ទឹកទន្លេសាប​កម្ពុជា​ធ្លាក់​ចុះ​ដល់​កម្រិត​មិន​ដែល​មាន​ពី​មុន​មក ខណៈ​មាន​ការព្រួយ​បារម្ភ​រឿង​ទំនប់​វារីអគ្គិសនី​នៅ​ចិន

ភូមិលិចទឹករបស់ប្រជាពលរដ្ឋលើផ្ទៃទន្លេសាប ក្នុងតំបន់ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង កាលពីខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

គណៈ​កម្មការ​ទន្លេ​មេគង្គ ​ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន៤ ​រួម​មាន​ថៃ ​ឡាវ​ កម្ពុជា ​និង​វៀតណាម​ បាន​លើក​ឡើង​ថា​ ​ទឹក​ទន្លេសាប​របស់​កម្ពុជា​ ជួប​ប្រទះ​ភាព​រាំង​ស្ងួត​ មិន​ធ្លាប់​មាន​ពី​មុន​មក​ ក្នុង​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​នេះ។​ នេះ ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​បន្ទាន់​មួយ​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ​(MRC)​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ។​

គណៈ​កម្មការ​ទន្លេ​មេគង្គ​ បាន​ជំរុញ​ឲ្យ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ទាំង​៦ ​ដែល​មាន​ទាំង​ប្រទេស​ចិន ​និង​មីយ៉ាន់ម៉ា​ផង​ដែរ​ ដោះ​ស្រាយ​បញ្ហា​លំហូរ​ទឹក​ទាប​ក្នុង​តំបន់ ​ ខណៈ​ដែល​អាង​ទន្លេ​មេគង្គ​ក្រោម ​ប្រឈម​នឹង​កំណត់​ត្រា​លំហូរ​ទឹក​ទាប​អស់​រយៈ​ពេល​២​ឆ្នាំ​ជាប់​គ្នា។ គណៈ​កម្មការ​បញ្ជាក់​ថា​ មូល​ហេតុ​នៃ​ទឹក​ទាប​នេះ​ រួម​មាន​បរិមាណ​ភ្លៀង​ធ្លាក់​តិច​តួច​ខុស​ប្រក្រតី ​ដែល​បង្ក​ដោយ​បាតុភូត​អាកាស​ធាតុ​អែល​នីណូ​ (El Nino)​ ស្ថាន​ភាព​លំហូរ​ទាប​រយៈ​ពេល​យូរ​ដែល​បន្ត​អូស​បន្លាយ​ ចាប់​ពី​ឆ្នាំ​២០១៩​មក​ និង​លំហូរ​ទឹក​កម្រិត​ទាប​ជាង​មុន​ពី​ដៃ​ទន្លេ​មេ​គង្គ។​

គណៈ​កម្មការ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ ​«លំហូរ​ទាប​បែប​នេះ​បាន​ធ្វើ​ឲ្យ​បឹង​ទន្លេសាប​របស់​ប្រទេស​កម្ពុជា​ជួប​ប្រទះ​ស្ថានភាព​រាក់​ខ្លាំង​ ដែល​បង្ក​ឲ្យ​បរិមាណ​លំហូរ​ត្រឡប់​ចូល​បឹង​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​នៅ​ក្នុង​កំណត់​ត្រា​ គិត​ចាប់​ពី​ឆ្នាំ​១៩៩៧​មក»។​

បើ​តាម​លេខាធិការដ្ឋាន​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ ​មិន​មាន​ទិន្នន័យ ​និង​ព័ត៌មានជា​ផ្លូវការ​ ដើម្បី​ផ្ទៀង​ផ្ទាត់​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ ដោយ​សារ​ទំនប់​វារី​អគ្គិសនី​ក្នុង​អាង​ទន្លេ​មេគង្គ​លើ​នោះ​ទេ។​

នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ លោក ​អាន ពេជ្រហត្ថដា ​(An Pich Hatda) ​មាន​ប្រសាសន៍​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ ដោយ​អំពាវនាវ​ឲ្យ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ទាំង​៦​បង្កើន​ការ​ចែក​រំលែក​ទិន្នន័យ ​និង​ព័ត៌មាន​អំពី​ប្រតិបត្តិ​ការ​ទំនប់ ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទឹក​របស់​សាមី​ប្រទេស​ទៅ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ ឲ្យ​បាន​រហ័ស​ និង​ប្រកប​ដោយ​តម្លាភាព»។​

