រដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​អនុញ្ញាត​ការ​សុំ​កូន​ចិញ្ចឹម

  • Robert Carmichael

ក្មេង​ប្រុស​ម្នាក់​នេះ លេងនៅមុខផ្ទះ ក្នុង​ភូមិ​អណ្តូង​​នៅជាយក្រុងភ្នំពេញ។​

ភ្នំពេញ៖ ប្រទេស​កម្ពុជា​បាន​ប្រកាស​ថា ខ្លួន​រំពឹង​ថា​នឹង​បន្ត​ការ​អនុញ្ញាត​ជា​អន្តរជាតិ​ដល់​ការ​សុំ​កូន​ចិញ្ចឹម។​ ការ​ប្រកាស​ ដែល​ធ្វើឲ្យ​អ្នក​ខ្លះ​ភ្ញាក់ផ្អើល​នោះ​ ធ្វើ​ឡើង​បួនឆ្នាំ​ក្រោយពី​រដ្ឋាភិ​បាល​កម្ពុជា​បាន​ផ្អាក មិន​អនុញ្ញាត​ការ​សុំកូន​ចិញ្ចឹម​ ក្រោយពី​មាន​ការ​ចោទ​ប្រកាន់​រាលដាល​ច្រើន​ឡើងៗ​ថា ​កុមារ​ជាច្រើន​ត្រូវ​គេ​ជួញ​ដូរ។​

ការ​ប្រកាស​របស់​លោក​នឹម ​ថូត​ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សង្គមកិច្ច​នេះ​ ធ្វើឡើង​នៅក្រៅ​វគ្គ​បណ្តុះបណ្តាល​ ដែល​មាន​ចៅក្រម ​និង​មន្ត្រីយោធា​រាប់​សិបនាក់​ ជួបជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​ការ​ជឿនលឿន​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​អនុវត្ត​តាម​អនុសញ្ញា​ស្តីពី​ការ​សុំ​កូន​ចិញ្ចឹម​ដែល​អនុម័ត​ក្នុង​ទីក្រុង​ឡាអេ ​ឆ្នាំ​១៩៩៣​ ដែល​គូស​បញ្ជាក់​អំពី​សុវត្ថិភាព​នៃ​ការសុំ​កូន​ចិញ្ចឹម​ជាអន្តរជាតិ។​

ប្រទេស​កម្ពុជា​មាន​ប្រវត្តិមិន​ល្អទេ ​ទាក់ទង​នឹង​បញ្ហា​សុំកូន​ចិញ្ចឹម​ជា​អន្តរជាតិ​នេះ។ អស់​ពេល​ជាច្រើនឆ្នាំ ​រហូតដល់​ឆ្នាំ​២០០៩​ នៅ​ពេល​ប្រទេស​កម្ពុជា​ផ្អាកការ​អនុញ្ញាត​ឲ្យ​សុំកូន​ចិញ្ចឹម​ជាអន្តរជាតិ​នោះ ​បណ្តាញព័ត៌មាន​ក្នុងស្រុក​បាន​ចេញ​ផ្សាយ​រឿងរ៉ាវ​ជាច្រើន​អំពី​ឪពុក​ម្តាយ​ក្រីក្រ​ ត្រូវ​គេ​បោក​បញ្ឆោត​ឲ្យ​បែកបាក់ពីកូន​ខ្លួន​ឯង។​

កុមារ​ទាំងនោះ​ត្រូវគេ​នាំយក​ទៅ​ចិញ្ចឹម​ក្នុង​មណ្ឌល​កុមារ​កំព្រា​ក្នុងស្រុក ​បន្ទាប់​មក​ត្រូវ​គេ​ប្រគល់​ទៅ​គ្រួសារ​បរទេស​ ជា​ថ្នូរ​នឹង​លុយ​ច្រើន​ពាន់ដុល្លារ​ដែល​គេ​ហៅ​ថា ​ថ្លៃរត់​ការ​សម្រាប់​អ្នក​ធ្វើការ​ឯកសារ​ និង​មន្ត្រីរដ្ឋាភិបាល​ពុក​រលួយ។​

