ប្រទេសកម្ពុជាបានស្វះសែ្វងរកភាពស្របច្បាប់ដល់ពលករខែ្មរប្រមាណ១៦០០០០នាក់ ដែលកំពុងធើ្វការខុសច្បាប់នៅក្នុងប្រទេសថៃ។
ប្រជាពលរដ្ឋខែ្មរច្រើនរាប់សិបម៉ឺននាក់ ដែលគ្មានការងារធើ្វនៅក្នុងស្រុក បានហូរចូលទៅរកការងារធើ្វដោយខុសច្បាប់នៅក្នុងប្រទេសថៃ ហើយត្រូវបានគេជួញដូរធើ្វជាស្រីបម្រើនៅតាមផ្ទះបន និងធ្វើជាអ្នកនេសាទ ឬ កម្មករសំណង់ ដោយគ្មានប្រាក់ឈ្នួល ព្រមទាំងជួបប្រទះនឹងការបាញ់សម្លាប់ពីទាហ៊ានព្រំដែនថៃ នៅពេលឆ្លងកាត់ព្រំដែនចូលទៅរកការងារធើ្វក្នុងប្រទេសថៃ។
ការស្វះសែ្វងរកភាពស្របច្បាប់សម្រាប់ពលករខែ្មរនៅថៃនេះបានធើ្វឡើងក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជា និងថៃកាលពីសបា្តហ៍មុន ខណៈដែលប្រទេសទាំងពីរខំប្រឹងប្រែងស្តារទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការទេ្វភាគីដែលមានការប្រេះឆាកន្លងមកនេះ។
លោកហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថែ្លងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ពលករខែ្មរខុសច្បាប់ទាំងអស់នឹងទទួលបានប័ណ្ណអនុញ្ញាតឲ្យធើ្វការស្របច្បាប់នៅថៃ។
«សព្វថៃ្ង មានពលករយើងធ្វើការនៅថៃ ដែលមិនស្របច្បាប់ប្រហែល ២៥០០០០នាក់។ ខ្ញុំបានថែ្លងអំណរគុណរដ្ឋាភិបាលថៃ ដែលបានអនុញ្ញាតឲ្យក្រុមការងារយើងទៅធើ្វអត្តសញ្ញាណប័ណ្ណដល់ពលករមិនស្របច្បាប់នេះ ដើម្បីធើ្វប័ណ្ណធើ្វការងារស្របច្បាប់នៅថៃបានជាង៩០០០០នាក់ហើយ។ អ្នកនៅសេសសល់ប៉ុន្មាន រដ្ឋាភិបាលថៃនឹងអនុញ្ញាតឲ្យធ្វើអត្តសញ្ញាណប័ណ្ណរហូតដល់ខែកុម្ភៈឆ្នាំ២០១២។ ខ្ញុំក៏បានសើ្នឯកឧត្តមស៊ូរ៉ាពង្សថា បើសិនជាដល់ខែកុម្ភៈ អត្តសញ្ញាណប័ណ្ណនេះធើ្វមិនចប់ ខ្ញុំសុំស្នើធើ្វប័ណ្ណនេះបន្តពេលថែមទៀត ដើម្បីធើ្វឲ្យចប់នូវចំនួនពលករខែ្មរមិនស្របច្បាប់ នៅថៃនេះឲ្យបានចប់សព្វគ្រប់បន្តទៀត»។
លោករដ្ឋមន្រ្តីការបរទេសថៃបានថែ្លងថា លោកសន្យានឹងយកសំណើរបស់ភាគីកម្ពុជាទៅពិភាក្សាជាមួយរដ្ឋមន្រ្តីការងារថៃ ហើយនឹងដាក់ជូនគណៈរដ្ឋមន្រ្តីថៃសម្រេច។
លោកស្រីឈា ម៉ានិត ប្រធានមជ្ឈមណ្ឌលសុំចតនៃក្រសួងការងារប្រចាំខេត្តបន្ទាយមានជ័យ បានថែ្លងថា អាជ្ញាធរថៃបានចាប់បញ្ជូនប្រជាពលរដ្ឋខែ្មរខុសច្បាប់ជាង១០០០០០នាក់ឲ្យត្រឡប់មកប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ២០១១។
លោកចាន់ សូរ៉េត ប្រធានផែ្នកត្រួតពិនិត្យស្ថានភាពសិទិ្ធមនុស្សនៃសមាគមសិទិ្ធមនុស្សអាដហុក បានថ្លែងថា ប្រជាពលរដ្ឋខែ្មរ ដែលឆ្លងដែនខុសច្បាប់ទៅរកការងារធើ្វនៅថៃ បានទទួលរងនូវការរំលោភបំពានផ្នែកសិទិ្ធមនុស្សពីសំណាក់អាជ្ញាធរថៃ ដូចជាការបាញ់សម្លាប់ និងការរើសអើង។
«ប្រជាពលរដ្ឋខែ្មរនៅតែលះបង់អាយុជីវិតរបស់ខ្លួន ដើម្បីចូលទៅក្នុងទឹកដីថៃរកការងារធើ្វ។ អ្នកខ្លះចូលតាមរយៈគេជួល។ អ្នកខ្លះចូលតាមរយៈមិត្តភក្តិ។ អ្នកខ្លះក៏លួចចូលទៅក្នុងប្រទេសថៃដើម្បីទៅរកការងារធើ្វក្នុងប្រទេសថៃ»។
លោកស្រី ឈា ម៉ានិត បានបញ្ជាក់ថា កម្ពុជាមានការព្រួយបារម្ភអំពីពលករខែ្មររាប់សែននាក់ដែលធើ្វការដោយខុសច្បាប់នៅថៃដែលងាយនឹងរងគ្រោះដោយការកេងប្រវ័ញ្ច និងការជួញដូរមនុស្ស៕