លោក​បញ្ជាក់​ថា៖ ​«វា​ដល់​ពេល​ហើយ ​ដែល​ប្រទេស​ទាំង​អស់​ត្រូវ​អនុវត្ត​នូវ​អ្វី​ដែល​ខ្លួន​បាន​អះអាង​ និង​ធ្វើ​សកម្ម​ភាព​ដើម្បី​ប្រយោជន៍​រួម​សម្រាប់​អាង​ទន្លេ​មេគង្គ​ទាំង​មូល ​និង​សម្រាប់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់»។​

អគ្គលេខាធិការ​រង​នៃ​គណៈ​កម្មាធិការ​ទន្លេ​មេគង្គ​កម្ពុជា ​លោក​ គល់ វឌ្ឍនា​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ភាគី​ពាក់ព័ន្ធ​របស់​កម្ពុជា​ កំពុង​ប្រមូល​ទិន្នន័យ​ ហើយ​នឹង​បញ្ជូន​ទៅ​គណៈ​កម្មការ​នៅ​ពេល​ខាង​មុខ​ ប៉ុន្តែ ​លោក​មិន​ទាន់​អាច​កំណត់​ថ្ងៃ​បាន​នៅ​ឡើយ។​ លោក​បន្ត​ថា​ រហូត​មក​ដល់​ពេល​នេះ​ វា​មាន​ភាព​មិន​ប្រក្រតី​ ដែល​ទឹក​ទន្លេ​មេគង្គ​ មិន​ទាន់​ហូរ​ចាក់​ទៅ​បឹង​ទន្លេ​សាប​នៅ​ឡើយ។​

លោក​ថ្លែង​ថា៖ ​«បញ្ហា​អត់​ទឹក​នេះ ​អាហ្នឹង​ គឺ​វា​ច្បាស់​ចំពោះ​មុខឃើញ​ថា​ ទឹក​វា​ខ្សត់​ខ្សោយ​ វា​ខ្វះ​ខាត​បើ​ប្រៀប​ធៀប​ឆ្នាំ​កន្លង​ទៅ។ ​ រហូត​ទៅ​ដល់​អា​របប​ទឹក ​ដែល​ត្រូវ​ហូរ​ត្រឡប់​ពី​ទន្លេ​មេគង្គ​ចូល​ទៅ​បឹង​ទន្លេសាប​ហ្នឹង ​មក​ដល់​ពេល​នេះហើយ​ នៅ​មិន​ទាន់​ហូរ​ចូល​ទៅ»។​

លោក​បន្ថែម​ថា ​ ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​នៅ​ផ្នែក​ខាង​លើ​ អាច​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​ខ្វះ​ទឹក ​ ​ប៉ុន្តែ​វា​មិន​ទាំង​ស្រុង​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖ ​«អា​ទំនប់​ហ្នឹង​ វា​មាន​ចូល​រួម​វិភាគទាន​ទៅ​ដល់​ការ​បាត់បង់​ទឹក​...​មិន​អត់​ទេ។ ​វា​ចូលរួម​វិភាគទាន។ ​ប៉ុន្តែ​វា​មិន​ទាំង​ស្រុង​ទេ»។​

ប្រជាពលរដ្ឋរស់នៅតំបន់ឆ្នុកទ្រូទន្លេសាប ធ្វើដំណើរតាមទូកម៉ាស៊ីន ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

បើ​តាម​មន្រ្តី​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​រូប​នោះ ក្នុង​ភាគ​រយ​នៃ​ទឹក​ដែល​ប្រមូល​ផ្តុំ​មក​អាង​ទន្លេ​មេគង្គ​ប្រទេស​ចិន​មាន​១៥​ភាគ​រយ ​មីយ៉ាន់ម៉ា​២​ភាគរយ ឡាវ​ជាង​៣០​ភាគរយ ​ថៃ​១៨​ភាគ​រយ ​កម្ពុជា​១៨​ភាគរយ​ និង​វៀតណាម​ប្រហែល​១១​ភាគ​រយ។​

លោក​ពន្យល់​បន្ថែម​ថា៖ ​«យើង​លើក​ឧទាហរណ៍​ថា ​បើ​ចិន​បិទ​ទឹក​ទាំង​១៥​ភាគរយ ​ទាំង​ស្រុង ​អត់​ទម្លាក់​ចុះ​មក ​ក៏​វា​មិន​អាច​ជះ​ឥទ្ធិពល​ធំដុំ​មិន​ធ្វើ​ឲ្យ​បាត់បង់​ទឹក​នៅ​ខាង​ក្រោម​ដែរ ​ដោយសារ​តែ​ខាង​ក្រោម ​វា​មាន​ទៅ​ដល់​ជាង​៨០​ភាគរយ​នៃ​ទឹក​សរុប​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ»។​

