វ៉ាស៊ីនតោន៖ ក្រុមមេដឹកនាំគណបក្សសង្រ្គោះជាតិគឺលោកសម រង្ស៉ីសម្តែងនូវភាពរីករាយ នៅពេលទទួលបានការគាំទ្រផ្នែកនយោបាយ និងហិរញ្ញវត្ថុយ៉ាងខ្លាំងចំពោះការគាំទ្រគណបក្សលោកដោយពលរដ្ឋខ្មែរអាមេរិកាំងដែលលោកសម រង្ស៉ីអះអាងថា មិនធ្លាប់មានពីមុន។ លោកសម រង្ស៉ីបានចាត់ទុកថាចរន្តនៃការចូលរួមគាំទ្រនេះជាផ្នែកមួយនៃជ័យជំនះសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ខាងមុខ។
«បរិយាកាសនេះគឺខុសប្លែក ឃើញមានទឹកចិត្តផុសផុល ឃើញចរន្តនេះសន្ទុះនេះដូចជាមិនធម្មតា។ ហើយខ្ញុំជឿជាក់ថា ចរន្តនេះ សន្ទុះនេះនឹងជំរុញឲ្យគណបក្សសង្គ្រោះជាតិទទួលបានជ័យជំនះដ៏ត្រចះត្រចង់នៅឆ្នាំ២០១៣នេះ»។
លោកថ្លែងយ៉ាងដូច្នេះដោយយោងថា ការគាំទ្រលើកមុនៗមានមនុស្សចូលរួមតែ១០០នាក់ ឬជាង១០០នាក់ប៉ុណ្ណោះ នៅពេលលោកជួបតាមរដ្ឋនីមួយៗ តែទស្សនកិច្ចរបស់លោកពេលនេះមានការចូលរួមមួយកន្លែងៗដល់ទៅ៥០០នាក់ មានការចូលជាថវិកាជាច្រើនទៀត។ ពីរដ្ឋអ៊ីល្លីណយលោករង្ស៉ីបានថ្លែងប្រាប់វីអូអេតាមទូរស័ព្ទបន្ថែមថា អ្នកចាស់ដែលមិនសូវរវីរវល់នឹងនយោបាយបានវិលមកវិញ រីឯអ្នកថ្មីក៏បានចូលរួមយ៉ាងច្រើនជាងមុនដែរ។
«ពីព្រោះបងប្អូនយើងនៅស.រ.អា.អបអរសាទរការរួបរួមគ្នារវាងគណបក្សសម រង្ស៉ី និងគណបក្សសិទ្ធិមនុស្ស។ ពួកគេចាត់ទុកថា ការរួបរួមគ្នានេះជាការចាំបាច់ដាច់ខាតដើម្បីរំដោះប្រទេសជាតិយើងពីក្រញ៉ាំអ្នកដឹកនាំសព្វថ្ងៃ ដែលបម្រើបរទេសឈ្លានពាន»។
លោកសម រង្ស៉ីបានធ្វើដំណើរមកដល់ស.រ.អា.កាលពីថ្ងៃ១២ខែមេសាក្នុងបេសកកម្មបួនសប្តាហ៍របស់លោក។ លោកបានបំពេញទស្សនកិច្ចនៅក្នុងទីក្រុងនៃរដ្ឋជាច្រើនពាសពេញស.រ.អា. ដូចជារដ្ឋមីនីសូតា រដ្ឋម៉ាសាជូស្សេត រដ្ឋន័ស ខារ៉ូឡាញណា រដ្ឋវ៉ាស៊ីនតោន រដ្ឋកាលីហ្វ័រញ៉ា រដ្ឋអ៊ីល្លីណយ រដ្ឋតិចសាស់ រដ្ឋញូយ៉ក និងទៅប្រទេសកាណាដា បន្ទាប់ទៀត មុននឹងវិលមកកាន់រដ្ឋធានីវ៉ាស៊ីនតោនស.រ.អា.នៅថ្ងៃទី៧ដល់ថ្ងៃទី៩ខែឧសភា។ ដំណើរទស្សនកិច្ចរបស់លោកសម រង្ស៉ីនេះគឺចូលរួមដោយលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ តែចំនួនពីររដ្ឋទេគឺរដ្ឋវ៉ាស៊ីនតោន និងរដ្ឋកាលីហ្វ័រញ៉ា។
លោកកឹម សុខាបានដឹកនាំមេឃុំគណបក្សសិទ្ធិមនុស្សម្នាក់គឺលោកប៊ុត សារុតនៃឃុំឫស្សីស្រុក ខេត្តព្រៃវែងមកបំពេញទស្សនកិច្ចសិក្សានៅស.រ.អា. ដើម្បីរៀនសូត្របទពិសោធន៍អំពីការរៀបចំមូលដ្ឋានក្នុងប្រទេសអាមេរិកតាមបែបប្រជាធិបតេយ្យ។
«ខ្ញុំចង់ប្រាប់បងប្អូនទាំងក្នុងនិងក្រៅប្រទេសថា យើងត្រូវតែយកគម្រូនៃប្រទេសប្រជាធិបតេយ្យ យកទៅរៀបចំប្រទេសកម្ពុជាយើងតាមរយៈគណបក្សសង្គ្រោះជាតិគឺយើងដឹងហើយគណបក្សកាន់អំណាចសព្វថ្ងៃគាត់លម្អៀងទៅរកតែប្រទេសកុម្មុយនីស្តទេ ប្រទេសយួន ប្រទេសចិន។ យើងដឹងហើយយួននិងចិននេះហើយដែលធ្វើឲ្យស្រុកខ្មែរខ្ទេចខ្ទីអស់»។
ដោយការអះអាងពីកិច្ចការរវល់ក្នុងប្រទេសទាក់ទងនឹងការបោះឆ្នោត លោកកឹម សុខាបានវិលទៅកាន់ប្រទេសកម្ពុជាវិញហើយ ដោយពុំបានចូលរួមជាមួយលោកសម រង្ស៉ីដើម្បីជួបនឹងមន្ត្រីនានារបស់លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ានិងមន្ត្រីក្រសួងការបរទេសស.រ.អា.ទេ។
លោកសម រង្ស៉ីពុំបានអះអាងថា លោកនឹងពិភាក្សាអ្វីខ្លះទេជាមួយមន្ត្រីស.រ.អា. តែបញ្ហាកែប្រែគណៈកម្មាធិការជាតិ ការសុំអន្តរាគមន៍ពីស.រ.អា.ឲ្យលោកបានវិលទៅកាន់ប្រទេសកម្ពុជាដើម្បីចូលរួមការបោះឆ្នោត និងការទទួលស្គាល់លទ្ធផលការបោះឆ្នោតរបស់ស.រ.អា.អាចជាប្រធានបទក្នុងកិច្ចពិភាក្សាដែរ។
លោកសម រង្ស៉ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ហើយដែលត្រូវរារាំងដោយរឿងក្តីក្តាំនៅតុលាការនោះ មិនឲ្យចូលរួមក្នុងការបោះឆ្នោតដើម្បីប្រកួតប្រជែងជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចជាង៣០ឆ្នាំនោះទេ ដោយសាររឿងដកតម្រុយព្រំដែនដែលគេគិតថា ជារឿងនយោបាយ។ សូមលោកអ្នករង់ចាំស្តាប់កិច្ចសម្ភាសន៍រវាងវីអូអេជាមួយលោកសម រង្ស៉ីក្រោយជំនួបរវាងមន្ត្រីស.រ.អា.នៅដើមខែឧសភា៕