កម្ពុជា​សុំ​ឲ្យ​អាមេរិក​បន្ថយ​ចំនួន​បំណុល​សម័យ​លន់​ណុល

លោក​ ហោ ណាំហុង រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ខែ​មិនា​ឆ្នាំ​២០១១ បាន​ជួប​ចរចា​ជាមួយ​នឹង​​លោក ចូហ្សេហ្វ យុន (Joseph Yun) ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ប្រទេស​កម្ពុជា​បាន​ស្នើសុំ​ឱ្យ​សហរដ្ឋ​អាមេរិក​បញ្ចុះ​តម្លៃ​អត្រា​ការប្រាក់​នៃ​បំណុល​និង​សងត្រឹម​មួយ​ភាគ​នៃ​បំណុល​សរុប​នៅ​ក្នុង​អំឡុង​ពេល​ពិភាក្សា​រវាង​មន្ត្រី​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​អំពី​បញ្ហា​បំណុល​សល់​ពី​សម័យ​សង្គ្រាម។

នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ ប្រទេស​កម្ពុជា​បាន​ស្នើសុំ​ឱ្យ​សហរដ្ឋ​អាមេរិក​កាត់​បន្ថយ​តម្លៃ​អត្រា​ការ​ប្រាក់​មក​នៅ​ត្រឹម​មួយ​ភាគរយ​(១%)​ក្នុង​មួយឆ្នាំ​ និង​សង​៣០%​នៃ​បំណុល​សរុប​៤៤៥​លាន​ដុល្លារ​អាមេរិក​ ដែល​របប​យោធា​របស់​លោក​សេនាប្រមុខ​លន់​ ណុល​ បាន​ជំពាក់​សហរដ្ឋ​អាមេរិក​នៅ​ដើម​ទសវត្ស​ឆ្នាំ​១៩៧០។

នៅ​ចុង​ឆ្នាំ​២០០៩​ បំណុល​សរុប​របស់​ប្រទេស​កម្ពុជា​ជំពាក់​សហរដ្ឋ​អាមេរិក​មាន​ចំនួន​សរុប​ ៤៤៥លាន​ ដុល្លារ​អាមេរិក។ បំណុល​នេះ​ដែល​ត្រូវ​បាន​ប្រទេស​កម្ពុជា​ខ្ចី​នៅ​ក្នុង​អំឡុង​របប​របស់​លោក​សេនាប្រមុខ​លន់​ ណុល​ គឺជា​បញ្ហា​ទ្វេភាគី​ដែល​មាន​ជា​យូរ​ណាស់​មកហើយ។

ក្រោម​ច្បាប់​អន្តរជាតិ​ គ្រប់​រដ្ឋាភិបាល​ទាំង​អស់​ជា​ទូទៅ​ត្រូវ​ទទួលខុស​ត្រូវ​ចំពោះ​កាតព្វកិច្ច​ទាំងឡាយ របស់​មេដឹកនាំ​ជំនាន់​មុន​របស់​ខ្លួន​ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ស្ថានទូត​អាមេរិក។

បទ​សម្ភាសន៍​វីអូអេ​ខ្មែរ​ជាមួយ​លោក Jeseph Yun ខែ​វិច្ឆិកា​ឆ្នាំ​២០១០

លោក​ ម៉ាក វ៉េនីក (Mark Wenig) ​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ការ​ពិភាក្សា​រវាង​លោក​ Joseph Yun ​ឧបការី​រង​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ និង​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ ហោ ណាំហុង ​តំណាង​ឱ្យ​ការ​អនុវត្ត​ការ​សន្យា​ ដែល​លោកស្រី​ ហ៊ីល្លារី គ្លីនតុន (Hillary Clinton)​ រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ បាន​លើកឡើង​នៅ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោកស្រី​នៅ​កម្ពុជា​នៅ​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១០។

លោក​កុយ គួង ​អនុរដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស ​បាន​ថ្លែងប្រាប់​ក្រុម​អ្នក​រាយ​ ការណ៍​ព័ត៌មាន​ក្រោយ​ពី​ជំនួប​ថា​ លោក​រដ្ឋមន្ត្រី​ការ​បរទេស​ ហោ​ ណាំហុង ​បាន​លើក​សំណើ​សុំ​ឱ្យ សហរដ្ឋ​អាមេរិក​បញ្ចុះ​តម្លៃ​អត្រា​ការ​ប្រាក់​នៃ​បំណុល​ពី​៣%​មក​នៅត្រឹម​១%​វិញ ​និង​សុំ​បង្វែរ​បំណុល​៧០%​នៃ​បំណុល​សរុប​ទៅ​ជា​ជំនួយ​អភិវឌ្ឍន៍​នៅ​កម្ពុជា​ និង​សុំ​សង​តែ​៣០%​នៃ​បំណុល​សរុប​ទៅ​សហរដ្ឋ​អាមេរិក​វិញ។