លោក​បន្ត​ថា​ កន្លង​ទៅ ប្រទេស​ជា​សមាជិក​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​បាន​ស្នើ​សុំ​ប្រទេស​ចិន​នូវ​ទិន្ន​ន័យ​នានា​ដើម្បី​យក​មក​វិភាគ​ ​ប៉ុន្តែ​ប្រទេស​ចិន ​មិន​បាន​ផ្តល់​ឲ្យ​ពេញ​លេញ​នោះ​ទេ ​ហើយ​ប្រទេស​ទាំង​អស់​ ក៏​មិន​អាច​ចាប់​បង្ខំ​ឲ្យ​ប្រទេស​ចិន​ផ្តល់​ឲ្យ​នោះ​ដែរ ​ដោយ​សារ​ចិន​មិន​មែន​ជា​សមាជិក​គណៈ​កម្មការ​ទន្លេ​មេគង្គ ​គ្រាន់​តែ​ជា​ដៃ​គូ​ពិភាក្សា​តែ​ប៉ុណ្ណោះ។​

លោក​បន្ថែម​ថា៖​ «យើង​សុំ​គាត់​ អាស្រ័យ​លើ​គាត់​ឲ្យ​យើង។ ​បើ​គាត់​មិន​ឲ្យ ​ក៏​យើង​គ្មាន​មូលដ្ឋាន​ច្បាប់​ណា​មួយ​ទៅ​សង្កត់​គាត់​បាន​ទេ។ ​វា​កត្តា​កំណត់​នៅ​លើ​ចិន​ទេ។ ​អា​យើង​សុំ​សុំ​ហើយ។​ ស្អី​ចេះ ​ស្អី​ចុះ លើក​ហេតុផល​ម៉េច​ក៏​លើក​ទៅ ​ក៏​ប៉ុន្តែ​កត្តា​កំណត់​នៅ​លើ​ចិន ​ដែល​ជា​ម្ចាស់​ទិន្នន័យ។ ​គាត់​ឲ្យ​ប៉ុនណា ​ក៏​ឲ្យ​ប៉ុណ្ណឹង»។​

យោង​តាម​ការ​សិក្សា​មួយ​របស់​ក្រុមហ៊ុន​អាមេរិកាំង ​ឈ្មោះ​ថា ​Eyes on Earth ​ចេញ​ផ្សាយ​កាល​ពី​ខែ​មេសា ​ឆ្នាំ​២០២០ ​ប្រទេស​ចិន ​បាន​ខ្ទប់​ទឹក​ទន្លេ​មេគង្គ​ក្នុង​បរិមាណ​យ៉ាង​ច្រើន​ កាល​ពី​ឆ្នាំ​២០១៩​ ជាមួយ​ទំនប់​វារី​អគ្គិសនី​ចំនួន​១១​កន្លែងក្នុង​ប្រទេស​ខ្លួន។ ​ប៉ុន្តែ​រដ្ឋាភិបាល​ចិន​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ ដោយ​លើក​ឡើង​ពី​ភាព​រាំង​ស្ងួត​ ដោយសារ​អាកាសធាតុ។​

រូបឯកសារ៖ ទំនប់វារីអគ្គិសនីនៅ​ក្នុងខេត្តសាយ៉ាបូរី នៃប្រទេសឡាវ។

ក្រៅ​ពី​ទំនប់​វារី​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ចិន ​ ទំនប់​វារី​អគ្គិសនី​ដ៏​ចម្រូង​ចម្រាស​របស់​ឡាវ​ដែល​នៅ​ជិត​កម្ពុជា​ មាន​ដូច​ជា​ទំនប់​វារី​អគ្គិសនី​សាយ៉ាប៊ូរី ​(Xayaburi)​ និង​ទំនប់​វារី​អគ្គិសនី​ដន​សាហុង ​(Don Sahong) ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ថា​ ធ្វើ​ឲ្យ​កម្រិត​ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ចុះ​ ហើយ​ប៉ះពាល់​ផល​ត្រី​ និង​ដី​ល្បាប់​នៅ​ផ្នែក​ខាង​ក្រោម។ ​អ្នក​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន​បារម្ភ​ថា​ ទំនប់​វារី​អគ្គិសនី​នៅ​ទន្លេ​មេគង្គ ​នឹង​ប៉ះពាល់​ការ​រស់​នៅ​របស់​មនុស្ស​ប្រមាណ​៦០​លាន​នាក់​ នៅ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​ទាំង​៤ ​ដែល​រួម​មាន​កម្ពុជា​ផង​ដែរ។​

