មេដឹកនាំ​បក្ស​ប្រឆាំង​សង្ឃឹម​ថា​និង​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា

លោក​អ៊ុច​ បូរិទ្ឋ​រដ្ឋលេខា​ធិការ​ក្រសួង​ការបរទេស​បាន​បដិសេធ​ថា​កម្ពុជា​មិន​អាច​ដោះ​លែង​លោក​សម រង្ស៊ី​និង​លោក​ម៉ម សូណង់ដូ​បាន​ទេ​ពីព្រោះ​នេះ​ជាកិច្ច​ការ​របស់​តុលាការ។​

ភ្នំពេញ៖​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​ដាក់​សម្ពាធ​យ៉ាង​ធ្លន់​ៗ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះ​លែង​ទោស​អ្នក​ទោស​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ​រួច​មក មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​សិទ្ឋិមនុស្ស​និង​គណបក្ស​សម រង្ស៊ី​ បាន​សំដែង​សុទិដ្ឋិនិយម​ថា​លោក​និង​បាន​វិល​ត្រឡប់​ចូល​មក​កាន់​ប្រទេស​កម្ពុជា​នៅ​មុន​ការ​បោះឆ្នោត​ដែល​គ្រោង​ធ្វើ​នៅក្នុង​ខែកក្កដា​ខាង​មុខ​នេះ។​

កាល​ពី​ថ្ងៃ​អង្គារ៍​នេះ​លោក​Michael Posner​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេ​រិក​បាន​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះ​លែង​លោក​ម៉ម សូណង់ដូ​នាយក​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​និង​អនុញ្ញាត្តិ​ឲ្យ​លោក​សម រង្ស៊ី​មេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​វិលត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ​នៅ​មុន​ការ​បោះ​ឆ្នោត​ដើម្បី​ធានាថា​ការ​បោះ​ឆ្នោត​អាច​ប្រព្រិត្តិ​ទៅ​ដោយ​សេរី​យុត្តិធម៌​និង​អាច​ទទួល​យកបាន​ពី​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់។

ការលើក​ឡើង​របស់​លោក​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ធ្វើឡើង​ប៉ុន្មាន​ខែ​បន្ទាប់​ពី​លោក​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​បារ៉ាក់​ អូបាម៉ា​បាន​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ខែ​វិច្ឆិកា។​

លោក​អូបាម៉ា​មាន​ជំនួប​ក្រៅ​ផ្លូវ​ការ​មួយ​ជាមួយ​មេដឹក​នាំ​ខ្មែរ​គឺលោក​ហ៊ុន សែន​ក្រៅកិច្ច​ប្រជុំ​កំពូល​អាស៊ាន។ លោក​ប្រធានា​ធិបតី​អាមេរិក​បាន​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក​ម៉ម សូណង់​ដូ​ និង​បាន​លើក​ឡើង​ពី​ករណី​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​អោយ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ។​

លោក​សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​VOA​តាម​ទូរស័ព្ទ​ពីប្រទេស​បារាំង​មកថាក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អន្តរជាតិ​ដែល​រួម​មាន​ប្រទេស​បារាំង​និង​សហរដ្ឋ​អាមេរិក​លោក​រំពឹង​ថា​និង​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​មុន​ការ​បោះឆ្នោត។​

លោក​មាន​ប្រសាសន៍​ថា​បើ​ការ​បោះឆ្នោត​នោះ​មិន​មាន​ការ​ចូល​រួម​ពី​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ទេ​ការ​បោះ​ឆ្នោត​នោះ​និង​មិនអាច​យក​ជាការ​បាន​ទេ។​

«ពេល​ណា​មេដឹក​នាំប្រទេស​កម្ពុជា​សព្វថ្ងៃ​យល់​ច្បាស់​អំពី​ស្ថានការណ៍​ពិត​ប្រាកដ​គឺ​ពេល​នោះ​ខ្ញុំ​និង​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ភ្លាម»។