ជាញឹកញាប់ ​គេ​មិន​សូវ​ពិនិត្យ​ប្រវត្តិ​របស់​អ្នក​សុំកូន​ចិញ្ចឹម​នោះ​ទេ។​

ការ​សុំ​កូន​ចិញ្ចឹមនេះ​ជា​ដំណើរការ​រត់​ការ​ដ៏អាក្រក់​ក្នុង​ឆ្នាំ​២០០១​ ដែល​ធ្វើ​ឲ្យ​ប្រទេស​ខ្លះ​ហាមប្រាម​មិន​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​សុំ​កុមារ​ពី​ប្រទេស​កម្ពុជា​យក​មក​ចិញ្ចឹម​ទេ។ ​ក្នុង​ចំណោម​ប្រទេស​ទាំងនោះ​មាន​ប្រទេស​បារាំង ​ស.រ.អា.​ និង​ចក្រភព​អង់គ្លេស។​
ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​ អង្គការ ​Unicef ​និង​ Hague Conference ​ឬ​ HCCH ដែល​ជា​អង្គការ​អន្តររដ្ឋាភិបាល​ ដែល​សម្រប​សម្រួល​ច្បាប់​ឆ្លងព្រំដែន​ជាមួយគ្នា​ បាន​ជួយ​ដល់​រដ្ឋាភិបាលកម្ពុជា​ដើម្បីធ្វើ​ឲ្យ​ប្រាកដ​ថា ​ មាន​យន្តការ​សមស្រប​ក្នុង​ដំណើរការ​សុំកូន​ចិញ្ចឹម​នេះ។​

អ្នកស្រី ​Laura Martinez-Mora ​គឺ​ជា​មន្ត្រីផ្នែក​គោល​ការណ៍​ច្បាប់​របស់​អង្គការ​ HCCH។​ អ្នក​ស្រី​និយាយ​ថា ​ប្រទេស​កម្ពុជា​មាន​ការ​ជឿនលឿន​ច្រើន​ រួមមាន​ការ​អនុម័ត​ច្បាប់​អំពី​ការ​សុំកូន​ចិញ្ចឹម​ជាអន្តរជាតិ​ និង​នីតិកម្ម​សម្រាប់​ដំណើរការ​នេះ។​

អុ្នកស្រី​និយាយ​ថា ​បុគ្គលិក​របស់​អ្នកស្រី​កំពុង​បណ្តុះ​បណ្តាល​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​ធានា​ថា​ ឪពុក​ម្តាយ​បង្កើតពិត​ជា​យល់ព្រម​ឲ្យ​ឪពុកម្តាយ​បរទេស​យក​កូនខ្លួន​ទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស​មែន។

អ្នកស្រី​ Laura Martinez-Mora ​និយាយ​ថា៖​

​«គេបាន​ធ្វើដូច្នេះ​ ក្រោយពី​គេ​ប្រាប់ និង​ផ្តល់​យោបល់ ​ហើយ​ក្រោយ​ពី​គេបាន​ធ្វើ​អញ្ចឹង ​គេ​សម្រេច​ទុក​កូន​របស់គេ​វិញ ​ដូចនេះ​មាន​ព័ត៌មាន។​ គេ​ដឹង​ថា ​គេចុះ​ហត្ថលេខា​អំពី​អ្វី។ ​ហើយ​ថ្វីបើ​គេ​មិន​ចេះអក្សរ​ក្តី ​ គេ​ដឹង​ថា​ យល់​ព្រម​អំពី​រឿង​អ្វី។​ ដូច្នេះ​នេះ​ជា​ដំណាក់​ការ​សំខាន់​ណាស់​ដើម្បី​សុំ​កូន​ចិញ្ចឹម»។​

បញ្ហា​ផ្សេង​ទៀត​គឺការ​ធានា​ថា ​កុមារ​ត្រូវ​មាន​សំបុត្រ​កំណើត។​ រឿង​នេះ​សំខាន់​ណាស់​សម្រាប់​ប្រទេស​ជាច្រើន ​តែមិន​សូវ​ចាំបាច់ទេ​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​កុមារ​មិន​ដល់​៤០%ទេ​មាន​សំបុត្រ​កំណើត។​