ជា​ធម្មតា ​ទឹក​នៅ​ទន្លេ​មេគង្គ​ និង​ទឹក​ស្ទឹង​នានា ​ហូរ​ចូល​បឹង​ទន្លេសាប​នៅ​រដូវ​វស្សា ​នាំ​ឲ្យ​បឹង​នេះ​មាន​ផ្ទៃ​ធំ​ បង្កើត​ជា​តំបន់​ព្រៃ​លិចទឹក​ ដែល​ផ្តល់​ជម្រក​ដល់​ត្រី​យ៉ាង​ច្រើន​ដែល​ពង ​និង​បន្ត​ពូជ។ ​ទឹក​ហូរ​ចូល​បឹង​នេះ ​ធ្វើ​ឲ្យ​បឹង​នេះ​ រីក​ធំ​៦​ដង​ គឺ​មាន​ទំហំ​១​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​ មុន​ទឹក​បឹង​ទន្លេសាប​ហូរ​ចូល​ទន្លេ​មេគង្គ​វិញ។​

លោក ​ឡុង សូចែត ​អាយុ​៦២​ឆ្នាំ ​ជា​ប្រជា​សហគមន៍​នេសាទ​ក្នុង​ខេត្ត​ពោធិសាត់ ​មាន​ប្រសាសន៍​ថា​ ទឹក​ហូរ​ចូល​ទន្លេសាប​មាន​ភាព​យឺត​យ៉ាង​ខ្លាំង ​ដោយ​ពី​មុន​ក្នុង​ដើម​ខែ​មិថុនា​ ឬ​ ចុង​ខែ​ មាន​ទឹក​ហូរ​ចូល​ប៉ុន្តែ​ឆ្នាំ​នេះ​មិន​មាន​នោះ​ទេ។ ​លោក​ថា​ទឹក​នៅ​ឆ្នាំ​នេះ ​ទាប​យ៉ាង​តិច​៣​ទៅ​៤ម៉ែត្រ​រួច​ទៅ​ហើយ​ក្នុង​តំបន់​របស់​លោក​ក្នុង​ឃុំ​រាំង​ទិល​ ស្រុក​កណ្តៀង ​ខេត្ត​ពោធិសាត់។​

លោក ​ឡុង សូចែត ​មាន​ប្រសាសន៍​ថា៖​ «យើង​ឃើញ​២​ឆ្នាំ​ហើយ​ ២០១៩ ​និង​២០២០​នេះ ​ទឹក​យឺត​រហូត។​ ២០១៩​ ទាល់​តែ​ដើម​ខែ​៨​ បាន​មាន​ទឹក។ ​ឥឡូវ​ចូល​២០២០​នេះ ​ក៏​ប្រហាក់​ប្រហែល​នឹង​២០១៩​ដែរ។​ ដោយ​សារ​តែ​២០១៩ ​វា​ខះ​ទឹក​ហើយ​ ដល់​ពេល​២០២០ ​វា​កាន់​តែ​ខះ​ខ្លាំង​ឡើង។ ​វា​ធ្វើ​ឲ្យ​ទន្លេ​កាន់​តែ​រាក់​ជាង​ឆ្នាំ​២០១៩»។​

លោក​ក៏​ព្រួយ​បារម្ភ​អំពី​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​នៅ​ទន្លេ​មេគង្គ​ ដែល​ជា​កត្តា​មួយ​នាំ​ឲ្យ​ខ្វះ​ទឹក។​

ប្រជាពលរដ្ឋនេសាទត្រីលើផ្ទៃបឹងទន្លេសាប ក្នុងតំបន់ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

លោក​បន្ថែម​ថា៖​ «ទឹក​មាន​បញ្ហា​អ៊ីចឹង​ ធនធាន​ជល​ផល​ក៏​មាន​បញ្ហា​ដែរ ​ព្រោះ​ខែ​ធ្លាក់​ភ្លៀង ​ខែ​ទឹក​ឡើង ​គឺ​ជា​រដូវ​ត្រី​ពង​កូន​ ​ប៉ុន្តែ​ដល់​ខែ​ត្រី​ពង​កូន​ វា​អត់​មាន​ទឹក។ ​ អាហ្នឹង ​ក៏​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​យើង​គិត​ថា​ ធនធាន​ជល​ផល​ មិន​អាច​ឋិតថេរ​បាន​ទេ»។​