លោក​សម រង្ស៊ី​អាយុ​៦៣ឆ្នាំត្រូវ​បាន​តុលាការ​កម្ពុជា​កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ឋនាគារ​រយៈពេល​១០​ឆ្នាំ​ពី​បទដក​តម្រុយបង្គោល​ព្រំដែន​លេខ​១៨៥​នៅ​ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយរៀង​និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍​ ព្រម​ទាំង​ប្រើ​ប្រាស់​ផែន​ទី​ក្លែង​ក្លាយ។​

លោក​សម រង្ស៊ី បច្ចុប្បន្ន​នេះ​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​ក្នុង​ប្រទេស​បារាំង​ក្រោយ​ពី​តុលាការ​បាន​កាត់​ទោស។​

ចំណែក​លោក​ម៉ម សូណង់​ដូ​នាយក​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​និង​ជាប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ឋនាគារ​២០​ឆ្នាំ​ពី​បទ​បង្កើត​តំបន់​អបគមន៍​ខុសច្បាប់​ប្រឆាំង​និង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដែល​គ្រប់​គ្រង​ប្រទេស​អស់​រយះ​ពេល​ជាង​៣០​ឆ្នាំ។​

តុលាការ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃទី៥​ខែ​មិនា​ខាង​មុខនេះ​និង​បើក​សវនាការ​ពេញ​អង្គ​សេចក្តី​លើបណ្តឹង​សារទុក​របស់​មេធាវី​ការ​ពារ​ជន​ជាប់​ចោទ។​

លោក​បណ្ឌិត ឡៅ ម៉ុងហៃ​អ្នក​វិភាគ​ឯករាជ្យ​បានរំពឹង​ថា​លោក​ម៉ម សូណង់ដូ​អាច​និង​ត្រូវ​បាន​ដោះ​លែង​នៅ​សាលា​ឧទ្ធរណ៍។​
«គឺអាច​សាលាឧទ្ធរណ៍​កាត់​តម្រឹម​ហើយ​ដោះ​លែង​អោយ​មាន​សេរីភាព​វិញមក។​នេះ​មាន​ឧទាហរណ៍​ហើយ។​ហើយ​ក៍​ឧទាហរណ៍​ដូចគ្នានេះ​ដែរ​គឺ​ពី​រឿង​អន្តរាគមន៍​របស់​សហរដ្ឋ​អាមេរិក»។​

លោក​អ៊ុច​ បូរិទ្ឋ​រដ្ឋលេខា​ធិការ​ក្រសួង​ការបរទេស​បាន​បដិសេធ​ថា​កម្ពុជា​មិន​អាច​ដោះ​លែង​លោក​សម រង្ស៊ី​និង​លោក​ម៉ម សូណង់ដូ​បាន​ទេ​ពីព្រោះ​នេះ​ជាកិច្ច​ការ​របស់​តុលាការ។​

លោក​បាន​និយាយ​ថា​សហរដ្ឋ​អាមេរិក​កំពុង​បង្រៀន​កម្ពុជា​អោយ​ក្លាយ​ទៅ​ជាប្រទេស​អនាធិបតេយ្យ។​
លោក​បណ្ឌិត​ឡៅ​ ម៉ុងហែ​បាន​រិះ​គន់​ថា​ការ​ប្រកាស​បដិសេធ​របស់​កម្ពុជា​គ្រាន់​តែដោះសារ​នូវភាព​ទាល់​ច្រក​តែ​ប៉ុណ្ណោះ។​
លោក​បាន​និយាយ​ថា​តុលាការ​កម្ពុជា​ត្រូវ​បាន​រិះគន់​ថា​ជាតុលាការ​មិន​ឯករាជ្យ​ដោយ​សារ​ចៅក្រម​និង​ព្រះរាជអាជ្ញា​ភាគ​ច្រើន​បំរើការ​ងារ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា៕​