អ្នកស្រី ​Laura Martinez-Mora ​បន្ថែម​ថា៖ ​

«ដូច្នេះ​យើង​ត្រូវការ​វិធានការ​ការពារ​ដ៏​សំខាន់​សម្រាប់​ដំណើរការ​សុំកូន​ចិញ្ចឹម​ឆ្លង​ប្រទេស​ ក៏​ដូច​ដំណើរការ​សុំកូន​ចិញ្ចឹម​ក្នុង​ប្រទេស។ ​ឧទាហរណ៍​គេត្រូវ​ធានា​ថា ​កុមារ​ឈ្មោះ​«ក»​គឺ​ពិតជាកុមារ«ក» ​ដោយ​មិន​មានការ​ដោះ​ដូរ ​ ហើយ​សំបុត្រ​កំណើត​ត្រូវតែ​ច្បាស់​លាស់​គ្មាន​បញ្ហា។ ​បញ្ហា​ផ្សេង​ទៀត ​ដែល​ស្រដៀងគ្នា​នេះ​ ក៏ត្រូវ​ធ្វើឲ្យ​ច្បាស់លាស់​ដែរ ​មុនគេ​ចាប់​ផ្តើម​ដំណើរ​ការ​សុំកូន​ចិញ្ចឹម។​ ដូច្នេះ​មាន​កិច្ចការ​ច្រើន​ដែល​ប្រទេស​កម្ពុជា​កំពុងធ្វើ​ក្នុង​ពេល​នេះ»។​

តាម​លក្ខខណ្ឌ​អនុសញ្ញា​ស្តីពី​កូន​ចិញ្ចឹម​ ហើយ​ដែល​កម្ពុជា​បានចុះ​ហត្ថលេខា​យល់ព្រម​នោះ​ ប្រទេស​ហត្ថលេខី​ត្រូវ​គិត​ពីផល​ប្រយោជន៍​កុមារ​ជាអាទិភាព​ទីមួយ។​ គោលដៅ​ចម្បង ​អាទិភាព​ទីមួយ​គឺ​ត្រូវ​ព្យាយាម ​និង​រក្សា​ទុក​កុមារ​រស់​នៅ​ជាមួយ​គ្រួសារ​កំណើត ​ឬ​សាច់ញាតិ។​

បើ​មិន​មាន​លទ្ធភាព​ធ្វើដូច​នេះ​ទេ ជំហាន​បន្ទាប់​គឺ​ស្វែងរក​ផ្ទះ​សម្រាប់​កុមារ​រស់​នៅក្នុង​ប្រទេស។ ​ ក្រុម​អ្នក​ជំនាញ​ចង់​ឲ្យ​ប្រទេស​កម្ពុជា​មាន​ដំណើរការ​សុំ​កូន​ចិញ្ចឹម​ក្នុង​ស្រុកឲ្យ​បាន​ច្រើ​នជាង​ចម្រើសទី៣​ ដែលជា​ជម្រើស​ចុង​ក្រោយ ​គឺការ​ប្រគល់កុមារ​ទៅ​ក្រៅ​ប្រទេស។

រដ្ឋនានា​ក៏ត្រូវ​តែ​ចាត់វិធាន​ការ​ការពារ​ដើម្បី​ទប់ស្កាត់​ការ​ចាប់​ពង្រាត់ ​ការ​លក់​ដូរ​ ឬ​ជួញ​ដូរ​កុមារ​ ក្នុង​ទម្រង់​ជា​ការ​សុំកូន​ចិញ្ចឹម​ ហើយ​គេ​ត្រូវ​ធានា​ថា​ គ្មាន​អំពើ​ពុករលួយ​ក្នុង​ដំណើរ​ការ​សុំកូន​ចិញ្ចឹម។

ក្នុង​សប្តាហ៍​នេះ​ អង្គការ​តម្លាភាព​អន្តរជាតិ​ បាន​បង្ហាញ​ថា ​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​២០ ​ដែល​ពុករលួយ​បំផុត​ក្នុង​ពិភពលោក។ដូចនេះ​កម្ពុជា​ប្រឈមមុខ​នឹង​បញ្ហា​នេះ។​

នៅពេល​គេសួរ​អង្គការ Unicef​ ថា​តើអង្គការ​នេះ​មាន​ជំនឿ​ថា ​កម្ពុជា​ត្រៀមខ្លួន​រួច​ហើយ​ឬ​នៅ​សម្រាប់​អនុញ្ញាត​ដល់​ដំណើរការ​សុំ​កូន​ចិញ្ចឹម​ជាថ្មី​នោះ ​ អង្គការ​មូល​និធិ​កុមារ​របស់​អ.ស.ប.​នេះ​ ឆ្លើយ​របៀប​ប្រយ័ត្ន​ប្រយែង។