ពលរដ្ឋ​ម្នាក់​ទៀត ​អ្នកស្រី ​ឈួន ឡាន់ ​អាយុ​៤៥​ឆ្នាំ ​រស់​នៅ​តំបន់​ទន្លេសាប​កំពង់​ភ្លុក ​ស្រុក​ប្រាសាទ​បាគង ​ខេត្ត​សៀមរាប ​មាន​ប្រសាសន៍​ថា ​កាល​ពី​ឆ្នាំ​មុន ​នា​ពេល​នេះ ​ទឹក​ឡើង​ដល់​ពាក់​កណ្តាល​សសរ​ផ្ទះ​អ្នក​ស្រី​រួច​ទៅ​ហើយ។ ​ប៉ុន្តែ​ឆ្នាំ​នេះ​ ពេល​នេះ ​មិន​មាន​ទឹក​នោះ​ទេ។ ​ អ្នកស្រី​បន្ត​ថា ​ជា​ធម្មតា​ ទឹក​ចាប់​ផ្តើម​ឡើង​ក្នុង​ខែ​មិថុនា។​

អ្នកស្រី​ថ្លែង​ប្រាប់​ VOA ​ថា៖ ​«អត់​ដែល​មាន​ទឹក​ឡើង​ទេ ​មាន​តែ​រីង។​ ប្រជា​ពលរដ្ឋ​គ្នា​ទៅ​នេសាទ​សឹង​មិន​បាន​ ដោយ​សារ​តែ​ទឹក​វា​រីង​ខ្លាំង»។​

លោក ​ឱម សាវ៉ាត ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​(FACT)​ ប្រាប់​ VOA ​ថា ​កម្រិត​ទឹក​ហូរ​ពី​ទន្លេ​មេគង្គ​ចូល​ទន្លេសាប​យឺត​ខ្លាំង ​ដែល​ទឹក​មើល​ទៅ​ខុស​គ្នា​ជាង​ពាក់​កណ្តាល ​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​មុន។​លោក​ព្រួយ​បារម្ភ​អំពី​ការ​រកត្រី​របស់​ប្រជា​ពលរដ្ឋ​ ដែល​រស់​នៅ​ពឹង​ផ្អែក​បឹង​ទន្លេសាប​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​ «បើ​សិន​ជា​ទឹក​តូច​ ត្រី​ហ្នឹង​ក៏​វា​ថយ​ចុះ​តាម​ហ្នឹង​ដែរ​ព្រោះ​ឆ្នាំ​២០១៩​កន្លង​មក​ យើង​ឃើញ​ទឹក​តូច​ ខុស​ប្រក្រតី​ បាន​ន័យ​ថា​ ទាប​ជាង​ឆ្នាំ​២០១៨។​ អ៊ីចឹង​ទៅ ​យើង​ឃើញ​ផល​ត្រី​របស់​យើង​ក៏​មាន​សភាព​ខ្សត់​ខ្សោយ​ជាង​មុន​ដែរ។​ អ៊ីចឹង​បាន​យើង ​ចេះ​តែ​បារម្ភ។ ​រាល់​ថ្ងៃ​មាន​ទឹក​ភ្លៀង​ទឹក​អី​ខ្លះ​ទេ ហូរ​ចូល​ទឹក​បឹង​ទន្លេសាប។ ​ប៉ុន្តែ​ បើ​យើង​និយាយ​អំពី​ទឹក​ទន្លេ​មេគង្គ​ហូរ​ចូល​តិច ​...​តិច​តួច​មែន​ទែន»។​

លោក​ សាវ៉ាត ​ក៏​មើល​ឃើញ​ថា​ ការ​ស្ថាបនា​ទំនប់​លើ​ទន្លេ​មេគង្គ​ ដែល​នាំ​ឲ្យ​មាន​ការ​ប្រែប្រួល​របប​ទឹក​នៅ​ខាង​ក្រោម ​បន្ថែម​ពី​លើ​បញ្ហា​អាកាសធាតុ​ផង​ដែរ។​

លោក​បន្ត​ថា៖​ «ប្រមាណ​ជា​ពីរ​ឆ្នាំ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ​ យើង​ឃើញ​ទំនប់​វារី​អគ្គិសនី​ចាប់​ផ្តើម​សាង​សង់​ធំៗ​ច្រើន​នៅ​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ ​ពី​ចិន​ពី​ឡាវ ​ពី​អី​មក​ហ្នឹង ​ចាប់​ផ្តើម​មាន​ការ​ប្រែ​ប្រួល​របប​ទឹក»។​ ប្រហែល​ជា​អាច​រួម​ផ្សំ​មក​ពី​បម្រែ​បម្រួល​អាកាស​ធាតុ​ផង ​ មក​ពី​ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​តាម​បណ្តោយ​ទន្លេ​មេគង្គ​ផង»៕​