«យើង​បាន​ស្នើ​ឱ្យ​អាមេរិក​បន្ថយ​ការ​ប្រាក់​ពី​បីភាគរយ​មកនៅ​ត្រឹម​មួយភាគ​រយ​វិញ។ សំណើ​បស់​ភាគី កម្ពុជា​យើង​សុំ​ឱ្យ​កាត់​ពី​ការ​ប្រាក់​បី​ភាគរយ​មក​មួយ​ភាគ​រយ​សិន​ ហើយ​យើង​គិតមើល​ថា​តើ​ចំនួន​បំណុល នៅ​សល់​ប៉ុន្មាន​ ហើយ​បើ​យើង​ឃើញ​ចំនួន​បំណុល​នៅ​សល់​ហើយ​ ៧០​ភាគរយ​នៃ​បំណុល​សរុប​ យើង​សុំ​ ឱ្យ​ទៅ​ជា​ជំនួយ​អភិវឌ្ឍន៍​ទៅវិញ​នៅ​កម្ពុជា​ ហើយ​នៅ​សល់​៣០​ភាគរយ​ យើង​នឹង​ធ្វើ​ការ​ចរចា​រំលោះ​សង​ ឱ្យ​សហរដ្ឋ​អាមេរិក​វិញ»។

លោក​ Mark Wenig​ បាន​បញ្ជាក់​ថា​ សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា​កិច្ច​ព្រមព្រៀង​មួយ​អាច​ត្រូវ​បាន​សម្រេច​នៅ​ពេល​ឆាប់ៗ​នេះ។ កិច្ច​ព្រមព្រៀង​នេះ​នឹង​បន្ថែម​ការ​ជំពាក់​បាន​និង​សមត្ថភាព​ចូល​ទៅ​កាន់​ទីផ្សារ​មូលធន​អន្តរជាតិ។

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​បាន​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក​ឱ្យ​អត់ឱន​ឱ្យ​អ្វី​ដែល​លោក​បាន ហៅ​ថា​ជា​«បំណុល​កខ្វក់»​ បា​នខ្ចី​ដោយ​រដ្ឋាភិបាល​យោធា​របស់​លោក​សេនាប្រមុខ​លន់ ណុល​ ដែល​បាន ឡើង​មក​កាន់​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​១៩៧០​ បាន​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក។

លោក​កុយ គួង ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ឆន្ទៈ​របស់​យើង​ពិតប្រាកដ​ដូច​សម្តេច​(តេជោ)​មាន​ប្រសាសន៍​អញ្ចឹង។ យើង​ចង់​(ស្នើ​សុំ​ឱ្យ​សហរដ្ឋ​អាមេរិក​លប់​បំណុល​នេះ​ចោល)តែ​ម្តង។ ប៉ុន្តែ​សំណើ​នេះ​យើង​ងាក​ទៅ​រក​ចំណុច​រួម​មួយ​ដែល​យើង​អាច​ឯកភាព​គ្នា​ទៅវិញ​ទៅ​មក។ កាល​ណា​យើង​ទៅ​យក​ចំណុច​មួយ​ដែល​គេ​(សហរដ្ឋ​អាមេរិក)​មិន​ឯកភាព​សោះ ​ក៏​យើង​ដោះស្រាយ​អត់​ចេញ​ដែរ។ ដូច្នេះ​យើង​បង្វែរ​ចំណុច​នេះ​ឱ្យ​បង្រួម​ទៅ​រក​ចំណុច​មួយ​ដែល​យើង​អាច​យល់ព្រម​ទាំង​អស់​គ្នា​ចំណុច​នេះ​ គឺ​ជា​ចំណុច​មួយ​កាន់​តែ​ខិតជិត​គ្នា​ហើយ។ លោក​ឧបការីរង​យល់​ថា ​ការ​ចរចា​បន្តបន្ទាប់​នេះ​ធ្វើ​រំកិល​កាន់​តែ​ខិត​ជិត​គ្នា​ទៅ​លើ​ចំណុច​មួយ​ដែល​យើង​អា​ចព្រមព្រៀង​ទាំងអស់​គ្នា»។

រដ្ឋាភិបាល​របស់​លោក​សេនាប្រមុខ​លន់ ​ណុល​ ត្រូវ​បាន​ទម្លាក់​នៅ​ក្នុង​ឆ្នាំ​១៩៧៥ ​ដោយ​របប​វាលពិឃាដ​ ខ្មែរ​ក្រហម​ ដែល​បាន​សម្លាប់​មនុស្ស​ចំនួន​១.៧០០.០០០នាក់​ក្នុង​រយៈពេល​ជិត​៤​ឆ្នាំ៕