Sun Ah Kim ​អ្នកតំណាង​រង​របស់​អង្គការ​ Unicef ​ប្រចាំនៅ​ប្រទេស​កម្ពុជានិយាយ​ថា ​មាន​កត្តា​ចាំបាច់​ជាច្រើន​ត្រូវ​រៀប​ចំឡើង​ជាមុន​ ហើយ​ថា ​ ឪពុក​ម្តាយ​ដែល​សុំកូន​ចិញ្ចឹម​ត្រូវ​ជា​មនុស្ស​ដែល​សមស្រប ​និង​ត្រឹមត្រូវ។​


ដោយហេតុ​ថា ​ដំណើរ​ការ​សុំកូន​ចិញ្ចឹមក្នុង​ស្រុក​ជា​អាទិភាព​ចម្បង​ ហើយ​ដែល​សំខាន់​ជាង​ការ​សុំកូន​ចិញ្ចឹម​នៅ​បរទេស​នោះ ​កត្តា​សំខាន់មួយ​ទៀត​នោះ​គឺ​ការ​លើក​កម្ពស់​ការគាំពារ​សុខភាព​កុមារ ​ហើយ​ត្រូវ​សម្រួល​ដំណើរការ​សុំកូន​ចិញ្ចឹម​ក្នុងស្រុក។​

​Sun Ah Kim ​និយាយថា៖ ​

«មកដល់​ពេល​នេះ ​កត្តា​ចាំបាច់​ទាំង​នេះ​មិនទាន់មាន​នៅ​ឡើយ​ទេ។​ រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ធានា​ឲ្យ​មាន​កត្តា​ចាំបាច់​ទាំងនេះ ​ មុន​នឹង​ចាប់​ផ្តើម​អនុញ្ញាត​ជាថ្មីឲ្យ​មាន​ដំណើរ​ការសុំ​កូន​ចិញ្ចឹម។​ ការ​បន្ត​ដំណើរការ​សុំ​កូន​ចិញ្ចឹម​ត្រូវ​ធ្វើ​ជា​បណ្តើរៗ​តាម​សម្រួល​ ដើម្បី​ធានា​ឲ្យ​មាន​ការ​អនុវត្ត​សមស្រប​ និង​តាមច្បាប់​អន្តរជាតិ​ស្តីពី​កូន​ចិញ្ចឹម​ និង​ស្របតាម​អនុសញ្ញា​នៅ​ក្រុង​ឡាអេ​ស្តីពី​កូន​ចិញ្ចឹម​គឺ​ Hague Convention។

តួលេខ​ពី​ក្រសួងសង្គម​កិច្ច​បង្ហាញ​ថា ​មាន​កុមារ​៣៨០០​នាក់​ត្រូវ​ឪពុកម្តាយ​ចិញ្ចឹម​សុំយក​ទៅ​ចិញ្ចឹម​នៅ​បរទេស ​ពីឆ្នាំ​១៩៩៧​ដល់ឆ្នាំ​២០០៩ ​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ផ្អាក​ដំណើរ​ការ​អនុញ្ញាត​សុំកូន​ចិញ្ចឹម។ ​ការ​ប្រកាស​កាល​ពីថ្ងៃ​ពុធបង្ហាញ​ថា​ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​មាន​ជំនឿ​ថា ​ខ្លួន​មាន​លក្ខណៈ​សម្បត្តិ​ជិត​គ្រប់គ្រាន់​ហើយ​ដើម្បី​បំពេញ​តម្រូវការ​សម្រាប់​ចាប់ផ្តើម​អនុញ្ញាត​ដំណើរ​ការ​សុំកូន​ចិញ្ចឹម​ឡើង​វិញ។

ប៉ុន្តែ​មក​ដល់​ពេល​នេះ គេនៅ​មិន​ទាន់ច្បាស់​នៅ​ឡើយ​ទេ​ ថា​តើ​ប្រទេស​នានា​ ដូច​ជា​ស.រ.អា.​ និង​ចក្រភព​អង់គ្លេស ពេញ​ចិត្ត​នឹង​កំណែង​ទម្រង់​នេះ ​ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​អាច​ចូល​រួម​សុំ​កូនចិញ្ចឹម​ ឬ​យ៉ាងណា​ទេ ​នៅពេល​កម្ពុជា​អនុញ្ញាត​ជាថ្មី​ដល់​ដំណើរ​ការ​សុំកូន​ចិញ្ចឹម​នោះ។​

ប្រែ​សម្រួល​ដោយ​លោក​ពិន ស៊ីសុវណ្ណ៕