​ប៉ះពាល់ ​ហើយ​ផ្នែក​សុខភាព​រាង​កាយ​ក៏​ប៉ះពាល់។ អញ្ចឹង​ទាំងពីរ​នេះ​ធ្វើ​ឲ្យ​គាត់​បញ្ឈប់​ស្ទើរ​តែ​ទាំង​ស្រុង​អ្នក​ដែល​ដឹង​ថ្មីៗ​នេះ​ក្នុង​ទឹក​ចិត្ត​ក្នុង​ការ​រក​ប្រកប​មុខ​របរ​ ឬ​ក៏​ការ​ធ្វើ​ជំនួញ​ ឬ​ក៏​ការ​ធ្វើ​ការងារ​ផ្សេងៗដើម្បី​រក​ប្រាក់​ចំណូល​គឺ​ត្រូវ​បាន​បញ្ចប់ ហើយ​យើង​ឃើញ​ថា​ ការ​ចំណាយ​នៅ​តែ​មាន​ហើយ​អត់​មាន​ប្រាក់​ចំណូល។ ដូច្នេះ​គឺ​ធ្វើ​ឲ្យ​មាន​បញ្ហា​ប៉ះពាល់​ខាង​ផ្នែក​សេដ្ឋកិច្ច​របស់​គាត់។ ជំងឺ​នេះ​ភាគច្រើន បើ​គាត់​ចូល​ដល់​ដំណាក់​កាល​អេដស៍​គឺ​គាត់​មិន​អាច​ទៅ​ធ្វើ​ការ​អ្វី​បាន​ទេ​ហើយ​ ទី​២ក្នុង​ដំណាក់​កាល​ដំបូង​ដែល​គាត់​ទើប​តែ​ចាប់​ផ្តើម​ព្យាបាល​ថ្នាំ​នោះ​ គឺ​វា​ធ្វើ​ទុក្ខ​ជា​ខ្លាំង»។

ជា​មួយ​គ្នា​នោះ​ដែរ​ លោក​វេជ្ជបណ្ឌិត​ ទា ​ផល្លា​ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ បាន​ឲ្យ​ដឹង​ដែរ​ថា គ្រួសារ​មាន​អ្នក​កើត​ជំងឺ​អេដស៍​ ទោះ​បី​ជា​មាន​ជីវភាព​ធូរធារ​យ៉ាងណា​ក៏​ដោយ​ក៏​មាន​ផល​ប៉ះពាល់​ដែរ​ គ្រាន់​តែ​តិច​ និង​ច្រើន​តែ​ប៉ុណ្ណោះ។

«ចំពោះ​អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍​ អ្នក​ម៉េ​ម៉ាយ​ច្រើន​មែន​ទែន។ ទី១ បាត់​បង់​អ្នក​រក​ចំណូល​ហើយ​ ទី​២​គឺ​ពេល​ដែល​មាន​អេដស៍​នេះ​គឺ​ភាគ​ច្រើនៗ​តែ​មក​យឺត។ គាត់​សាក​ល្បងលាក់​ខ្លួន​ចុះ​ឡើងៗ។ គាត់​ព្យាបាល​លិច​កើត​ទៅ​គាត់​អស់​លុយ​កាក់​ច្រើន។ ជួន​កាល​អស់​ទាំង​ដី​ធ្លី​ទៀត​ជួនកាល​អស់​ទាំង​ទ្រព្យ​សម្បតិ្ត​ទៀត អស់​ទាំង​ម៉ូតូ​ ផ្ទះ​ អញ្ចឹង​គឺ​វា​ប៉ះពាល់​ធ្ងន់​ណាស់​ទៅ​លើ​សេដ្ឋកិច្ច​គ្រួសារ។ ទន្ទឹម​នឹង​នេះ​ ផលវិបាក​ សង្គម​មួយ​ទៀត​ គឺ​ការ​រើសអើង»។

ជា​ញឹកញាប់​ មេរោគ​អេដស៍​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អ្នក​មាន និង​អ្នក​ក្រ​បាត់បង់​ការងារ​ និង​ធ្វើ​ឲ្យ​ពួក​គេ​ជួប​ប្រទះ​ការ​ម៉ាក់​ងាយ​ និង​ការ​រើស​អើង។ របាយការណ៍​ជាតិ​ស្ដី​អំពី​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​សង្គម​នៃ​មេរោគ​អេដស៍​មក​លើ​ក្រុម​គ្រួសារ​នៅ​កម្ពុជា រៀប​រាប់​ថា​ កុមារ​ដែល​កំព្រា​ដោយសារ​មេរោគ​អេដស៍​បាន​ធ្វើ​ឲ្យ​កើន​ឡើង​នូវ​បន្ទុក​សេដ្ឋកិច្ច​ដែល​មាន​មក​លើ​សមាជិក​គ្រួសារ​ដែល​នៅ​រស់​ និង​ជា​បន្ទុក​របស់​ប្រទេស។

ជម្ងឺ​អេដស៍​បាន​ចាប់​ផ្ដើម​កើត​នៅ​កម្ពុជា​នៅ​ឆ្នាំ​១៩៩១​ ហើយ​បន្ទាប់​មក​បាន​រីក​រាល​ដាល​ជា​ខ្លាំង​រហូត​ដល់​ជន​បទ។​ បច្ចុប្បន្ន​មាន​ប្រជាពល​រដ្ឋ​កម្ពុជា​ប្រមាណ​៧៥.០០០​នាក់​ នៅ​ក្នុង​ក្រុម​គ្រួសារ​ប្រមាណ​ជា​៦ម៉ឺន​គ្រួសារ​កំពុង​តែ​ផ្ទុក​មេរោគ​អេដស៍។ មួយ​ឆ្នាំ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៥៨​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការងារ​មេរោគ​អេដស៍​នេះ​ដូច​ជា​ការ​ថែទាំ​ ការ​ការពារ​ និងការ​ផ្តល់​ថ្នាំ​ពន្យារ​ជា​ដើម៕